សម រង្ស៊ី៖ «ខ្ញុំ​គាស់ ហ៊ុន សែន ចេញ​ឲ្យ​ទាល់​តែ​បាន»

ថ្លែងនៅក្នុងជំនួប ជាមួយអ្នកគាំទ្រ ក្នុងក្រុង «Sagamihara» ប្រទេសជប៉ុន នៅល្ងាចថ្ងៃសៅរ៍នេះ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានអះអាងថា លោកនឹង​«គាស់»​លោក ហ៊ុន សែន ដែល​អង្គុយ​នៅ​ក្នុង​តំណែង តាំងពីជាង៣ទសវត្សន៍មកនោះ ឲ្យទាល់តែបាន។
សម រង្ស៊ី៖ «ខ្ញុំ​គាស់ ហ៊ុន សែន ចេញ​ឲ្យ​ទាល់​តែ​បាន»
ខាងមុខបំផុត ពីឆ្វេងមកស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅពេលចេញពីប្រជុំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 14, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំប្រឆាំង ដ៏សំខាន់ជាងគេ របស់ប្រទេសកម្ពុជា បានផ្ញើរសារនយោបាយ ពីប្រទេសជប៉ុនមកថា លោកប្ដេជ្ញាថា នឹងគាស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា ឲ្យចេញពីអំណាចឲ្យទាល់តែបាន។ លោក សម រង្ស៊ី បានថ្លែងដូច្នេះ នៅចំពោះអ្នកគាំទ្ររាប់សិបនាក់ ដែលបានមកជួបប្រជុំគ្នា នៅវេលាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ក្នុងក្រុង «Sagamihara» ស្ថិតនៅភាគខាងលិច នៃរាជធានីតូក្យូ ប្រទេសជប៉ុន។

លោក សម រង្ស៊ី បានថ្លែងថា លោកមានវ័យចំណាស់ប៉ុណ្ណេះហើយ លោកមិនចង់បានអ្វីទេ តែលោកគ្រាន់តែ ចង់​ផ្ដល់​«ជម្រើស»​ឲ្យ​បាន​ច្រើន ទៅដល់យុវជនជំនាន់ក្រោយ។ លោកបានថ្លែងឡើងថា លោកនឹងគាស់លោក ហ៊ុន សែន គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ និងជានាយករដ្ឋមន្ត្រី ដែលអង្គុយក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ ចេញពីអំណាច​ឲ្យទាល់តែបាន។

មេដឹកនាំប្រឆាំងរូបនេះ បានទទួលស្គាល់ថា ការយកជ័យជំនះ លើបុរសខ្លាំងកម្ពុជា មិនមែនជារឿងងាយស្រួល ហើយចាំបាច់ទាមទារ ឲ្យមានមនុស្សដូចរូបលោក ដែលលោកអះអាងដោយខ្លួនឯងថា មានពោរពេញដោយបទពិសោធន៍។

យ៉ាងណាក៏ដោយ ក្នុងពេលកន្លងមក អ្នកឃ្លាំមើល និងអ្នកវិភាគស្ថានការណ៍នយោបាយ ដែលមាននិន្នាការកណ្ដាល បានពន្យល់ថា បទពិសោធន៍ជារឿងមួយ តែយុទ្ធសាស្ត្រនយោបាយ និងមធ្យោបាយ ជារឿងដ៏សំខាន់ផ្សេងទៀត ដែលចាំបាច់ត្រូវក្រុមអ្នកនយោបាយប្រឆាំង នៅកម្ពុជា យកមកធ្វើជាជំហានដើរ ដើម្បីប្រយុទ្ធតទល់ នឹងរបបដឹកនាំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលឡើងមកកាន់អំណាច តាំងពីឆ្នាំ ១៩៧៩។

ការលើកឡើង របស់លោក សម រង្ស៊ី បានធ្វើឲ្យនឹកឃើញ ពីពាក្យសំដីរបស់លោក ហ៊ុន សែន ដែលតែងថ្លែងជាសាធារណៈ ចំអកដាក់លោក សម រង្ស៊ី វិញ ពីឃ្លាមួយដូច្នេះថា «មានសែន អត់ស៊ី មានស៊ី អត់សែន»។ លោក ហ៊ុន សែន បានថ្លែងចំអក នៅពេលនោះថា៖ «អ៊ើ ឥឡូវមិនមើល! វាមានតែ អាសែនមែន វាមានអាស៊ីឯណា?»៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...