អាសែន វឹងជ័រ ប្រកាស​លាលែង​ពី​ក្រុម កាំភ្លើងធំ

គ្រូបង្វឹកជាតិបារាំង លោក អាសែន វឹងជ័រ (Arsène Wenger) របស់ក្រុមកាំភ្លើងធំ បានប្រកាសនៅថ្ងៃសុក្រនេះ ថាលោកនឹងចាកចេញ ពីតំណែងជាគ្រូបង្វឹក របស់ក្រុម នៅបន្ទាប់ពីរដូវកាល ២០១៧-២០១៨ បានបញ្ចប់។
អាសែន វឹងជ័រ ប្រកាស​លាលែង​ពី​ក្រុម កាំភ្លើងធំ
គ្រូបង្វឹកជាតិបារាំង លោក អាសែន វឹងជ័រ របស់ក្រុមកាំភ្លើងធំ នឹងចាកចេញពីក្រុម នៅចុងរដូវកាលនេះ។ (រូបថតឯកសារ)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 20, 2018
  • ប្រធានបទ: បាល់ទាត់អង់គ្លេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការដឹកនាំក្រុមបាល់ទាត់ អាសឺណល់ (Arsenal) ហៅក្រុម កាំភ្លើងធំ អស់រយៈពេល ២២ឆ្នាំ នឹងត្រូវបញ្ចប់ នៅចុងរដូវកាលនេះ។ លោក អាសែន វឹងជ័រ (Arsène Wenger) បានប្រកាសពីការលាលែង ចេញពីតំណែង ជាគ្រូបង្វឹករបស់ក្រុម អាសឺណល់ នៅថ្ងៃសុក្រនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ នៅលើគេហទំព័ររបស់ក្រុម។

ជាមួយនឹងការប្រកាស ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្រ ជារៀងតទៅ ចំពោះក្រុម កាំភ្លើងធំ គ្រូបង្វឹកជនជាតិបារាំង បានសរសេរឲ្យដឹងថា៖ «បន្ទាប់ពីការសិក្សា យ៉ាងហ្មត់ចត់ និងបន្ទាប់ពីបានជជែក ជាមួយក្រុមបាល់ទាត់រួច ខ្ញុំគិតថា វេលាដ៏សមស្របមួយ សម្រាប់ខ្ញុំបានមកដល់ហើយ ដើម្បីដកខ្លួនថយ នៅចុងរដូវកាល»។

ម្ចាស់ក្រុមបាល់ទាត់ អាសឺណល់ លោក «Stan Kroenke» ក៏បានចូលខ្លួន មកពន្យល់ដែរថា៖ «ជាថ្ងៃមួយ ក្នុងចំណោមថ្ងៃដ៏ពិបាកបំផុត នៃរយៈកាលកីឡារបស់យើង កន្លងមក។ មូលហេតុមួយ ពីក្នុងមូលហេតុដ៏សំខាន់ជាច្រើន ដែលយើងបានធ្វើ ជាមួយក្រុម អាសឺណល់ គឺជាអ្វី ដែលលោក អាសែន វឹងជ័រ បានផ្ដល់មកឲ្យក្រុម ទាំងនៅក្នុង និងនៅក្រៅការប្រកួត។»។

លោក «Stan Kroenke» បានបន្តថ្លែងថា៖ «ការនៅជាមួយក្រុម ដែលមានរយៈពេលដ៏យូរ និងភាពរឹងមាំរបស់លោក អាសែន ជាមួយនឹងបច្ចេកទេសបាល់ទាត់ដ៏ខ្ពស់ នឹងមិនមាន​នរណាម្នាក់ស្មើរ បានឡើយ។ លោក អាសែន មានលក្ខណៈដ៏ពិសេស ដែលមិនអាចប្រៀបផ្ទឹមបាន ហើយយើងសំដែង នូវការដឹងគុណចំពោះគាត់ ជារៀងរហូតទៅ។»៕

» ខាងក្រោមនេះ ជាវីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អាសឺណល់ និងក្រុម ញូខេសល យូណាយធីន នៅក្នុងកីឡដ្ឋាន របស់ក្រុម ញូខេសល កាលពីថ្ងៃទី១៥ ខែមេសាកន្លងមក។ ការប្រកួតនេះ ក្រុម អាសឺណល់ បានចាញ់ក្រុម ញូខេសល ដោយពិន្ទុ ១-២។ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...