ស្ពាន​អាកាស​សម្រាប់​អ្នក​ថ្មើរ​ជើង​នៅ មីអាមី បាក់​ធ្លាក់​លើ​ថ្នល់

នៅថ្ងៃព្រហស្បត្តិ៍នេះ ស្ពានអាកាស សម្រាប់អ្នកថ្មើរជើងមួយខ្សែ ដែលភ្ជាប់ផ្លូវចូល ទៅកាន់សាកលវិទ្យាល័យអន្តរជាតិ ផ្លរីដា (FIU) ក្នុងក្រុងមីអាមី បានបាក់ស្រុត ធ្លាក់ពីលើថ្នល់ល្បឿនលឿន ចំនួន៦ផ្លូវ បង្កឲ្យមានមនុស្សស្លាប់ច្រើននាក់។ នេះ បើតាមតុល្យភាពដំបូង ដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយឲ្យដឹងភ្លាមៗ។
ស្ពាន​អាកាស​សម្រាប់​អ្នក​ថ្មើរ​ជើង​នៅ មីអាមី បាក់​ធ្លាក់​លើ​ថ្នល់
ទិដ្ឋភាពបាក់ស្រុត នៃស្ពានអាកាស សម្រាប់អ្នកថ្មើរជើង ដែលភ្ជាប់ច្រកចូល នៃសាកលវិទ្យាល័យអន្តរជាតិ ផ្លរីដា ទៅនឹងអន្តេវាសិកដ្ឋានសាកលវិទ្យាល័យ។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 16, 2018
  • ប្រធានបទ: ហេដ្ឋា​រចនាសម្ព័ន្ធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុន «MCM Construction» ដែលចូលរួមសាងសង់ស្ពាននោះ បានអះអាង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀត បានរងរបួស។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយ ពីក្នុងចំណោមក្រុមហ៊ុនពីរ «MCM Construction» និង«FIGG Bridge Design» ដែលបានរួមគ្នា សាងសង់ស្ពាន សម្រាប់អ្នកថ្មើរជើង ដែលភ្ជាប់ទៅកាន់ផ្លូវចូល នៃសាកលវិទ្យាល័យអន្តរជាតិ ផ្លរីដា (FIU) នៃក្រុងមីអាមី។

បើតាមរូបភាពវីដេអូ ដែលត្រូវបានផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ និងនៅលើបណ្ដាញសង្គម គេឃើញរថយន្ដជាច្រើនគ្រឿង ត្រូវបានបំណែកបេតុងរបស់ស្ពាន ធ្លាក់សង្កត់ពីលើ។ រថយន្ដស្ទូចដ៏ធំមួយ រួមជាមួយនឹងរថយន្ដជួយសង្គ្រោះជាច្រើន ត្រូវបានបញ្ជូនទៅដល់កន្លែង ដើម្បីលើកបំណែកបេតុង និងជួយសង្គ្រោះជនរងគ្រោះ។

ស្ពាននេះ ដែលបំណែករបស់វា ទើបត្រូវបានយកមកផ្គុំ កាលពីថ្ងៃសៅរ៍មុននេះ ជាគម្រោងមួយ របស់សាកលវិទ្យាល័យ «FIU» ដើម្បីបញ្ជៀសគ្រោះថ្នាក់ សម្រាប់និស្សិតរបស់ខ្លួន ដែលត្រូវធ្វើដំណើរ ចេញចូលរវាងអន្តេវាសិកដ្ឋាន និងសាកលវិទ្យាល័យ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលបានចេញផ្សាយភ្លាមៗ សាកលវិទ្យាល័យ «FIU» បានសំដែងក្ដី«រន្ធត់ និងក្ដុកក្ដួល» ចំពោះហេតុការណ៍​ខាងលើ។

បើតាមសារព័ត៌មាន «Miami Herald» ដែលបានអត្ថាធិប្បាយយ៉ាងច្រើន ពីស្ពានខាងលើ កាលពីចុងសប្ដាហ៍មុន បានឲ្យដឹងថា សំណង់មួយនេះ មានទំងន់៩៥០តោន និងត្រូវដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០១៩។

សាកលវិទ្យាល័យ បានចំណាយប្រមាណជា ៩,៣ លានដុល្លារ ដើម្បីសម្រេចបានស្ពានមួយ ប្រវែង១០០ម៉ែត្រ ដែលមានលក្ខណៈល្អស្អាត និងទំនើប។ ថវិការបស់សាកលវិទ្យាល័យ មិនបានរាប់បញ្ចូលផងទេ នូវថវិកាបដិភាគ ដែលផ្ដល់ដោយ ក្រសួងដឹកជញ្ជូនសាធារណៈ ដែលមានប្រមាណ ជា១១លានដុល្លារ បន្ថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...