តឺនីស៖ ហ្វេដឺរ៉ឺ ឡើង​ទៅ​វគ្គ​១​ភាគ​៤​ជា​បន្ត បន្ទាប់​ពី​ការ​ប្រកួត​ដ៏​តានតឹង

កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ស្ទើរតែធ្លាក់ចេញពីការប្រកួតរ៉ូឡែន ហ្គារ៉ូស (Roland Garros) ទៅហើយ មុនពេលដែលគាត់អាចវាយបកយកឈ្នះកីឡាករហ្គីលឡេស ស៊ីម៉ុន (Gilles Simon) វិញ ក្នុងការប្រកួត៥សិត នៅឯ​ហ្វ្រិនអូផិន (French Open)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ស្ទើរតែធ្លាក់ចេញពីការប្រកួតរ៉ូឡែន ហ្គារ៉ូស (Roland Garros) ទៅហើយ មុនពេលដែលគាត់អាចវាយបកយកឈ្នះកីឡាករហ្គីលឡេស ស៊ីម៉ុន (Gilles Simon) វិញ ក្នុងការប្រកួត៥សិត នៅឯ​ហ្វ្រិនអូផិន (French Open)។


កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ។

កីឡាករសញ្ជាតិស្វីស វ័យ៣១ឆ្នាំ បានយកជ័យជំនះលើកីឡាករបារាំង (ស៊ីម៉ុន) ដោយលទ្ធផល ៦-១, ៤-៦, ២-៦, ៦-២ និង ៦-៣ ធ្វើឲ្យគាត់អាចឡើងទៅកាន់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រជាលើកទី៣៦ ហើយក៏ជាជ័យជំនះលើកទី៩០០ ក្នុងអាជីព​របស់គាត់ដែរ។

បន្ទាប់ពីឆ្លងផុតវគ្គដ៏រន្ធត់នេះ ហ្វេដឺរ៉ឺនឹងត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត ពោលគឺគាត់ត្រូវតតាំង​ជាមួយនឹង​កីឡាករជូវិលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) នៅវគ្គ៨នាក់ចុងក្រោយ។

ក្រោយពីចំណាយពេលរហូតដល់ទៅ៥សិត ទើបអាចទទួលបាននូវជ័យជំនះនេះ ហ្វេដឺរ៉ឺបាននិយាយថា «ខ្ញុំមិនធ្វើឲ្យខ្លួន​ខ្ញុំឈឺចាប់នោះទេ។ ប៉ុន្តែប្រហែលជាខ្ញុំ បាត់បង់ទំនុកចិត្តបន្តិចបន្តួច ទើបបានជាចាញ់២សិតជាប់ៗគ្នាបែបនេះ។»

កីឡាករលំដាប់លេខ៣ពិភពលោក បានបន្តថា «ប៉ុន្តែខ្ញុំគិតថា ជាការលើកទឹកចិត្តគាត់ ព្រោះខ្ញុំមិនឲ្យគាត់ធ្លាក់ចេញ ដោយ​ស្រួលៗនោះទេ។ ហើយវាធ្វើឲ្យគាត់កាន់តែមានកម្លាំងចិត្តថែមទៀតនៅពេលក្រោយ។»

កីឡាករវ័យ២៨ឆ្នាំ (ស៊ីម៉ុន) បានចាញ់៣ប្រកួតចុងក្រោយ ពេលដែលជួបនឹងហ្វេដឺរ៉ឺ ដោយរួមបញ្ចូលទាំង ការបរាជ័យ ៦-១ និង៦-២ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីខែមុនផងនោះ។ ប៉ុន្តែពេលនេះ យ៉ាងហោចណាស់ក៏បានធ្វើឲ្យហ្វេដឺរ៉ឺ ផិតភ័យមិនស្ទើរដែរ។

ហ្វេដឺរ៉ឺ បានបន្តថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលខ្ញុំអាចស្វែងរកឃើញមធ្យោបាយ និងធ្វើការ​សម្រេចចិត្តបាន​យ៉ាងត្រឹមត្រូវ។ បើទោះបីជាមានចំណុចមិនល្អ ឬមានកំហុសឆ្គងបន្តិចបន្តួចក៏ដោយ ក៏ខ្ញុំគិតថាវាមិនមែនជារឿងអាក្រក់​នោះដែរ។»

កីឡាករឆ្នើមរូបនេះដដែល បានបន្ថែមថា «អ្នកមិនងាយស្រួលនោះទេ ដែលត្រូវយកឈ្នះស៊ីម៉ុននោះ ព្រោះគាត់ធ្វើបាន​យ៉ាងល្អ និងអាចវាយបកមកវិញ យ៉ាងឆាប់រហ័ស។ ជាចុងបញ្ចប់ ខ្ញុំពិតជារីករាយខ្លាំងណាស់។ ខ្ញុំអាចឡើងទៅវគ្គជាបន្ត ហើយវាពិតជារំភើប ក្នុងការប្រកួតដូចនេះ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...