រដ្ឋមន្ត្រី​ព័ត៌មាន​ត្អូញ​មិន​បាន​ដើរ​លេង​ចូល​ឆ្នាំថ្មី

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានត្អូញត្អែរ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មាន​ម៉ោងមុនថា លោក និងបុគ្គលិក របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) មិនបានដើរកំសាន្ដឆ្នាំថ្មីទេ ព្រោះរវល់ នៅជាប់ប្រចាំការ ដើម្បីធ្វើការងារ បម្រើ«សង្គម»។
រដ្ឋមន្ត្រី​ព័ត៌មាន​ត្អូញ​មិន​បាន​ដើរ​លេង​ចូល​ឆ្នាំថ្មី
លោក ខៀវ កាញារីទ្ធ ដែលអង្គុយជាប់តុ (នៅកណ្ដាល) ដោយសំយេះឡេវអាវ បង្ហាញសាច់ទ្រូងរបស់លោកបន្តិចផង បានថតរូប ជាមួយសហការីរបស់លោក។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 14, 2018
  • ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើស្ដាប់មួយភ្លែត ជារឿង​គួរឲ្យ​កំសត់​ណាស់! បើនិយាយម្យ៉ាងទៀត វាជា «ភារកិច្ច» នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ហើយសឹងតែ នៅគ្រប់ប្រព័ន្ធផ្សព្វ​ផ្សាយ​ទូទៅ នៅលើពិភពលោក មិនត្រូវបានបិទទ្វា នៅថ្ងៃបុណ្យឈប់សម្រាកទេ។ តែសម្រាប់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការត្អូញ​ត្អែរ ដោយធ្វើការភ្ជាប់ «ភារកិច្ច» របស់ផងខ្លួន ទៅនឹង«​ការលះបង់» ដែលមិនបានទៅដើរកំសាន្ដបុណ្យចូលឆ្នាំ ដូចគេឯង។

បុរសខ្លាំងផ្នែកឃោសនាការ របស់រដ្ឋាភិបាលកម្ពុជារូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោក កាលពីប៉ុន្មានម៉ោងមុនថា៖ «ជាង​ ២០​ ឆ្នាំ​ហើយ​ ដែល​មិន​ដែល​បាន​ ទៅ​កំសាន្ត​ចូលឆ្នាំ​នឹង​គេ​ ព្រោះ​ត្រូវ​ចាំ​មើល​ការ​ផ្សាយ​ពេល​បុណ្យ​។ ល្ងាច​ថ្ងៃ​ទី​ ១៣​ មេសា​នេះ​ មក​សាក​សួរ​បង​ប្អូន​ ដែល​នៅ​ប្រចាំ​ការ​ស្ថានីយ​ទូរទស្សន៍​ ទទក​។»។

លោករដ្ឋមន្ត្រី​បានសរសេរ​ពាក្យត្អូញត្អែរ ដោយភ្ជាប់មកជាមួយ នូវរូបថតមួយសន្លឹក ដែលលោកថតជាមួយសហការីជាច្រើននាក់ ដែលទំនងជាមន្ត្រីរាជការ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា «ទទក ឬ TVK» សេនាធិការមួយ របស់ក្រសួងព័ត៌មាន។ យ៉ាងណា លោក ខៀវ កាញារីទ្ធ បានសម្រាលទំងន់ នៃភាពត្អូញត្អែរ​របស់លោក​មកវិញ​ដូច្នេះថា៖ «យើង​ហត់​ យើង​រវល់​ តែ​យើង​សប្បាយ​ចិត្ត​ បំពេញ​ការងារ​ជូន​សង្គម​យើង​ តាម​លទ្ធភាព​របស់​យើង​»។

ជាទូទៅ ស្ថាប័នមួយចំនួន មិនត្រូវបានបិទទ្វាទេ នៅក្នុងរយៈពេល នៃថ្ងៃបុណ្យឈប់សម្រាក។ ទោះបីច្បាប់ការងារ បានកំណត់ឲ្យមានការឈប់សម្រាក សម្រាប់មន្ត្រី កម្មករ នយោជក នៅថ្ងៃបុណ្យសម្រាកនោះក៏ដោយ តែបុគ្គលិកដែលមាន «ភារកិច្ច» ត្រូវនៅប្រចាំការ ក្នុងថ្ងៃឈប់សម្រាកទាំងនោះ ត្រូវបានលើកការឈប់សម្រាករបស់ខ្លួន ទៅថ្ងៃផ្សេង។ ចំពោះថ្ងៃឈប់សម្រាកខ្លះ ត្រូវ​បានផ្ដល់ប្រាក់កម្រៃ ទ្វេគុណ ទៅឲ្យបុគ្គលិក ដែលប្រចាំការ។

ស្ថាប័នទាំងនោះ មានដូចជា ស្ថាប័នឃ្លាំមើលការពារជាតិ និងសន្តិសុខ (មានទាហាន និងនគរបាល) ស្ថាប័ន​ដឹកជញ្ជូន មន្ទីរពេទ្យ ផ្នែក​ពន្លត់​អគ្គិភ័យ​និង​ការជួយសង្គ្រោះ ប្រព័ន្ធ​ផ្សព្វផ្សាយ ឬទីផ្សារ​ភាគហ៊ុន​ជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...