ណីម៉ា សម្រេច​ចិត្ត​ជ្រើសរើស​ក្រុម​ដែល​ខ្លួន​ស្រលាញ់ ជៀស​ជាង​លុយ

ខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិប្រេស៊ីលណីម៉ា (Neymar) បានយល់ព្រមចាកចេញពីក្រុមសាន់តូស (Santos) ទៅកាន់​ក្រុម​ម្ចាស់ជើងឯកអេស្ប៉ាញបាសេឡូណា (Barcelona) ហើយ។ បើតាមសេចក្តីរាយការណ៏ ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បានឲ្យតម្លៃខ្លួនជិតទ្វេរជាពីរទៅនឹងតម្លៃខ្លួន ដែលក្រុមបាសេឡូណាបានដេញថ្លៃ ប៉ុន្តែណីម៉ានៅតែជ្រើសរើស​បាសេឡូណាដដែល។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិប្រេស៊ីលណីម៉ា (Neymar) បានយល់ព្រមចាកចេញពីក្រុមសាន់តូស (Santos) ទៅកាន់​ក្រុម​ម្ចាស់ជើងឯកអេស្ប៉ាញបាសេឡូណា (Barcelona) ហើយ។ បើតាមសេចក្តីរាយការណ៏ ក្រុមរៀលម៉ាឌ្រីដ (Real Madrid) បានឲ្យតម្លៃខ្លួនជិតទ្វេរជាពីរទៅនឹងតម្លៃខ្លួន ដែលក្រុមបាសេឡូណាបានដេញថ្លៃ ប៉ុន្តែណីម៉ានៅតែជ្រើសរើស​បាសេឡូណាដដែល។


ម៉េស៊ី (រូបខាងឆ្វេង) និងណីម៉ាខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិប្រេស៊ីល។

កីឡាករវ័យ២១ឆ្នាំ នឹងចុះកិច្ចសន្យារយះពេល៥ឆ្នាំ ជាមួយក្រុមយក្សនៅអេស្ប៉ាញមួយនេះ ហើយគាត់នឹងចុះកិច្ចសន្យា​នៅថ្ងៃច័ន្ទនេះតែម្តង។

សេចក្តីថ្លែងការណ៏របស់ក្រុមបាសេឡូណា បានថ្លែងថា «ក្រុមបាសេឡូណា និងក្រុមសាន់តូសបាន​ព្រមព្រៀង​គ្នាអស់​ហើយ ក្នុងការដោះដូរកីឡាករប្រេស៊ីល ណីម៉ា ដាស៊ីលវ៉ា សាន់តូសជូនៀរ (Neymar da Silva Santos Junior)។ ហើយ​ខ្សែប្រយុទ្ធប្រេស៊ីល នឹងចូលរួមជាមួយក្រុមអ្នកមានបុណ្យ ក្នុងរយះពេល៥ឆ្នាំ។»

ណីម៉ា បានសរសេរនៅលើបណ្តាញសង្គមអ៊ីនស្យាក្រាម (Instagram) កាលពីម្សិលមិញថា «ខ្ញុំនៅទីនេះជាមួយមិត្តភក្តិ និងគ្រួសាររបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើដំណើរទៅចុះកិច្ចសន្យានៅថ្ងៃច័ន្ទ។ គ្រួសាររបស់ខ្ញុំ និងមិត្តភក្តិរបស់សុទ្ធតែបានដឹង ពីការសម្រេចចិត្តរបស់ខ្ញុំអស់ហើយ។»

ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានបន្តថា «ការលេងជាមួយលីយ៉ូនែល ម៉េស៊ី (Lionel Messi) ជាក្តីសុបិន្តរបស់ខ្ញុំ ហើយ​ពេលនេះ​ខ្ញុំបានដូចបំណងហើយ។ ខ្ញុំពិតជារីករាយខ្លាំងណាស់។ នៅថ្ងៃច័ន្ទខ្ញុំនឹងចុះកិច្ចសន្យាជាមួយក្រុមបាសេឡូណា។»

កិច្ចសន្យារបស់កីឡាករវ័យ២១ឆ្នាំជាមួយនឹងក្រុមសាន់តូស នឹងបញ្ចប់នៅរដូវកាលនេះ ហើយពេលនេះកិច្ចព្រមព្រៀង​ជាមួយនឹងក្លឹបក៏បានកើតឡើងហើយដែរ។

ណីម៉ា បាននិយាយថា «ខ្ញុំចង់អរគុណដល់អ្នកគាំទ្រក្រុមសាន់តូសទាំងអស់ សម្រាប់ការជួយផ្តល់ជាកម្លាំងចិត្ត កំឡុង​ពេលដែលខ្ញុំបាននៅទីនេះអស់រយះពេល៩ឆ្នាំ។ អារម្មណ៏របស់ខ្ញុំជាមួយក្លឹប នឹងជាមួយអ្នកគាំទ្រទាំងអស់ នឹងមិន​ផ្លាស់​ប្តូរជារៀងរហូត។»

ណីម៉ា ជាតារាឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលនាពេលបច្ចុប្បន្ន ហើយការចាកចេញនេះ ជាការខកចិត្ត​យ៉ាងធំធេង​សម្រាប់អ្នកគាំទ្រក្រុមសាន់តូស ខណៈដែលពួកគេតែងតែសង្ឃឹមថា កីឡាកររូបនេះ អាចនឹងនៅជាមួយនឹងក្លឹបបន្ត រហូត​ដល់បាល់ទាត់ពិភពលោកឆ្នាំ២០១៤បញ្ចប់។

ណីម៉ា បានចូលលេងក្នុងឈុតធំក្រុមសាន់តូស នៅវ័យ១៧ឆ្នាំកាលពីឆ្នាំ២០០៩ ហើយចាប់ពីពេលនោះមក ក្រុមសាន់តូស​បានទទួលជោគជ័យយ៉ាងធំធេង ដោយបានឈ្នះពានរង្វាន់ក្នុងលីកចំនួន៣លើក និងឈ្នះខាប់ចំនួន១លើកថែមទៀត។

ជាងនោះទៅទៀត ណីម៉ា ក៏ត្រូវបានគេបោះឆ្នោតឲ្យឈ្នះពានរង្វាន់កីឡាករលេងល្អដាច់គេ នៅតំបន់អាមេរិក​ខាងត្បូង​ប្រចាំឆ្នាំ និងឈ្នះពានរង្វាន់ជាអ្នកទាត់បាល់បញ្ចូលទីបានល្អជាងគេនៅលើពិភពលោកដែរ។

សេចក្តីថ្លែងការណ៏របស់ក្រុមសាន់តូស ជាចុងក្រោយបានថ្លែងថា «ណីម៉ា អស្ចារ្យជាងវីរបុរសទៅទៀត។ គាត់មិនត្រឹមតែ​ធ្វើបានឥតខ្ចោះ នៅក្នុងក្រុមសាន់តូសតែប៉ុណ្ណោះទេ ពោលគឺគាត់ថែមទាំងតួសំខាន់​នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល​ថែមទៀត។ ក្លឹបសូមជូនពរឲ្យដំណើរផ្សងព្រេងថ្មីដ៏វែងឆ្ងាយរបស់គាត់នេះ ឲ្យទទួលបានតែភាពជោគជ័យ និងមាន​ភាព​កក់ក្តៅដូចនៅក្នុងស្រុកកំណើតរបស់គាត់៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...