ម៉ាឡេស៊ី៖ បណ្ដាជន​ប្រឆាំង​ជាង ៥០​ពាន់​នាក់​ជួប​ប្រជុំ​គ្នា (VDO)

យ៉ាងហោចណាស់ បណ្ដាជនប្រឆាំងចំនួន៥០ពាន់នាក់ បានជួបប្រជុំគ្នា នៅក្នុងពហុកីឡាដ្ឋាន នៅថ្ងៃពុធម្សិលម៉ិញ ដើម្បី​បរិហារ​ពីការបន្លំសន្លឹកឆ្នោត ដែលតាមពួកគេ វាបានអនុញ្ញាត ឲ្យគណបក្សកាន់អំណាចតាំងពី៥៦ឆ្នាំ មកហើយ នៅបន្ត​កាន់អំណាចជាថ្មីទៀត។
ម៉ាឡេស៊ី៖ បណ្ដាជន​ប្រឆាំង​ជាង ៥០​ពាន់​នាក់​ជួប​ប្រជុំ​គ្នា (VDO)
លោក អាន់វ៉ា អ៊ីប្រាហីម ថ្លែងទៅកាន់បណ្ដាជនទាំងជាង៥០ពាន់នាក់ ក្នុងពហុកីឡាដ្ឋាន។
  • ដោយ: កេសរ កូល - ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: May 09, 2013
  • ប្រធានបទ: នយោបាយម៉ាឡេ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ព័ន្ធភាពបីគណបក្ស ដែលសុទ្ធសឹងជាគណបក្សប្រឆាំង ដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) បាន​ចោទសម្ព័ន្ធរណសិរ្សជាតិ ថាបានបង្កើតនូវអ្នកបោះឆ្នោតខុសច្បាប់ សន្លឹកឆ្នោតបន្លំ និងការបោកប្រាសផ្សេងទៀតជាច្រើន នៅពេលបោះឆ្នោតជាតិ កាលពីថ្ងៃទី៥ខែឧសភាកន្លងមកនេះ។

នាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាចាក (Najib Razak) បានបដិសេធការចោទប្រកាន់ទាំងនេះ ដោយបានអះអាងថា ការ​បោះឆ្នោត​បានប្រព្រឹត្តិទៅដោយសេរី និងត្រឹមត្រូវ។ គណបក្សរណសិរ្សជាតិ បានទទួលសម្លេងគាំទ្រចំនួន១៣៣កៅអី ពីក្នុងចំណោមកៅអីទាំង២២២ នៅក្នុងសភាជាតិ។ តែសម្ព័ន្ធភាពរបស់លោ អាន់វ៉ា អ៊ីប្រាហីម បានប្រកែកថា លទ្ធផល​ពិតប្រាកដ មានតិចជាងនេះ ៣០កៅអី។

ទោះជាយ៉ាងណា ក៏គេសង្កេតឃើញថា គណបក្សកាន់អំណាច បានបាត់បង់ប្រជាប្រិយភាពយ៉ាងច្រើន ពីក្នុងស្រទាប់​ពលរដ្ឋម៉ាឡេស៊ី ដោយទទួលបានសន្លឹកឆ្នោតសរុប តែ៥,២៤លានសម្លេងប៉ុណ្ណោះ ទល់នឹង៥,៦២លានសម្លេង របស់​គណបក្សដទៃទៀត។

បណ្ដាជនដែលមានសមាណចិត្តនឹងគណបក្សប្រឆាំង ឬគណបក្សដទៃទៀត បានជួបប្រជុំគ្នាយ៉ាងសន្ធឹកសន្ធាប់ នៅក្នុង​ពហុកីឡាដ្ឋាន នៅយប់ថ្ងៃពុធទី០៨ខែមេសានេះ ហើយពួកគេបានទាមទារ អោយមាន«តម្លាភាព»នៃការ​បោះឆ្នោត​ជាតិ​មួយ។

គណបក្សរណសិរ្សជាតិ បានដឹកនាំប្រទេសម៉ាឡេស៊ី តាំងពីប្រទេសនេះទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេសនៅឆ្នាំ​១៩៥៧នោះមក។  នយោបាយសំខាន់របស់គណបក្សនេះ បានផ្ដោតជាពិសេសទៅលើស្រុកស្រែចំការ ដែលនៅទីនោះ ប្រជាជនម៉ាឡេស៊ីពឹងពាក់សឹងតែទាំងស្រុង នឹងការចុះចែកអំណោយរបស់រដ្ឋាភិបាល ដើម្បីរស់៕

ខាងក្រោមនេះ ជារូបភាពមួយចំនួន ស្ដីពីការជួបជុំគ្នានេះ៖

សូមទស្សនាវិដេអូ ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...