ម៉ាឡេស៊ី៖​ សម្ព័ន្ធភាព​«ចាស់​វស្សា»ទទួលជ័យ​ជំនះ​ជា​ថ្មី ក្នុង​ការ​បោះឆ្នោត (VDO)

សម្ព័ន្ធភាពនយោបាយ«ចាស់វស្សា» បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសកល នៅថ្ងៃអាទិត្យទី០៥ខែឧសភានេះ ហើយនឹងបន្តអំណាចរបស់ខ្លួន ដែលមានអាយុតាំងពី៥៦ឆ្នាំមកហើយ។ ជាជ័យជំនះលើកទី១៣បន្តបន្ទាប់គ្នា បើទោះជាគណបក្សប្រឆាំងក្នុងពេលនេះ ដូចជាមានសន្ទុះខ្លាំងជាពេលណាៗក៏ដោយ។
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្ព័ន្ធភាពនយោបាយ«ចាស់វស្សា» បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសកល នៅថ្ងៃអាទិត្យទី០៥ខែឧសភានេះ ហើយនឹងបន្តអំណាចរបស់ខ្លួន ដែលមានអាយុតាំងពី៥៦ឆ្នាំមកហើយ។ ជាជ័យជំនះលើកទី១៣បន្តបន្ទាប់គ្នា បើទោះ​ជា​គណបក្សប្រឆាំងក្នុងពេលនេះ ដូចជាមានសន្ទុះខ្លាំងជាពេលណាៗក៏ដោយ។


លោកណាជីប រ៉ាចាក នាយករដ្ឋមន្ត្រីផុតតំណែង តែជាប់ឆ្នោតជាថ្មី។

យុទ្ធនាការឃោសនាបោះឆ្នោតដ៏សែនពិបាកបានកន្លងផុត ប៉ុន្តែទីបំផុតទៅ និងជាលទ្ធផល គណបក្សរណសិរ្យជាតិបាន​ទទួលជ័យជំនះជាថ្មីទៀត និងនៅតែកាន់អំណាច រាប់តាំងពីប្រទេសម៉ាឡេស៊ីទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស​នៅ​ឆ្នាំ១៩៥៧នោះមក។

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេស បានរាយការណ៍ថា គណបក្សរណសិរ្យជាតិ របស់នាយករដ្ឋមន្ត្រី​លោក ណាជីប រ៉ាចាក (Najib Razak) ទទួលបានកៅអីចំនួន១២៧ ពីក្នុងចំណោម២២២កៅអីនៅសភាតំណាងរាស្ត្រ ទល់​នឹងគណបក្សប្រឆាំងដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) បានទទួលតែ៧៧កៅអីប៉ុណ្ណោះ។

នៅក្នុងនាទីជាបន្តបន្ទាប់ ក្រោយការប្រកាសជ័យជំនះរបស់គណបក្សកាន់អំណាច មនុស្សរាប់សិបពាន់នាក់ ដែលស្និតនឹង​គណបក្សប្រឆាំង បាននាំគ្នាផ្លាស់ប្ដូរូបថតគណនីរបស់ខ្លួន នៅលើបណ្ដាញហ្វេសប៊ុក ទៅជាពណ៌ខ្មៅទាំងអស់ ដើម្បី​បង្ហាញនូវការជំទាស់របស់ពួកគេ។

គណកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងទៀតថា បណ្ដាជនម៉ាឡេស៊ីជាង១០លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ខ្លួន​ក្នុងនាមជាពលរដ្ឋចេញទៅបោះឆ្នោត ត្រូវជា៨០%នៃចំនួនពលរដ្ឋដែលអាចបោះឆ្នោតបាន ប្រមាណជា១៣លាននាក់។

ក្នុងរយៈពេល៥ឆ្នាំទៅមុខនេះ គណបក្សរណសិរ្យជាតិ នឹងមានសម្លេង និងសិទ្ធិអំណាចគ្រប់គ្រាន់ ក្នុងការអនុម័ត្រច្បាប់ ឬដឹកនាំប្រទេស ដោយសារតែក្រុមគណបក្សប្រឆាំងទទួលបានសម្លេងរួមគ្នា មិនគ្រប់ចំនួនកៅអីដើម្បីជំទាស់ផងនោះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គណបក្សកាន់អំណាច នៅក្នុងរយៈពេលចុងក្រោយនេះ ទទួលរងនូវការរិះគន់យ៉ាងខ្លាំង ទាក់ទងនឹងដែនអំណាចគ្រប់គ្រងប្រទេស និងរឿងអាស្រូវជាច្រើនរបស់ខ្លួន។

នាយករដ្ឋមន្ត្រីផុតតំណែង តែទើបនឹងជាប់ឆ្នោតជាថ្មីនេះ លោក ណាជីប រ៉ាចាក បានឡើងមកកាន់អំណាចក្នុងឆ្នាំ២០០៩ ហើយលោកបានបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតយ៉ាងខ្លាំងក្លាមួយ។ ក្នុងប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរ​បាន​ចុះទៅចែកប្រាក់អំណោយទៅកាន់គ្រួសារខ្សត់ខ្សោយជាច្រើន ហើយថែមទាំងបានប្រើប្រាស់បណ្ដាញផ្សព្វផ្សាយ ដើម្បី​វាយប្រហារលើគណបក្សប្រឆាំងថែមទៀត៕

សូមទស្សនា​វីដេអូ ដែលជារបាយការណ៍របស់ បណ្ដាញទូរទស្សន៍ប៊ីប៊ីស៊ី ដូចខាងក្រោម៖

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...