ម៉ាឡេស៊ី៖ បក្សប្រឆាំង​កំពុង​មាន​ប្រៀប ក្នុង​ការ​បោះ​ឆ្នោត​សកល

មេបក្សប្រឆាំងក្នុងប្រទេសម៉ាឡេស៊ី លោកអាន់វ៉ា អីប្រាហីម (Anwar Ibrahim) បានសង្ឃឹមជឿជាក់ នៅថ្ងៃសៅរ៍ទី៤​ខែឧសភានេះ ថាគណបក្សលោកនឹងអាចឈ្នះឆ្នោតសកល ក្នុងថ្ងៃអាទិត្យខាងមុខ ហើយថែមទាំងបានបញ្ជាក់ថា មានតែ​ការ​បន្លំសន្លឹកឆ្នោតមួយមុខប៉ុណ្ណោះ ដែលអាចរារាំងជ័យជំនះរបស់គណបក្សលោកបាន។
ម៉ាឡេស៊ី៖ បក្សប្រឆាំង​កំពុង​មាន​ប្រៀប ក្នុង​ការ​បោះ​ឆ្នោត​សកល
លោកអានវ៉ា អ៊ីប្រាហីម មេបក្សប្រឆាំងក្នុងប្រទេសម៉ាឡេស៊ី។
  • ដោយ: កេសរ កូល - ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: May 04, 2013
  • ប្រធានបទ: នយោបាយម៉ាឡេ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋមាឡេស៊ីនឹងចូលទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីសេរីភាពថ្មីមួយ និងទំនងជាដាក់បិតបញ្ចប់ នូវការកាន់​អំណាចប្រមាណជាជិតកន្លះសតវត្សន៍ នៃរដ្ឋាភិបាលសព្វថ្ងៃ ដែលជាប់មានរឿងអាស្រូវយ៉ាងសន្ធឹកសន្ធាប់​ ជាមួយ​នឹង​អំពើពុករលួយនោះ។

លោកអាន់វ៉ា អីប្រាហីម ដែលនឹងក្លាយនាយករដ្ឋមន្ត្រី ក្នុងករណីលោកឈ្នះឆ្នោតនោះ បានគម្រាមរួចជាស្រេចថា គណបក្សលោកនឹងមិនអនុគ្រោះឲ្យឡើយ ប្រសិនបើមានការលួចបន្លំសន្លឹកឆ្នោត ហើយធ្វើឲ្យគាំងស្ទះ នូវ​«បដិវត្តន៍​ប្រជាធិបតេយ្យ» នៅប្រទេសម៉ាឡេស៊ី។ លោកបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា «យើងបានប្រាប់អោយសមាជិករបស់យើង អោយរក្សាភាពស្ង​ប់ស្ងៀម ជៀសវាងការបង្កហេតុ មិនប្រើប្រាស់​ការជម្រះបញ្ជី​​ផ្ទាល់ខ្លួន និងសុំអោយគាំទ្រនិតិវិធី នៃការបោះឆ្នោតនេះ»។

លោកបានអះអាងថា «បើមិនមាន ការលួចបន្លំសន្លឹកឆ្នោតយ៉ាងខ្លាំងនោះទេ (...) យើងនឹងឈ្នះ»។

បើតាមការស្ទង់មតិ ជាមួយបណ្ដាជនប្រមាណជា ១០០៤នាក់ នាយករដ្ឋមន្ត្រីផុតអាណត្តិ លោកណាជីប រ៉ាចា (Najib Razak) ទទួលបានការគាំទ្រតែ៣៩%ប៉ុណ្ណោះ ទល់នឹងលោកអាន់វ៉ា អ៊ីប្រាហីម ៤៣% ប៉ុន្តែក្នុងនោះ អាចមានចន្លោះ​ប្រហោងប្រមាណជា ៣,៥ពិន្ទុ។

នៅក្នុងកិច្ចសម្ភាស កាលពីយប់ថ្ងៃសុក្រ លោក ណាជីប រ៉ាចា បានអំពាវនាវឲ្យពលរដ្ឋ ប្រគល់ការទុកចិត្តមកអោយលោក នូវអាណត្តិថ្មីមួយទៀត ដើម្បីលោកអាចធ្វើអោយសម្រេចនូវការសន្យា នៃកំណែទម្រង់ទាំងឡាយ។ នៅចំពោះការខឹង​សម្បារបស់ពលរដ្ឋ លោក ណាជីប បានបង្ហាញខ្លួន ជាអ្នកធ្វើកំណែទម្រង់ និងបានលប់ចោល ​នូវច្បាប់គម្រាម​កំហែង​មួយចំនួន ដែលគ្មាននរណាពេញចិត្តនោះ។ នៅក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោត លោកបានបន្ថែមពីការគម្រាមថា នឹង​មានជម្លោះក្នុងស្រុក និងរវាងជនជាតិ ប្រសិនបើគណបក្សប្រឆាំង ឡើងមកកាន់អំណាច។

ប៉ុន្តែការរកឃើញកាលពីសប្ដាហ៍មុន ពីទឹកជ្រលក់ម្រាមដៃថាអាចលាងជម្រះបាននោះ បានដាក់កង្វល់បន្ថែមទៀត​ សម្រាប់ក្រុមអ្នកប្រឆាំង ជុំវិញការលួចបន្លំសន្លឹកឆ្នោត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...