បុរីកីឡា៖ នៅ​​តែ​គ្មាន​ដំណោះ​ស្រាយ សម្រាប់​ជម្រក​សម្រាប់​​ពលរដ្ឋ?

ប្រជាពលរដ្ឋសហគមបុរីកីឡា ប្រមាណជាងសែបិបនាក់ បានមកជួបជុំគ្នា នៅលើកំណាត់ផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការជួបជុំនេះ ជាឱកាសដើម្បីឲ្យប្រជាពលរដ្ឋ បានលើកឡើងពី ភាពគ្មានផ្ទះសម្បែងជ្រកកោនដ៏សែនលំបាករបស់ខ្លួន ក្រោយពេលដែលលំនៅដ្ឋាន ប្រកបដោយក្តីសុខជាច្រើនខ្នង ត្រូវបានក្រុមហ៊ុន ផាន អ៊ីម៉ិច ធ្វើការឈូសឆាយកំទេចចោល។ ពួកគាត់បានត្អូញត្អែរ នឹងជីវិតដែលរស់នៅលើគំនរសម្រាម ក្រោមដំបូលតង់ កណ្តាលថ្ងៃ និងភ្លៀង ក្រោមកាំជណ្តើរ បានបណ្តាលឲ្យពួកគាត់ និងកូនៗមានជម្ងឺ ជាហូរហែរ ដោយសារតែក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋសហគមបុរីកីឡា ប្រមាណជាងសែបិបនាក់ បានមកជួបជុំគ្នា នៅលើកំណាត់ផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការជួបជុំនេះ ជាឱកាសដើម្បីឲ្យប្រជាពលរដ្ឋ បានលើកឡើងពី ភាពគ្មានផ្ទះសម្បែងជ្រក​កោនដ៏សែនលំបាករបស់ខ្លួន ក្រោយពេលដែលលំនៅដ្ឋាន ប្រកបដោយក្តីសុខជាច្រើនខ្នង ត្រូវបានក្រុមហ៊ុន ផាន អ៊ីម៉ិច ធ្វើការឈូសឆាយកំទេចចោល។ ពួកគាត់បានត្អូញត្អែរ នឹងជីវិតដែលរស់នៅលើគំនរសម្រាម ក្រោមដំបូលតង់ កណ្តាលថ្ងៃ និងភ្លៀង ក្រោមកាំជណ្តើរ បានបណ្តាលឲ្យពួកគាត់ និងកូនៗមានជម្ងឺ ជាហូរហែរ  ដោយសារតែក្រុមហ៊ុនមិនគោរពតាម​កិច្ចសន្យា។


បាតុកម្មរបស់សហគមន៍បូរីកីឡា។ (រូបថត O. Vary/ MONOROOM.info)

នៅក្នុងសន្និសិទកាសែត លើកំណាត់ផ្លូវលេខ២១១ ប្រជាពលរដ្ឋមានក្មេង មានចាស់ មកពីសហគមអ្នកបុរីកីឡា បានស្រែក​ទ្រហោយំ ទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមកិច្ចសន្យារវាង​ក្រុម-​ហ៊ុនផានអ៊ីម៉ិច និងសហគមបុរីកីឡា, ប្រជាពលរដ្ឋ ក្នុងការកសាងអាគារឲ្យបានចំនួនដប់ ដែលមានកំពស់ប្រាំមួយជាន់ ស្មើនឹង១៧៤បន្ទប់។

បងស្រី ឌំ សុភាព ជាតំណាងប្រជាពលរដ្ឋមួយរូប បាននិយាយថា ផ្ទះដែលបានឈូសកម្ទេចចោលនេះ ជាប្រាក់កម្ចីពី ធនាគារអេស៊ីលីដា ហើយសព្វថ្ងៃពួកគាត់មិនទាន់បានសងអស់នៅឡើយ។ ក្រោយការកម្ទេចផ្ទះ ក្រុមហ៊ុន​ផានអ៊ីម៉ិចនេះ ក៏មិនបានសងនូវសំណងអ្វី សូម្បីតែមួយរៀលក៏មិនត្រូវបានទទួលដែរ។

បងស្រីបញ្ជាក់ថា ប្រជាជនទាំងអស់់សុទ្ធតែក្រីក្រ មិនមានអំណាច ឬកំលាំងទៅតទល់ ជាមួយអ្នកមានប្រាក់នោះទេ។ សូម​ត្រឹមតែសង់អាគារឲ្យបានគ្រប់ចំនួនដប់តាម ការសន្យា ដើម្បីពួកគាត់មានជម្រកបានសមរម្យនឹងគេ។

សហគមបុរីកីឡាភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅព្រឹកថ្ងៃទី៣០ខែមេសា នេះ ក៏បានចេញនូវសេចក្តីថ្លែងការណ៍ ប្រឆាំងនឹងនឹងការលើកឡើងរបស់ក្រុមហ៊ុនផានអ៊ីម៉ិច ដែលបានអះអាងថាបានក្ស័យធន់តាំងពីឆ្នាំ២០១២។ តែឥឡូវនេះ ក្រុមហ៊ុនបែរជាបន្តការសាងសង់អាគារ ដែលមានលក្ខណខុសពីមុន មិនមានទ្រង់ទ្រាយដូចអាគារ សម្រាប់ចែកជូន ប្រជាពលរដ្ឋនោះឡើយ។

កុមារី យ៉េង ស្រីនី អាយុ១១ឆ្នាំ ដែលបានចូលរួមស្រែកទាមទារ ជាមួយកុមារជាច្រើនទៀត បានលើកឡើងថា ការរស់នៅ​សព្វថ្ងៃនេះមានការលំបាក ជួបប្រទះនូវបញ្ហាផ្នែកសុខភាព មានជម្ងឺច្រើន ដូចជាឈឺក្បាល ចុកពោះ ជាដើម។ កុមារីរូប​នេះ​បន្តថា ការដែលមកចូលរួមនេះ ដើម្បីទាមទារឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សង់អាគារឲ្យបានគ្រប់ដប់តាមការសន្យា។ សព្វថ្ងៃ​នេះនៅខ្វះអាគារពីរទៀត ឯអាគារដែលកំពុងសាងសង់នេះសម្រាប់លក់ទេ។ «ខ្ញុំមិនចង់បានអ្វីទេ ចង់តែបានផ្ទះ សូមឲ្យ​ក្រុមហ៊ុនផានអ៊ីម៉ិច សង់អាគារឲ្យបានពីរទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅ»។

មនោរម្យព័ងអាំងហ្វូមិនអាចសុំការបំភ្លឺបន្ថែម ពីក្រុមហ៊ុន ផាន អ៊ីម៉ិច លើករណីនេះបានទេ។ តែក្រុមហ៊ុននេះ ធ្លាប់បាន​លើកឡើងថា ប្រជាពលរដ្ឋ ដែលពុំទាន់ទទួលបាននូវសំណង់លំនៅដ្ឋានថ្មីនេះ មិនមានឯកសារគ្រប់គ្រាន់ ក្នុងការទទួល​បានផ្ទះនៅបុរីកីឡានោះឡើយ។ ឯអាគារដែលសង់បានប្រាំបីនេះ វាគ្រប់គ្រាប់សម្រាប់ពលរដ្ឋ ដែលរស់នៅក្នុង​សហគម​ហើយ។ មួយវិញទៀតក្រុមហ៊ុន ក៏ត្រូវបានក្ស័យធនដែរ។

ទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ចំពោះករណីវិវាទដីធ្លីរវាងក្រុមហ៊ុន ផាន អ៊ីម៉ិច ជាមួយប្រជាពលរដ្ឋនេះលោក អំ សំអាត អ្នកគ្រប់​គ្រងបច្ចេកទេស ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ បានលើកឡើងថា ក្នុងអំឡុងឆ្នាំ២០០៣ រដ្ឋាភិបាល​បានធ្វើប្រទានកម្ម ដីសង្គមកិច្ច៤.៦ហិចតា ដើម្បីអភិវឌ្ឍន៍នៅនឹងកន្លែង។ ដូច្នេះប្រជាពលរដ្ឋមានសិទ្ធិទៅហើយ លើដី​ដែល​ជាសម្បទានសង្គមកិច្ច សម្រាប់ពួកគាត់។ លោកបន្តថា ក្នុងកិច្ចអភិវឌ្ឍន៍នេះ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយសហគម ដោយសង់អាគារចំនួនដប់ សម្រាប់ប្រជាពលរដ្ឋរស់នៅ។ តែទើបសង់បានប្រាំបីក្រុមហ៊ុន បែរជាប្រកាសថាក្ស័យធន ហើយ​អះអាងថាអាគារដែលសង់រួចនេះ គ្រប់គ្រាប់សម្រាប់ចែកប្រជាពលរដ្ឋហើយ។

មន្ត្រីរូបនេះបានបន្ថែមថា មិនបានសង់អាគារគ្រប់តាមកិច្ចសន្យាផង ក្រុមហ៊ុន ថែមទាំងបានប្រើកងកំលាំងប៉ូលីស និង​កម្មករផ្សេងៗទៀត ចូលរុះរើ និងឈូសឆាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដោយគ្មានដីការពីតុលាការទៀត។ «នេះ​ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ(…)។ ផ្លូវច្បាប់ ក្រុមហ៊ុននៅតែមានភារកិច្ចទទួលខុសត្រូវ លើកិច្ចសន្យារបស់ខ្លួន។ ធ្វើម៉េចសង់ឲ្យគ្រប់ដប់អាគារ ដោះស្រាយជូនប្រជាពលរដ្ឋ។»

សូមរម្លឹកថាជាងមួយឆ្នាំហើយ គិតពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ ដែលប្រជាពលរដ្ឋនៅសហគមបុរីកីឡា ប្រមាណជាង​៣០០គ្រួសារ ត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធរ បណ្តេញចេញពីលំនៅដ្ឋានពួកគាត់ដោយបង្ខំ។ ឯប្រជាពលរដ្ឋ​ហាសិបគ្រួសារផ្សេងទៀត ក៏បានទទួលសំណងត្រឹមតែដីមួយឡូ និងទឹកប្រាក់ប្រមាណហាសិបម៉ឺនរៀល (ជាង១០០ដុល្លា​សហរដ្ឋអាមេរិក) តែប៉ុណ្ណោះ ជាថ្នូរនឹងការចាកចេញទៅរស់នៅតំបន់ភ្នំបាត (ខេត្តកណ្តាល) មានចំងាយជាង​ម្ភៃគីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ និងនៅទួលសំបូរក្បែរពន្ធធនាគារព្រៃស។

---------------------------------------------------------
ដោយៈអ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...