កឹម សុខា ជូនពរ​ឆ្នាំ​ថ្មី​ពី​ពន្ធនាគារ និង​អំពាវនាវ​កុំ​បោះបង់​ការ​តស៊ូ

សារលិខិតជូនពរឆ្នាំថ្មី របស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ) ត្រូវបានចេញផ្សាយ នៅថ្ងៃនេះ ដោយបានគូសបញ្ជាក់ ពីការធ្លាក់ចុះនៃ«គុណធម៌» និងអំពាវនាវឲ្យពលរដ្ឋខ្មែរ កុំបោះបង់ចោល ការតស៊ូព្យាយាមរបស់ខ្លួន ក្នុងការទាមទារ ឲ្យមានការផ្លាស់ប្ដូរ។
កឹម សុខា ជូនពរ​ឆ្នាំ​ថ្មី​ពី​ពន្ធនាគារ និង​អំពាវនាវ​កុំ​បោះបង់​ការ​តស៊ូ
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត​ MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 12, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតជូនពរមួយច្បាប់ ចេញពីពន្ធនាគារត្រពាំងផ្លុង ដែលលោកអះអាងថា អាចជំនួសឲ្យការជូនពរផ្ទាល់មាត់ ទៅកាន់ជនរួមជាតិ ក៏ដូចជាសមាជិក និងអ្នកគាំទ្រគណបក្ស ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅ នៅប៉ុន្មានថ្ងៃខាងមុខ។

ក្នុងលិខិត ដែលចេញផ្សាយ ក្នុងថ្ងៃទី១២ ខែមេសានេះ មេបក្សប្រឆាំងបានលើកឡើង ពីការធ្លាក់ចុះ នៃ​«គុណធម៌» និង​«ការគោរពសិទ្ធិមនុស្ស»។ លោកបានអំពាវនាវ កុំឲ្យពលរដ្ឋខ្មែរ ដែលចង់បានសិទ្ធិ សេរីភាព កុំអស់សង្ឃឹម កុំបោះបង់ចោល ការតស៊ូព្យាយាមរបស់ខ្លួន ក្នុងការទាមទារ ឲ្យមានការផ្លាស់ប្ដូរនោះឲ្យសោះ។ 

តែការផ្លាស់ប្ដូរនោះ ចាំបាច់ត្រូវតែកើតឡើង ដោយអហិង្សា និងតាមគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស ពិតប្រាកដ ដោយមានការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោក កឹម សុខា បានលើកយកឃ្លាមួយ ដែលលោកថា ជាពុទ្ធឱវាទ ឬជាច្បាប់ធម្មជាតិនោះ មកបញ្ជាក់ថា៖ «អ្វីៗតែងមានការផ្លាស់ប្ដូរ មិនអាចប្រកែកបាន សូម្បីតែទេវតាឆ្នាំចាស់ ក៏ត្រូវតែផ្លាស់ជំនួស ដោយទេវតាឆ្នាំថ្មីផងដែរ»។ 

បន្ថែមពីលើនេះ ប្រធានគណបក្សសង្គ្រោះជាតិ បានស្នើទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះស្រាយបញ្ហា ដោយអហិង្សា និងកុំយកខ្មែរគ្នាឯង ជាសត្រូវ។ ជាមួយនឹងការអំពាវនាវ ឲ្យមានការផ្សះផ្សារជាតិ លោកសរសេរថា៖ «កម្ពុជា ជារបស់យើងទាំងអស់គ្នា មិនមែនជាកម្មសិទ្ធិផ្ដាច់មុខ របស់ក្រុមណាមួយឡើយ។ សេចក្ដីសុខ និងសន្តិភាពពិតប្រាកដ អាចកើតមានឡើង លុះត្រាតែម្ចាស់ស្រុកទាំងអស់គ្នា អាចរស់នៅបាន ដោយមានយុត្តិធម៌ និងគ្មានការភ័យខ្លាច។ ការគ្រប់គ្រងប្រទេស ដោយការគាបសង្កត់ មិនអាចធ្វើឲ្យប្រជាពលរដ្ឋ ដើរតាមយើង មួយជីវិតបានឡើយ។»៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...