អីតាលី៖ អង់រីកូ លេតា ទទួល​ជោគជ័យ ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​មួយ​ឡើង

មនុស្សសំខាន់ទីពីរនៃគណបក្សប្រជាធិបតេយ្យ បានវាយសម្រុក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដើម្បីរៀបចំរដ្ឋាភិបាលមួយ ដែលមានប្រធានគណបក្សប្រជាជននិងសេរីភាព លោកស៊ីលវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី។
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

មនុស្សសំខាន់ទីពីរនៃគណបក្សប្រជាធិបតេយ្យ បានវាយសម្រុក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដើម្បីរៀបចំ​រដ្ឋាភិបាលមួយ ដែលមានប្រធានគណបក្សប្រជាជននិងសេរីភាព លោកស៊ីលវីយ៉ូ ប៊ែលូស្កូនី (Silvio Berlusconi) នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី។


លោកប្រធានាធិបតី ហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (ខាងឆ្វេង) និងលោកអង់រីកូ លេតា នាយករដ្ឋមន្ត្រីអ៊ីតាលីថ្មី។

ប្រធានាធិបតីរបស់ប្រទេស​ ដែលទើបនឹងមកកាន់តំណែងសារជាថ្មីកាលពីសប្ដាហ៍ដែរនោះ បានថ្លែងថា «រដ្ឋាភិបាលនេះ ជារដ្ឋាភិបាលនយោបាយមួយ ដែលមានតែផ្លូវនេះមួយប៉ុណ្ណោះ»។ សមាជិកទាំងអស់នៃរដ្ឋាភិបាល នឹងត្រូវចូលស្បថ​កាន់តំណែង នៅព្រឹកថ្ងៃអាទិត្យនេះ ហើយប្រធានក្រុមប្រឹក្សាថ្មីនេះ នឹងត្រូវដាក់ទៅសុំការទទួលទុកចិត្ត ពីរដ្ឋសភា នៅថ្ងៃ​ច័ន្ទខាងមុខនេះ។

រដ្ឋាភិបាល ដែលសម្បូរទៅដោយសមាជិកជាស្ត្រី

លោក អង់ជឺលីណូ អាហ្វាណូ (Angelino Alfano) អគ្គលេខានៃគណបក្សប្រជាជននិងសេរីភាព (គណបក្សរបស់លោក ប៊ែលូស្កូនី) ដែលជាអនុប្រធានក្រុមប្រឹក្សា នឹងក្លាយជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្រសួងសេដ្ឋកិច្ច ត្រូវបានធ្លាក់ទៅលើ លោកអគ្គនាយកធនាគារជាតិអ៊ីតាលី លោក ហ្វាប្រ៊ីស៊ីយ៉ូ សាកូម៉ានី (Fabrizzio Saccomanni)។ រីឯលោកស្រី អ៊ែលម៉ា បូនីណូ (Emma Bonino) អតីតស្នងការអ៊ឺរ៉ុប បានទទួលគ្រប់គ្រង​ផ្នែកការបរទេស​របស់ប្រទេស។ អតីតរដ្ឋមន្ត្រីមហាផ្ទៃក្នុងសម័យ ម៉ារីយ៉ូ ម៉ុងទី លោកស្រី អាណាម៉ារីយ៉ា កងសែលីយ៉េរី (Annamaria Cancellieri) ត្រូវបានតែងតាំងជាថ្មី ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ពីរខែនៅក្នុងភាពជាប់គាំង

លោកអង់រីកូ លេតា (Enrico Letta) ដែលជាមនុស្សសំខាន់ទីពីរ នៃគណបក្សប្រជាធិបតេយ្យ ត្រូវបានជ្រើសតាំង​ដោយ​លោក ហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) ដើម្បីទទួលភារកិច្ចជាអ្នករៀបចំរដ្ឋាភិបាល និងដាក់បញ្ចប់​នូវ​ភាពជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីខែកុម្ភះមុននេះ។ លោកជាប្រធានក្រុម​ប្រឹក្សារដ្ឋ ដែលអាចនិយាយម្យ៉ាងទៀត នាយករដ្ឋមន្ត្រីអ៊ីតាលី។ អ្នកសង្កេតការណ៍មើលឃើញ កតព្វកិច្ចនៅចំពោះមុខ​របស់រដ្ឋាភិបាលនេះ ដែលត្រូវដោះស្រាយ ជាពិសេសបញ្ហាវិបត្តិនៅក្នុងតំបន់ចាយលុយអ៊ឺរ៉ូ និងនយោបាយត្បិតត្បៀត សន្សំសំចៃ ដែលរដ្ឋាភិបាលមុនបានកំណត់រួចមកហើយ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments