កាត់ជើងមួយកំណាត់ យកមកអ្នកជំងឺកើយខ្លួនឯងវិញ!

រឿងអាស្រូវមួយ បានផ្ទុះឡើងក្នុងរដ្ឋ «Uttar Pradesh» ប្រទេសឥណ្ឌា ដែលទំនងជាបណ្ដាលមកពី គ្មានសម្ភារៈគ្រប់គ្រាន់ នៅក្នុងមន្ទីរពេទ្យ។ សូមបញ្ជាក់ជូនថា រូបភាពវីដេអូ ដែលដាក់ក្នុងអត្ថបទខាងក្រោម អាចប៉ះពាល់ដល់អារម្មណ៍។
កាត់ជើងមួយកំណាត់ យកមកអ្នកជំងឺកើយខ្លួនឯងវិញ!
យុវជន «Ghanshyam» អ្នកជំងឺដែលត្រូវបានកាត់ជើងមួយកំណាត់ ហើយជើងនោះ ត្រូវបានយកមក ឲ្យយុវជនកើយ ក្រោមក្បាល។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 30, 2018
  • ប្រធានបទ: កំហុស​វេជ្ជសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូពេទ្យពីរនាក់ ដែលជាប់ទាក់ទង នៅក្នុងរឿងអាស្រូវ ត្រូវបានព្យួរពីការងារ ហើយការស៊ើបអង្កេតមួយ ក៏ត្រូវបានបើកធ្វើដែរ បន្ទាប់ពីជើងមួយកំណាត់ របស់អ្នកជំងឺ ត្រូវបានយកមកឲ្យ អ្នកជំងឺខ្លួនឯងកើយជំនួសខ្នើយ។ នេះ បើតាមការការប្រកាស របស់អ្នកទទួលខុសត្រូវ ផ្នែកសុខាភិបាលតំបន់ ក្នុងសប្ដាហ៍នេះ។

លោក «Sadhna Kaushik» អ្នកទទួលខុសត្រូវ របស់មន្ទីរពេទ្យ «Maharani Laxmibai» ដែលស្ថិតក្នុងក្រុង «Jhansi» ភាគកណ្ដាលនៃប្រទេសឥណ្ឌា បានថ្លែងឡើងថា៖ «យើងបានបង្កើតគណៈកម្មការមួយ ដែលមានសមាជិក៤នាក់ ដើម្បីស្វែងរកនរណា ដែលបានយកជើងមួយកំណាត់នេះ មកឲ្យអ្នកជំងឺកើយ»។

អ្នកទទួលខុសត្រូវរូបនេះ បានបន្តថា៖ «យើងនឹងចាត់វិធានការ ដ៏ហ្មឺងម៉ាត់ ប្រសិនជាករណីនេះ ជាកំហុសរបស់បុគ្គលិក»។

រូបភាពជាវីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងបង្ហាញថា អ្នកជំងឺម្នាក់​កំពុងដេកស្ដូកស្ដឹង នៅលើគ្រែអ្នកជំងឺ ដោយមានជើងមួយកំណាត់ របស់អ្នកជំងឺរូបនោះ កើយនៅខាងក្រោមក្បាល។ អ្នកជំងឺរូបនោះ ត្រូវបានគេស្គាល់ឈ្មោះ «Ghanshyam» អាយុ២៨ឆ្នាំ និងបានរងរបួសធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់រថយន្ដក្រុងមួយ។

ញាតិមិត្តរបស់អ្នកជំងឺ បានថ្លែងប្រាប់ «NDTV» បណ្ដាញទូរទស្សន៍ក្នុងស្រុកថា បុគ្គលិករបស់មន្ទីរពេទ្យ បានបដិសេធមិនឲ្យខ្នើយកើយ ទៅឲ្យលោក «Ghanshyam» ទេ។ ម្នាក់ ពីក្នុងចំណោមញាតិមិត្តនោះ បានលើកឡើងថា៖ «នៅពេលយើងទៅដល់មន្ទីរពេទ្យ យើងបានឃើញ ជើងមួយកំណាត់របស់ "Ghanshyam" ត្រូវបានយកមកកើយ ជំនួសខ្នើយ។ ខ្ញុំបានសុំ ឲ្យគេប្ដូរវាចេញ ជាច្រើនដង តែបុគ្គលិកទាំងនោះ បានបដិសេធ ដោយប្រាប់ពួកយើងវិញ ថាឲ្យទៅទិញ​ខ្នើយមួយ ពីផ្សារ​មកកើយទៅ។»។

មន្ទីរពេទ្យរដ្ឋ នៅក្នុងប្រទេសឥណ្ឌា តែងជួបបញ្ហាខ្វះខាតសម្ភារៈ ថវិកា ឬមិនមានបុគ្គលិកគ្រប់គ្រាន់។ រដ្ឋ «Uttar Pradesh» ដែលមានប្រជាជនរស់នៅ  ប្រមាណជា២០០លាននាក់ ជារដ្ឋដែលក្រីក្រជាងគេបំផុត នៃប្រទេស។ ជារឿយៗ អ្នកជំងឺនៅទីនោះ ត្រូវរង់ចាំក្នុងរយៈពេលដ៏យូរមួយ ដើម្បីខ្លួនគេទទួលបានការព្យបាល ដែលមានលក្ខណៈចុងដៃចុងជើង ពីសំណាក់គ្រូពេទ្យ។

កាលពីឆ្នាំទៅម៉ិញ កុមារជាង១០នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យរដ្ឋមួយ នៃរដ្ឋមួយនេះ ដែលបណ្ដាលមកពី កង្វះខ្យល់អុកស៊ីសែន សម្រាប់ដាក់ឲ្យកុមារទាំងនោះដកដង្ហើម។ កាលពីខែកន្លងទៅ បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានក្លែងខ្លួន ជាគ្រូពេទ្យ និងបានចម្លងមេរោគ «HIV» ទៅឲ្យមនុស្ស៤៦​នាក់ ដោយប្រើសារ៉ាំងចាក់ថ្នាំដដែលៗ៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...