សម្ភាសទុំ សម្បុរ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​ដែល​មាន​ឈ្មោះ​ក្នុង​បក្ស​ហ្វុនស៊ីនប៉ិច​ទេ!

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានយាងចូលរួមធ្វើនយោបាយ ជាមួយគណៈបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា។ ការចូលរួមធ្វើសកម្មភាពនយោបាយរបស់ទ្រង់ បានចាប់ផ្តើមជាផ្លូវការ បន្ទាប់ពីសមាជកាលពីថ្ងៃទី៧ ខែមេសាថ្មីៗនេះ ហើយបានទាក់ទាញ ឲ្យមតិជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ជាខ្លាំង។ តើមានមូលហេតុអ្វីដែលជម្រុញឲ្យព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ចាកចេញពីគណបក្សហ្វុនស៊ីនប៉ិច?។ តើមានផលប៉ះពាល់ជាវិជ្ជមាន ឬអវិជ្ជមានអ្វីខ្លះដល់បក្សហ្វុនស៊ីនប៉ិច ខណៈដែលព្រះអង្គយាងចេញនេះ?។ មនោរម្យព័ងអាំងហ្វូ សូមលើកយកកិច្ចសម្ភាសជាមួយលោក ទុំ សម្បុរ អ្នកនាំពាក្យនៃគណៈបក្សនេះ មកជម្រាបជូន។
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានយាងចូលរួមធ្វើនយោបាយ ជាមួយគណៈបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង​ដ៏ធំ​នៅកម្ពុជា។ ការចូលរួមធ្វើសកម្មភាពនយោបាយរបស់ទ្រង់ បានចាប់ផ្តើមជាផ្លូវការ បន្ទាប់ពីសមាជកាលពីថ្ងៃទី៧ ខែ​មេសាថ្មីៗនេះ ហើយបានទាក់ទាញ ឲ្យមតិជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍ជាខ្លាំង។


ផ្លាកសញ្ញារបស់គណបក្សហ្វុនស៊ីនប៉ិច ដាក់ដាំនៅតាមដងផ្លូវ។ (រូបថតគណបក្ស)

តើមានមូលហេតុអ្វីដែលជម្រុញឲ្យព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ចាកចេញពីគណបក្សហ្វុនស៊ីនប៉ិច?។ តើមានផល​ប៉ះពាល់ជាវិជ្ជមាន ឬអវិជ្ជមានអ្វីខ្លះដល់បក្សហ្វុនស៊ីនប៉ិច ខណៈដែលព្រះអង្គយាងចេញនេះ?។ មនោរម្យព័ងអាំងហ្វូ សូមលើកយកកិច្ចសម្ភាសជាមួយលោក ទុំ សម្បុរ អ្នកនាំពាក្យនៃគណៈបក្សនេះ មកជម្រាបជូនដូចតទៅ៖

មនោរម្យព័ងអាំងហ្វូ ៖ តើលោកអាចបញ្ជាក់បានទេពីមូលហេតុនៃការយាងចេញរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ពីគណបក្សហ្វុនស៊ីនប៉ិច ទៅចូលរួមធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ?

លោក ទុំ សម្បុរ ៖ ចំពោះមូលហេតុដែលថាអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ចេញពីហ្វុនស៊ីនប៉ិចមិនដឹងទេ។ តែឈ្មោះ​«ធម្មិកោ»នេះ ធ្លាប់មានរឿងនយោបាយច្រើនដង ច្រើនសារហើយ និងបានលាឈប់​ពីគណបក្សនយោបាយ ក៏ច្រើន​ដង​ដែរ ម្លោះហើយសូមបដិសេធន៍ថា មិនដែលមានឈ្មោះ«ធម្មិកោ»នៅក្នុងគណបក្សហ្វុនស៊ីនប៉ិចទេ។ ឯការទៅធ្វើ​នយោបាយ ជាមួយគណបក្សប្រឆាំង ជាសិទ្ធិរបស់បុគ្គល«ធម្មិកោ» មិនមានការពាក់ព័ន្ធនឹងគណបក្សហ្វុនស៊ីនប៉ិចទេ។

មនោរម្យព័ងអាំងហ្វូ ៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជាអតីតលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ និងក៏ជាសមាជិក​ស្ថាបនិក នៃគណបក្សហ្វុនស៊ីនប៉ិចដែរ។ តើមានន័យយ៉ាងណាចំពោះពាក្យ«សមាជិកស្ថាបនិក» បើលោកបានលើក​ឡើងថា មិនមានឈ្មោះលោកនៅក្នុងគណបក្សហ្វុនស៊ីនប៉ិចនោះ?

លោក ទុំ សម្បុរ ៖ អ្វីដែលសំខាន់ លោក(ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ) គ្រាន់តែជាអតីតលេខាព្រះមហាវីរៈក្សត្រ។ អតីត​លេខាព្រះមហាវីរៈក្សត្រ មិនមានន័យថា អ្នកនោះមានចិត្តស្មោះជាមួយរាជានិយម គោរពរាជានិយម ស្រលាញ់រាជានិយម និងរាជបល្ល័ងទេ។ ចំពោះពាក្យថា សមាជិកស្ថាបនិក វិញ ពាក្យនេះជាធម្មតាទេ អ្នកដែលបង្កើតមក ហើយឈប់ទៅវិញ​នោះ​មានច្រើន មិនមែនមានតែធម្មិកោម្នាក់ទេ អ្នកនៅស្រុកបារាំងក៏ច្រើន នៅអាមេរិកក៏ច្រើនដែលគេលាឈប់។ ដូច្នេះ​មិន​អាចយកពាក្យ សមាជិកស្ថាបនិក មកនិយាយឲ្យមានការពាក់ពន្ធ័ នឹងគណបក្សហ្វុនស៊ីនប៉ិចបានទេ។

មនោរម្យព័ងអាំងហ្វូ ៖ កន្លងមកព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានលើកឡើងក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងថា ការ​សម្រេចចិត្តចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ព្រោះតែព្រះអង្គចង់រកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ។ មានន័យថា​ទ្រង់​នៅក្នុងគណបក្សហ្វុនស៊ីនប៉ិច មិនអាចរកយុត្តិធម៌ ជូនប្រជាពលរដ្ឋខ្មៃរ ឬមួយយ៉ាងណា?

លោក ទុំ សម្បុរ ៖ នេះជាគំនិតរបស់បុគ្គលព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោម្នាក់ឯងទេ មិនមែនបុគ្គលខ្មែរទូទៅទេ។ តែវាជា​ការបញ្ចេញគំនិត ជាសិទ្ធិរបស់ទ្រង់ មិនមានការពាក់ពន្ធ័ជាមួយគណបក្សហ្វុនស៊ីនប៉ិចទេ។ «ហ្វុនស៊ីនប៉ិច» សព្វថ្ងៃខំធ្វើ​ដើម្បីយុត្តិធម៌ ដើម្បីការបង្រួបបង្រួមជាតិខ្មែរតែប៉ុណ្ណោះ។

មនោរម្យព័ងអាំងហ្វូ ៖ ការធ្វើនយោបាយនៃខ្សែរាជ្យវង្សមួយ (សែស្តេច) នៅក្នុងគណបក្សពីរដោយឡែកពីគ្នា និងមួយ​ជាបក្សប្រឆាំងទៀតនោះ តើវាអាចនឹងមានទំនាស់អ្វី ដែលទាក់ទងនឹងសែរាជវង្សទេ? នឹងប៉ះពាល់ដល់ដំណើររការ​របស់​គណបក្សហ្វុនស៊ិនប៉ិចឬទេ?

លោក ទុំ សម្បុរ ៖ មិនដឹងថាព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ សែរាជវង្សខាងណាទេ។ តែសែរាជវង្សពិត មានតែរាជបុត្រ​របស់ព្រះករុណាសម្តេចឪ នរោត្តមសីហនុ រួមមាន ព្រះអង្គម្ចាស់យូវនាថ ព្រះអង្គម្ចាស់សម្តេចព្រះរាមបុប្ផាទេវី សម្តេច​ក្រុមព្រះនរោត្តម រណរិទ្ធ ព្រះអង្គម្ចាស់ចក្រពង្ស និងព្រះករុណាដែលជាព្រះមហាក្សត្រសព្វថ្ងៃ(នរោត្ត សីហមុនី) និង​ព្រះអនុជនរោត្តម អរុណ រស្មី។ ដែលបច្ចុប្បន្ននេះព្រះអង្គម្ចាស់រោត្តម អរុណ រស្មី បានមកទទូលតំណែង ព្រះប្រធាន​គណបក្សហ្វុនស៊ិនប៉ិច ដែលជាកេរ្តិ៍តំណែលរបស់ព្រះបីតាលោកហើយ។ ព្រោះសម្តេចអរុណ រស្មី កែវ ពុទ្ធរស្មី ញឹក ប៊ុនឆៃ សព្វថ្ងៃនេះមានសកម្មភាពល្អ ស្ទើរគ្រប់កន្លែង និងទៅជាប់ជាមួយគ្នារហូត។

មនោរម្យព័ងអាំងហ្វូ ៖ ព្រះអង្គបានបន្ថែមថា បើបុគ្គលណាមួយនៅក្នុងគណបក្សហ្វុនស៊ិនប៉ិច ធ្វើឲ្យមានការប៉ះពាល់ ឬថ្នាំងថ្នាក់ជាមួយគណបក្សប្រជាជន នោះគេមិនទទួលស្គាល់ទេ។ គេទទួលស្គាល់តែគណបក្សហ្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយលោក ញឹក ប៊ុនឆៃ។ ចំពោះការលើកឡើងនេះ តើលោកយល់យ៉ាងណា?

លោក ទុំ សម្បុរ ៖ នេះជាអារម្មណ៍រវើរវាយរបស់បុគ្គល ដែលមិនអាចនៅជាមួយគណបក្សហ្វុនស៊ិនប៉ិច។ អ្នកនិយាយ​ទាំងនោះតែងតែមានបញ្ហាជាមួយគណបក្សហ្វុនស៊ិនប៉ិច។ នេះជាការធម្មតាទេ ហើយក៏អាចជារបររកស៊ីមួយ​របស់អ្នក​ប្រឆាំងដែរ។ មហិច្ឆតារបស់មនុស្សវាធំធេងណាស់ លោក(ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ)ចង់ធ្វើតែធំ តែគណបក្សទទួល​យកមិនបាន ដូច្នេះគាត់អន់ចិត្តអញ្ចឹងទៅ។

មនោរម្យព័ងអាំងហ្វូ ៖ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់អរុណ រស្មី ដើម្បីចូលរួមក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ តើ​លោករំពឹងថានឹងទទួលលទ្ធផលយ៉ាងណា?

លោក ទុំ សម្បុរ ៖ នឹងសង្ឃឹមថា ទទួលបានលទ្ធផលល្អ។ មិនដឹងថានឹងទទួលអសនៈបានប៉ុន្មានទេ ក៏ប៉ុន្តែឡើងល្អ​ជាង​មុនច្រើន ចំពោះលទ្ធផលដែលនឹងត្រូវទទួលបាន។

មនោរម្យព័ងអាំងហ្វូ ៖ គ.ជ.ប តែងតែទទួលរងនូវការរិះគត់ពីប្រជាពលរដ្ឋ ពីសង្គមស៊ីវិលមួយចំនួន ជាពិសេសពី​គណបក្សប្រឆាំង ទៅលើនីតិវិធី និងការរៀបចំរបស់ខ្លួន ដែលមិនមានយុត្តិធម៌ និងអព្យាក្រិត្សភាព។ សម្រាប់​គណបក្ស​ហ្វុនស៊ីនប៉ិច តើអាចទទួលយកបានទេ ចំពោះលទ្ធផលដែលនឹងចេញ ក្រោយការបោះឆ្នោតនាថ្ងៃខាងមុខនេះ?

លោក ទុំ សម្បុរ ៖ នីតិវិធី គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត ពីមួយអណត្តិទៅមួយអណត្តិ មានការកែលំអរ កាន់តែមាន​ល្អទៅៗ។ ដូច្នេះសម្រាប់គណបក្សហ្វុនស៊ីនប៉ិច អាចទទួលយកបាន នូវនីតិវិធីនៃការរៀបចំ របស់គ.ជ.បសព្វថ្ងៃ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៩ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...