វីគីលីគ្ស បញ្ចេញ​ឯកសារ​សម្ងាត់​ការទូត​អាមេរិក១,៧លាន​ច្បាប់

ឯកសារសម្ងាត់ចំនួន១,៧លានច្បាប់ ដែលសុទ្ធសឹងជា ការឆ្លើយឆ្លងរបស់អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក្នុង​ទសវត្ស​ឆ្នាំ៧០ ហើយ​ត្រូវ​បាន​គេហទំព័រ វីគីលីគ្ស ទម្លាយ​ផ្សាយ​ជាសាធារណៈ នៅ​ថ្ងៃ​ច័ន្ទ​ទី០៨ ខែ​មេសា ឆ្នាំ​២០១៣នេះ។
  • ដោយ: សេក មនោរកុមារ ដោយ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៩ មេសា ២០១៣
  • កែប្រែចុងក្រោយ: November 22, 2015
  • ប្រធានបទ: ភូមិសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការទម្លាយថ្មីៗ ស្ដីពីទូរសាររវាងពីឆ្នាំ១៩៧៣ មកដល់ឆ្នាំ១៩៧៦ បានបង្ហាញឲ្យដឹង ជាសាធារណៈ នូវអ្វី​ដែល​ជា«អាថ៌កំបាំង និងការឃុបឃិតគ្នា» រវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ នោះជា​ឯកសារទូរសារ ដែលបានឆ្លើយឆ្លង ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហេនរី គីស៊ីនជ័រ (Henry Kissinger) កាលពីសម័យកាលនោះ។

ស្ថាបនិករបស់ វីគីលីគ្ស៍ (WikiLeaks) លោក ជូលៀន អាសាញ (Julian Assange) បានថ្លែងឲ្យដឹងថា៖ «នេះ ជាការផ្សព្វផ្សាយ ដ៏អស្ចារ្យ មិនដែលធ្លាប់មានពីមុនមក នូវឯកសារភូមិសាស្ត្រនយោបាយ»។ ការថ្លែង​របស​លោក បានធ្វើឡើង ខណៈគេហទំព័ររបស់ វីគីលីគ្ស៍ បានបញ្ចេញមកជាសាធារណៈ នូវ​ឯកសារ​ឆ្លើយ​ឆ្លង​នៃ​ប្រព័ន្ធ​ការទូតអាមេរិក ប្រមាណជា១,៧លានច្បាប់ នៅក្នុងទសវត្សន៍ឆ្នាំ៧០។

ធ្វើបទអន្តរាគមន៍ផ្សាយផ្ទាល់ តាមវីដេអូ ពីស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំអង់គ្លេស លោក អាសាញ បានឲ្យដឹងទៀតថា កំណត់សម្គាល់ របាយការណ៍ និងរាល់ការទាក់ទងទាំងនេះ បានអះអាងពីឥទ្ធិពលដ៏ធំ របស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក នាសម័យកាលនោះ។

ទូរសារទាំងនេះ ត្រូវបានរដ្ឋាភិបាលអាមេរិក ប្រមូលទុកជាឯកសារ និងលែងរវីរវល់ទៀតហើយ។ ហើយគេ​អាចរកឯកសារទាំងនេះបាន លុះត្រាតែចូលទៅកាន់ ផ្នែកផ្ទុកឯកសារជាតិអាមេរិក ជាទម្រង់មួយ ដែល​សាធារណៈជនទូទៅមិនអាច ចេះតែយកមកមើលបាន ដោយពាក្យមួយម៉ាត់ពីរនោះឡើយ។ លោក អាសាញ បានបន្តទៀតថា៖ «វា (ឯកសារខាងលើ) ត្រូវបានលាក់ទុក នៅក្នុងតំបន់មួយ ដែលមានព្រំដែន កើត​ឡើង​ដោយការសម្ងាត់ និងការឃុបឃិតគ្នា។»

គួររំលឹកដែរថា ស្ថាបនិក វីគីលីគ្ស៍ ដែលល្បីល្បាញ ខាងទម្លាយឯកសារសម្ងាត់ និងឯកសារការទូត នៃ​ប្រទេស​ធំៗនៅក្នុងពិភពលោកនេះ បានចូលទៅជ្រកកោន នៅក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំ​នៅ​រាជធានី​ឡុងដ៍ ដើម្បីគេចចេញពីការធ្វើបត្យាប័ន ទៅកាន់ប្រទេសស៊ុយអែដ នៅក្នុងសំនុំរឿងចាប់ំលោភ និង​ការបំពានខាងផ្លូវភេទ។ ការធ្វើបត្យាប័ន ដែលលោក អាសាញ បានសង្ស័យថា លោកនឹងអាចត្រូវ​បញ្ជូន​ខ្លួន ជា​បន្​តទៅ​កាន់​ទិសដៅ​ចុងក្រោយ៖ សហរដ្ឋអាមេរិក។

លោក ជូលៀន អាសាញ បានបង្កកំហឹងក្ដៅក្រេវក្រោប ដល់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១០កន្លងទៅ ដោយ​សារលោក និងក្រុម វីគីលីគ្ស៍ របស់លោក បានផ្សាយនូវឯកសារជាច្រើនរយពាន់ ទាក់ទងនឹង​ការ​សម្ងាត់​នានា នៅក្នុងសង្គ្រាមនៅប្រទេសអៀរ៉ាក់ និងនៅប្រទេសអាហ្វហ្គានីស្ដង់។ វីគីលីគ្ស ក៏បានបង្ក​ឲ្យ​មាន​ប្រតិកម្ម កក្រើកពេញទាំងពិភពលោកដែរ ក្រោយពីបានទម្លាយចេញ​ជាសាធារណៈ នូវសារអេឡិចត្រូនិក​ជា​ច្រើន ដែលមានលក្ខណៈការទូត និងការសម្ងាត់ របស់រដ្ឋាភិបាលនៃប្រទេសផ្សេងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...