ទិញ​សំបុត្រ​យន្ដហោះ ដែល​មាន​តម្លៃ​ទៅ​តាម​«ទម្ងន់»​របស់​អ្នក

ជាការកំណត់ថ្លៃ ដ៏ពិសេសជាងគេ របស់ក្រុមហ៊ុនអាកាសចរណ៍មួយ មានឈ្មោះថា សាម៉ៅ អ៊ែរ (Samoa Air) ដែលមាន​ជើងហោះហើរ ភ្ជាប់កោះមួយចំនួន នៅកណ្ដាលមហាសាគរប៉ាស៊ីភិក។ ការកំណត់តម្លៃនោះ គឺអាស្រ័យទៅតាម​«ទម្ងន់»​របស់អ្នកដំណើរ។
ទិញ​សំបុត្រ​យន្ដហោះ ដែល​មាន​តម្លៃ​ទៅ​តាម​«ទម្ងន់»​របស់​អ្នក
បុរសម្នាក់នេះ នឹងត្រូវចំណាយលុយទិញសំបុត្រថ្លៃជាងអ្នកធម្មតា សម្រាប់កៅអីអង្គុយបានតែមួយ។
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស​ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: April 07, 2013
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ចំណាយលុយ ទៅតាមទម្ងន់ដែលអ្នកមានប៉ុណ្ណោះ» ជាការផ្សាយអោយដំណឹង នៅគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ នៅលើទំព័របន្ទាប់មកទៀត សម្រាប់ការកក់សំបុត្រ គេនឹងឃើញតម្លៃក្នុងមួយគីឡូក្រាម។ ជាឧទាហរណ៍ ជើងហោះ​ហើរ​មួយពីទីក្រុងហ្វាឡេអូឡូ (Faleolo) ទៅតំបន់ម៉ាតាវ (Matao) សំបុត្រយន្ដហោះនឹងលក់តាមចំនួនគីឡូ ដែលគិតមួយ​ដុល្លា​អូស្ត្រាលី ក្នុងមួយគីឡូ។ ចំណែកជើងហោះហើរពី ហ្វាឡេអូឡូ ទៅតំបន់មួយទៀត ឈ្មោះអាស៊ូ (Asau) មានតម្លៃ១,៣២​ដុល្លាអូស្ត្រាលី ក្នុងមួយគីឡូ។

និយាយអោយខ្លី បើអ្នកមានមាឌតូច ឬស្គម អ្នកនឹងចំណាយថ្លៃសំបុត្រយ៉ាងថោកជាទីបំផុត។ តែជាអកុសល សម្រាប់អ្នក​ដែលធាត់ចុះខ្លាញ់ អ្នកនឺងត្រូវចំណាយលុយ ទិញសំបុត្រយ៉ាងលើសលប់។

អោយសម្ភាសតាមវិទ្យុអូស្ត្រាលី អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ សាម៉ាវ អ៊ែរ គ្រីស ឡង់ថុន (Chris Langton) បាន​អះអាងថា គ្រួសារដែលមានសមាជិកច្រើន និងតូចៗ ជាអ្នកដែលទទួលបាននូវការផ្ដល់ជូនពិសេសនេះ។ «ពួកគាត់មាន​ការភ្ញាក់ផ្អើលណាស់។ យើងមិនអោយគាត់ចំណាយប្រាក់ទៅតាមកៅអីទេ តែទៅតាមទម្ងន់។ ការធ្វើបែបនេះ ចំណេញ​ច្រើនទៅដល់គ្រួសារ ដែលមានសមាជិកពីរនាក់ប្ដីប្រពន្ធ និងកូនតូចៗ ម្នាក់ឬពីរនាក់ឡើងទៅ។ ហើយពួកគាត់​សប្បាយ​ចិត្តណាស់ ដោយឃើញតម្លៃសំបុត្រសរុបទាំងអស់ មានកម្រិតទាបជាទីបំផុត។»

បើសិនជាគេមើលទៅ ឃើញក្រុមហ៊ុន សាម៉ាវអ៊ែរ  បានបង្កើតគំនិតពាណិជ្ជកម្ម ដ៏ពិសេសនេះក៏ពិតមែន តែគេហទំព័រ​អ៊ែរឡាញរីផតធើរ (AirlineReporter) ឯនោះវិញ បានការពារគំនិតនេះយ៉ាងដូច្នេះថា «ទម្ងន់ ជាមាសប្រាក់។ មានទម្ងន់​កាន់តែធ្ងន់ យន្ដហោះប្រើប្រេងកាន់តែច្រើន ហើយតម្រូវអោយជើងហោះហើរចំណាយកាន់តែច្រើន និងកាន់តែ​ថ្លៃ។»

នៅឯប្រទេសបារាំងឯណេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ែរហ្វ្រង់ (AirFrance) បានបង្កើតនៅឆ្នាំ២០១០ នូវ«អាករ» សម្រាប់អ្នកធាត់ចុកខ្លាញ់ ដែលមានទម្ងន់ធ្ងន់ហួស ហើយតម្រូវអ្នកជំណើរអកុសលនោះ អោយទិញកន្លែងអង្គុយដល់​ទៅពីរកន្លែង ដែលត្រូវនឹងតម្លៃសំបុត្រពីរដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...