តូរ៉ែស ជួយ​ឲ្យ​តោ​ខៀវ​ឆែលស៊ី ឈ្នះ​រូប៊ីន កាស្សាន ៣-១

ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប ឆែមពានលីក (Champions League) តោខៀវ ឆែលស៊ី (Chelsea) បានយកឈ្នះក្រុមម្ចាស់ជើងឯករុស្សី រូប៊ីន កាស្សាន (Rubin Kazan) ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី១ អ៊ឺរ៉ូផាលីក (Europa League) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បត៏។ ក្នុងនោះ កីឡាករខ្សែប្រយុទ្ធអេស្ប៉ាញ ហ្វឺណាន់ដូ តូរ៉ែស (Fernando Torres) បានរកគ្រាប់បាល់បានចំនួន ២គ្រាប់។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប ឆែមពានលីក (Champions League) តោខៀវ ឆែលស៊ី (Chelsea) បានយកឈ្នះក្រុមម្ចាស់ជើងឯក​រុស្សី រូប៊ីន កាស្សាន (Rubin Kazan) ដោយលទ្ធផល ៣-១ ក្នុងការប្រកួតជើងទី១ អ៊ឺរ៉ូផាលីក (Europa League) វគ្គ១ភាគ​៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បត៏។ ក្នុងនោះ កីឡាករខ្សែប្រយុទ្ធអេស្ប៉ាញ ហ្វឺណាន់ដូ តូរ៉ែស (Fernando Torres) បាន​រកគ្រាប់បាល់បានចំនួន ២គ្រាប់។


កីឡាករ ហ្វឺណាន់ដូ តូរ៉ែស ជាមួយនឹងរបាំងមុខរបស់គាត់។

ក្រុមឆែលស៊ី ដែលបានចូលមកប្រកួតប្រជែងពានរង្វាន់អ៊ឺរ៉ុបលំដាប់ទី២ បន្ទាប់ពីធ្លាក់ចេញពីការប្រកួតឆែមពានលីក ក្នុង​វគ្គចែកពូលនោះ បានលេង៣ប្រកួត ក្នុងរយះពេល៦ថ្ងៃ ដូច្នេះទើបគ្រូបង្វឹក ឲ្យកីឡាករល្អៗជាច្រើន ស្ថិតនៅ​ជាកីឡាករ​បម្រុង។

ខ្សែប្រយុទ្ធ តូរ៉ែស ដែលលេងធ្លាក់ជើង ហើយមិនសូវបានជាប់ជាកីឡាករជម្រើស ១១នាក់ ដំបូងនោះ បានរកគ្រាប់​បាល់​ទី១ បានសម្រេចនៅនាទី ទី១៦ បន្ទាប់ពីការបញ្ជូនបាល់ប្លោងពីចម្ងាយ ដោយកីឡាករខ្សែការពារ ដេវ៊ីដ ល្វីស (David Luiz)។

ខ្សែបម្រើ វីកទ័រ ម៉ូសេ (Victor Moses) បានរកគ្រាប់បាល់ទី២ ឲ្យឆែលស៊ី បានមួយគ្រាប់ទៀត នៅនាទី ទី៣២ បន្ទាប់ពី​ខ្សែការពាររបស់ក្រុមរូប៊ីន ទាត់បាល់ចេញពីតំបន់គ្រោះថ្នាក់មិនបានល្អ ហើយបាល់មកដល់ជើងម៉ូសេ ទើបកីឡាករ​នីស្សេរីយ៉ារូបនេះ ទាត់មួយទំហឹងពីចម្ងាយ បំប៉ោងសំណាញ់ទីបានសម្រេច។

ទោះបីជាយ៉ាងណា ក្រុមរូប៊ិន បានតាម បាន១គ្រាប់មកវិញ នៅនាទី ទី៤១ ដែលជាគ្រាប់បាល់​របស់កីឡាករ​ខ្សែបម្រើ​អ៊ីស្រាអែល បេប្រាស ណាចូ (Bebras Natcho) ដោយការទាត់បាល់ពិន័យប៉េណាល់ទី ក្រោយពេលកីឡាករ ចន ធឺរី (John Terry) យកដៃទៅរារាំងបាល់ ដែលទាត់ដោយកីឡាករ គ្រីស្ទែន អេនសាលឌី (Cristian Ansaldi)។

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម លីវើភូល (Liverpool) ហ្វឺណាន់ដូ តូរ៉ែស បានជួយឲ្យក្រុមឆែលស៊ី ផុតភ័យ នៅពេល​ដែលគាត់បានទទួលបាល់ ដែលបញ្ជូនទាត់កាត់ទីដោយកីឡាករ ចន ម៉ាតា (Juan Mata) ហើយខ្សែប្រយុទ្ធ ដែលពាក់​របាំងមុខខ្មៅរូបនេះ បានប្រើក្បាល ឲ្យបាល់ចូលទីបានសម្រេចនៅនាទី ទី៧០។

ចំណែកឯគូដទៃទៀត ក្រុមបិនហ្វីកា (Benfica) របស់ប្រទេសព័រទុយហ្គាល់ យកឈ្នះក្រុម សារិកាព្រៃ ញ៉ូកាស្ស៊ល យូណៃធីត (Newcastle United) របស់អង់គ្លេស ដោយលទ្ធផល ៣-១។ គ្រាប់បាល់របស់កីឡាករ រ៉ូដ្រីកូ (Rodrigo) លីម៉ា (Lima) និងកីឡាករ អូស្កា កាដូសូ (Oscar Cardozo) បានលុបចោលគ្រាប់បាល់របស់កីឡាករ ប៉ាប៉ិស ស៊ីស៊េ (Papiss Cisse) ដែលធ្វើឲ្យក្រុមញ៉ូកាស្ស៊ល នាំមុខតាំងតែពីនាទី ទី១២។

ក្រុម ហ្វេណឺបាច់ (Fenerbahce) របស់ប្រទេសទួរគី យកឈ្នះក្រុម ឡាស្ស៊ីអូ (Lazio) របស់អ៊ីតាលី ដោយលទ្ធផល ២-០ ដែលជាគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ វ៉េបូ (Webo) និងអតីតកីឡាករក្រុមលីវើភូល ដឺក ខាយ (Dirk Kuyt) ខណៈ​ដែលក្រុមទតិន ហេមហតស្ពឺ (Tottenham Hotspur) របស់អង់គ្លេស បញ្ចប់លទ្ធផលត្រឹមស្មើជាមួយនឹងក្រុម អេហ្វស៊ី បាស្ស៊ែល (FC Basel) របស់ស្វីស ២-២។

ការប្រកួតជើងទី២ ពានរង្វាន់អ៊ឺរ៉ូផាលីក វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃព្រហស្បត៏ ទី១១ ខែមេសា សប្តាហ៏​ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments