ប្រវត្តិ​«ទូរស័ព្ទ​ដៃ» និង​អត្ថ​ប្រយោជន៍​របស់​វា

ទូរស័ព្ទដៃ ជាវត្ថុប្រចាំថ្ងៃរបស់យើងក្នុងថ្ងៃនេះ។ ជាដំបូងឡើយ វត្ថុនេះ គ្រាន់តែអនុញ្ញាតអោយយើងអាចទាក់ទង​គ្នាបាន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក វាបានក្លាយជាវត្ថុ សម្រាប់បន្ធូរអារម្មណ៍ ឬធ្វើអ្វីផ្សេងទៀតដែលមានប្រយោជន៍ បានជាច្រើន។ មនុស្ស​រាប់​សិប​លាន​នាក់ ក្នុង​ពិភពលោកមាន​ទូរស័ព្ទដៃកាន់ តែមានមនុស្សតិចណាស់ ដែល​ចាប់​អារម្មណ៍ថា តើវត្ថុដែល​ខ្លួនឯងស្រឡាញ់ និង​បាន​​ជ្រើស​រើស​នេះ មាន​កំណើតដំបូង តាំងពីពេលណាមកនោះ។
ប្រវត្តិ​«ទូរស័ព្ទ​ដៃ» និង​អត្ថ​ប្រយោជន៍​របស់​វា
ការដាក់ទន្ទឹមគ្នារវាង កូន (អាយហ្វូន) និងម្ដាយ (ម៉ូតូរ៉ូឡា ឌីណាតាក់)។
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មេសា ២០១៣
  • កែប្រែចុងក្រោយ: March 10, 2014
  • ប្រធានបទ: ស្រាវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបង្កើតទូរស័ព្ទដៃ

ទូរស័ព្ទដៃដំបូងគេ ត្រូវបានឆ្នៃប្រឌិត និងបង្កើតឡើង ដោយលោកសាស្ត្រាចារ្យ ម៉ាទីន កូព័រ (Martin Cooper) ក្នុង​ឆ្នាំ​១៩៧៣ ដែលកាលនោះលោក ជានាយកផ្នៃកស្រាវជ្រាវ និងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនម៉ូតូរ៉ូឡា (Motorola) របស់​អាមេរិក។ ទូរស័ព្ទ​ដំបូងនោះ មានឈ្មោះថា ឌីណាតាក់ (Dynatac) មានលក្ខណៈជាទូរស័ព្ទព្រាង។ ជាង១០ឆ្នាំ​ក្រោយមក ទូរស័ព្ទនេះ បានដាក់​លក់នៅសហរដ្ឋអាមេរិក ដោយបានបន្ថែមឈ្មោះអោយវាថា ឌីណាតាក់ ៨០០០អ៊ិច (DynaTAC 8000x)។

ក្នុងពេលនោះ ការជាវទូរស័ព្ទនេះមកប្រើ មានតែអ្នកមានធនធានប៉ុណ្ណោះ ដោយគេត្រូវចំណាយប្រាក់រហូតដល់ ៣ ៩៩៥​ដុល្លាអាមេរិក ដើម្បីបានវាយកមកប្រើប្រាស់។ លើសពីនេះទៅទៀត វាមានទំហំធំ ក្រាស់ និងធ្ងន់ប្រៀប​បាន​​នឹង​ដុំថ្ម​មួយដុំ៖ កំពស់២៥សង់ទីម៉ែត្រ (មិនទាន់វាស់ទាំងអង់តែន) និងទម្ងន់៧៨៣ក្រាម។ ហើយរយៈពេលនៃការ​ប្រើប្រាស់ ក៏មិនបាន​យូរ​ដែរ បើទោះជា​គេ​ទុកទូរស័ព្ទ មិនយកមកប្រើប្រាស់ ឬជជែកនោះក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្នុងសម័យកាលនោះ វាជាទូរស័ព្ទចល័ត ដែលតូចជាងគេបង្អស់ ហើយត្រូវបានដាក់ចេញ មកលក់ជា​សាធារណៈ។

សូមរលឹកឡើងវិញថា លោកម៉ាទីន កូព័រ បានលើកទូរស័ព្ទនេះ មកនិយាយជាលើកដំបូង នៅថ្ងៃទី៣ ខែមេសា ​ឆ្នាំ​១៩៧៣ ហើយលោកបានហៅទៅសហជីវិកគាត់ម្នាក់ទៀត ឈ្មោះ ជូអែល អេនជែល (Joel Engel)។ គេបានចាត់​ទុកថា នេះមិន​គ្រាន់​តែជាការបង្កើតថ្មី​ប៉ុណ្ណោះទេ តែវាមាន «ទំហំធំជាង» ការរកឃើញថ្មី នៃបច្ចេកវិទ្យាធម្មតាៗ​ទៅ​ទៀត។ វាជាជំហាន​ដំបូង នៃ​បច្ចេកវិទ្យា ក្នុងវិស័យទូរស័ព្ទចល័ត ឬអាចនិយាយបានថា ជាអ្នកអោយកំណើត ដល់​ទូរស័ព្ទដៃ នាសម័យនេះ។

ការវិវត្តន៍បន្តមកទៀត នៃទូរស័ព្ទដៃ

តាំងពីពេលនោះមក ទូរស័ព្ទដៃមានការវិវត្តខ្លាំង គួរអោយកត់សំគាល់។ វាលែងមានទំងន់ជិតមួយគីឡូក្រាម ដូចមុន​ហើយ តែមានទម្ងន់ប្រមាណតែ១០០ក្រាមប៉ុណ្ណោះ ឬស្រាលជាងនេះ និងមានទំហំកាន់តែតូច ងាយស្រួលកាន់ ​និង​ដាក់តាមខ្លួន ឬ​ដាក់ទៅក្នុងហោប៉ៅនោះ ថែមទៀត។

រយៈពេលនៃការប្រើប្រាស់ ក៏ត្រូវបានតម្លើងយ៉ាងសម្បើមដែរ។ ទូរស័ព្ទខ្លះ អាចមានរយៈពេលប្រើប្រាស់ រហូតដល់ ច្រើន​ជាងមួយសប្ដាហ៍។ មិនត្រឹមតែប៉ុណ្ណោះ វាបានបន្ថែមនូវមុខងារជាច្រើនទៀត លើសពីការហៅចេញ និងទទួល​ការហៅ​ចូល ដូចជាអាចផ្ញើរ និងទទួលសារជាអក្សរ (SMS) អាចស្ដាប់ចម្រៀង វិទ្យុ និងកម្មវិធីផ្សេងទៀតជាច្រើន បើទោះជាកម្មវិធីនោះ មិន​សូវមាន​អត្ថប្រយោជន៍ក៏ដោយ។

ទូរស័ព្ទដៃទីពីរបន្ទាប់ ដែលទទួលភាពជោគជ័យយ៉ាងសម្បើមនោះ បានចេញនៅឆ្នាំ១៩៩៦ មានឈ្មោះថា ស្តារតាក (Star Tac) របស់ក្រុមហ៊ុនម៉ូតូរ៉ូឡាដដែល ដែលខ្មែរហៅថា ម៉ូតូរ៉ូឡាបត់។ វាបានក្លាយជាទូរស័ព្ទដៃដំបូងគេ ដែល​អាចបត់បាន និងមានសន្ទះបិតបើក ដោយយោង ទៅលើសណ្ឋាន នៃការនិយាយទូរស័ព្ទ របស់អ្នកប្រើប្រាស់។ ទូរស័ព្ទនេះ ក៏ជាទូរស័ព្ទ​លើកដំបូងគេដែរ ដែលបំពាក់ដោយម៉ាស៊ីន «ញ័រ» នៅខាងក្នុង។

នៅឆ្នាំ១៩៩៩ ណូគៀ ៧១១០ (Nokia 7110) បានចេញមកលក់ក្នុងទីផ្សារ ដែលមានរូបរាងដូចគ្នា សឹងតែទាំងស្រុង នឹង​ទូរស័ព្ទ ដែលបានប្រើ ក្នុងភាពយន្ដហូលីវូដមួយ មានចំណងជើងថា ម៉ាទ្រិក (Matrix)។ វាជាទូរស័ព្ទដំបូងគេ ដែលមាន​ប្រព័ន្ធ វ៉ាប (WAP - ប្រព័ន្ធអាំងធើណែត ក្នុងទូរស័ព្ទដៃ) ដែលជាបច្ចេកវិទ្យាថ្មី និងកំពុងតែរីកលូតលាត់ ក្នុងមាស៊ីនកុំព្យូទ័រ​ធម្មតា។

នៅឆ្នាំ២០០០ ការរកឃើញថ្មីមួយទៀត បានដាក់ផ្សាយជាសាធារណៈ នោះគឺ ណូគៀ ៣២១០ (Nokiq 3210) ជា​ទូរស័ព្ទ​ដំបូងគេ ដែលមានអង់តែនបង្កប់ និងមានពាក្យសរសេរ ទទួលស្គាល់ដោយវចនានុក្រម ធីណាយ (T9) នៅក្នុងតួទូរស័ព្ទ។ នៅពេលនោះ ល្បែងមួយចំនួន ដូចជា មេម៉ូរី (Memory) ឬស្នេក (Snake) ជាដើមនោះ ត្រូវបាន​អ្នកប្រើប្រាស់ ទទួល​ស្គាល់​ថា ជាផ្នែកមួយនៃការកំសាន្ដប្រចាំថ្ងៃ របស់ពួកគេ។

ក្រុមហ៊ុន ស្សាប របស់ជប៉ុន បានចេញមកលក់និងគេដែរ នូវផលិតផលទូរស័ព្ទដំបូងរបស់ខ្លួន ដែលមានឈ្មោះថា J-SH04 នៅឆ្នាំ​២០០១ ហើយក៏ជាទូរស័ព្ទដំបូងគេ ដែលមានបំពាក់ ដោយម៉ាស៊ីនថតរូប។ ក្នុងឆ្នាំនេះដដែល ការ​ប្រើប្រាស់ប្រព័ន្ធ​បញ្ជូន​សារ ជាអក្សរ ក៏បានកើនឡើងយ៉ាងខ្លាំងដែរ៖ ច្រើនជាង ២៥០ពាន់លានសារ ត្រូវបាន​ផ្ញើរក្នុង​ពិភពលោក ទល់នឹង​១៧ពាន់​លានសារ ក្នុងឆ្នាំមុន។

បន្ទាប់មកទៀត ណូគៀ១១០០ (Nokia 1100) ដែលចេញនៅឆ្នាំ២០០៣ ត្រូវបានបញ្ចេញមកលក់ សម្រាប់ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ជាមួយនឹងរបៀបប្រើប្រាស់«សមញ្ញៗ»។ វាបានក្លាយជាទូរស័ព្ទដំបូង ដែលលក់ដាច់​បាន​ច្រើនជាងគេបំផុត ក្នុង​ពិភពលោក (ប្រមាណ​ជាជាង ២០០លានគ្រឿង)។

ការវិវត្តន៍ នៃបច្ចេកវិទ្យាទូរស័ព្ទដៃ បានឈានមកដល់ដំណាក់កាលមួយទៀត នៅពេលដែលក្រុមហ៊ុនអ័បផល (Apple) របស់​អាមេរិក បញ្ចេញផលិតផលដ៏ទំនើបរបស់ខ្លួន មកលក់ក្នុងទីផ្សារ នៅឆ្នាំ២០០៧ នោះគឺទូរស័ព្ទ អាយហ្វូន (Iphone)។ វត្ថុដ៏​ចម្លែកជាងគេនេះ ជាទូរស័ព្ទដៃ ដែលផ្ដល់អោយអ្នកប្រើប្រាស់ នូវសមត្ថភាព និងកម្មវិធី​ជាច្រើន ក្នុងនោះ មានដូចជា​ការស្ដាប់​ចម្រៀង ចូលទៅអាំងធើណែត ឬលេងល្បែង ។ល។

ទូរស័ព្ទនៅក្នុងសង្គមយើងបច្ចុប្បន្ន

ទូរស័ព្ទដៃ នៅក្នុងសង្គមយើងបច្ចុប្បន្ន មានតួនាទីយ៉ាងសំខាន់ និងបានក្លាយជាវត្ថុ ដែលអត់មិនបាន។ វាអាចអោយ​យើង​ទាក់ទងគ្នា នៅគ្រប់ពេលវេលា និងសឹងតែគ្រប់ទីកន្លែង (ដែលមានសេវាទូរស័ព្ទទៅដល់)។ បើទោះជាវាត្រូវ​បានបង្កើត​ឡើង​ដំបូង ក្នុងគោលបំណង តែនៅក្នុងកិច្ចការជំនួញ ឬសម្រាប់តែអ្នកមានទ្រព្យធននោះក៏ដោយ តែ​បច្ចុប្បន្ននេះ​ ការ​ប្រើប្រាស់​ទូរស័ព្ទដៃ មិនត្រឹមតែបានជ្រាបចូល ទៅក្នុងស្រទាប់ប្រជាជនសមញ្ញធម្មតានោះទេ សូម្បី​កុមារតូចៗ ក៏ពួកគេ​អាចមាន​លទ្ធភាព នឹងយកទូរស័ព្ទនេះមកកាន់ និងប្រើប្រាស់នោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទដៃជាផ្នែកមួយ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ពិភពលោក ដែលមិនអាចខ្វះបាន។ ព្រោះ​ដើម្បី​ផលិតទូរស័ព្ទដៃមួយគ្រឿង គេត្រូវការជាចាំបាច់ អ្នកស្រាវជ្រាវ អ្នកផលិត អ្នករចនារូបរាង ... ហើយដើម្បីដាក់​អោយ​ទូរស័ព្ទ​មានដំណើរការ គេត្រូវការអ្នកផ្ដល់សេវាប្រព័ន្ធទូរស័ព្ទ អ្នកចែកផ្សាយ ។ល។ នោះជាដើម។

សូមបញ្ជាក់ថា នៅឆ្នាំ២០១០កន្លងមក ទូរស័ព្ទដៃប្រមាណជា ១,៦ពាន់លានគ្រឿង ត្រូវបានលក់ដាច់ នៅក្នុង​ទីផ្សារ​ពិភព​លោកទាំងមូល។ ប៉ុន្តែទន្ទឹមនឹងនេះ ទូរស័ព្ទដៃ ក៏បានបង្កអោយមាន សំរាមធ្វើអោយពុលដល់បរិដ្ឋាន យ៉ាង​សន្ធឹកសន្ធាប់​ដែរ។ បើនិយាយមកទល់ នឹងរយៈពេលចុងក្រោយនេះ គេបានបោះចោល នូវទូរស័ព្ទដៃប្រមាណជា ៧២០លានគ្រឿង ក្នុង​មួយឆ្នាំៗ៕

សូមទស្សនាខ្សែវីដេអូ ដែលបង្ហាញពីការវិវត្តនៃទូរស័ព្ទដៃ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...