ពីរដ្ឋធានីប៉ារីស អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានហៅសារព័ត៌មាន «Fresh News» ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ថាជាសារព័ត៌មាន ដែលស្រែកតាមតែម្ចាស់ខ្លួន។ របាយការណ៍របស់អង្គការនេះ ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបន្ថែមឈ្មោះ ឲ្យសារព័ត៌មានមួយនេះថា ជា«រោងចក្រផលិតព័ត៌មាន​ក្លែងក្លាយ»។

សារព័ត៌មាន «Fresh News» ជា«សម្លេងរបស់ម្ចាស់ខ្លួន»។ នេះ ជាចំណងជើងមួយ នៅក្នុងរបាយការណ៍កម្រាស២៧សន្លឹក របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders /Reporters Sans Frontières) ដែលចេញផ្សាយ កាលពីថ្ងៃពុធ។

អង្គការអន្តរជាតិ ដែលមានទីតាំងកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង និងដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានពន្យល់នៅក្នុងរបាយការណ៍នោះថា សារព័ត៌មានរណបរដ្ឋាភិបាលកម្ពុជាមួយនេះ យកគំរូតាមប្រព័ន្ធផ្សព្វផ្សាយ តាមបែប​ចិន​កុម្មុយនីស្ដ ហើយថែមទាំងមានអំណះអំណាចជាច្រើន ដែលអាចបញ្ជាក់​បានទៀតថា «Fresh News» គឺជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ»ដ៏សម្បូរបែប។

របាយការណ៍ ដែលមានចំណងជើងថា «ប្រទេសកម្ពុជា សារព័ត៌មានឯករាជ្យកំពុងស្ថិតក្នុងភាពមហន្តរាយ» បានស្រង់សំដីរបស់លោក លោក សេបាស្ទៀង ស្ត្រេនជោ (Sebastian Strangio) អ្នកនិពន្ធសៀវភៅ «កម្ពុជា របស់ ហ៊ុន សែន» មករៀបរាប់ដំបូងឡើងថា សារព័ត៌មាន «Fresh News» គឺជាទីភ្នាក់ងារព័ត៌មានកម្ពុជា (ជាភាសាបារាំង Agence Kampuchea Presse ឬ AKP) ដែលមានរូបភាពថ្មី៖ នោះ គឺ «Fresh News» មានលក្ខណៈរីកចម្រើនជាង «AKP» និងដែលមានលក្ខណៈ ឌីជីថល (Digital)។

របាយការណ៍បានសរសេរថា៖

«បទបញ្ជា គោលនយោបាយនានា ធ្លាក់តាមខ្សែបណ្ដោយ ពីលោក ហ៊ុន សែន ទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី រហូតទាល់តែវាក្លាយ​ទៅជាមាតិកា​ព័ត៌មាន របស់សារព័ត៌មាន “Fresh News”»។

គេតែងសង្កេតឃើញ​ជារឿយៗ ថាសារព័ត៌មានមួយនេះ បានចុះផ្សាយ នូវរាល់មតិយោបល់ ឬលិខិតមិត្តអ្នកអាន ដោយមិនបញ្ចេញអត្តសញ្ញាណ និងដែលមានលក្ខណៈរិះគន់ វាយប្រហារទៅលើគណបក្សប្រឆាំង ឬលក្ខណៈស្រប ជាមួយនយោបាយរដ្ឋាភិបាល។ របាយការណ៍បានបន្តថា មតិយោបល់របស់លោក ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួន ត្រូវបានសារព័ត៌មាន «Fresh News» ផ្សព្វផ្សាយជាមុនសិន មុននឹងថ្លែងចេញដោយផ្ទាល់ នៅពេលក្រោយ។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានយកឧទាហរណ៍ នៃការបាញ់សម្លាប់មនុស្ស នៅក្រុងឡាសវេហ្គាស (Las Vegas – សហរដ្ឋ​អាមេរិក) កាលពីខែតុលា មកពន្យល់ថា៖

«នៅពេលនោះ នៅលើគេហទំព័រ “Fresh News” មានការថ្លែងសារចូលរួមមរណទុក្ខ ជាមួយ​ជនរងគ្រោះ ប៉ុន្តែឆ្លៀតបន្ថែមមតិស្អប់ខ្ពើម ឆ្លើយតបឌឺដង ទៅនឹងការប្រកាស របស់ស្ថានទូតអាមេរិក មុនហេតុការណ៍នៅឡាសវេហ្គាស ដែលបានហាមពលរដ្ឋខ្លួននៅកម្ពុជា ឲ្យប្រយ័ត្នប្រយែងចំពោះសុវត្ថិភាព ក្នុងការធ្វើដំណើរ​នៅក្នុងប្រទេស។ បីថ្ងៃបន្ទាប់មក លោក ហ៊ុន សែន [បាន]ថ្លែងសារដូចគ្នាបេះបិត ទៅនឹងអ្វីដែល “Fresh News” បានចេញផ្សាយ។»។

ទិដ្ឋភាពនេះ ត្រូវបានរបាយការណ៍​លើកយកទឡ្ហីករណ៍មួយចំនួន មកបញ្ជាក់ថា ជាការអនុវត្តន៍ ដូចគ្នាទៅនឹងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសចិនកុម្មុយនីស្ដ ដែលអ្នកធ្វើអត្ថាធិប្បាយព័ត៌មានខ្លះ ត្រូវបានគេ«ជួល» ឲ្យបង្ហោះសារគាំទ្ររដ្ឋាភិបាលចិន នៅលើបណ្ដាញ​អ៊ិនធើណែត។

លោក កាល ថៃយ័រ (Carl Thayer) អ្នកឯកទេសសិក្សាតំបន់ បានថ្លែងឡើងថា វាមិនគួរឲ្យសង្ស័យ​ប៉ុន្មានទេ ដែលសារព័ត៌មាន «Fresh News» ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ឲ្យមើលទៅជាសារព័ត៌មានឯករាជ្យមួយ ដើម្បីវាយប្រហារ លើគូប្រជែងនយោបាយ។

របាយការណ៍​របស់អង្គការអន្តរជាតិ ក៏បានលើកយកការអះអាង របស់អ្នកគ្រប់គ្រង់សារព័ត៌មានមួយនេះ មកបញ្ជាក់ដែរថា សារព័ត៌មាន «Fresh News» មិនមានជាប់ពាក់ព័ន្ធ ជាមួយនឹងរដ្ឋាភិបាល ឬគណបក្សកាន់អំណាចទេ។ តែការឆ្លើយតបនេះ ត្រូវបានរបាយការណ៍បន្តពន្យល់ថា មានលក្ខណៈដ៏«គ្រោកគ្រាត» ដោយហេតុថាសារព័ត៌មានមួយនេះ មិនសូវខ្វល់ខ្វាយ ពីក្រមសីលធម៌សារព័ត៌មាន ហើយជាបណ្ដើរៗ ធ្វើខ្លួនឯង ឲ្យក្លាយទៅជា«រោងចក្រផលិតព័ត៌មាន​ក្លែងក្លាយ»។

ការ​ចេញ​របាយការណ៍ ​របស់​អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន ធ្វើឡើងក្រោយ​ពី​មានយុទ្ធនាការផ្ទួនៗ ក្នុង​ការបិទសារព័ត៌មានឯករាជ្យជាច្រើន ចាប់ពីខែសីហា រហូតមកដល់ការ​ចាប់​ខ្លួនមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​គឺ​លោក កឹម សុខា ក្នុងដើមខែកញ្ញា និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ នៅខែវិច្ឆិកា។ 

ផ្ទុយពីការបិទសំឡេងជំទាស់ ឬសារព័ត៌មានឯករាជ្យចោលចេញនោះ ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា មានទូរទស្សន៍ វិទ្យុ និងកាសែត សុទ្ធតែត្រូវបានគណបក្សកាន់អំណាច គ្រប់គ្រងយ៉ាងណែនដៃ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗបំផុត មិនតិចជាង៥ កំពុងមានដំណើរការនៅក្នុងប្រទេស ហើយអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងនោះ សុទ្ធសឹងជាមន្ត្រីមានអំណាច និងមន្ត្រីជំនិតរបស់រដ្ឋាភិបាល។

របាយការណ៍សរសេរថា៖ «ក្រុមហ៊ុនដែលដឹកនាំដោយលោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអាណចក្រមួយ ដែលមានភាគហ៊ុន នៅគ្រប់ស្ថាប័នផ្សព្វផ្សាយទាំងអស់»។

លោក ដានីញ៉ែល បាស្តស្តាដ (Daniel Bastard) ប្រធាន​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៃ​អង្គការខាងលើ ​បានសរសេរផ្ដើម​នៅ​ក្នុង​របាយការណ៍នោះថា របប​ដឹកនាំ​ដោយលោក ហ៊ុន សែន បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដ៏​សាមញ្ញ​មួយ ​គឺ​ថា ​តើ​អ្នក​«‍នៅ​ជា​មួយ​យើង​ ឬ​មួយ​ប្រឆាំង​នឹង​យើង» ហើយចង់ឲ្យសម្លេងជំទាស់ទាំងឡាយ ត្រូវបានបិទបំបាត់ចោល នៅមុនការបោះឆ្នោតជាតិ ដែលនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕



You may also like

កម្ពុជា

[វីដេអូ] ៖ «ស្បែកជើងហោះ»​ស្វាគមន៍ ហ៊ុន សែន នៅវ៉ាស៊ីនតោន

នៅខណៈលោក ហ៊ុន សែន កំពុងចាប់ដៃថតរូប ជាមួយបណ្ដាជន​ដែលមកទទួលស្វាគមន៍​លោក ស្រាប់តែ​«ស្បែកជើងហោះ»​មួយ បានហោះ​កាត់ក្បែរនោះ។ ជាទិដ្ឋភាពដែលបង្ក​ភាពរអាក់រអួលមួយភ្លែត ទៅដល់កម្មវិធី ក៏ដូចជាស្នាមញញឹម​​របស់នាយករដ្ឋមន្ត្រី​ចាស់វស្សាកម្ពុជា ដែលធ្វើដំណើរ​ទៅកាន់រដ្ឋធានី នៃសហរដ្ឋអាមេរិក ដើម្បីចូលរួមជំនួបកំពូល ...
កម្ពុជា

សម រង្ស៊ី ថាគ្រួសារត្រកូល ហ៊ុន នៅ​ពីក្រោយ​ធនាគារ ដែលធ្វើឲ្យ​ការប្រាក់​ថ្លៃ

លោក សម រង្ស៊ី បានតំឡើងសម្លេងខ្លាំងៗ បន្ថែមទៀតនៅថ្ងៃនេះ ដាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់លោក ជុំវិញដំណោះស្រាយ នៃការជំពាក់​ប្រាក់​ធនាគារ ដោយពលរដ្ឋកម្ពុជា ដែលហាក់​នៅទ្រឹង ...
កម្ពុជា

ផែង វណ្ណៈ រង​បណ្ដឹង​មួយទៀត ទារ​ជំងឺចិត្តជាង​«១លានដុល្លារ»

បន្ទាប់ពីបណ្ដឹងចំនួនបីមុន នៅថ្ងៃនេះ មន្ត្រីយោធា និងជាម្ចាស់គណនីហ្វេសប៊ុក ដ៏ល្បីល្បាញ លោក ផែង វណ្ណៈ បានរងបណ្ដឹងមួយទៀត ពីអ្នកប្រើប្រាស់បណ្ដាញសង្គមដូចគ្នា។ នោះ គឺបណ្ដឹងរបស់លោក ខាន់ សុវណ្ណ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...