វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

Loading...

ការ«លាង​ឈើ​កខ្វក់»លួចដឹកឈើដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅតែមានជាបន្តនៅឡើយ និងមានចំនួនមិនតិចជាង ៣០ម៉ឺនម៉ែត្រគូបឡើយ។ នេះ បើតាមបានអានរបាយការណ៍មួយ របស់ «EIA» ទីភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ផ្នែកបរិស្ថានមួយ ដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស។

ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ​ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ប្ដូរក្រដាសស្នាម ឲ្យ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ (ការលាងឈើកខ្វក់) ដែល​​មាន​តម្លៃ​ប្រមាណជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ បើតាមទិន្នន័យ នៅក្នុងរបាយការណ៍មួយ ចេញផ្សាយដោយអង្គការអន្តរជាតិ  «Environnement Investigation Agency» ហៅកាត់ថា «EIA» ដែលមានជំនាញ ខាងការស៊ើបអង្កេត រឿងរ៉ាវទាក់ទងនឹងបរិស្ថាន។

របាយការណ៍របស់អង្គការ «EIA» ចេញផ្សាយនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ ដែលមានកម្រាស់១០ទំព័រ និងដែលមានចំណងជើង «ជនល្មើសមុខដដែល៖ វៀតណាមលាងឈើកខ្វក់» បានចេញផ្សាយនៅប៉ុន្មាន​ថ្ងៃ ​មុនការចុះកិច្ចព្រមព្រៀងទិញឈើ ពីប្រទេសវៀតណាម ដោយសហភាពអ៊ឺរ៉ុប ក្នុងទំហំទឹកប្រាក់​តម្លៃ ៧០៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្នុងកិច្ចព្រមព្រៀង ជាមួយសហភាពអឺរ៉ុប ប្រទេសវៀតណាម មិនអាចនាំចូលឈើខុសច្បាប់ ពីក្រៅប្រទេសទៀតបានឡើយ ដែលផ្ទុយស្រឡះ ពីអ្វីដែលរបាយការណ៍នេះ បានរកឃើញទៅវិញ។ របាយការណ៍ បានសរសេរថា៖ «មន្ដ្រីសន្ដិសុខ និងមន្ត្រីរដ្ឋាភិបាលវៀតណាម នៅតែចេញកូតា ផ្ដល់ភាពស្របច្បាប់ ក្នុងសេដ្ឋកិច្ចវៀតណាម ដោយជួយសម្រួល ដល់ការលួចកាប់ឈើខុសច្បាប់ ដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ទោះបីកម្ពុជា បានប្រកាសថាឈប់ធ្វើជំនួញឈើគ្រប់ប្រភេទ ជាមួយវៀតណាម នោះហើយក៏ដោយ»។

«លាង​ឈើ​កខ្វក់»

ការស៊ើបអង្កេត បានរកឃើញថា នៅតែមានសកម្មភាពលួចកាប់ និងនាំចូលឈើខុសច្បាប់ ទៅក្នុងប្រទេសវៀតណាម ដោយសារការឃុបឃិតគ្នា និងការសូកប៉ាន់ រវាងអាជ្ញាធរនៃប្រទេសទាំងពីរ។ ហើយដើម្បីទទួលបានឈើទាំងនេះ ក្រុមឈ្មួញវៀតណាមបានសូកប៉ាន់មន្ដ្រីខ្មែរ ក្នុងទឹកប្រាក់រាប់លានដុល្លារ ដើម្បីចូលកាប់ឈើ នៅក្នុងតំបន់អភិរក្ស និងតំបន់ការពារក្នុងទឹកដីកម្ពុជា។

តំបន់ដែលរងការកាប់ឈើយ៉ាងខ្លាំងក្លា និងដោយខុសច្បាប់ទាំងនោះ មានដូចជា តំបន់ការពារសហគមន៍ ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់ ដែលសុទ្ធសឹងជាតំបន់ការពារ ក្នុងខេត្តរតនគីរី រាប់ចាប់តាំង ពីដើមខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមក។ ជាងនេះទៅទៀត ការស៊ើបអង្កេតបានបញ្ជាក់ថា គម្រោងមួយចំនួន ពីក្នុងចំណោម​តំបន់​ការពារ​ទាំងនេះ ​បានទទួលជំនួយថវិកា ពី​សហភាព​អឺរ៉ុបនោះផង។

របាយការណ៍បានអះអាងបន្តថា បន្ទាប់ពីដឹកឈើខុសច្បាប់ទាំងនេះ ចូលទៅដល់ទឹកដីវៀតណាមហើយ ក្រុមមន្ត្រីពុករលួយ របស់អាជ្ញាធរវៀតណាម បាន«លាងឈើកខ្វក់»ទាំងនោះ ឲ្យក្លាយជាឈើស្របច្បាប់។ ទង្វើនេះ បានជួយរកចំណូលយ៉ាងក្រាស់ក្រែល ទៅដល់មន្ត្រីវៀតណាម​ដែលពុករលួយ និងជួយផ្ដល់សន្ទុះ ឲ្យសេដ្ឋកិច្ចវៀតណាម។ ការ​ស៊ើប​អង្កេត បានស្រង់សំដីរបស់ឈ្មួញឈើវៀតណាម មកបញ្ជាក់ថា ពួក​គេ​បាន​សូក​ប្រាក់ ៤៥​ដុល្លារអាមេរិក ​សម្រាប់​ឈើ ១​ម៉ែត្រ​គូប ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​ នៃ​ខេត្ត​យ៉ាឡាយ (Gai Lai) ដើម្បីជា​ថ្នូរ ទៅ​នឹង​ការ​ទទួល​បាន​សិទ្ធិ​ដឹក​ជញ្ជូន​ឈើ ​ចូល​ក្នុង​ប្រទេស​វៀតណាម។

«បាញ់គ្រាប់រ៉ុក្កែត ចេញពីឧទ្ធម្ភាគចក្រ សំដៅកំទេចអ្នកលួចកាប់ឈើ»

នៅវេលានេះ មិនទាន់មានប្រតិកម្មណាមួយ ពីសំណាក់អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជានៅឡើយ ទាក់ទងនឹងរបាយការណ៍ របស់អង្គការខាងលើ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​​បានសម្រេចបង្កើត កាលពីដើមឆ្នាំ ២០១៦ គណៈកម្មាធិការចំរុះមួយ ដែលដឹកនាំដោយ លោក ​​​សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការរត់ពន្ធឈើខុសច្បាប់ទាំងឡាយ ទៅកាន់ប្រទេសវៀតណាម។ លោក ហ៊ុន សែន នៅបានបញ្ជាទៅលោក សៅ សុខា នៅពេលនោះ ថាឲ្យបាញ់គ្រាប់រ៉ុក្កែត ចេញពីឧទ្ធម្ភាគចក្រ សំដៅកំទេចអ្នកលួចកាប់ឈើថែមទៀត។

បន្ទាប់ពីសំដីខ្លាំងៗ របស់លោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា ក៏បានចេញលិខិតជាផ្លុវការដែរ នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៦ ថាខ្លួនបានលុបបំបាត់ការកាប់ឈើខុសច្បាប់ នៅទូទាំងប្រទេស និងគ្មានការនាំឈើ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមទៀតទេ៕

Loading...

មតិយោបល់