អ៊ឺរ៉ូ២០១២៖​ បារាំងចាញ់ស៊ុយអែដ ឡើង១ភាគ៤ តាមទ្វាតូច ខុសពីអង់គ្លេសដែលឈ្នះអ៊ុយក្រែន

ក្រុមជំរើសជាតិបារាំង នៅតែបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ បើទោះជាបានប្រកួតចាញ់ ក្រុមជំរើសជាតិស៊ុយអែដ ដែលត្រូវគេផាត់ចេញពី អ៊ឺរ៉ូ២០១២ទៅហើយនោះក៏ដោយ។ ជាបរាជ័យលើកដំបូងមួយ របស់បារាំង តាំងពី២៣ប្រកួតមកហើយ។ បារាំងបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ដោយសារតែអង់គ្លេសបានប្រកួតឈ្នះ អ៊ុយក្រែន នៅក្នុងការជួបប្រកួតក្នុងម៉ោងជាមួយគ្នា ដែលជាការប្រកួតចុងក្រោយ ហើយបានបិតបញ្ចប់ នូវរាល់ជុំជំរុះនៃក្រុមទាំងអស់។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 20, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជំរើសជាតិបារាំង នៅតែបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ បើទោះជាបានប្រកួតចាញ់ ក្រុមជំរើសជាតិស៊ុយអែដ ដែល ត្រូវគេផាត់ចេញពី អ៊ឺរ៉ូ២០១២ទៅហើយនោះក៏ដោយ។ ជាបរាជ័យលើកដំបូងមួយ របស់បារាំង តាំងពី២៣ប្រកួតកន្លងមក។ បារាំងបានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ដោយសារតែអង់គ្លេសបានប្រកួតឈ្នះ អ៊ុយក្រែន នៅក្នុងការជួបប្រកួត ក្នុងម៉ោង ជាមួយគ្នា ដែលជាការប្រកួតចុងក្រោយ ហើយបានបិតបញ្ចប់ នូវរាល់ជុំជំរុះនៃក្រុមទាំងអស់។


ការស៊ុតបញ្ចូលទីដ៏ល្អឥតខ្ចោះរបស់កីឡាករស៊ុយអែដ ទៅក្នុងទីបារាំង។ Crédit photo: uefa.com

បារាំងនឹងត្រូវទៅជួបនឹងអេស្ប៉ាញ នៅថ្ងៃសៅរិ៍ទី២៣មិថុនានេះ រីឯអង់គ្លេស នឹងទៅជួបអ៊ីតាលី​ នៅថ្ងៃអាទិត្យបន្ទាប់ នៅ ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ។

បានឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រ ទាំងមិនគួរឡើង !

តាំងពីឆ្នាំ២០១០ ក្នុងពេលជួបប្រកួត ដណ្ដើមពានរង្វាន់ពិភពលោក ដែលក្រុមបាល់ទាត់បារាំងចាស់ បានទៅបញ្ចេញភាព «ងក់ងរ» នៅប្រទេសអាហ្វ្រិចខាងត្បូងនោះមក ក្រុមបាល់ទាត់ជំរើសជាតិថ្មី របស់បារាំង ដែលជ្រើសរើសដោយគ្រូបង្វឹកថ្មី គឺលោក ឡូរ៉ង់ ប្លង់ (Laurent Blanc) បានជួបក្នុងជុំជំរុះជាលើកចុងក្រោយ នៃការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ២០១២ ទល់ជាមួយ នឹងក្រុមស៊ុយអែដ តែទីបំផុតទៅ ដូចជាគ្មានបានធ្វើអ្វីគួអោយកោតស្ងប់ស្ងែង សូម្បីបន្ដិចនៅក្នុងការប្រកួត ក្នុងថ្ងៃអង្គារទី​១៩មិថុនានេះ។ ជាលទ្ធផលចុងក្រោយនៃការប្រកួត គឹបារាំងត្រូវបានស៊ុយអែដ ដែលត្រូវគេចាត់ទុកថា ជាក្រុមអន់ប្រកួត ចាញ់គេរហូតមក ផ្ដួលជាមួយនឹងពិន្ទុ ០-២។ ភាពបរាជ័យនឹកស្មានមិនដល់នេះ បានកើតមានតែ៤ថ្ងៃប៉ុណ្ណោះ ក្រោយ ជ័យជំនះ ដែលក្រុមបារាំងបានរីករាយឈ្នះ ក្រុមបាលទាត់របស់ប្រទេសអ៊ុយក្រែន (២-០) ហើយដែលបានធ្វើអោយ ភាព សង្ស័យមានត្រឡប់មកវិញ ពីអសមត្ថភាពរបស់កីឡាករបាល់ទាត់បារាំង ជាពិសេសនៅពេលទៅជួបនឹង ក្រុមបាល់ទាត់ អេស្ប៉ាញ ដែលជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុប និងពិភពលោកឆ្នាំ២០០៨ និង២០១០ នាថ្ងៃសៅរិ៍ខាងមុខ។


កីឡាករខ្សែរការពារបារាំងម៉េសេស បានដួល ដោយទុកបាល់អោយកីឡាករស៊ុយអែដទាត់ ទៅមុខទីរបស់ខ្លួន។ Crédit photo: uefa.com

ជាភាពសង្ស័យ ដែលក្រុមកីឡាករបារាំងថ្មីនេះ បានបង្កើតអោយមានតាំងពីចូលប្រកួត ជួបជាមួយនឹងអង់គ្លេសដំបូងម្លេះ។ បណ្ដាអ្នកគាំទ្រទាំងឡាយ នឹងមិនមានទំនុកចិត្តទៀតទេ បើគេឃើញ ក្រុមកីឡាករនេះ រត់យឺតៗ ស្ទក់ៗ ដូចមិនចង់លេង បាល់ ហើយភាគរយនៃការគ្រប់គ្រងបាល់ មានតិចជាទីបំផុតនោះ។ ជារឿយៗ បាល់នៅនឹងជើងរបស់ខ្លួន ត្រូវខាងកីឡាករ ស៊ុយអែដ ឆក់យកទៅបាន ដោយមិនទាំងចង់ទៅដណ្ដើមមកវិញ។ រីឯខាងកីឡាករ នៅខ្សែរការពារ នោះទៀតសោត លេងសើចនឹង បាល់របស់គូរប្រជែង រត់ដេញបាល់បណ្ដាលអោយដួល និងបណ្ដោយទុកអោយមានប្រឡោះប្រហោង ជា ច្រើននៅខាងមុខទីរបស់ខ្លួន ដែលជាគ្រោះថ្នាក់ដ៏ធំមួយ និងសំរាប់ទុកអោយគូរប្រជែង ទាត់បញ្ចូលទី ដោយដូចជាមិន ទាំងបានទប់ទល់អ្វីសោះ។ ពេលខ្លះ ជាពិសេសនៅ ពេលស៊ុយអែដនាំមុខបានមួយគ្រាប់ កីឡាករបារាំងនាំគ្នាផ្ចង់អារម្មណ៍ តែទៅលើខ្សែរប្រយុទ្ធ ភ្លេចខ្សែរការពារនៅខាងក្រោយ ទុកឱកាស អោយស៊ុយអែដវាយបកមកវិញ យ៉ាងងាយស្រួល។

មួយវិញទៀត ការកំណត់សាច់បាល់ពិតប្រាកដសំរាប់លេង ហាក់ដូចជាគ្មានសោះ នៅក្នុងការប្រកួតលើកនេះ។ បាល់ទាត់ ជាកីឡាមួយដែលត្រូវលេងចូល ទាំងអស់គ្នា មិនអាចលេង តែ២ឬ៣នាក់នោះឡើយ។ នៅក្នុងការប្រកួត ការស៊ុតពីចំងាយ ដោយកីឡាករបារាំងរៀងៗខ្លួន បានធ្វើជាច្រើនលើក តែមានប្រសិទ្ធិភាពតិចតួចជាទីបំផុត។ បាល់ដែល លេងនៅស្លាប ខាងឆ្វេងមិនកើត ក៏នៅតែឈ្មុសនៅតែស្លាបខាងឆ្វេង ទុកអោយកីឡាករខាងស្លាបស្ដាំ បឈ្ឈរជើងចោល ដូចមិនមានអ្វី ទាក់ទងគ្នាសូម្បីបន្ដិច។


ការគ្រប់គ្រងបាល់ ដែលមិនមានប្រសិទ្ធភាព ទោះបីជារួមគ្នាពីរនាក់ក៏ដោយ។ Crédit photo: uefa.com

ក្នុងការប្រកួតមួយទៀត ម៉ោងពេលជាមួយគ្នា ក្រុមអង់គ្លេស បាននាំមុខ អ៊ុយក្រែន ១-០ ខណៈដែលក្រុមរបស់ប្រទេស បារាំងឯណេះ វិះតែនឹងត្រូវគេផាត់ចេញពីអ៊ឺរ៉ូ។ សូមបញ្ជាក់ថា បើអ៊ុយក្រែនឈ្នះអង់គ្លេស អ្នកដែលមានចំណាត់ថ្នាក់ខ្ពស់ នឹងអាចឡើងទៅ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្របាន នៅក្នុងជុំជំរុះDនេះ គឺអ៊ុយក្រែន និងអង់គ្លេស។ ដូច្នេះក្រុមបាល់ទាត់របស់ បារាំង បានឆក់ទាញ សំណាងរបស់ខ្លួននេះ ទាំងប្រផិតប្រផើង  នៅក្នុងការប្រឡងប្រជែង ដ៏សែនមហាគ្រោះថ្នាក់នេះ។ តែនៅរាល់ការប្រកួតប្រជែងនីមួយៗ សំណាងនេះ  នឹងមិនអាចមានច្រើនទេ បើក្រុមនេះមិនព្រមឆ្លុះកញ្ចក់មើលខ្លួន​ឯង នោះ។ ក្រុមកូនចៅរបស់គ្រូបង្វឹង ឡូរ៉ង់ ប្លង់ នេះគួរតែពិចារណានឹង ថ្លឹងថ្លែងឡើងវិញ ជាពិសេសត្រូវមានអារម្មណ៍ទទួល ខុសត្រូវ ជាមួយនឹងបាល់ ដែលនៅនឹងជើងរបស់ខ្លួន អោយបានច្រើនជាងនេះ នៅពេលជួបជាមួយនឹងអេស្ប៉ាញ ប្រសិន ជាចង់ឈ្នះ និងចង់ឡើងទៅ ១ភាគ២ផ្ដាច់ព្រ័ត្រ។

ក្រុមបាល់ទាត់អង់គ្លេស ដែលនឹកស្មានមិនដល់

ខណៈដែលក្ដីសង្ឃឹម សំរាប់បណ្ដាអ្នកគាំទ្ររបស់ក្រុមបាល់ទាត់បារាំង បានរលាយបាត់អស់ទៅហើយ តែគេគួរត្រឡប់មក សសើរ ក្រុមអង់គ្លេសទៅវិញ ដែលពីមុនមក គេមិននឹកស្មានថាអង់គ្លេស នឹងអាចឡើងទៅ ១ភាគ៤ផ្ដាច់ព្រ័ត្រផងនោះ។ មុននឹងចាប់ផ្ដើមចូលមកប្រកួតនៅ អ៊ឺរ៉ូ២០១២នេះ ក្រុមបាល់ទាត់ជំរើសជាតិអង់គ្លេស បានឆ្លងកាត់នូវព្រឹត្តិការណ៍អកុសល ជាច្រើន ដូចជាការចាកចេញរបស់គ្រូបង្វឹក ពី៤ខែមុននេះ ហើយកីឡាករល្អៗជាច្រើនបានរងរបួស មិនអាចចូលមកប្រកួត បាន ។ល។


ការប្រកួតយ៉ាងស្វឹតស្វាញរវាង អង់គ្លេសនិងអ៊ុយក្រែន។ Crédit photo: uefa.com

នៅក្នុងការប្រកួតទល់នឹង ក្រុមបាល់ទាត់របស់ប្រទេសអ៊ុយក្រែន ដែលមានអ្នកស្រែកហ៊ោគាំទ្រ អោយកំលាំងចិត្តពេញ មួយប្រទេស នៅថ្ងៃដដែលនេះ អង់គ្លេស នៅពាក់កណ្ដាលម៉ោងដំបូងមិនបានបញ្ចេញ នូវថ្វីជើងរបស់ខ្លួនប៉ុន្មាននោះទេ។  លុះត្រាមកដល់ពាក់កណ្ដាលម៉ោងទីពីរភ្លាម នៅនាទីទី៤៨ ដែលកីឡាករ វ៉ាន រ៉ូនី (Wayne Rooney) បានប្រើក្បាលរុញ បញ្ចូលបាល់ទៅក្នុងទីអ៊ុយក្រែន ដោយបានកីឡាករ ស្តេវេន ហ្សេរ៉ា (Steven Gerrard) បញ្ជូនបាល់មកពីខ្សែរបំរើខាងស្ដាំ។

ដោយសារប្រសិទ្ធិភាព នៃការងាររូមរបស់កីឡាករអង់គ្លេសទាំងនេះ អ្នកតាមដានបាល់ទាត់ទាំងឡាយ បាននិយាយផ្ដល់ក្ដី សង្ឃឹមយ៉ាងច្រើនលើសលប់ ទៅអោយក្រុមជំរើសជាតិរបស់ប្រទេស ដែលបានផ្ដល់កំណើតអោយបាល់ទាត់ ថានឹងអាច យកឈ្នះបាន នៅរាល់ការប្រកួតទាំងឡាយ ជាពិសេសចាប់ផ្ដើម ពីការជួបប្រកួតជាមួយនឹងអ៊ីតាលី នៅថ្ងៃច័ន្ទទី២៤មិថុនា ក្រោយនេះ៕


វីរបុរសនៃការប្រកួត ស្តេវេន ហ្សេរ៉ា ដែលបានបញ្ចូលបាល់ទៅអោយ វ៉ាន រ៉ូនីស៊ុតបញ្ចូលទី។ Crédit photo: uefa.com

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...