សួស្ដីឆ្នាំថ្មី ឆ្នាំរោង ចត្វា​ស័ក ពុទ្ធ​សក​រាជ២៥៥៦ គ.ស២០១២​ មហាសង្ក្រាន្ត​

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: April 11, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

​ឆ្នាំនេះ ឆ្នាំរោង សង្ក្រាន្ត នឹង​ចូលមក​នៅ​ថ្ងៃ​សុក្រ ៧ រោច ខែចេត្រ ត្រូវ​នឹង ថ្ងៃទី​១៣ ខែមេសា គ​.​ស ២០១២ វេលា​ម៉ោង ១៩ និង ១១ នាទី​ល្ងាច​។ មាន​ទេពធីតា​មួយ​ព្រះអង្គ ជា​មគ្គនាយិកា ព្រះនាម កិ​មិ​រា​ទេវី ជា​បុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ សេត លម្អនៅ​ព្រះ​កាណ៌​ដោយ​សៀត ផ្កា​ចង្កុលណី អ​ភ​រណ​ទ្រង់​ពាក់ កែវ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់​សោយ ចេកណាំវ៉ា​-​ចេកទឹក ព្រះហស្ដ​ស្ដាំ ទ្រង់​ព្រះខ័ន ព្រះហស្ដ​ឆ្វេង​ទ្រង់​ពិ​ណ្យ​ទ្រង់​ផ្ទំ បើកព្រះនេត្រ លើ​ខ្នងម​ហឹ​ង្សា (​សត្វ​ក្របី​) ជា​ពាហនៈ​។​

​ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះទៅកាន់ គុហា​កែវ​ធម្ម​មាលី នាទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត ជាទី​តម្កល់​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០ នាទី​។

​ទើប​នាំយកទៅ​តម្កល់ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ​ចូលទៅ​ស្រង់ទឹក អនោតត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរចេញពី​បំពង់ថ្មកែវ ដែលជា​មាត់​គោ ឧសភរាជ ទាំង ៧ ត្រជាក់​ក្សេមក្សាន្ដ​ព្រះរាជ​ហ​ឫ​ទ័យ ​ហើយ​នាំគ្នា​ចូលទៅ​សមាទាន រក្សាសីល ដោយ​សោមនស្ស រីករាយ គ្រប់​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោ​បង់​អពមង្គល​ឱ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្ដី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូលមក​នេះ បាន​ធូរ​ទូលំទូលាយ សុខក្សេមក្សាន្ដ តរៀង​ទៅ​។​

  • ​ថ្ងៃ​សុក្រ ៧ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមេសា គ្រិស្ដ​សករាជ ២០១២ វេលា​ម៉ោង ១៩ និង ១១ នាទី​ល្ងាច ជា​ថ្ងៃ​ចូលឆ្នាំ រោង ចត្វា​ស័ក​។​
  • ​ថ្ងៃ​សៅរ៍ ៨ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា គ្រិស្ដ​សករាជ ២០១២ ជាវ​រៈវ័ន​បត​។​
  • ​ថ្ងៃអាទិត្យ ៩ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា គ្រិស្ដ​សករាជ ២០១២ វេលា​ម៉ោង ១១ និង ៤៣ នាទី ៤៨ វិនាទី​យប់ ជា​វរៈ​ឡើងស័ក គម្រប់​មហាសង្ក្រាន្ដ បី​ថ្ងៃ ស្រេច​បរិបូ​រណ៍ ចូល​ជាស​កល ឆ្នាំ រោង ចត្វា​ស័ក ពុទ្ធសករាជ ២៥៥៦ ។

ក្នុង​ឱកាស​មហាសង្ក្រាន្ត​បី​ថ្ងៃ សូម​អស់ ប្រជាពលរដ្ឋ​ប្រុស​ស្រី ផង​ទាំងឡាយ រៀបចំ​ពលិការ​គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង ទទួល​ស្វាគមន៍ ទេវបុត្រ ទេវធីតា ឆ្នាំ​ថ្មី​ហើយ ខំ​លះបង់​ចិត្តអាក្រក់ អន្យតីរ្ថិយ ជា​ចិត្ត​អប្រិយ៍​ជាប់​ដោយ​គំនុំ គុំគួន ព្យាបាទ​ឈ្នានីស​ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់ ឲ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្តិ​ល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី​រក្សាសីល​ប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច​នោះ​ទើប​ទេវតា នឹង​ឲ្យ​ពរ​សព្វសាធុការ ​លោក អ្ន​ក​នឹង​មាន​សិរី​សួស្ដី ​សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ។

រណ្ដាប់​ទទួល​ទេវតា

រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បូរាណ​រៀង​រហូត​មក ត្រូវ​រៀបចំ​ទទួល​ទេវតា នៅ​ខាងមុខ​ផ្ទះមួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ហើយ​រៀបចំ​នូវ គ្រឿង​សក្ការបូជា​ទេវតា មាន​ជាអាទិ៍ បាយសី​អាច​ចាប់ពី​ចុះមក​គឺ ៩ថ្នាក់​មួយគូ បា​សី៧ថ្នាក់ មួយគូ បាយសី៥ថ្នាក់​មួយគូ បាយសី ៣ថ្នាក់​មួយគូ បា​សី​ប៉ាឆាម​មួយគូ ​ស្លាធម៌​មួយគូ ទឹកអប់​មួយគូ (ទៀន៥ធូប៥) លាច៥ ដាក់​លើ​ជើងពាន​មួយគូ ចេកនួន ចេកណាំវ៉ា ជើងពាន​មួយគូ ផ្លែឈើ ១១មុខ រៀប​ដាក់​ជើងពាន១១គូ ដូង​ឡៅ​មួយគូ ទឹក​ស្អាត​ពីរ​កែវ។ ឆ្នាំនេះ គួរ​រក ចេកណាំវ៉ា និង​ចេកទឹក ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ របស់​ទេវធីតា។ ស្រេច​ហើយ វេលា​ម៉ោង ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ នមស្សការ​ព្រះ​រតនត្រ័យ​ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង ទីរឭក​លុះ​ចប់​ពិធី​ទទួល​ទេវតា៕

អំពី ទំនាយ​ប្រចាំ​ឆ្នាំ​ ​ ​

កេណ្ឌ​ព្រះ​ពិរុណ​សាស្ត្រ ឆ្នាំនេះ ភព​ព្រហស្បតិ៍ ជា​អធិបតី នាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្ដេច​នាគ ហើយ​បាន​នាគ ៣ បង្អុរ ទឹកភ្លៀង ៥០០ មេ​ដែល​ចែក​ចេញ​ជាៈ​ចក្រ​វា​ឡ ២០០​មេ​,​ព្រៃ​ហេមពាន្ត ១៥០ មេ​,​មហាសមុទ្រ ១០០ មេ​និង​ជម្ពូទ្វីប​មនុស្សលោក​យើង​មាន​ចំនួន ៥០​មេ ដើម​ឆ្នាំ​កណ្ដាល​ឆ្នាំ ភ្លៀង ល្អ ចុង​ឆ្នាំ​ភ្លៀង​តិច ។ កេណ្ឌ​ធារា​ទិគុណៈ ឆ្នាំនេះ​មាន​កេណ្ឌ​ពីរ (១)(២) ប​ឋិ​ធាតុ​ចុះ​ទំនាយ​ថា ធាតុអាកាស​មិន​ក្ដៅ​មិន​ត្រជាក់ ។ ទឹកជំនន់​និង​ទឹក​ទន្លេៈ ឆ្នាំនេះ​ទឹកជំនន់​ដោយ​ភ្លៀង​និង​ទឹកទន្លេ​មាន​ច្រើន គឺ​មាន​កម្រិត ​៨/១៦ គឺ​មាន​សំណល់​(៨) ទឹក​មាន​ជា​មធ្យម​តែ​ប្រហែល​និង​ឆ្នាំ​កន្លងទៅ ។

កេណ្ឌធញ្ញហារៈ ឆ្នាំនេះ​មាន​កេណ្ឌ​សូន្យ (០) មាន​ឈ្មោះថា​បាបៈ ទំនាយ​ថា ស្រូវ សំណាប​ស្រែ​ចំ​ការ​បាន​ផល​១ ភាគ ខូច​៩ ភាគ​ស្រូវ​ដុះ​ល្អ​តែ​ពី​ដំបូង នឹង​កើត​ទុរ្ភិក្ស ( អត់បាយ ) ប្រជានុរាស្ត្រ​នឹង​ទទួល​នូវ​ក្ដី​ទុក្ខ​លំបាក​ព្រោះ​ធញ្ញ​ហារ​មានតម្លៃ​ខ្លាំង​តំបន់​កើត​អន្តរាយ​ជា​អនេក​ដោយ​ទុក្ខ​លំបាក​ក្សត់​ខ្សោយ ទល់​ក្រ ព្រោះ​សត្វ​កណ្ដុរ​ស៊ី​បំផ្លាញ​ផលដំណាំ ។

  • ក​- ទំនាយ​ការ​ធ្វើ​ស្រែ​ ​ ​ទំនាយ​កេណ្ឌ​ការ​ធ្វើ​ស្រែ​មាន​សេស​(១) ទំនាយ​ថា ស្រែ​ដី​ទួល និង​ស្រែ​ដី​ទំនាប​បាន​ផល​ដូចគ្នា ដោយមាន​ភ្លៀង​ដើម​ឆ្នាំ ច្រើន កណ្ដាល​ឆ្នាំ​ល្អ ចុង​ឆ្នាំ​តិច ។
  • ខ​- កេណ្ឌ​ព្រឹក្សា​ ​ ​ឆ្នាំនេះ​ត្រូវ​ចំ​៦ ត្រូវ​ត្រង់​ដើម​រកា ជា​ស្ដេច​មាន​សេចក្ដី​ទំនាយ​ថាៈ មនុស្ស​ផង​ទាំងឡាយ​ឥតមាន​កលិយុគ ស្រណុក​ជា​ពន់ពេក ។
  • គ​- កេណ្ឌ​ព្រះអាទិត្យ​ ​ ​ឆ្នាំនេះ​ព្រះ​ទិត្យ​ធ្វើដំណើរ​ដោយ​ជិះ ភ្លើង ទំនាយ​ថាៈ ជា​ឆ្នាំ​ដែល​មាន​គ្រោះ​ពុំ​ជានា​៧​ថ្ងៃក្រោយ​ពី​ថ្ងៃ​មហាសង្ក្រាន្ត ភ្លើង​និង​ឆេះ​ក្នុងស្រុក​នាម​គ្រុឌ ខ្លា ពពែ និង​ស្រុក នាម​នាគ រីឯ​ស្រុក​នាម​កណ្ដុរ​និង​កើត​ទុរភិក្ស ​អត់បាយ ។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​ ​ ​

ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃ​ចូលឆ្នាំ​ដែល​ជា​ថ្ងៃ​ទី​១​ត្រូវ​នឹង​ថ្ងៃ​សុក្រ ទំនាយ​ថាៈ ឆ្នាំ​នោះ​ស្រូវ​អង្ករ ល្ង​សណ្ដែក​ ផលដំណាំ​ទាំងឡាយ​បរិបូរណ៍ ​ភ្លៀង​ព្យុះ​ច្រើន មាន​រោគ​ឈឺ​ភ្នែក​មនុស្សម្នា​ផង​ទាំងឡាយ​នឹង​មាន​ជំងឺ​ស្លាប់​ច្រើន​ហើយ​នូវ​ចាញ់ ឯ​ខាង​កូនក្មេង ។ បើ​ទំនាយ​តាម​វេលា​ចូល​សង្ក្រាន្ត ទំនាយ​ថា ស្រុកទេស​និង​ជា​ពន់ពេក ។

រីឯ​ទំនាយ​ថ្ងៃ​វ័ន​បត ថ្ងៃ​កណ្ដាល​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទំនាយ​ថាៈ ឆ្នាំ​នោះ​ស្រូវ​អង្ករ​ត្រី​សាច់ ដំណាំ​ផល្លា​នឹង​ថ្លៃ នឹង​កើត​ភ្លើង​ឆេះ​កណ្ដាល​ទីក្រុង​ខុណ្នាង​នឹង​ត្រូវ​ទោល ទឹក​តិច​ជាង​រាល់​ឆ្នាំ សមណ ព្រាហ្មណ៍ នឹង​ក្ដៅ​ក្រហាយ​ចិត្ត ។

ទំនាយ​ថ្ងៃ​ឡើងស័ក ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទំនាយ​ថាៈ ឆ្នាំ​នោះ​ព្រះមហាក្សត្រ នឹង​រុងរឿង ព្រះ​តេជ្ជនុភាព និង មានជ័យ​ជំនះ​លើ​ពួក​សត្រូវ​គ្រប់​ទិសានុទិស ៕

ដោយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ - ប៉ារីស ទី ០៩ មេសា ២០១២ ។
ឯកសារយោង៖ មហាសង្ក្រានដោយ​ក្រុមជំនុំទំនៀមទំលាប់ខ្មែរ
Crédit Photo : MONOROOM.info
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...