វិធីសាស្រ្ត​លើក​ទឹកចិត្ត សម្រាប់​ស្រីៗ​ដែល​គិត​ថា​ខ្លួន​មិន​ស្អាត​ដូច​គេ

Loading...

ទោះបីជាក្នុងទ្រឹស្តី និយាយថា រូបរាងខាងក្រៅស្អាត ក៏មិនទាន់គ្រប់គ្រាន់ស្មើនឹងចិត្តគំនិតខាងក្នុងយ៉ាងណាក៏ដោយ ក៏មនុស្សភាគច្រើននៅតែឱ្យតម្លៃលើអ្វីដែលគេមើលឃើញនឹងភ្នែកមុនអ្វីផ្សេងទៀត។

បើនិយាយពីរឿងរូបសម្បត្តិ មនុស្សស្រីអាចគិតលើរឿងនេះ ច្រើនជាងមនុស្សប្រុស ជាពិសេសគំនិតដែលចង់ស្អាត ឬតូចចិត្តចំពោះរូបសម្រស់ខ្លួនឯង តែងតែបំផ្លាញទឹកចិត្តនាងជារឿយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវចាំថា គ្មាននរណាម្នាក់ កើតមកសុទ្ធតែស្អាត ឬល្អគ្រប់ដប់នោះទេ។

ខាងក្រោមនេះ គឺជាវិធីមួយចំនួន ក្នុងការជួយអ្នកឱ្យមើលឃើញពីតម្លៃខ្លួនឯង ជាជាងការផ្តោតតែលើរូបសម្បត្តិ។

១. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

ត្រូវគិតថា គេមានចំណុចស្អាតរបស់គេ ហើយយើងក៏មានចំណុចស្អាត របស់យើងដែរ។ ភាពស្អាតនៃរូបសម្រស់ មិនមែនមានន័យថា ទាល់តែអ្នកមានភ្នែកធំ ច្រមុះស្រួច ធ្មេញត្រង់ជួរ ទើបហៅថាស្អាតនោះទេ។ ចួនកាលអ្នកអាចមានភ្នែកតូចៗដែលមើលទៅគួរឱ្យស្រលាញ់ ឬពេលខ្លះ អ្នករវល់តែពិបាកចិត្ត ពីរូបសម្រស់ហើយភ្លេចញញឹម ទើបមិនដឹងថា ពេលអ្នកញញឹមម្តងៗ ស្រស់ស្អាត និងគួរឱ្យស្រលាញ់ប៉ុនណា។

២. ផ្តោតលើចំណុចខ្លាំងដែលយើងមាន

ទោះរូបសម្រស់យើងចាញ់គេ តែយើងក៏នៅមានគុណសម្បត្តិផ្សេងទៀត។ ឧទាហរណ៍ យើងពូកែធ្វើម្ហូប ឬពូកែធ្វើឱ្យមនុស្សនៅជុំវិញខ្លួនរីករាយ។ មនុស្សគ្រប់គ្នា តែងតែមានភាពខ្លាំងខុសៗគ្នា។ ប្រសិនបើអ្នកចេះតែតូចចិត្តពីរូបសម្រស់ អ្នកនឹងភ្លេចនឹកឃើញដល់ភាពខ្លាំងផ្សេងទៀត ដែលអ្នកមាន។ ចូរប្រាប់ខ្លួនឯងថា ទោះអ្នកមិនសូវស្អាត តែអ្នកជាមនុស្សចិត្តល្អ អ្នកចូលចិត្តជួយអ្នកដទៃ អ្នកពូកែតែងនិពន្ធ អ្នកមានសំឡេងពីរោះ។ល។

៣. ចិត្តគំនិតស្អាត ទើបមានតម្លៃ

មានមនុស្សមួយចំនួនមានរូបសម្បត្តិល្អស្អាត តែខ្វះចរិយាមារយាទ។ ដូច្នេះ ត្រូវចាំថា មានតែភាពស្អាតចេញពីខាងក្នុងទេ ទើបមានតម្លៃពិតប្រាកដ។ ភាពស្អាតផ្នែកខាងក្រៅ មិនស្ថិតស្ថេរនោះទេ មនុស្សយើងចៀសមិនផុតពីចាស់ ស្បែកជ្រួញឡើយ។ ដូច្នេះ ការរក្សាទឹកចិត្តល្អបរិសុទ្ធ ទើបជារឿងស្ថិតស្ថេរយូរអង្វែង។

៤. ផ្តោតលើការងារ

សម័យឥឡូវ គេឱ្យតម្លៃលើមនុស្ស ដែលមានសមត្ថភាព។ កុំអាល័យតែតូចចិត្ត នឹងរូបសម្បត្តិខ្លួនឯង តែគួរចំណាយពេលពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំង នោះភាពខ្លាំងនេះ នឹងលប់លើរូបសម្បត្តិរបស់យើង ហើយគ្រប់គ្នានឹងស្ញប់ស្ញែង ចំពោះអ្វីដែលអ្នកសម្រេចបាន៕

Loading...