តើលោកបានដឹងអ្វីខ្លះ អំពីឃាតកម្ម ទៅលើអតីតតារាភាពយន្ដ ពិសិដ្ឋ ពិលីកា ក្នុងឆ្នាំ១៩៩៩?

– ខ្ញុំត្រូវបានតែងតាំង ឲ្យទទួលបន្ទុកក្នុងការស៊ើបអង្កេត ក្នុងនាមជានាយរងនគរបាលព្រហ្មទណ្ឌ។ ខ្ញុំបាន​ដឹង​ថា ដំបូងឡើយ នាង ពិសិដ្ឋ ពិលីកា មានទំនាក់ទំនង ជាមួយលោក ហុក ឡងឌី ដែលក្រោយមក លោក​នាយ​នគរបាល​ជាតិរូបនេះ បាន​នាំ​នាងទៅឲ្យលោក ហ៊ុន សែន។

តែអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់នាយករដ្ឋមន្ត្រី បាន​ដឹង​ពី​ទំនាក់ទំនង​រវាង​ស្វាមី​ខ្លួន និងតារាភាពយន្ដ។ គាត់ (អ្នកស្រី ប៊ុន រ៉ានី) បានខឹងលោក ហុក ឡងឌី ថា​បាន​ដើរតួ ជាអ្នកដឹក​ញ៉ី​បន្ស៊ីឈ្មោល។ ហើយលោក ហុក ឡងឌី ក៏បានទៅជួបអ្នកស្រី ប៊ុន រ៉ាឌី ដើម្បី​រំងាប់​រឿង​នេះ​ដោយ​បញ្ជាក់​ថា គ្រាន់តែជា«ការដោះកូយ»​មួយភ្លែតប៉ុណ្ណោះ។

តែតាមរយៈការស៊ើបអង្កេតរបស់ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា​គាត់ (លោក ហុក ឡងឌី) ថែមទាំងបានសន្យាថា នឹងបំបែកនាង ពិសិដ្ឋ ពិលីកា ពីលោក ហ៊ុន សែន នោះ​​ផង។ អ្នក​ដែល​បាន​បាញ់​សម្លាប់​អតីតតារាភាពយន្ដនោះ ជាមនុស្សតែមួយ ដែលបានបាញ់សម្លាប់ លោក ហូ សុខ។ ខ្ញុំផ្ទាល់ ជាអ្នកបានសាកសួរជននោះ ហើយខ្ញុំថែមទាំងបានថតសម្លេង ទុក​ជា​ភស្ដុតាង​យ៉ាង​ច្បាស់​លាស់​ទៀត។

លោកធ្លាប់ជានាយនគរបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៤ នៅពេល​ដែលមេដឹកនាំ​សហជីព លោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់។ តើជនល្មើស​ពិតប្រាកដ ស្ថិតក្នុងមន្ទីរឃុំឃាំងសព្វថ្ងៃ (ចង​និយាយ​សំដៅ​ទៅ​ជន​ជាប់​ចោទ ប៊ន សំណាង និង សុខ សំអឿន) ឬ?

– វាចាំបាច់​ត្រូវមានការស៊ើបអង្កេតមួយ ដ៏ហ្មត់ចត់ និងប្រកបដោយតម្លាភាព ហើយវាជាអ្វី​ដែលខ្ញុំបាន​ទាមទារ ខណៈពេលដែល​អង្គការការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធ​​លើអាជ្ញាធរកម្ពុជា។ នៅ​ប៉ុន្មានថ្ងៃ​ក្រោយឃាតកម្ម (ទៅលើលោក ជា វិជ្ជា) ខ្ញុំត្រូវបានហៅឲ្យទៅផ្ទះលោក ហុក ឡងឌី។ ឧត្តមសេនីយ៍​ពីរ​នាក់​ទៀត ក៏មានវត្តមាននៅទីនោះដែរ គឺលោក សុខ ផល និងលោក ឆាយ ស៊ីណារិទ្ធ។

ពេលនោះ លោក ហុក ឡងឌី បានប្រកាសប្រាប់ខ្ញុំថា ក្រុមឃាតករត្រូវបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនហើយ តាម​រយៈ​របាយការណ៍​​មួយ របស់នគរបាលមកពីខណ្ឌទួលគោក (រាជធានីភ្នំពេញ)… ខ្ញុំយល់ភ្លាមថា ជនសង្ស័យ​ទាំង​ពីរ ប៊ន សំណាង និង សុខ សំអឿន មិនមានជាប់ពាក់ព័ន្ធអ្វី ជាមួយនឹងអំពើមនុស្សឃាតនេះទេ។

នៅក្នុង​ពេល​កំពុង​​សួរ​​ចម្លើយ លោក ហុក ឡងឌី បានទូរស័ព្ទមកខ្ញុំ ដើម្បីប្រាប់ឲ្យមកយកកាំភ្លើងខ្លីមួយដើម​ពីផ្ទះរបស់​លោក ដែលលោកអះអាងថា ជាកាំភ្លើងដែលត្រូវបានប្រើ ក្នុងការបាញ់សម្លាប់​មេដឹកនាំសហជីព។ លោក ហុក ឡងឌី បាននិយាយទៀតថា គឺមន្ត្រីនគរបាលម្នាក់ ដែលស្ថិតក្រោមបញ្ជា​របស់ឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ ជា​អ្នក​នាំ​កាំភ្លើង​នេះ​​មក​ឲ្យលោក ហើយវាគឺជាកាំភ្លើងរបស់ជនម្នាក់ ពីក្នុងចំណោម​ជន​សង្ស័យ​ទាំងពីរ។

រឿង​នេះ បានធ្វើឲ្យខ្ញុំនឹកឃើញ​ពីឃាតកម្មទៅលើតំណាងរាស្ត្រ ឱម រ៉ាសាឌី កាលពីឆ្នាំ២០០៣ នៅ​តាម​ដងផ្លូវ ដែល​ដូច​គ្នាបេះបិត នឹងឃាតកម្មទៅលើលោក ជា វិជ្ជា។ ខ្ញុំច្បាស់ក្នុងចិត្តណាស់ ថាឧក្រិដ្ឋកម្មទាំងពីរនេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយជនតែមួយ។ គម្រោងការ និងអាវុធ (ខាងលើ) ដែលយកចេញ​ពីផ្ទះលោក ហុក ឡងឌី មាន​លក្ខណៈ​ដូចគ្នា​សុទ្ធសាធ។

តើលោកផ្ទាល់ ធ្លាប់បានទទួលបញ្ជា ឲ្យសម្លាប់នរណាម្នាក់ឬទេ?

– នៅឆ្នាំ២០០៥ លោក ហុក ឡងឌី បានបញ្ជាឲ្យខ្ញុំសម្លាប់លោក នុត សាអាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានទំនាស់​ជាមួយលោក ហុក ឡងឌី ពីរឿងបញ្ហាដីធ្លី​របស់រដ្ឋមួយកន្លែង ដែលនគរបាល​ខេត្ត​សៀមរាប ធ្លាប់បានប្រើប្រាស់។ លោក នុត សាអាង បានសម្រេចលក់ដីនោះ ទៅឲ្យអ្នកវិនិយោគ​ទុន​ខាង​សណ្ឋាគារ។ ប៉ុន្តែ​រឿង​នេះ បានធ្វើឲ្យលោក ហុក ឡងឌី ផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារតែលោក នុត សាអាង ដែល​មាន​តួនាទី​ត្រឹម​តែ​រដ្ឋលេខាធិការ ហ៊ានធ្វើការលក់ដូរដីធ្លី​ដោយមិនបានសួរលោក ហុក ឡងឌី ជាមុន និង​កាត់​កង​ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជាទ្រព្យផ្ទាល់ខ្លួន។

លោក ហុក ឡងឌី ចង់បង្ហាញឲ្យគ្រប់គ្នាដឹង​ថា គឺ​មាន​តែ​លោក​ម្នាក់​គត់ ដែលមានសិទ្ធិបញ្ជា និងគ្មាននរណាផ្សេងទៀតឡើយ។ ហើយបើហ៊ាន​បដិសេធ​បញ្ជា របស់​លោក ហុក ឡងឌី ព្រោះនេះជាអំពើ​ប្រឆាំងនឹងច្បាប់នោះ ខ្ញុំនឹងទទួលវាសនា​ដូចលោក នុត សាអាង ដូច្នេះ។ អញ្ចឹង ខ្ញុំបានបង្កើតរឿងផ្សេងៗ ដើម្បីបង្វែរបញ្ជារបស់លោក។

លុះមកដល់ ខែធ្នូ​ឆ្នាំ​២០០៥ នៅក្នុង​អង្គប្រជុំ​របស់​មន្ត្រី​នគរបាល និងថ្នាក់ដឹកនាំខណ្ឌនានា នាសាលារាជធានីភ្នំពេញ លោក ហុក ឡងឌី បានប្រកាស​ដោយ​ចេញ​មុខ ប្រឆាំងនឹងខ្ញុំ។ បន្ទាប់មក លោក ហុក ឡងឌី បានធ្វើការឃាត់ខ្លួនមនុស្ស ​ដែល​ធ្វើការ​ជា​មួយ​ខ្ញុំ ជា​ច្រើន​នាក់ម្នាក់​ម្ដងៗ។

តើគេអាចរស់នៅ ក្នុងប្រព័ន្ធគ្រប់គ្រងរបៀបនេះ បានដែរឬទេ?

– មានរឿងជាច្រើនណាស់ ដែលខ្ញុំបានផ្ដល់ព័ត៌មាន ទៅឲ្យអង្គការការពារសិទ្ធិមនុស្ស និងទៅឲ្យក្រុមប្រឆាំង ហើយខ្ញុំចង់ស្វែងរកនរណាម្នាក់ ដែលអាចបញ្ចេញព័ត៌មាន​ទាំងនោះ​ជាសាធារណៈបាន។ ប្រាកដហើយ ថា​ខ្ញុំ​បាន​បិទ​ភ្នែក​ជា​ច្រើន​ដង ទៅលើអំពើពុករលួយ ដែលលោក ហ៊ុន សែន ខ្លួនលោកតែងអួតអាង​ពីការ​ប្រយុទ្ធ​ប្រឆាំង។ តែតាមការពិត គឺលោក ហ៊ុន សែន នេះហើយ​ជាអ្នកទទួលប្រយោជន៍ (ពីអំពើពុករលួយ) នេះ​ខ្លាំង​ជាង​គេ។

ជាឧទាហរណ៍ លោក ហ៊ុន សែន ទទួលបានប្រាក់​ពីការលក់សម្បត្តិរដ្ឋ ដូចយ៉ាងស្នងការ​នគរបាល​រាជធានីភ្នំពេញ ចំនួន២លានដុល្លា ខណៈលោក ហុក ឡងឌី ទទួលបាន​៨សែនដុល្លា។ លោកនាយករដ្ឋមន្ត្រី បានលេងល្បែងដ៏គ្រោះថ្នាក់ សម្រាប់ប្រទេសកម្ពុជា។ ខ្ញុំគិតថា នៅ​កម្ពុជា វានឹងគ្មាន​លិទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ ប្រសិនណាជាក្រុមគណបក្ស​ប្រឆាំង មិនអាចរួបរួមគ្នា ដើម្បីប្រឆាំង​នឹងការកាន់អំណាច​សព្វ​ថ្ងៃនេះ។

រីឯ​ការ​ចោទ​ប្រកាន់នានា ដែលធ្វើឡើងប្រឆាំងនឹងខ្ញុំនោះ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការឆ្លើយ​តប​នៅ​ចំពោះ​តុលាការ ប៉ុន្តែ​មិនមែន​តុលាការ​នៅក្នុងប្រទេសកម្ពុជា ឬនៅប្រទេសវៀតណាមនោះទេ។ នៅ​ទី​នោះ គ្មាន​​ទេ​​យុត្តិធម៌៕



You may also like

កម្ពុជា

ហ៊ុន សែន តម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ

កើតមកជាចៅប្រុស របស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវចេះ​លេង​កីឡា​៣ប្រភេទ ! នេះ បើតាមការបង្ហោះសារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។ អមនឹងរូបថតជាច្រើន ដែលបង្ហាញ ...
កម្ពុជា

ហ៊ុន សែន អះអាង​ចាត់វិធានការ​ទប់ទល់​ទណ្ឌកម្ម​អាមេរិក-អ៊ឺរ៉ុប

បុរសខ្លាំងកម្ពុជា បានប្រកាសថា លោកកំពុងចាត់វិធានការ ដើម្បីទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក្រោមអ្វីមួយ ដែលលោកហៅថា ជា«យុទ្ធនាការពង្រឹងឯករាជ្យ របស់កម្ពុជា»។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យធ្វើតេស្ដិ៍សិន មុននឹង​ទៅជួប​លោក

មុននឹង​ទៅជួប​លោក ហ៊ុន សែន ដោយផ្ទាល់ បណ្ដាជនទាំងឡាយ ត្រូវធ្វើតេស្ដិ៍ជាមុនសិន។ នេះ ជាបញ្ជារបស់​នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីលោកបានធ្វើចត្តាឡីស័ក សម្រាប់រយៈពេល១៤ថ្ងៃ ជាលើកទី៣ ខណៈរូបលោក​ទទួលបាន ការចាក់វាក់សាំង ...

Comments are closed.

កិច្ចសម្ភាស

ស្វែងយល់​ពីសាលក្រម​នៃតុលាការបារាំង ករណី ហ៊ុន សែន-សម រង្ស៊ី

កិច្ចសម្ភាស

HRW ៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch – HRW» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ...
កិច្ចសម្ភាស

សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ ...