«រឿង​​ខ្មៅកខ្វក់» ផ្នត់គំនិតដែលមិនពេញចិត្តស្អប់ខ្ពើម ចំពោះនយោបាយ មិនមែនកើតមាន តែនៅក្នុង​ប្រទេស​កម្ពុជាទេ ពោលគឺកើតមាន នៅលើពិភពលោកមួយភាគធំ ជាពិសេស គឺនៅបណ្តាប្រទេសដែលក្រីក្រ និងពលរដ្ឋ​មិនសូវ​មានចំណេះដឹងខ្ពស់។ ពួកគេបានចាត់ទុក​ការងារនយោបាយថា ជាការងារខ្មៅកខ្វក់ និងកាចសហាវ​ជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបាន លុះត្រាតែអ្នកនោះ ពូកែខាង​បោកប្រាស់ ភូតកុហក ជាដើម។

ការណ៍នេះ បានធ្វើឲ្យគេចោទជាសំណួរថា តើនយោបាយជា រឿង​​ខ្មៅកខ្វក់ មានកំហុសមែនឬទេ បើពលរដ្ឋស្អប់​យ៉ាងនេះនោះ?

ពាក្យថា នយោបាយ គឺជាការងារខ្មៅកខ្វក់ ការងារស្មោកគ្រោគនោះ បានលេចឮឡើង តាំងពីសម័យយូរលង់​ណាស់​មកហើយ នៅលើ​សកលលោកនេះ មិនមែនទើបតែឮ នៅក្នុងពេលបច្ចុប្បន្ន​នោះទេ។

សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែល​កំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្ស​នៅមាន​កម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឲ្យនិយមន័យនយោបាយក្នុងគោលដៅចំអក ឬស្អប់ចំពោះពាក្យ នយោបាយថា គឺជានយោបោក នយោបាយគឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញ​ ដោយ​ល្បិចកល​​ខ្មៅងងឹត គ្រប់បែបយ៉ាង។

ពលរដ្ឋទាំងនោះ បានធ្វើការកំណត់ថា អ្នកដែលចូលខ្លួនប្រឡូក ក្នុងឆាកនយោបាយបាននោះ ទាមទារឲ្យមាន​សមត្ថភាព ខាងនិយាយ​កុហក បំផ្លើសបំផ្លៃការពិត បោកប្រាស់ ដោយមិនមែនជាមនុស្សល្អ ស្មោះត្រង់ សុចរិត​នោះទេ។ ពួកគេបានយល់ឃើញថា សម្រាប់មនុស្​សដែលល្អ ដែលត្រឹមត្រូវ ស្មោះត្រង់ មិនត្រូវប្រឡាក់ប្រឡូក​ក្នុងរឿង​នយោបាយឡើយ ព្រោះបើពាក់ព័ន្ធនឹងរឿងនយោបាយនោះ គឺជាមនុស្សចោលម្សៀត​ទាំងស្រុង។

ផ្តត់គំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើម មិនឲ្យ​កូនចូលរួម ក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀនគិតតែរឿងរៀន បើធ្វើស្រែ ឲ្យគិតតែពីរឿងធ្វើស្រែ បើលក់ដូរ គិតតែពីររឿងលក់ដូរ ដើម្បីបានប្រាក់ចំណេញ ទៅបានហើយ កុំនាំគ្នា​ទៅរវល់​កិច្ចការនយោបាយ រឿង​ស្រុកទេស​អីទាំងអស់ ព្រោះរឿងស្រុកទេស​ រឿងជាតិអីហ្នឹង មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចំាបាច់​ខ្វល់​នោះទេ។ ម្យ៉ាងវិញទៀត រឿងនយោបាយនេះ មិនល្អសោះឡើយ។

បើនៅក្នុងផ្តត់គំនិត គិតតែបែបនេះនោះ តើគេគួរ​ទាត់ចោល​​នយោបាយ​ឬទេ? ហើយថានយោបាយជា រឿង​​ខ្មៅកខ្វក់ មានកំហុស​ឬយ៉ាងណា?

ចម្លើយ គេមិនត្រូវទាត់ចោលនយោបាយនោះទេ ពីព្រោះថា នយោបាយគឺជាតម្រូវការរបស់មនុស្ស នយោបាយ​ធ្វើឲ្យ​មានការឯកភាព ហើយមានតែនយោបាយមួយទេ ដែលអាចសម្រុះសម្រួល រាល់ការខ្វែងគំនិត របស់មនុស្សជារៀង​រហូត។

បើយើងពិចារណាចំពោះពាក្យថា នយោបាយឲ្យបានច្បាស់ទៅនោះ យើងនឹងយល់ថា មិនមែននយោបាយ ជា​ការងារ​ខ្មៅកខ្វក់ទេ តែអ្នកនយោបាយមូយចំនួន ឯណោះទេ ដែលធ្វើឲ្យនយោបាយ ក្លាយទៅជាការងារខ្មៅកខ្វក់ ដោយសារ​គំនិតអាក្រក់ និងដៃទាំងទ្វេ របស់ជនអ្នកយកនយោបាយ ជាមុខរបរចិញ្ចឹមជីវិតខ្លួន គ្រួសារខ្លួនទាំងនោះ។

ដូច្នេះនយោបាយមិនមានកំហុស នយោបាយមិនមែនជាការងារខ្មៅកខ្វក់ នយោបាយមិនមែនជារឿង​ចោលម្សៀត​នោះទេ តែអ្នកនយោបាយ​ដែលមានគំនិតទុច្ចរិតទេ ដែលជាអ្នកមានកំហុស ជាមនុស្សចោលម្សៀត ធ្វើឲ្យ​នយោបាយ ត្រូវខ្លួនយកទៅធ្វើ​សកម្មភាព នាំឲ្យក្លាយជា«រឿង​​ខ្មៅកខ្វក់» បង្ករឲ្យពលរដ្ឋស្អប់ខ្ពើមនយោបាយ។

តើនៅពេលណា ទើបនយោបាយត្រូវបានពលរដ្ឋ ឲ្យតម្លៃវិញ?

គឺនៅពេលដែល​ពលរដ្ឋយល់ដឹង នូវវប្បធម៌នយោបាយកាន់តែច្រើន តាមដានស្ថានការណ៍ព័ត៌មាន ឲ្យបាន​ទៀងទាត់ មានចំណេះដឹងអាចធ្វើការវិភាគ ឬពិចារណា ចំពោះអ្នកនយោបាយ ដែលកំពុងធ្វើសកម្មភាព ស្គាល់ច្បាស់​​អំពីអត្ថប្រយោជន៍ នៃនយោបាយសម្រាប់ជាតិ នឹងបានដឹងច្បាស់ថា ការចូលរួមសកម្មភាពនយោបាយ គឺជាការងារមួយ​ស្អាតស្អំ​ជាងគេបំផុត ហើយធ្វើឲ្យអ្នកនយោបាយបោកប្រាស់ ដែលអាចមកកាន់តំណែង បានស្ទើតែ​គ្មាន។

ព្រោះពលរដ្ឋមានសិទ្ធិ ជ្រើសរើសអ្នកនយោបាយ ដែលមានទេពកោសល្យខ្ពស់ ក្នុងការងារនយោបាយ និងជាជន​សកម្ម ជាអ្នកនយោបាយស្មោះត្រង់ គិតគូរពីវាសនាប្រទេសជាតិជាធំ មិនមែនគិត តែពីផលប្រយោជន៍បក្សពួកខ្លួន គ្រូសារខ្លួននោះទេ។

ជារួមមក នៅក្នុងសង្គមជាតិមួយ រឿងនយោបាយ គឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននោះទេ។ តួយ៉ាង​ប្រសិន​បើប្រទេសជាតិមួយ មានបញ្ហាជាប់គាំងនយោបាយ មិនអាចដោះស្រាយចេញនោះទេ គេកុំបាច់និយាយ ដល់​ការអភិវឌ្ឍធ្វើអ្វី។

ពីព្រោះថា បើនយោបាយជាប់គាំង ជាតិច្របូកច្រប់ អ្នកវិនិយោគក្នុង និងក្រៅប្រទេស ឈប់មករកស៊ី ពលរដ្ឋ​អត់មាន​ការងារធ្វើ បាតុកម្មមានជាហូរហែ វិបត្តិសេដ្ឋកិច្ចនឹងកើតឡើង ជាតិនឹងត្រូវមហន្តរាយជាក់ជាមិនខាន។ ម្លោះហើយ តើពលរដ្ឋម្នាក់ៗ គួរតែទាត់នយោបាយចោល កុំយកខ្លួនបៀត នឹងរឿងនយោបាយ ឬត្រូវតែចូលរួម ក្នុងសកម្មភាព​នយោបាយ?

——


អត្ថបទស្ដីពី«នយោបាយ​ជា​«រឿង​​ខ្មៅកខ្វក់» ដែល​ពលរដ្ឋ​មិន​គួរ​បៀត​ឬ?»ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និង​ត្រូវបាន​ចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​ នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយ​ចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបាន​ផ្លាស់ប្ដូរ​ទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]



You may also like

កម្ពុជា

ហ៊ុន សែន ព្រមាន​មិនឲ្យ​មាន​«រដ្ឋប្រហារ»​ក្នុងពេល​លោកកាន់​អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមាន ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ដរាបណា​លោក​នៅកាន់អំណាច លោកនឹងមិនអនុញ្ញាត ឲ្យមាន«រដ្ឋប្រហារ» កើតឡើងជាដាច់ខាត។ បុរសខ្លាំងកម្ពុជា ...
កម្ពុជា

ជំនិត កឹម សុខា ថា​ស្រុក​ខ្មែរ​«មាន​សិទ្ធិ​សម្តែង​មតិ​ពេញលេញ»

លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានថ្លែងអះអាងថា ស្រុកខ្មែរ«គោរពគោលការណ៍ប្រជាធិបតេយ្យ» និង«មានសិទ្ធិសម្ដែងមតិពេញលេញ»។ ការថ្លែងរបស់លោក ធ្វើឡើងតបទៅនឹងការរិះគន់ ...
កម្ពុជា

ស ខេង បដិសេធ​​ជាថ្មី មិនបាន​នៅ​ពីក្រោយ​«ការនិរទេសខ្លួន»​របស់ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានប្រកាសសារជាថ្មី ថាលោកមិនបាន​នៅពីក្រោយ «ការនិរទេសខ្លួន»របស់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេស​កម្ពុជា កាលពី​ចុងឆ្នាំ២០១៥ នោះទេ។ ...

Comments are closed.

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...