Posts tagged as "Anne Sinclair"

ក្ដី​ប្ដឹង​ផ្ដល់​រវាង ណាហ្វីស្សាធូ ដីយ៉ាឡូ និង​ដូមីនិក ស្ត្រូសកាន់ បាន​បិទ​បញ្ចប់

ក្ដី​ប្ដឹង​ផ្ដល់​រវាង ណាហ្វីស្សាធូ ដីយ៉ាឡូ និង​ដូមីនិក ស្ត្រូសកាន់ បាន​បិទ​បញ្ចប់

ចៅក្រម ឌូគ្លាស ម៉ាកន បានប្រកាសកាលពីថ្ងៃច័ន្ទ ថាទទួលបាន នូវកិច្ចព្រមព្រៀងមួយនៅក្នុងតុលាការ នៃសង្កាត់ប៊្រុន ដែលគេ មើលទៅទំនងជា កិច្ចព្រមព្រៀងសម្ងាត់ ទាក់ទងនឹងការផ្ទរលុយ យ៉ាងសន្ធឹកសន្ទាប់ ធ្វើឡើងរវាងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ស្ត្រីបំរើការនៅសណ្ឋាគារសូហ្វីតែល ញ៉ូយក និងលោក ដូមីនិក ស្ត្រូសកាន់ អតីតនាយកមូលនិធិរូបិយប័ណ្ណអន្តរជាតិ ដើម្បីបញ្ចប់​រឿងក្ដី នៅតុលាការរដ្ឋប្បវេណី ក្នុងប្រទេសអាមេរិក។


លោក ដូមីនិក ស្ត្រូសកាន់ (កណ្ដាល) កាន់ដែអតីតភរិយារបស់លោក ចេញពីតុលាការក្រុងញ៉ូយក
កាលពីខែមិថុនាឆ្នាំ២០១១។ រូបថត Mike Segar, Reuters។

ជាកិច្ចព្រមព្រៀងទូទាត់ជម្ងឺចិត្ត មានលក្ខណៈជាទឹកប្រាក់ ដែលលោក ដូមីនិក ស្ត្រូសកាន់ (Dominique Strauss-Kahn) ត្រូវផ្ទេរ​ទៅអោយអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ដើមកំណើតមកពីប្រទេសហ្គីយេន ដែលបានចោទលោក ស្ត្រូសកាន់ ថាបានរំលោភ​សេពសន្ធវៈលើរូបរាងកាយ។ ការប្ដឹងផ្ដល់នេះ ជាសំនុំរឿងវែងអន្លាយ ចាប់ផ្ដើមពី​មុនពាក់កណ្ដាលឆ្នាំ២០១១មក នៅតុលាការ​រដ្ឋប្បវេណី ក្រោយបន្ទាប់ពីខាងតុលាការព្រហ្មទណ្ឌ បានទំលាក់ចោល ការចោទប្រកាន់លើ អតីតនាយករូបិយប័ណ្ណ​អន្តជាតិ​រូបនេះ​រួចមក។ ប៉ុន្តែជាមួយ នឹងកិច្ចព្រមព្រៀងទូទាត់ជម្ងឺចិត្តនេះ សំនុំរឿងរដ្ឋប្បវេណីនឹងត្រូវបិតបញ្ចប់ មិនមានការធ្វើជំនុំជម្រះអ្វី​ឡើយ។ បន្ទាប់ពីនេះតទៅ ក៏នឹងគ្មាននរណាម្នាក់អាចដឹងពីការពិត នូវអ្វីដែលបានកើតឡើង ក្នុងបន្ទប់ស្នាក់នៅ វេលាដែលស្រ្តី​អ្នក​បំរើការ​នៅសណ្ឋាគារ ចោទលោក ស្ត្រូសកាន់ ថាបានរំលោភសេពសន្ធវះនោះ យ៉ាងណាដែរ។

កិច្ចព្រមព្រៀងទឹកប្រាក់ បញ្ចប់ក្ដី

ចៅក្រមឌូក្លាស ម៉ាកន (Douglas McKeon) បាននិយាយយ៉ាងខ្លីថា «ក្នុងរយះពេលតែ១០នាទីប៉ុណ្ណោះ យើងសម្រេចបាន នូវ​កិច្ច​ព្រមព្រៀងមួយ» ដោយបានបញ្ជាក់ពី ភាពអាថ៌កំបាំងរបស់កិច្ចព្រមព្រៀងនោះ ថាមិនអាចនរណាម្នាក់ និយាយទំលាយចេញ​មក​ក្រៅបានឡើយ។ ចៅក្រមរូបនេះដដែល បាននិយាយដែរថា ស្ត្រីបំរើការនៅក្នុងសណ្ឋាគារ ក៏ទទួលព្រមព្រៀងជាមួយ កាសែត​ញ៉ូយក ប៉ុស្ដ៍ (New York Post) នូវការទូទាត់ជម្ងឺចិត្ត ជាលក្ខណៈទឹកប្រាក់ដូចគ្នា ទល់នឹងបទបរិយាកេរ្ត៍ ដែលកាសែតមួយនេះ ធ្លាប់ចាត់ទុក​នាងជា «ស្ត្រីរកស៊ីផ្លូវភេទ»នោះ។

ក្នុងជំនួបនោះ មានវត្តមានតែ អ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ប៉ុណ្ណោះ រីឯវត្តមានរបស់លោក​ ដូមីនិក ស្ត្រូសកាន់ មិនត្រូវបានតម្រូវ​អោយមានជាចាំបាច់នោះទេ។ នៅពេលចេញពីជំនួបក្នុងតុលាការនោះរួច អ្នកស្រី ដីយ៉ាឡូ អាយុ៣៣ឆ្នាំ ទទូរកន្សែងពីលើក្បាលផង បានថ្លែងអំណររគុណ ដល់អ្នកគាំទ្រអ្នកស្រី និងដល់​ព្រះជាម្ចាស់។

ជាទូទៅ ក្នុងប្រព័ន្ធតុលាការរដ្ឋប្បវេណី នៅសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងមានលក្ខណៈជាទឹកប្រាក់ តែងត្រូវបានគូរបដិបក្ខ យល់​ព្រមធ្វើជាញឹកញាប់  ដើម្បីបញ្ជៀសការជំនុំជម្រះដែលប្រើរយះពេលវែង ហើយសាលក្រម នឹងអាចប្រកាសចេញ ដោយ​មិនដឹងថា​ខាងណាឈ្នះឬចាញ់។ វាមិនមែនជាការប្រកាសទទួលខ្លួន ពីភាពមានទោសពៃទេ តែវាជួយភាគីជាប់ចោទ មិនអោយ​បង្ហាញពី ហេតុការណ៍ពិតប្រាកដ ក្នុងពេលកើតហេតុ និងបិទបញ្ចប់សំនុំរឿងក្ដីក្ដាំនេះ ជាស្ថាពរ ជាមួយភាគីដើមចោទ។

«កំហុសនៃសតិសម្បជញ្ញ»

បើទោះជា ខាងភាគីចុងចោទ លោក ដូមីនិក ស្ត្រូសកាន់ អាយុ ៦៣ឆ្នាំ អាចរួចខ្លួនពីការពន្យល់ប្រាប់តុលាការ នូវការពិតដែល​បាន​កើតមាន នៅពេលកើតហេតុនោះក៏ដោយ ក៏រូបភាពរបស់លោក ដែលធ្លាប់ជាបុរសមានឥទ្ធិពលម្នាក់ក្នុងលោក និងក្ដីស្រមៃរបស់​លោក ដែលចង់ធ្វើជាប្រធានាធិបតីបារាំង ទំនងជាមិនអាចស្ដារត្រឡប់ឡើងវិញបាននោះទេ។ បន្ទាប់ពីហេតុការណ៍នោះមក ភរិយា​របស់លោក អ្នកស្រី អាន ស៊ាំងក្លែ (Anne Sinclair) បានសុំលែងលះ ជាមួយនឹងលោកថែមទៀត។ ចំណែកឯក្នុងប្រទេសបារាំង​ឯណេះវិញ សំនុំរឿងស៊ើបអង្កេត «មេខ្យល់ ដឹកនារីទៅលក់ខ្លួន» ដែលមានជាប់ទាក់ទង់នឹងរូបលោក ស្ត្រូសកាន់ ដែរនោះ កំពុង​តែមានដំណើរការទៅមុខនៅឡើយ។

នៅក្រោយការទម្លាក់បទចោទប្រកាន់​ ដោយតុលាការព្រហ្មទណ្ឌអាមេរិកមក លោកស្ត្រូសកាន់ បានវិលមកកាន់ប្រទេសបារាំងវិញ ហើយបានផ្ដល់កិច្ចសម្ភាសតាមកញ្ចក់ទូរទស្សន៍ ដោយបានលើកទទួលស្គាល់ពី​ «កំហុសនៃសតិសម្បជញ្ញ» នូវអ្វីដែលលោក​បាន​ប្រព្រឹត្តិ។ លោកបានទទួលស្គាល់ថា មានទំនាក់ទំនងផ្លូវភេទជាមួយនឹង ស្ត្រីអ្នកបំរើការក្នុងសណ្ឋាគារនោះមែន តែរាល់ដំណើរការ​ក្នុងពេលនោះ បានប្រព្រឹត្តិទៅដោយមានការយល់ព្រមពីស្ត្រីនោះ គ្មានអំពើហឹង្សា គ្មានការប្រទើសប្រទាស់គ្នាអ្វីទាំងអស់។

លោកស្ត្រូសកាន់ ក៏ធ្លាប់បានអ្នកកាសែតស្រី និងជាអ្នកនិពន្ធប្រលោមលោកបារាំងម្នាក់ ប្ដឹងចោទលើរូបលោកថា បានព្យាយាម​រំលោភ​លើ​រូបរាយកាយរបស់នាង នៅពេលនាងចូលទៅសុំធ្វើសម្ភាសជាមួយ កាលពីឆ្នាំ២០០៣នោះ។ ដោយសារហេតុការណ៍នេះ បានកើតរួច​កន្លងផុតជិត១០ឆ្នាំ ហើយគ្មានភស្តុតាងនៅសល់ ដែលអាចដាក់បន្ទុកលើលោក ស្ត្រូសកាន់បាន ជាហេតុធ្វើអោយខាង​រដ្ឋអាជ្ញាបារាំង បិតសំនុំរឿងនេះ មិនបន្តទៅមុខទៀត។

សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដើម្បីយល់បន្ថែមទៀតពីសំនុំរឿងក្ដីក្ដាំ ប្រឆាំងលោកលោក ដូមីនិក ស្ត្រូសកាន់ នៅតុលាការ។

សព្វថ្ងៃនេះ លោកស្ត្រូកាន់ មានជីវិតធម្មតាដូចមនុស្សទូទៅ ហើយព្យាយាមបង្ហាញខ្លួនជាសាធារណៈ ម្ដងម្កាល។​ លោកបានបង្កើត​ក្រុមហ៊ុនឯកជនមួយ ផ្នែកពិគ្រោះយោបល់ និងចូលរួមធ្វើសន្និសិត ឬសិក្ខាសាលា នៅបរទេសជាញឺកញាប់។ គេក៏បានឃើញលោក ផ្ដល់កិច្ចសម្ភាសខ្លះៗ ជាមួយនឹងទូរទស្សន៍ និកាសែតប្រចាំថ្ងៃមួយចំនួនផងដែរ។

ចំណែកឯ អ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ វិញ តាំងពីពេលផ្ទុះរឿងអាស្រូវនេះ អ្នកស្រីបានផ្លាស់ប្ដូរលំនៅដ្ឋាន មិនដឹងថាអ្នកស្រី​ទៅនៅឯណាវិញឡើយ។ អ្នកស្រីក៏នៅមិនទាន់ត្រឡប់ចូលទៅធ្វើការ នៅសណ្ឋាគារ សូហ្វីតែលវិញដែរ ដោយបានព្យួរទុក​ការងារ​នេះរហូតមក ដោយមូលហេតុជំងឺ៕

--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តី​បំរើការ​ក្នុង​សណ្ឋាគារ

ដូមីនិក ស្ត្រូសកាន់ ត្រៀមអោយ៦លានដុល្លាទៅ ណាហ្វីសាធូ ស្រ្តី​បំរើការ​ក្នុង​សណ្ឋាគារ

លោក ដូមីនិក ស្ត្រូសកាន់ និងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ទំនងនឹងត្រូវជួបគ្នា នៅថ្ងៃទី៧ធ្នូរនេះ នៅទីក្រុងញ៉ូយក។ កាសែត បារាំង ឡឺម៉ុង បានលើកយកបញ្ហានេះ មកបកស្រាយ នៅថ្ងៃសុក្រទី៣០វិច្ឆិកា ដោយបានបញ្ជាក់ដំណឹងសម្រុះសម្រួលគ្នានេះ ពីប្រភពស្និត នឹងអតីតនាយកមូលិធិរូបិយវត្ថុ​​អន្តរជាតិនោះផង។


លោក ដូមីនិក ស្ត្រូសកាន់ នៅចំពោះមុខចៅក្រមក្រុងញ៉ូយក ថ្ងៃទី១៩ឧសភា ឆ្នាំ២០១១។ រូបថត AFP។

កាសែតបារាំង ឡឺម៉ុង (Le Monde) បានសរសេរថា លើកនេះ នៅចំពោះមុខចៅក្រម ឌូគ្លាស ម៉ាក់គែន (Douglas McKeon) ក្នុង​សង្កាត់ប៊្រូណ ភាគីទាំងសងខាង នឹងត្រូវចុះហត្ថលេខា ទៅលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុមួយ ដើម្បីបញ្ចប់រឿងក្ដីក្ដាំង នៅតុលាការ​រដ្ឋប្បវេណី ដែលប្ដឹងដោយអ្នកស្រី  ណាហ្វីស្សាធូ ដីយ៉ាឡូ (Nafissatou Diallo) ស្រ្តីអ្នកបំម្រើការនៅក្នុងសណ្ឋាគារ សូហ្វីតែល ប្រឆាំងនឹងលោក ដូមីនិក ស្ត្រូសកាន់ (Dominique Strauss-Kahn) អតីតនាយកមូលិធិរូបិយវត្ថុ​​អន្តរជាតិ។ តែដំណឹងនេះ ត្រូវបាន​មេធាវីទាំងសងខាង ច្រានចោលទាំងស្រុង។

អតីតនាយកមូលិធិរូបិយវត្ថុ​​អន្តរជាតិរូបនេះ ដែលតែងតេធ្វើដំណើរទៅទីក្រុងញ៉ូយក ជាញយដង​ ក្នុងរយះពេលចុងក្រោយនេះ បានខ្សិបប្រាប់ អ្នកជិតដិតរបស់លោកថា ចំនុចសំខាន់ៗ នៃកិច្ចព្រមព្រៀង បានបញ្ចប់រូបរាង ជាផ្លែផ្ការបស់វារួចរាល់ហើយ។ តាម​ប្រភពអ្នកស្និតនឹងលោកនោះដដែល បាននិយាយថា លោក ស្ត្រូសកាន់ ទំនងជាត្រូវបង្វិលប្រាក់ ៦លានដុល្លា (៤,៦៤លានអ៊ឺរ៉ូ) ទៅអោយស្រ្តីអ្នកចោទ ទៅលើលោក ពីបទរំលោភសេពសន្ធវះ។

អ្នកជិតដិតនោះ បានបង្ហើបបន្ថែមថា លោក ស្ត្រូសកាន់ ខ្លួនឯង មិនមានប្រាក់រហូតដល់កំរិតនេះនោះទេ។ ដើម្បីរកប្រាក់អោយបាន​គ្រប់ លោកត្រូវធ្វើកិច្ចសន្យា ខ្ចីប្រាក់ពីធនាគារ ប្រមាណជា ៣លានដុលា។ រីឯអតីតភរិយារបស់លោក ដែលបានលែងលះគ្នា តាំង​ពីរដូវក្ដៅមកនោះ ក៏បានជួយអោយលោកខ្ចីប្រាក់៣លានដុល្លា នៅសល់នោះដែរ។

អតីតភរិយារបស់លោក ដែលជាអ្នកកាសែត និងជានាយិការបស់គេហទំព័រ ហ៊ូហ្វីងតោន ប៉ុស្ដិ៍ (Huffington Post) ផងនោះ ក៏ធ្លាប់​និយាយថា ប្រាក់កក់១លានដុល្លា ត្រូវបានធ្វើរួចរាល់ហើយ ក្នុងអំឡុងពេលរងចាំ ប្រាក់៥លានដុល្លាផ្សេងទៀត ដើម្បីអនុញ្ញាតិ​អោយស្វាមីរបស់គាត់ បាននៅក្រៅឃុំ កាលពីថ្ងៃទី១៩ឧសភាឆ្នាំ២០១១ បន្ទាប់ពីត្រូវនគរបាលក្រុងញ៉ូយក ចាប់ឃាត់ខ្លួននោះ​មក។ លោកស្រីអាន ស៊ាំងក្លែ (Anne Sinclair) ក៏ធ្លាប់និយាយដូចគ្នាដែរ ថាផ្ទះជួលស្នាក់នៅ ដែលតុលាការដាក់អោយស្ថិត នៅក្រោម​ការឃ្លាំមើលប្ដីលោកស្រីនោះ មានតម្លៃថ្លៃរហូតដល់ ៣៨ ៦៦០ដុល្លាក្នុងមួយខែ។ បន្ទាប់មកទៀត លោកស្រីថា បានចំណាយប្រាក់ បង់ថ្លៃមេធាវីអាមេរិកាំង ការពារក្ដីរបស់លោកស្ត្រូសកាន់ មួយចំណែកធំថែមទៀត។

គួររំលឹកឡើងវិញថា តុលាការសហព័ន្ធទីក្រុងញ៉ូយក បានទំលាក់ការចោទប្រកាន់ កាលពីថ្ងៃទី ២៣សីហា ឆ្នាំ២០១១ លើអតីត​នាយកមូលិធិរូបិយវត្ថុ​​អន្តរជាតិរូបនេះ ពីបទឧក្រិដ្ឋ ស្ដីពីការរំលោភសេពសន្ធវះ ទៅលើ ស្រ្តីអ្នកបំម្រើការនៅក្នុងសណ្ឋាគារ ដោយ​មកពី ដើមចោទ​មិន​មាននិតិភាពគ្រប់គ្រាន់ ក្នុងការធ្វើពាក្យបណ្ដឹង។ តែអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ នៅបានបន្តបណ្ដឹង​របស់​អ្នកស្រី ទៅខាងតុលាការរដ្ឋប្បវេណីទៀត ដើម្បីទាមទារសំណងជំងឺចិត្ត ពីបទប្រព្រឹត្តអំពើហឹង្សា ក្រឡិកក្រឡុច ធ្វើចរិកបឈ្ឈឺ និងបំបាក់ភាពខ្ពង់ខ្ពស់របស់ស្ត្រី ប្រឆាំងនឹងលោក ស្ត្រូសកាន់។

នៅសហរដ្ឋអាមេរិក សំនុំរឿងក្ដីក្ដាំង នៅតុលាការរដ្ឋប្បវេណី ប្រមាណជា ៩០% តែងតែដោះស្រាយបញ្ចប់ តាមផ្លូវចរចារដោយការ​និយាយស្រុះស្រួល រវាងភាគីដើមចោទ និងចុងចោទ ដូចជាផ្ដល់លុយកាក់ជាដើម។ ជាធម្មតា ការស្រុះស្រួលគ្នានេះត្រូវបានធ្វើ ឡើងជាលាយលក្ខអក្សរ ជាពិសេស ស្ដីពីការរក្សាការសម្ងាត់នៃការផ្ទេរប្រាក់។ សម្រាប់អ្នកដែលរំលោភ នឹងការរក្សាការសម្ងាត់នេះ ត្រូវអាចរង នូវការប្ដឹងបកតបវិញ។

តែទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ នៅថ្ងៃដដែល បានស្រង់សម្ដី របស់លោក ដូមីនិក ស្ត្រូសកាន់ និងមេធាវីរបស់លោក ដែលបានបដិសេធ ពីដំណឹងស្ដីពី ទឹកប្រាក់៦លានដុល្លានេះ។ មេធាវីបាននិយាយថា មានការជជែកគ្នា​ ពីការទូទាត់ផ្នែកហិរញ្ញវត្ថុ តែមិនទាន់មានការព្រមព្រៀងណា ត្រូវបានធ្វើនៅឡើយ។ ដូច្នេះអ្វីដែលកាសែតឡឺម៉ុង និយាយពីទឹកប្រាក់ ៦លាននោះ ជារឿងមួយ​ខុសទាំងស្រុង៕

--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ