Posts tagged as "Aéroport"

ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ហេតុការណ៍ ធ្លាក់យន្ដហោះតូចមួយគ្រឿងនេះ បានកើតឡើង នៅរសៀលថ្ងៃចន្ទ ក្នុងរដ្ឋ«New Jersey» សហរដ្ឋអាមេរិក ដែលត្រូវជាព្រឹកថ្ងៃអង្គារ ពេលវេលានៅក្នុងប្រទេសកម្ពុជា។ យន្ដហោះឯកជននោះ ដែលអាចទទួលមនុស្សឲ្យជិះ បាន៨នាក់ បានធ្លាក់បោកខ្លួន ពីលើអាគារមួយចំនួន នៅក្នុងតំបន់ឧស្សាហកម្ម ក្បែរក្រុង «Carlstadt»។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញឲ្យឃើញ ពីរូបភាពផ្សែងខ្មួលខ្មាញ់ ចេញពីទីកន្លែង​ធ្លាក់យន្ដហោះ និងមានរថយន្ដសង្គ្រោះជាច្រើន ត្រូវបានបញ្ជូន ទៅដល់ទីកន្លែងនោះ។ យន្ដហោះ បានហោះចេញពី ព្រលានយន្ដហោះអន្តរជាតិ «Philadelphie» ក្នុងរដ្ឋ «Pennsylvanie»។

បើតាមប្រភពពីនគរបាល បានឲ្យអះអាងថា អាគារមួយចំនួន បានឆាបឆេះជាអគ្គិភ័យឡើង ដោយសារការធ្លាក់យន្ដហោះ។ រីឯសារព័ត៌មាន «Daily Star» បានអះអាងថា យន្ដហោះនោះ ជាប្រភេទ «Learjet 35»។ យន្ដហោះ បានត្រៀមខ្លួនចុះចត នៅព្រលានយន្ដហោះ «Teterboro» ដែលនៅមិនឆ្ងាយប៉ុន្មាន ពីកន្លែងកើតហេតុ។

សារព័ត៌មានដដែល បានរាយការណ៍ ថាមនុស្សពីរនាក់ បានស្លាប់។ ពួកគេ ជាអ្នកបើកបរយន្ដហោះនោះ ដែលគ្មានមនុស្សជិះផ្សេងទេ។ ប៉ុន្តែមនុស្សរងរបួស ដោយសារការធ្លាក់យន្ដហោះ នៅលើអាគារ នៅមិនទាន់ឲ្យដឹង ថាមានទំហំប៉ុណ្ណា​នៅឡើយ៕

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ប៉ារីស «អ័រលី» សម្លាប់​ជន​សង្ស័យ​ម្នាក់

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ប៉ារីស «អ័រលី» សម្លាប់​ជន​សង្ស័យ​ម្នាក់

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ក្នុងប្រទេសបារាំង មានហេតុការណ៍ពីរ ដែលបានកើតឡើង​​រវាង​គ្នា តែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ និងស្ថិតនៅចំងាយពីគ្នា ជាង៤០គីឡូម៉ែត្រ។ ប្រភពពីនគរបាល​បារាំង បានជឿជាក់​ថា ជា​ហេតុការណ៍​ពីរ ដែល​បាន​ជាប់​ទាក់ទងគ្នា។

ហេតុការណ៍ទីមួយ កើតឡើងនៅវេលាម៉ោង ៦ និង៥៥នាទីព្រឹក បង្កឡើងដោយជនម្នាក់ នៅ​ក្នុង​ក្រុង ស្ដាំង (Stains) ស្ថិត​នៅ​ភាគខាងជើង នៃរដ្ឋធានីប៉ារីស។ ជននោះបានផ្ទុះអាវុធឡើង នៅពេលដែល​ក្រុម​នគរបាល​ កំពុង​ធ្វើ​យុទ្ធនាការ ត្រួតពិនិត្យ​អត្តសញ្ញាណ​ជាធម្មតា​មួយ នៅតាម​ដងផ្លូវ នៃទីក្រុង​នោះ បណ្ដាល​ឲ្យភ្នាក់ងារ​នគរបាល​ម្នាក់ រងរបួសស្រាល នៅត្រង់ក្បាល។

ប្រមាណជាង១ម៉ោង​​កន្លះក្រោយមក នៅវេលាម៉ោង៨ និង៣០នាទី ហេតុការណ៍​មួយ​ទៀត បាន​កើត​ឡើង នៅ​ក្នុង​ព្រលាន​យន្ដហោះ អ័រលី ខាងត្បូង (Orly-Sud) ដែលស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃរដ្ឋធានីប៉ារីស។ បុរស​ម្នាក់​ បាន​ព្យាយាម​ទៅ​ឆក់​យក​អាវុធ ពីទាហានម្នាក់ ដែលត្រូវ​បានដាក់​ពង្រាយ ជាមួយកង​កម្លាំង​ផ្សេង​ទៀត ដើម្បី​រក្សា​សន្ដិសុខ នៅ​ក្នុង​ព្រលានយន្ដហោះ មុន​នឹង​ជន​នេះ ត្រូវបានបាញ់​សម្លាប់​ភ្លាមៗ នៅនឹង​កន្លែង (រូបថតខាងលើ)។

ជនសង្ស័យ ត្រូវបាននគរបាលស្គាល់មុខ...

បើតាមការ​ចេញផ្សាយ នៅមុននេះ របស់សារព័ត៌មាន «Le Parisien» បានឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​នោះ មាន​ឈ្មោះ «Zied B» និងធ្លាប់ត្រូវ​នគរបាលស្គាល់មុខ នៅក្នុងសំនុំ​រឿង​ឆក់ប្លន់ ហើយ​មាន​ជាប់​ទាក់ទង នឹង​បណ្ដាញ​អ៊ីស្លាម​និយម​ជ្រុល។ ជននេះ មានអាយុ​ជាង៤០ឆ្នាំ រស់នៅក្នុង​តំបន់ «Val-d’Oise (ភាគ​ខាង​លិច​ឈៀង​ខាង​ជើង នៃរដ្ឋធានីប៉ារីស)» និងកំពុងស្ថិត​នៅក្រោម ការត្រួតពិនិត្យ ពីសំណាក់​ប្រព័ន្ធ​យុត្តិធម៌​បារាំង។

សារព័ត៌មានដដែល បានស្រង់ប្រភពពីនគរបាល មកបញ្ជាក់ទៀតថា ហេតុការណ៍ទាំងពីរ​ខាង​លើ បង្ក​ឡើង​ដោយ​ជន​តែ​ម្នាក់​។ បន្ទាប់ពីបើកការបាញ់ប្រហារ ដោយកាំភ្លើងខ្លី ទៅលើភ្នាក់ងារនគរបាល ដែលបានត្រួតពិនិត្យ លើអត្តសញ្ញាណខ្លួន កាលពីព្រឹក​ព្រហាម​នោះហើយ ជននេះ​បានបើក​រថយន្ដ​រត់​គេ​ខ្លួន។ នៅប៉ុន្មាន​នាទី​​ក្រោយ​មក រថយន្ដ​នោះ ត្រូវបានរកឃើញ​ចតចោល នៅក្នុង​ក្រុង «Vitry-sur-Seine (ភាគ​ខាង​ត្បូង ជាប់រដ្ឋ​ធានី​ប៉ារីស)» ហើយ​អ្នក​បើកបរ​រថយន្ដនេះ បានផ្ទុះអាវុធ​ជាថ្មីទៀត ដើម្បីប្លន់​យករថយន្ដ​មួយ​ផ្សេង ធុន «Citroën Picasso» ដើម្បី​បើក​ចេញ​ទៅ។ តែការផ្ទុះអាវុធលើក​នេះ មិនបណ្ដាលឲ្យមាន​មនុស្សរងគ្រោះអ្វីទេ តែ​នៅ​ក្នុង​រថយន្ដ​ចតចោល នគរបាល​បានរកឃើញ អាវយឺត​មួយ​ប្រលាក់​ដិតដាម ទៅដោយ​ឈាម។

ជើងហោះហើរទាំងអស់ ត្រូវបានកាត់ផ្ដាច់...

គឺរថយន្ដ «Citroën Picasso» ដែលត្រូវបាន​ប្លន់នេះហើយ ដែលត្រូវបាន​រកឃើញ​ជាបន្ទាប់​មកទៀត នៅ​ក្នុង​ចំណត​រថយន្ដ នៃព្រលាន​យន្ដហោះ អ័រលី រហូតមាន​ផ្ទុះហេតុការណ៍ ឆក់អាវុធ​ពីទាហាន ជំរុញឲ្យកងកម្លាំងនោះ​ទីនោះ ផ្ទុះអាវុធតបវិញ បាញ់សម្លាប់ជននោះ​នៅនឹងកន្លែង។

អាជ្ញាធរ នៅមិនទាន់អះអាងនៅឡើយ ថា​ករណី​ទាំងពីរ ជាអំពើ​ភេរវកម្ម ប៉ុន្តែបាន​អះអាងថា ទុកតួនាទី​នេះ ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​បារាំង ជាអ្នក​កំណត់។ នៅប្រមាណ​ជា​ពីរ​ម៉ោងមុន ការិយាល័យ​ស៊ើបអង្កេត ជំនាញ​ខាង​​អំពើ​ភេរវកម្ម នៃ​រដ្ឋអាជ្ញា​បារាំង ប្រចាំ​នៅ​រដ្ឋធានីប៉ារីស ត្រូវបានចាត់​ឲ្យទទួល​បន្ទុក ស្រាវជ្រាវ​សិក្សា ទៅលើ​ព្រឹត្តិការណ៍​ខាង​លើ ហើយនឹងប្រកាស​ជូនសាធារណជន ឲ្យដឹងពីការស៊ើបអង្កេត​ជំហានដំបូង​របស់ខ្លួន នៅ​វេលា​ល្ងាច​នេះ (ឬយប់នេះ)។

សូមបញ្ជាក់ដែរថា ជើងហោះហើរទាំងអស់ (ទាំងហោះចេញ និងហោះចូល) នៅក្នុងព្រលានយន្ដហោះ អ័រលី ត្រូវ​បាន​ផ្អាក រហូត​មាន​បទ​បញ្ជា​ជាថ្មី។ នេះ បើតាម​សេចក្ដីជូនដំណឹងមួយ របស់អាកាសចរណ៍ស៊ីវិលបារាំង។ ជើងយន្ដហោះ ដែលត្រូវចុះចត ត្រូវបានបញ្ជាឲ្យ​ទៅចុះចត នៅព្រលានយន្ដហោះអន្តរជាតិ រ៉័ស៊ី ឆាលឌឺហ្គោល (Rossy CDG) ស្ថិត​នៅ​ភាគ​ខាង​ជើង នៃ​រដ្ឋធានីប៉ារីស​វិញ។៕

យន្ដហោះ​ចុះចត​ជា​បន្ទាន់ បន្ទាប់​ពី​រង​ការ​ឆាប​ឆេះ​ដ៏​ចម្លែក

យន្ដហោះ​ចុះចត​ជា​បន្ទាន់ បន្ទាប់​ពី​រង​ការ​ឆាប​ឆេះ​ដ៏​ចម្លែក

កាលពីរសៀល ថ្ងៃអង្គារម្សិលម៉ិញនេះ យន្ដហោះដឹកទំនិញ ប្រភេទប៊ូអីង (Boeing 747) មួយគ្រឿង បាន​ហោះ​ត្រឡប់ មក​ចុះ​ចត នៅនឹងព្រលានយន្ដហោះ ក្រុង «Liege - នៅភាគខាងកើត នៃប្រទេសប៊ែលហ្សិក» វិញ​ បន្ទាប់​ពី​ប្រព័ន្ធ​បញ្ជាយន្ដហោះ បានឲ្យសញ្ញា ទៅក្រុមអ្នកកាន់ចង្កូតយន្ដហោះ ពីបញ្ហាមួយ ដែល​បាន​កើត​ឡើង នៅ​នឹង​ម៉ាស៊ីន​ប្រតិកម្ម។

លោក «Christian Delcourt» អ្នកនាំពាក្យនៃព្រលានយន្ដហោះ «Liege Airport» បាន​ថ្លែង​ឲ្យ​ដឹង នៅ​យប់​ថ្ងៃ​អង្គារ​ថា អ្នកបើកបរ​យន្ដហោះ បានបញ្ជាយាន​របស់ខ្លួន ឲ្យត្រឡប់​មក​ចុះចត​វិញ ដោយគ្មាន​គ្រោះថ្នាក់​អ្វី ជា​ឧបសគ្គ​ឡើយ។ លោកបាន​បន្តទៀតថា យន្ដហោះខាងលើ នៃក្រុមហ៊ុន​អាកាសចរណ៍ «El Al» របស់​​ប្រទេស​​​អ៊ីស្ត្រាអែល​ ត្រូវងើបខ្លួនហោះចេញ ពីព្រលានយន្ដហោះនេះ ដើម្បីហោះឆ្ពោះទៅកាន់​ព្រលាន​យន្ដហោះអន្តរជាតិ នៃ​រដ្ឋធានី តែលអាវីវ (Tel Aviv) ប្រទេស​អ៊ីស្ត្រាអែល។

អ្នកនាំពាក្យបានអះអាងទៀតថា៖ «យើងបានគិតជាដំបូងថា សត្វស្លាបទំនង ជាត្រូវបានស្រូប​ចូល ទៅ​ក្នុង​ម៉ាស៊ីន​ប្រតិកម្ម​របស់​យន្ដហោះ តែនៅទីបំផុត យើងគិតថា វាទំនងជា​ពុំមាន​ករណី​នេះ កើត​ឡើង​ទេ។ បញ្ហា​ប្រហែល​ជា​​អាច​​កើត​​ឡើង មកពីការ​បែក​ធ្លាយ​តិច​តួច នៃ​ប្រេង​ឥន្ទនៈ? យើងនៅមិនទាន់​ដឹង​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ នៅ​វេលា​នេះ ដោយសារ​ការ​សិក្សា​អង្កេត​មួយ កំពុងធ្វើទៅ​លើបញ្ហា របស់​យន្ដហោះ។»។

សាក្សីជាច្រើន ដែលរស់នៅជុំវិញព្រលានយន្ដហោះ បានលើកឡើងអ្វី ដែលពួកគេ​បាន​ឃើញ ដោយ​ផ្ទាល់​ភ្នែក ថា​មាន​អណ្ដាត​ភ្លើង បាន​ឆេះ​ចេញ ពី​ម៉ាស៊ីន​ប្រតិកម្ម។ ម្នាក់ ពីក្នុង​ចំណោម​សាក្សី​ទាំង​នោះ បាន​និយាយ​ប្រហាក់​ប្រហែល​គ្នា ដូច្នេះ​ថា៖ «ខ្ញុំកំពុង​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ ក្នុង​ផ្ទះ​របស់​ខ្ញុំ ស្រាប់តែខ្ញុំ​បាន​​ឮ​​សម្លេង​ផ្ទុះ​មួយ បាន​លាន់​សូរ​ឡើង។ ខ្ញុំបានចេញ​ទៅ​ក្នុង​សួនច្បារ ខ្ញុំបានឃើញ​យន្ដហោះ​នេះ កំពុង​ហោះ​ឡើង ហើយ​ខ្ញុំ​បាន​ឃើញ​អណ្ដាត​ភ្លើង ឆេះចេញ​ពីម៉ាស៊ីន​ប្រតិកម្ម​​មួយ​ចំហៀង។ ខ្ញុំមិន​បាន​ថត​ជា​រូបភាព​ទេ ដោយ​ហេតុ​ថា វា​បាន​កើត​ឡើង​លឿន​បំផុត។»។

រាល់ទំនិញទាំងអស់ ដែលនៅក្នុងយន្ដហោះ ត្រូវបានបញ្ជូន ទៅដាក់យន្ដហោះមួយទៀត។ យន្ដហោះ​ដែល​ជួប​បញ្ហា នឹង​ត្រូវ​បញ្ឈរជើង នៅជាប់​ដី​ដូច្នេះ រហូត​លុះត្រា ការ​អង្កេត និងការ​ត្រួត​ពិនិត្យ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ជួសជុល​ផង​នោះ ត្រូវបាន​ធ្វើរួច​ជា​ស្ថាពរ៕

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្ដហោះ «Fort Lauderdale» អាច​ទទួល​ទោស​ប្រហារ​ជីវិត

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្ដហោះ «Fort Lauderdale» អាច​ទទួល​ទោស​ប្រហារ​ជីវិត

បុរសខ្មាន់កាំភ្លើង អាយុ២៦ថឆ្នាំ ឈ្មោះ «Esteban Santiago» ត្រូវបានចោទប្រកាន់ ពីបទល្មើសចំនួន៣ ទាក់​ទង​នឹងការបាញ់សម្លាប់មនុស្ស៥នាក់ និងរបួសជាច្រើននាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងព្រលាន​យន្ដហោះ​អន្តរជាតិ «Fort Lauderdale» នៅរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍​សហរដ្ឋ​អាមេរិក។ បទចោទ​ទាំងបីនោះ ដែល​មាន (១) បង្ក​របួសស្នាមធ្ងន់ធ្ងរ ទៅលើមនុស្សម្នាក់ នៅក្នុងព្រលានយន្ដហោះអន្តរជាតិ (២)ប្រើប្រាស់​អាវុធ ដើម្បី​ប្រព្រឹត្តិ​​ឧក្រិដ្ឋកម្​មហឹង្សា និង(៣)ធ្វើមនុស្សឃាត ដោយប្រើអាវុធ សុទ្ធតែមានស្ថាន​ទំងន់​ទោស​ធ្ងន់ធ្ងរ ដែល​ធ្វើឲ្យ​បុរសរូបនេះ អាច​រងការផ្តន្ទា​ទោស រហូតដល់​​ការប្រហារជីវិត។

នៅចំពោះការស៊ើបសួរ របស់អ្នកស៊ើបអង្កេត ខ្មាន់កាំភ្លើងរូបនេះ បានអះអាងពីគម្រោងការរបស់ខ្លួន ក្នុងការ​បាញ់​ប្រហារ កាលពីថ្ងៃសុក្រ។ ជនសង្ស័យ​បានទិញសំបុត្រយន្ដហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ «Delta Air Lines» សម្រាប់​ជើង​ហោះហើរ​តែមួយទិស ឆ្ពោះទៅកាន់ក្រុង «Fort Lauderdale» ក្នុងរដ្ឋផ្លរីដា ពីក្រុង «Anchorage» នៅ​ក្នុង​រដ្ឋអាឡាស្កា (Alaska) ដោយឆ្លងកាត់តាម ព្រលានយន្ដហោះក្រុង «Minneapolis»។ បុរស «Esteban Santiago» ដែលបម្រើការជាភ្នាក់ងារសន្តិសុខម្នាក់ នៅក្នុងរដ្ឋអាឡាស្កា បានយកមកជាមួយ នូវ​កាំភ្លើង​របស់​ខ្លួន ដោយដាក់នៅក្នុងវ៉ាលីសដាក់ឥវ៉ាន់ (ដោយស្រប​ច្បាប់)។

រោគចិត្ត...

ទូរទស្សន៍ «CNN» បានរាយការណ៍ថា ជននេះធ្លាប់មានរឿងរ៉ាវ ជំពាក់ជំពិនមួយចំនួន ជាមួយនឹងតុលាការ ជា​ពិសេសនៅក្នុងជម្លោះហិង្សា ជាមួយ​អតីត​គូស្នេហ៍។ បណ្ដាញទូរទស្សន៍​អាមេរិកមួយនេះ បានស្រង់​សំដី​របស់​សមាជិក​មួយ​ចំនួន របស់គ្រួសារជនសង្ស័យ មកបញ្ជាក់ថា ខ្មាន់កាំភ្លើង​រូបនេះ​បាន​«ផ្លាស់ប្ដូរ» បន្ទាប់​ពី​បាន​ទៅ​បំពេញ​បេសកកម្ម រយៈពេល១០ខែ នៅក្នុងប្រទេសអៀរ៉ាក់រួច។ បងប្រុសរបស់ «Esteban Santiago» បាន​គិត​ថា ការបាញ់​ប្រហារ នៅក្នុងព្រលានយន្ដហោះ ទំនងជាបង្កឡើង ពីបញ្ហា«រោគចិត្ត» ដែលបាន​ឈឺ​រើ​ឡើង​វិញ នៅ​ពេល​ត្រឡប់ ពី​ប្រទេសអៀរ៉ាក់វិញ។

បងប្រុសដដែលរូបនោះ បានបន្តរៀបរាប់ថា នៅពេលកន្លងមកថ្មីៗ ប្អូនប្រុសរបស់លោក (ជនសង្ស័យ) បាន​ស្នើ​រក​ជំនួយ និងត្រូវបានវិទ្យាស្ថាន​រោគចិត្ត​មួយ ទទួលយកទៅព្យាបាល ក្នុងរយៈពេល៤ថ្ងៃ បន្ទាប់ពីជន​សង្ស័យ ចេះ​តែ​ស្ដាប់ឮសូរ «សម្លេងដ៏ចម្លែកៗ»។ ក្រុមគ្រួសាររបស់ជនសង្ស័យ បាន​បញ្ជាក់​ទៀត​ថា បុរស «Esteban Santiago» ចេះតែមានអារម្មណ៍ មើលឃើញឡើងវិញ និងនិយាយយ៉ាងច្រើន ពីភាព​ខ្ទេចខ្ទាំ និង​​ការ​ស្លាប់​​របស់​​កុមារ ដែល​ខ្លួន​បាន​ឃើញ​​ដោយផ្ទាល់ នៅក្នុងប្រទេសអៀរ៉ាក់។

មកដល់ម៉ោងនេះ ជនសង្ស័យបានសហការ ជាមួយក្រុមអ្នកស៊ើបអង្កេត ដោយបានឆ្លើយ​ទៅ​នឹងសំនួរ​ជាច្រើន ក្នុងរយៈពេលជាច្រើនម៉ោង។ ប៉ុន្តែ គេនៅមិនទាន់យល់ថា តើទង្វើបាញ់​ប្រហារ​មនុស្ស នៅក្នុងព្រលាន​យន្ដហោះ កាលពីថ្ងៃសុក្រ មានមូលហេតុមកពីអ្វី ឲ្យពិតប្រាកដនៅឡើយ។ កាលពីខែវិច្ឆិកាកន្លងទៅ ក្រុម​ភ្នាក់ងារ​សហព័ន្ធ «FBI» ធ្លាប់បានតាមដាន​​ជននេះ​រួចហើយ និងបានស្នើសុំ ឲ្យធ្វើការវាយតម្លៃ ពីសភាព​«រោគ​ចិត្ត» របស់​ជន​សង្ស័យ។ ប៉ុន្តែការវាយតម្លៃ បានបញ្ជាក់ថា ជននេះមិនទាន់ដល់ថ្នាក់ «បាត់សតិ» និងដល់​កម្រិត ដែល​ត្រូវ​គេ​ដក​ហូត​សិទ្ធិ ក្នុងការ​កាន់​កាំភ្លើងខ្លី​នោះ​ឡើយ៕

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ក្នុង​រដ្ឋ​ផ្លរីដា៖ ចំនួន​​អ្នក​ស្លាប់​កើន!

ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ក្នុង​រដ្ឋ​ផ្លរីដា៖ ចំនួន​​អ្នក​ស្លាប់​កើន!

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយឲ្យដឹងថា ការផ្ទុះអាវុធមួយ បានកើតឡើង នៅព្រលានយន្ដហោះ «Fort Lauderdale-Hollywood» ក្នុងរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ អ្នក​ដំណើរ​ទាំង​អស់ ដែល​មាន​ចំនួន​រាប់សិប ត្រូវបានជម្លៀសខ្លួន ចេញ ខណៈជនរងគ្រោះជាច្រើន ត្រូវ​បាន​ដឹក​ជា​បន្ត​បន្ទាប់ ទៅ​កាន់​មន្ទីរពេទ្យ។

បើតាមទូរទស្សន៍ «MSNBC» បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើង នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាប់​ខ្លួន​ភ្លាមៗ និង​បញ្ជូនទៅឃុំខ្លួន។

មានវត្តមាន នៅនឹងកន្លែងកើតហេតុនោះ លោក «Ari Fleischer» អតីតអ្នកនាំពាក្យ របស់អតីត​ប្រធានាធិបតី​អាមេរិក លោក «George W. Bush» បានសរសេរនៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ថា៖ «ការ​ផ្ទុះ​អាវុធ បានលាន់ឮឡើង យ៉ាងខ្លាំងក្លា។ មនុស្សទាំងអស់គ្នា នាំគ្នារត់។»។

ព្រលានយន្ដហោះ «Fort Lauderdale» ខ្លួនឯង បានសរសេរប្រកាស នៅលើទំព័រទ្វីសធើរដែរថា៖ «ហេតុការណ៍ កំពុងប្រព្រឹត្តិទៅនៅឡើយ» នៅក្នុង​លំហរង់ចាំ ទីពីរ (Terminal 2) នៅត្រង់​ចំណុច ទទួល​ឥវ៉ាន់ របស់​អ្នក​ដំណើរ។

សាក្សីជាច្រើននាក់ បានឲ្យដឹងថា អ្នកដំណើរ​បានដណ្ដើមគ្នា រត់យកប្រាស់​អាយុ តែរៀងៗខ្លួន ខណៈ​រូបភាព​តាម​កញ្ចក់​ទូរទស្សន៍ បង្ហាញថា អ្នកដំណើរ​ជាច្រើនសិបនាក់ បានប្រមូលជួបជុំគ្នា នៅកណ្ដាលព្រលាន។ ទូរទស្សន៍​អាមេរិក​ផ្សេង​ទៀត បានបង្ហាញពីរូបភាព នៃរថយន្ដសង្គ្រោះ និងរថយន្ដ​នគរបាល​ ជាច្រើន​គ្រឿង ដែលត្រូវ​បាន​​បញ្ជូន ទៅ​ដល់​ជាបន្តបន្ទាប់៕