Posts tagged as "Khmers rouges"

ម៉ែន សំអន៖ «វៀតណាម​ជា​មហា​មិត្ត ដែល​បាន​ជួយ​កសាង​សន្តិភាព​ឲ្យ​កម្ពុជា»

ម៉ែន សំអន៖ «វៀតណាម​ជា​មហា​មិត្ត ដែល​បាន​ជួយ​កសាង​សន្តិភាព​ឲ្យ​កម្ពុជា»

«ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី» រវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-វៀតណាម មានរយៈពេលកន្លះសតវត្សន៍ហើយ។ ប្រសិនជាកម្ពុជាមានសន្តិភាព បានមកដល់សព្វថ្ងៃ នោះគឺដោយសារបាន«មហាមិត្ត»វៀតណាម ជាអ្នករួមចំណែក ជួយកសាងដ៏«ស្មោះស្ម័គ្រ»បំផុត។ នេះ បើតាមប្រសាសន៍ របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ដល់កិច្ចសម្ភាសន៍ ទៅឲ្យទីភ្នាក់ងារព័ត៌មាន​វៀតណាម ហៅកាត់ថា «VNA» ក្នុងឱកាសខួប៥០ឆ្នាំ នៃចំណងទាក់ទងការទូត រវាងប្រទេសទាំងពីរ។

អតីតសមមិត្តនារី ម៉ែន សំអន បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានកសាងរួមគ្នា នូវ«ប្រពៃណី» នៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជា«បងប្អូន រួមអាវុធ និងអ្នកជិតខាង» ហើយទទួលបាននូវលទ្ធផល «គួរជាទីគាប់ចិត្ត» សឹងតែនៅក្នុង«គ្រប់វិស័យ»។

បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ហើយក៏ជាប្រធានក្រុមតំណាងរាស្ត្រ នៃមិត្តភាពកម្ពុជា-វៀតណាមដែរនោះ អ្នកស្រី ម៉ែន សំអន បានរំលឹកឡើងវិញ ពីក្នុងសម័យសង្គ្រាម ដែលប្រទេសទាំងពីរ បានប្រយុទ្ធ«ស្មារប្រកៀកស្មារ» ប្រឆាំងនឹងសត្រូវរួម ដូចជា«អាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិក»ជាដើម។ អ្នកស្រីបានបន្តថា ប្រជាជនកម្ពុជាមិនភ្លេចឡើយ នូវ«គុណូបការៈ នៃប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម» ដែលបានបូជា «សាច់ស្រស់ ឈាមស្រស់» ដើម្បី«ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត​ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩»។

អ្នកស្រីឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា នៅក្នុងពេលបច្ចុប្បន្ន ដែលពោរពេញ ដោយ«សន្តិភាព» ប្រទេស«យើងទាំងពីរ កំពុងពង្រឹងនូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ជាពិសេសវិស័យការទូត ការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគទុន និងទេសចរណ៍»។ អ្នកស្រីបន្តថា៖ «យើងចាំបាច់ ត្រូវបន្តនិងថែរក្សាទំនាក់ទំនង របស់ប្រទេសយើងទាំងពីរ លើគ្រប់វិស័យទាំងអស់ ដោះស្រាយបញ្ហាទាំងឡាយ ដោយសន្តិវិធី ក្នុងភាពយោគយល់គ្នាទៅវិញទៅមក បញ្ជៀសការប្រឈមមុខដាក់គ្នា ដោយប្រើកម្លាំង និងពង្រឹងការយល់ដឹង ទៅដល់យុវជនជំនាន់ក្រោយ នៃប្រទេសទាំងពីរ ដោយការគោរពគ្នាទៅវិញទៅមក និងដោយការស្រេកឃ្លាន នូវសន្តិភាព»៕

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និង​ក្រុម​បក្ខពួករបស់លោក  មិនមានអ្វីថ្មីទេ ដោយ​គ្រាន់តែរំលើកដដែលៗ និយាយអំពី «វីរភាពមិនអាចកាត់ថ្លៃបាន» នៃ​ការ​លះបង់ដ៏«ធំធេង»របស់លោក នៅពេលដែលលោកបានចាកចេញ ពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​ទឹកដី​វៀតណាម ក្នុងខែមិថុនា ឆ្នាំ១៩៧៧ និងបានហៅការរត់ចេញពីប្រទេសនេះ ថាដើម្បីស្វែងរក ការ​ជួយ​ឧបត្ថម្ភ​ ក្នុង​ការ​រំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

លោក ហ៊ុន សែន បានយករឿងនេះ មករំលឹកសរសេរឡើងវិញ នៅថ្ងៃទី២០ ខែមិថុនា​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ តែសំណេរនោះ លែងហៅ​លោក ហ៊ុន សែន ថាជាសម្ដេច«តេជោ»ទៀតហើយ តែជា​«សមមិត្ត​ ហ៊ុន សែន» ដែលជាគោរមងារ«សមភាព» នៅក្នុងជួរកម្មាភិបាល​កុម្មុយនីស នៃ​អង្គការ​ខ្មែរក្រហម និង​កម្មាភិបាល-​បក្ខជន​​កុម្មុយនីស នៃអង្គការបដិវត្តថ្មីមួយ ដែលលើកបន្តុបដោយវៀតណាមវិញ។

អតីតសមមិត្តនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីពេលចាកចេញ ពីប្រទេសកម្ពុជា គេចចូលទៅក្នុង​ប្រទេស​វៀតណាម​នោះ មាន៧ចំណុច។ ចំណុច​ទីមួយ នៅលើទឹកដីកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ពេល​នោះ​ជាខេត្តកំពង់ចាម) វេលាយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាចំណុច​ដែល​លោក និងកម្មាភិបាល​ដ៏​ទុក​ចិត្ត​​បួន​នាក់ទៀត គឺលោក នុច ថន - លោក ញឹក ហួន - លោក ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និងលោក វ៉ា ប៉ោអ៊ាន ចាប់​​ចេញ​​ដំណើរ​​ភៀសខ្លួន ទៅវៀតណាម។

លោកសរសេរថា៖ «ចន្លោះវេលាម៉ោង ២២:០០នាទី ដល់វេលាម៉ោង ០១:០០នាទី រំលងអាធា្រត្រ (នៅ​ថ្ងៃ​នោះ) មានភ្លៀងផ្លេកបន្ទោរ និងផ្គរលាន់ ម្យ៉ាង​ត្រូវ​ការ​ពុះពារទ្រាំទ្រនឹង អាកាសធាតុដ៏លំបាក ប៉ុន្តែ​ម្យ៉ាង​ទៀត ក៏​អាច​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ការពារខ្លួន ក្នុងពេលធ្វើដំណើរនេះ»។

រីឯក្នុងចំណុចទី២ គឺចំណុចដែលលោក ហ៊ុន សែន និងអ្នករួមដំណើរបួននាក់ទៀត បានចូលក្នុង​ទឹកដី​វៀតណាម បាន​ប្រមាណ​​ជា២០០ម៉ែត្រ នៅ​វេលា​ម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧។

នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន ដែលអះអាងថា «ពុំមានអ្វីទទួលទាននោះ» បានសួរខ្លួនឯងថា៖ «តើ​អាច​ត្រូវ​ស្លាប់​ នៅ​ពេលឆ្លងព្រំដែន កម្ពុជា-​វៀតណាម ដោយការជាន់មីន ឬដោយកងការពារ​ព្រំដែន ​របស់​វៀតណាម​ឬទេ ? តើអាច ត្រូវជាប់គុក ដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើ​វៀតណាម​ជឿហើយ​សុខចិត្ត​ជួយ ក្នុង​ការ​ផ្តួល​រំលំ ​របបប្រល័យពូជសាសន៍ ប៉ុលពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនង​ការទូត ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ ? សំណួរចុងក្រោយ គឺតើវៀតណាម​អាចចាប់បញ្ជូន មកឲ្យប៉ុលពត​វិញ​ឬទេ?»។

អតីតកម្មាភិបាលខ្មែរក្រហម រត់ចោលជួររូបនេះ នៅបានរំលើកឡើងវិញទៀតថា លោក«ពិតជាមានការ​លំបាក ខាង​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ» ដោយគិតដល់​ផលវិបាក ដែលអាចកើតមាន ចំពោះភរិយាពរពោះ៥ខែ ដែលកំពុង​ស្ថិត​នៅ​ក្នុង​ក្រញាំ​ឃោឃៅ របស់ពួកខ្មែរក្រហម នៅឡើយ។

លោក ហ៊ុន សែន បានរំលឹកមកនិយាយ នៅត្រង់ចំណុចទី៣ បន្ទាប់ពីបានចូលក្នុងទឹកដីវៀតណាម បាន​ប្រមាណ​ជិត៦គីឡូម៉ែត្រ នៅវេលាម៉ោង ១១:០០នាទី ជិតថ្ងៃត្រង់ ដោយក្រុមលោកសម្រេចលាក់អាវុធ រួច​រៀបចំ​ដាំ​បបរដោយ​អង្ករ ដើម្បីទទួលទាន មុននឹងបន្តដំណើរ តាមផ្លូវថ្នល់ ទៅរកជួប​កងទ័ព​វៀតណាម និង​ប្រជាជន​វៀតណាម ។

រីឯចំណុចទី៤ គឺជាចំណុច ដែលក្រុមលោកទាំង៥នាក់ បានជួបកម្មករយួនម្នាក់ នៅក្នុងភូមិវៀតណាមមួយ ដែល​មានចំងាយ១៤គីឡូម៉ែត្រ ពីព្រំដែន។ ពេលនោះ គឺម៉ោង ១៤:០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​១៩៧៧។​ បន្ទាប់​ពី​ឲ្យ​រង់ចាំ​នៅនឹងកន្លែង កម្មករយួនរូបនោះបានចេញ ទៅនាំកម្លាំង​ស្វ័យការពារ​វៀតណាម​ដោយ​មាន​ទាំង​អាវុធ មកជាមួយផង ។

លោក ហ៊ុន សែន សរសេរ នៅក្នុងចំណុចបន្ទាប់មកទៀតថា ដំបូងឡើយ វៀតណាមបានសង្ស័យ ទៅលើ​ពួក​លោក​នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ច​របស់ប៉ុល ពត ហើយបាន​ធ្វើការសាកសួរ ជាច្រើន​លើក​ច្រើន​សារ និង​ដោយ​បំបែកគ្នា រវាងលោក និងគ្នីគ្នារបស់លោក​ ទាំងបួននាក់។ ប៉ុន្តែ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ កងទ័ព​វៀតណាម បានទទួលស្គាល់នៅទីបំផុត ថា៖ «សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ ជាថ្នាក់បញ្ជាការ​វរសេនា​ធំ​ហើយ មិនមែន​ជា​ក្រុម​ដែល​ប៉ុលពត​បញ្ជូនមក វាយឆ្មក់វៀតណាមទេ»។

លោក ហ៊ុន សែន បានថ្លែងរំលើក នៅទីបញ្ចប់ថា៖ «ពីទីតាំងកោះថ្ម នារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បាន​ក្លាយជាទិវាមួយដ៏សំខាន់ នៃរបត់ប្រវត្តិ​សាស្រ្ត​​ប្រទេសកម្ពុជា ជាពេលវេលា ដែលសមមិត្ត ហ៊ុន សែន បាន​ចាប់​ផ្តើម​ដំណើរ ឆ្ពោះទៅការផ្តួលរំលំ​របបប្រល័យពូជសាសន៍ ប៉ុលពត»។

ភាពមិនប្រក្រតី ដូចជាផ្សេងពីហ្នឹង...

តែការរំលើករបស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក ហាក់មានភាពមិនប្រក្រតី ទាក់ទង​នឹង​ពេល​វេលា និងចម្ងាយផ្លូវ នៃការធ្វើដំណើរ។ វីដេអូពីរឿងរ៉ាវនេះ ផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ពន្យល់​ថា ពីចំណុចកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ទៅដល់ព្រំដែនវៀតណាម មាន​ចំងាយ​៩,៩គីឡូម៉ែត្រ ហើយ​លោក ហ៊ុន សែន ត្រូវបន្តដំណើរថ្មើរជើង ប្រមាណជា១៤គីឡូម៉ែត្រ នៅក្នុងទឹកដីវៀតណាម មុននឹងជួប ជា​មួយ​​កម្មករ​​ចំការ​កៅស៊ូ របស់វៀតណាម។

នៅត្រង់នេះ តើគេមិនគួរឆ្ងល់ទេឬ ថាលោក ហ៊ុន សែន ចេញដំណើរនៅម៉ោង ២០ យប់ថ្ងៃទី២០ ខែមិថុនា និង​ទៅ​​ដល់ចំណុចជួប ជាមួយកម្មករ នៅម៉ោង​១៤ ថ្ងៃទី២១ ខែមិថុនា ពោលគឺលោកប្រើពេល​តែ ១៥ម៉ោង​ប៉ុណ្ណោះ ក្នុងការធ្វើដំណើរ​ទាំងយប់ កាត់ភ្លៀងព្យុះ ត្រូវឆ្លងព្រៃភ្នំក្រំថ្ម សម្រាប់​​ចំងាយ​ផ្លូវ​​ជិត​២៥គីឡូម៉ែត្រ។ តើ​លោក ហ៊ុន សែន និង​​គ្នីគ្នា​​របស់​លោក រត់រហូត មិនសម្រាក មិន​ឈប់​ទទួល​ទាន​អាហារ និង​ស្គាល់​ផ្លូវ​គេចខ្លួន​ទាំងនេះ ដូច​បាត​ដៃ​ឬ? 

ឯកសារបរទេសស្រាវជ្រាវឃើញផ្សឹង!

ផ្ទុយទៅវិញ ឯកសារផ្សេងទៀតនៅឯបរទេស ស្រាវជ្រាវដោយអ្នកនិពន្ធឯករាជ្យ បានលើកឡើង​ខុសគ្នា​ស្រឡះ​ ពី​ការ​និទាន​ខាងលើ។ ឯកសារ​ទាំង​នោះ បានពន្យល់ថា លោក ហ៊ុន សែន បាន​រត់​ចោល​ស្រុក គឺ​នៅ​ក្នុង​បុព្វហេតុ​តែមួយគត់ នោះគឺគេចចេញ ពីចំណាត់ការរបស់ប៉ុលពត ដែល​កំណត់​ឲ្យ​កំចាត់​​ក្រុម​​ក្បត់​​អង្គការ ក្បត់​បដិវត្តន៍ នៅ​តំបន់​បូព៌ា។

សក្ខីកម្មនៃឯកសារស្រាវជ្រាវ នៅឯបរទេស ត្រូវបានក្រុមអ្នកប្រើប្រាស់ គេហទំព័រ «Wikipedia» ធ្វើ​ការ​ប្រមែ​ប្រមូល និង​យក​មក​សង្ខេប ទាក់ទងនឹងប្រវត្តិរបស់លោក ហ៊ុន សែន ដូច​ខាង​ក្រោម៖

នៅឆ្នាំ ១៩៧៧ ឧបទ្ទវហេតុជាច្រើន បានកើតឡើង នៅតាមព្រំដែនកម្ពុជា-វៀតណាម និងបានបង្ក ​ឱ្យ​មាន​ការ​ឆ្លើយតប ពីសំណាក់កងទ័ពប្រជាជន​វៀតណាម ដែលធ្វើឲ្យកងទ័ពខ្មែរក្រហម ពិបាក​នឹង​ធ្វើការទប់ទល់។ មេ​បញ្ជាការជាន់ខ្ពស់ នៃរបបខ្មែរក្រហម នៅភ្នំពេញ បានទម្លាក់ការទទួលខុសត្រូវ នៃការទប់ទល់​ ដ៏ខ្សត់ខ្សោយ​​នា​ពេល​​នោះ ទៅលើក្រុមទាហាន និងក្រុមមេទាហានរបស់ខ្លួនមួយចំនួន ដែល​មិន​មាន​ភក្ដីភាព​ពេញ​លេញ ជា​មួយ​​នឹង​អង្គការ ហើយបានបញ្ជា​ ឲ្យមានការចម្រាញ់ចេញ នូវជនក្បត់បដិវត្តន៍ ដែល​​មាន​ទំនោរ​​ងាក​ទៅ​​ក្រុង ហាណូយ។

ដើម្បី​​គេច​​ចេញ ពីយុទ្ធនាការ​ចម្រាញ់នេះ លោក ហ៊ុន សែន បានសម្រេចចិត្ត​រត់​ឆ្លង​ព្រំដែន ចូល​ប្រទេស​វៀតណាម។ លោក ហ៊ុន សែន បានរត់គេចខ្លួន​ នៅខែមិថុនា ហើយបានរស់នៅ ក្នុងព្រៃអស់រយៈពេល​ជា​ច្រើន​ខែ មុននឹង​ចូល​​ទៅដល់ទឹកដីវៀតណាម ក្នុងខែធ្នូ ឆ្នាំ១៩៧៧។

ពេលទៅដល់ភ្លាម លោក ហ៊ុន សែន ត្រូវបាន​អាជ្ញាធរ​យួន​ចាប់​ឃុំ​ខ្លួន មួយរយៈទៀត។ បន្ទាប់ពីត្រូវ​បាន​ដោះ​លែង លោក ហ៊ុន សែន បានចូលរួមជាមួយ លោក ហេង សំរិន និង​លោក ជា ស៊ីម ក្នុងការបង្កើត​ឲ្យមាន​ចលនា​នយោបាយមួយ ដើម្បីផ្ដួលរំលំរ​បបខ្មែរក្រហម។ ចលនា​នោះ មាន​ឈ្មោះ​ដំបូង​ឡើង​ថា «រណសិរ្សសាមគ្គី​ប្រជាជន​ខ្មែរ ដើម្បីស​ង្គ្រោះជាតិ» និងក្រោយមក បានប្ដូរ​មក​ជា «រណសិរ្សយសាមគ្គីសង្គ្រោះជាតិកម្ពុជា» ហៅ​កាត់​ជា​ភាសា​បារាំង «FUNSK»។

សក្ខីកម្មមួយទៀត នៅក្នុងសៀវភៅ «ប៉ែន​ សុវណ្ណ ជីវប្រវត្តិ​សង្ខេប និងបុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា» ដែល​លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី (មុនលោក ហ៊ុន សែន) នៃរបប​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា សរសេេរ​ដោយ​ខ្លួន​លោក ហើយចេញផ្សាយ នៅក្នុងទសវត្សន៍​ចុងក្រោយនេះ បាន​ពន្យល់​ថា គម្រោង​រៀបចំ វាយ​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ពីសំណាក់ប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៨ និង​ដើម​​ឆ្នាំ​១៩៧៩ ត្រូវ​បាន​​រៀបចំ ដោយ​ក្រុង​ហាណូយ ជាយូរខែឆ្នាំ​មកហើយ មិនមែនដោយសារលោក ហ៊ុន សែន និង​គ្នីគ្នា​បួន​ប្រាំ​នាក់ ទៅ​​និយាយ​​​មួយ​​ម៉ាត់ពីរ ក៏ស្រាប់តែ​​វៀតណាម​​ធ្វើតាម​នោះទេ៕

តំណាង​រាស្ត្រ​បារាំង​សុំ​ទោស ចំពោះ​ពាក្យ​«ឥរិយាបថ​ខ្មែរ»

តំណាង​រាស្ត្រ​បារាំង​សុំ​ទោស ចំពោះ​ពាក្យ​«ឥរិយាបថ​ខ្មែរ»

«គាត់ (ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត) មានឥរិយាបថ​មិនថ្លៃថ្នូរទេ ជាឥរិយាបថខ្មែរ ដូចជា ខ្ញុំជាន់កំទេច​អ្នក ខ្ញុំបំបាក់អ្នក ត្រូវតែអ្នកឯង"វារ"មក ជាមួយនឹងខ្សែចន្លុះ ចងជាប់នៅនឹងក ឬអោនលិត​ស្បែក​ជើង... ហើយនៅពេលនោះ ប្រហែលជាអ្នកឯងអាចមានសង្ឃឹមខ្លះ ថានឹងទទួល​បាន​តំណែង​ណា​មួយ» នេះ ជា​ឃ្លា​បង្ក​ឲ្យ​មាន​ការ​ក្ដៅ​ក្រហាយ ជាទូទៅ ទៅដល់ពលរដ្ឋខ្មែរ ទាំងក្នុងស្រុក​និង​ខ្មែរក្រៅស្រុក ដែល​ហូរ​ចេញ ពី​មាត់​តំណាង​រាស្ត្រ​បារាំង​ម្នាក់ មកពី​គណបក្ស​អ្នក​សាធារណរដ្ឋ (Les Républicains - និន្នាការ​ស្ដាំនិយម) លោក អេរិក វើដ (Éric Woerth) ក្នុង​បំណង​បង្ខូច​រូបភាព និង​ប្រជាប្រិយភាព របស់​ប្រធានាធិបតី​បារាំង ទើប​នឹង​ជាប់​ឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។

» អត្ថបទដែលទាក់ទង៖ ម៉ាក្រុង មាន​​ឥរិយាបថ​«ខ្មែរ» ជាមួយអតីតនាយករដ្ឋមន្ត្រី វ៉ាល្ស៍

លោក អេរិក វើដ ដែលមានតំណែងមួយទៀត ជាអភិបាលក្រុង «Chantilly (ភាគខាងជើង​រដ្ឋធានី​ប៉ារីស)» បាន​លើក​ឡើង​ដូច្នេះ នៅក្នុងកិច្ច​ពិភាក្សា​មួយ ជាមួយវិទ្យុបារាំង «Europe1» កាលពីថ្ងៃទី១០ ខែ​ឧសភា​កន្លង​មក។ ការ​លើក​ឡើង​នោះ ត្រូវបាន​ចាត់ទុក ជាការជ្រុល​ហួស​ទៅឆ្ងាយ និងមិនអាច​ទទួលយក​បាន ពី​សំណាក់​បណ្ដា​ជន​ខ្មែរ​ទាំងប្រុសស្រី ជាពិសេស​បណ្ដាជន ដែល​កំពុង​រស់នៅ ក្នុង​ប្រទេស​បារាំង​តែម្ដង ដោយ​បាន​សម្ដែង​ប្រតិកម្ម​ខ្លាំងៗ​របស់​ពួកគេ នៅចំពោះ​ការ​ប្រើ​ពាក្យ «ខ្មែរ» ដើម្បីសំគាល់​ឲ្យ​សភាវៈ​«អាក្រក់»​នេះ។

លោក ប៉ាន រិទ្ធី សមិទ្ធិករភាពយន្ដ​បារាំង-ខ្មែរ ដែលបាន​ផលិត​ភាពយន្ដ ជាមួយ​តារា​ហូលីវូដ អ្នកស្រី អេនជឺលីណា ជូលី (Angelina Jolie) បានសរសេរ​នៅ​លើ​បណ្ដាញ​សង្គមថា៖ «លោក វើដ! គេមិន​ប្រើ​ពាក្យ "ខ្មែរ"តែ​មួយ​ម៉ាត់ ដែល​សំគាល់​ពីប្រជាជាតិមួយ ដូច្នេះ​ទេ តែគេ​ប្រើ​ពាក្យ "ខ្មែរក្រហម"។ ការប្រៀប​ធៀប​របស់​លោក បាន​ធ្វើ​ខ្លួន​លោក រង​ភាព​អាម៉ាស។»។ ប្រិយមិត្ត «D. KEO» មានដើមកំណើតខ្មែរ​មួយ​រូប​ទៀត បាន​សរសេរ​ថា៖ «ដើម្បី​បម្រើ​ប្រយោជន៍​​នយោបាយ​ខ្លួន លោក វើដ បានដើរទៅ​ឆ្ងាយជ្រុល​ហើយ»។

បន្ថែមពីលើនេះ ស្ថានទូតកម្ពុជា ប្រចាំនៅរដ្ឋធានីប៉ារីស ក៏មិនបានរំលង ក្នុងការធ្វើប្រតិកម្មជា​ផ្លូវ​ការ សម្ដែង​នូវ​ការ​ខក​ចិត្ត ចំពោះ​ការ​ប្រៀបធៀប របស់​លោក​តំណាងរាស្ត្រ​នោះដែរ។ ក្នុងលិខិត​មួយ ផ្ញើរ​ជូន​ជាពិសេស ទៅ​កាន់​អ្នក​តំណាងរាស្ត្រ​ខាងលើ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង លោក ចែម វីឌ្យ៉ា បាន​សរសេរ​ជា​ភាសា​បារាំង មាន​ខ្លឹមសារ​ជា​អាទិ័ថា៖ «ខ្ញុំចង់​ជម្រាប​លោក អំពីការខកចិត្ត​​ដ៏ជ្រាលជ្រៅ​របស់ខ្ញុំ នៅ​ចំពោះ​ការ​ប្រៀប​ធៀប ទាំង​គ្មាន​មូលដ្ឋាន នូវអ្វីដែល​លោក​បានឃើញ ទាក់ទង​នឹងដំ​ណើរការ​នយោបាយ នៅក្នុង​ប្រទេស​របស់​លោក ទៅនឹង​ប្រជាជាតិ​មួយ ដែលមិន​ជាប់​ទាក់ទង​អ្វីទាំងអស់ ទៅ​នឹង​បញ្ហា ដូច​ដែលលោក​បាន​លើក​ឡើង»។

មុននឹងស្នើសុំ​ឲ្យលោក អេរិក វើដ សុំទោសទៅដល់​ប្រជាជាតិខ្មែរ​ទាំងមូល លោក ចែម វិឌ្យ៉ា នៅ​បាន​បញ្ជាក់​ថា៖ «ខ្ញុំមើលឃើញ ពីសេចក្ដីសន្និដ្ឋាន​របស់​លោក ថាមានលក្ខណៈ​​ខុស​ប្រធាន​បទ និងខ្វះ​អត្ថន័យ​ដ៏ត្រឹមត្រូវ [...] ហើយ​លោក​គួរ​សិក្សា​បន្ថែម ពីប្រវត្តិសាស្ត្រ នៃបណ្ដា​ប្រទេស​ផ្សេង​ទៀត នៅក្នុងពិ​ភពលោក»។

នៅចំពោះប្រតិកម្ម​ដ៏ខ្លាំងក្លា​ទាំងនេះ លោក អេរិក វើដ មិនមានជម្រើសអ្វីផ្សេង ក្រៅពីធ្វើ​ការ​សុំទោស​ ត្រឡប់​មក​វិញ​ឡើយ។ នៅក្នុង​សំណេរ​មួយ បង្ហោះនៅលើទំព័រហ្វេសប៊ុក​របស់លោក កាលពី​ម្សិលម៉ិញ លោក វើដ បាន​ទទួល​ស្គាល់​ថា ការហើបមាត់និយាយ នៅលើវិទ្យុ​បារាំង «Europe1» នោះ ជាការមិនបានព្រៀងទុក និងបាន​ធ្វើ​ឲ្យ«ឈឺចាប់»​​ពិតមែន។

លោក អេរិក វើដ បានសរសេរថា៖ «ខ្ញុំសំដែងការសោកស្ដាយ ជាអនេក ដែលបាន​ធ្វើឲ្យប៉ះទង្គិច។ ការ​លើក​ឡើង​នោះ ពិតជាខុស​ទំនង តែវាចង់លើកឡើង ពីអំឡុងពេល​មួយ នៃប្រវត្តិសាស្ត្រ តែមិនបាន​និយាយ ទៅ​ដល់​ប្រជាជាតិ​ទាំង​មូល​ឡើយ។ បើនិយាយម្យ៉ាង​ទៀត ពាក្យពេជន៍​នេះ​តែងត្រូវបាន​យក​មក​ប្រើ សឹងតែ​ក្លាយ​ជារឿង​ធម្មតា ដែលខុសពីន័យដើម តែដោយ​​នៅក្នុងន័យ​នេះហើយ ទើបខ្ញុំបានយកវា​មកនិយាយ (...) បើ​ខ្ញុំ​បាន​ធ្វើឲ្យឈឺចាប់ ទៅដល់​នរណា​ម្នាក់ ទោះជា​នៅទីណា​ក៏​ដោយ ខ្ញុំសុំឲ្យអ្នកទាំងនោះ​ទទួល​យក នូវ​ការ​សុំទោស​របស់​ខ្ញុំ។»

តែការសុំទោស​របស់​លោក វើដ មិនបានធ្វើឲ្យមនុស្ស​មួយ​ចំនួន យល់ព្រម​ជាមួយទេ ដោយ​ពួកគេយល់ថា​ លោក វើដ នៅតែ​មិន​យល់ ហើយ​ហាក់​បាន​បញ្ជៀស នូវការ​ទទួលខុសត្រូវ​របស់​ខ្លួន នៅចំពោះ​ការប្រើប្រាស់​ពាក្យ «ខ្មែរ» មួយ​ម៉ាត់ ដែលសម្រាប់​លោក មានន័យ​ថា «ខ្មែរក្រហម»។

នោះជាអ្វី ដែលអ្នកសារព័ត៌មាន​បារាំងមួយរូប លោក ឡូអ៊ិច បារីយ៉ែ (Loïc Barrière ) បាន​សរសេរ​តប ទៅ​លោក​តំណាង​រាស្ត្រ​វិញ​ថា៖ «ខ្ញុំត្រូវផ្ញើរ​ទៅជូន​គាត់ នូវសៀវភៅប្រលោមលោក​មួយរ​បស់ខ្ញុំ ដែល​ចេញ​ផ្សាយ នៅ​ឆ្នាំ២០០៨ និងមាន​ចំណង​ជើង​ថា "ព្រលឹងកុមារខ្មែរ"។ គាត់មិនមែន​ជាមនុស្ស​ទីមួយទេ ដែល​ភ័ន្ដច្រឡំ ពី​ប្រជា​ជាំតិ​មួយ (ខ្មែរ) ទៅ​នឹង​បន​ឧក្រិដ្ឋជន (ទាហានប៉ុលពត ដែលត្រូវបានហៅថា ជា"ខ្មែរក្រហម" ដោយ​សម្ដេច នរោត្ដម សីហនុ)។»៕

ម៉ាក្រុង មាន​​ឥរិយាបថ​«ខ្មែរ» ជាមួយអតីតនាយករដ្ឋមន្ត្រី វ៉ាល្ស៍

ម៉ាក្រុង មាន​​ឥរិយាបថ​«ខ្មែរ» ជាមួយអតីតនាយករដ្ឋមន្ត្រី វ៉ាល្ស៍

គួរជាទីមោទនភាពណាស់ឬ ដែលឥរិយាប​របស់ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត ត្រូវបានប្រៀបធៀប ទៅនឹង«ជនជាតិខ្មែរ»? តែមិនមែនជាជនជាតិខ្មែរធម្មតា ឬខ្មែរទូទៅនោះទេ ព្រោះបើគេស្ដាប់ តាមន័យដែលបានលើកឡើង ពាក្យ«ខ្មែរ»នោះ មានន័យស្មើរនឹង«ខ្មែរក្រហម»។

គឺតំណាងរាស្ត្របារាំងម្នាក់ មកពីគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - និន្នាការ​ស្ដាំនិយម) លោក អេរិក វើដ (Éric Woerth) ដែលបានប្រៀបធៀបឥរិយាបថ របស់ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថាមានលក្ខណៈដូច«ខ្មែរ» នៅចំពោះការទាត់ចោល នូវសំណើរ​បេក្ខភាព​នាយករដ្ឋមន្ត្រីថ្មី សម្រាប់ លោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls) អតីតនាយករដ្ឋមន្ត្រី របស់លោកប្រធានាធិបតីផុតតំណែង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។

លោក អេរិក វើដ ដែលមានតំណែងមួយទៀត ជាអភិបាលក្រុង «Chantilly (ភាគខាងជើងរដ្ឋធានីប៉ារីស)» តាំងពីច្រើនអាណត្តិមកនោះ បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ ជាមួយវិទ្យុបារាំង «Europe1» ថា៖ «គ្មានអ្វីល្អទេ នៅក្នុងសន្ដានចិត្ត របស់លោក អេម៉ានុយអែល ម៉ាក្រុង។ គាត់ជាមនុស្សចង្អៀតចង្អល់ជាទីបំផុត (...) តើគាត់កំពុងធ្វើនយោបាយ តាមបែបទំនើបកម្ម​ ឬនយោបាយ តាមបែបស្អប់ខ្ពើម សងសឹក​ទៅលើមនុស្សម្នាក់ ដែលបានអនុញ្ញាតឲ្យគាត់ បានក្លាយជារដ្ឋមន្ត្រីសេដ្ឋកិច្ច?»។

ក្នុងរវាងពីឆ្នាំ ២០១៤ មកទល់នឹងឆ្នាំ២០១៦ លោក អេម៉ានុយអែល ម៉ាក្រុង ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅក្នុងរដ្ឋាភិបាល ដឹកនាំដោយលោក ម៉ានុយអែល វ៉ាល្ស៍។ លោក ម៉ាក្រុង បានចាកចេញពីរដ្ឋាភិបាលនេះ នៅចុងខែសីហា ឆ្នាំ២០១៦ ដើម្បីបង្កើតចលនានយោបាយថ្មី ហៅថា «En Marche!» និងបានដាក់បក្ខភាព ជាប្រធានាធិបតីបារាំង សម្រាប់ការបោះឆ្នោត កាលពីប៉ុន្មានសប្ដាហ៍មុន រហូតទទួលបានជ័យជំនះ នៅក្នុងជុំទាំងពីរ។ លោក ម៉ាក្រុង នឹងស្បថចូលកាន់តំណែង នៅថ្ងៃទី១៤ ខែឧសភាប៉ុន្មានថ្ងៃខាងមុខ ដើម្បីក្លាយជាប្រធានាធិបតីបារាំង ហើយបន្ទាប់មកលោក ក៏ត្រូវជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូប ដើម្បីរៀបចំរដ្ឋាភិបាល របស់លោកដែរ។

ដោយទំនងជាផ្លូវនយោបាយ របស់លោក អេម៉ានុយអែល ម៉ាក្រុង មានសភាពខ្លីស្រួលដើរ តែបាន​បត់បែនច្រើន​បន្ដិច​ដូច្នេះហើយ ទើបធ្វើឲ្យលោកតំណាងរាស្ត្រ អេរិក វើដ គិតថា លោក ម៉ាក្រុង ស្អប់គំគួន និងខឹងលោក វ៉ាល្ស៍ ខ្លាំងណាស់ រហូតដល់ថ្នាក់ទាត់ចោល យ៉ាងឃោឃៅ នូវសំណើរបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី សម្រាប់លោក វ៉ាល្ស៍ ដែលជាអតីត​​នាយករដ្ឋមន្ត្រី​​របស់​លោក។

ក្នុងកិច្ចពិភាក្សា​តាមវិទ្យុដដែល លោក អេរិក វើដ បានឆ្លើយនឹងសំនួរខាងលើ ដោយខ្លួនលោកថា៖ «គាត់មានឥរិយាបថ​មិនថ្លៃថ្នូរទេ ជាឥរិយាបថខ្មែរ ដូចជា ខ្ញុំជាន់កំទេចអ្នក ខ្ញុំបំបាក់អ្នក ត្រូវតែអ្នកឯង"វារ"មក ជាមួយនឹងខ្សែចន្លុះ ចងជាប់នៅនឹងក ឬអោនលិតស្បែកជើង... ហើយនៅពេលនោះ ប្រហែលជាអ្នកឯងអាចមានសង្ឃឹមខ្លះ ថានឹងទទួល​បាន​តំណែង​ណា​មួយ»។

តំណាងរាស្ត្រ មកពីគណបក្សអ្នកសាធារណរដ្ឋរូបនេះ បានបញ្ចប់សេចក្ដីថា៖ «បើអញ្ចឹងទេ សូមកុំនិយាយបន្តទៀតថា អ្វីៗទាំងអស់ [របស់លោក អេម៉ានុយអែល ម៉ាក្រុង] សុទ្ធតែល្អ សុទ្ធតែអស្ចារ្យនោះ»៕

» វីដេអូ នៃកិច្ចពិភាក្សានៅក្នុងវិទ្យុ «Europe1»៖

អេនជឺលីណា ជូលី កំពុង​រៀបចំ​សម្ពោធ​ភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» នៅ​ក្រុង​សៀមរាប

អេនជឺលីណា ជូលី កំពុង​រៀបចំ​សម្ពោធ​ភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» នៅ​ក្រុង​សៀមរាប

នៅក្នុងកម្មវិធី ចាក់បញ្ចាំងដំបូង នៃភាពយន្ដរឿង «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ (ជាភាសា​​អង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» នឹងត្រូវចាប់ផ្ដើម​ធ្វើ នៅ​ថ្ងៃ​សៅរ៍​ទី១៨ ខែ​កុម្ភៈ​នេះ​ហើយ ចាប់ពីម៉ោង ៦ល្ងាចទៅ នៅលើលានជល់ដំរី ក្នុងបរិវេណ​ប្រាសាទ​អង្គរធំ។

ដំណឹងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានពីខេត្តសៀមរាប នៅមុននេះបន្តិច បាន​អះអាង​ថា នៅ​ខណៈ​នេះ កំពូលតារាហូលីវូដ ដែលបានក្លាយជា​អ្នកដឹកនាំរឿង នាង អេនជឺលីណា ជូលី (Angelina Jolie) កូន​ប្រុស​ស្រី​របស់​អ្នកស្រី រួមនឹងក្រុមការងារផង បានបង្ហាញខ្លួន​ នៅខាងមុខ​ព្រះរាជ​ដំណាក់ ក្នុងខេត្ត​សៀម​រាប។ ការ​បង្ហាញ​វត្តមាន ដែលគេជឿថា អ្នកស្រីទំនងជា​មាន​ជំនួប​ផ្លូវការ​អ្វីមួយនៅទីនោះ មុននឹង​អ្នកស្រី ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​វេលា​ម៉ោង ១២ (ក្នុងថ្ងៃដដែលនេះ) ​នៅ​សណ្ឋាគារ «Raffles Grand Hotel d'Angkor»។

ភាពយន្ដហូលីវូដ ដែលថតជាភាសាខ្មែរ និងមានការចូលរួម ពីតារាជាតិជាច្រើននេះ នឹងត្រូវ​ចាក់​បញ្ចាំង នៅ​​ពាស​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា។ កម្មវិធីចាក់បញ្ចាំង ដែលគេបានដឹង តាមរយៈទំព័រហ្វេសប៊ុក «Angelina Jolie / Angie» បានអះអាងថា៖ «ការចាក់បញ្ចាំង នៅរាជធានីភ្នំពេញ នឹងធ្វើនៅថ្ងៃទី ២១ ខែកុម្ភៈ ចាប់​ពី​ម៉ោង ៦ល្ងាច​ នៅ​ពហុ​កីឡាដ្ឋាន​អូឡាំពិក។ ការចាក់បញ្ចាំង នៅក្រុងបាត់ដំបង នឹងធ្វើនៅថ្ងៃទី ២៣ ខែកុម្ភៈ (ទី​កន្លែង និងពេល​វេលា នៅ​មិន​ទាន់​ឲ្យ​ដឹង នៅឡើយ)»។

» ទិដ្ឋភាព នៃការរៀបចំចាក់​បញ្ចាំង​ភាពយន្ដ នៅលើលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ៖

ភាពយន្ដ «មុន​ដំបូង ​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ជាការដកស្រង់រសជាតិ នៃជីវិត«ពិត»ដ៏​ខ្លោច​ផ្សារ នៅ​​ក្រោម​​របប​ប្រល័យ​ពូជសាសន៍ ខ្មែរក្រហម របស់​ប្រជាជនខ្មែរមួយរូប ឈ្មោះ លឿង អ៊ឹង។ ទោះ​នៅ​ក្នុង​​សម័យ​​នោះ អ្នកស្រី លឿង អ៊ឹង នៅមានវ័យជាកុមារភាពម្នាក់ (អាយុ៥ឆ្នាំ) ក៏ដោយ តែអ្នកស្រី​​បាន​​ចងចាំ​​ហេតុការណ៍ ដ៏​រន្ធត់​តក់ស្លុត ពីសង្គ្រាមព្រាត់ប្រាស់ ដែលបានកើតឡើង ក្នុងទសវត្សន៍ឆ្នាំ៧០ ជាពិសេស​ហេតុការណ៍ នៅ​នឹង​ភ្នែក នៃ​​ការ​​បណ្ដើរ នាំឪពុក​អ្នកស្រីចេញទៅ ពីសំណាក់ក្រុមខ្មែរក្រហម ដែលគ្មានថ្ងៃ​វិល​ត្រឡប់។ ទិដ្ឋភាពនៅ​ក្នុង​ចិត្ត​អស់​ទាំងនោះ បានជំរុញឲ្យអ្នកស្រី សរសេរ​ប្រលោមលោក «មុន​ដំបូង ​ខ្មែរ​ក្រហម​​សម្លាប់​​ប៉ា​​​របស់​ខ្ញុំ» នេះ​ឡើង មុន​នឹង​បោះពុម្ភ​ផ្សាយ ជាសៀវភៅ​នៅក្នុងឆ្នាំ២០០០៕