Posts tagged as "Zlatan Ibrahimovic"

១/៤​ផ្ដាច់​ព្រ័ត្រ​នៃ​ជើង​ឯក​អ៊ឺរ៉ុប៖ ប៉ារីស​ហាល​អាវ ខណៈ​រៀលម៉ាឌ្រីត​បន្ត​ដំណើរ

១/៤​ផ្ដាច់​ព្រ័ត្រ​នៃ​ជើង​ឯក​អ៊ឺរ៉ុប៖ ប៉ារីស​ហាល​អាវ ខណៈ​រៀលម៉ាឌ្រីត​បន្ត​ដំណើរ

ក្រុមប៉ារីសនៅលេងបាល់«អន់»នៅឡើយ ដោយដើរមិនបានឆ្ងាយ ក្រៅតែពីមកដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃ​ការប្រកួតដណ្ដើមជើងឯក ថ្នាក់អ៊ឺរ៉ុប ឬហៅថា «Champions League» ឆ្នាំ២០១៦នេះ។ ឆ្នាំនេះ ជាលើក​ទី៤​ហើយ ដែលក្រុមប៉ារីស បានឡើងមកដល់វគ្គនេះ ហើយជួបជាមួយក្រុម មែនឆេស្ទ័រស៊ីធី (Manchester City) និង​ទីបំផុត ត្រូវហាលអាវត្រឡប់ទៅផ្ទះវិញ យ៉ាងអាម៉ាស ដូចលើកមុនៗ។

ហើយកីឡាករ របស់ក្រុមមែនស៊ីធី ដែលបានធ្វើក្រុមប៉ារីសភ្លឺភ្នែក នៅក្នុងពេលទៅប្រកួត ក្នុងក្រុង មែនឆេស្ទ័រ ((Manchester) នាយប់ថ្ងៃអង្គារនេះ គឺកីឡាករអន្តរជាតិ មកពីប្រទេសប៊ែលហ្សិកឈ្មោះ «Kevin De Bruyne» នៅ​នាទីទី៧៦។ រីឯកីឡាករអន្តរជាតិល្បីៗ របស់ក្រុមប៉ារីស ដែលត្រូវបានទិញ ឬផ្ទេរមក ក្នុង​តម្លៃ​ដ៏ថ្លៃៗ បែរជា​មិន​ឃើញ​មានប្រតិកម្មអ្វីសោះ ដើម្បីយកឈ្នះ ក្នុងការប្រកួតមួយ ដែលពួកខ្លួនអះអាង ថាចង់លើក​ពាន​ឲ្យ​បាន​នោះ។

បើទោះជាកីឡាករជាច្រើន បានរងរបួស និងទទួលការព្រមាន មិនឲ្យចូលប្រកួតក៏ដោយ តែសម្រាប់​អ្នក​តាម​ដាន​បាល់ទាត់ភាគច្រើន បានទម្លាក់កំហុស នៃការ«ហាលអាវ»របស់ក្រុមប៉ារីស ទៅលើគ្រូបង្វឹក ឡូរ៉ង់ ប្លង់ (Laurent Blanc) ដែលបានប្ដូរប្លង់ឈរជើង របស់កីឡាករ ៣-៤-១-២ ខណៈប្លង់ឈរជើងរបស់ក្រុមប៉ារីស ជា​រៀង​រាល់​ដង គឺ ៤-៤-៣។

» ទស្សនាវីដេអូ ពីការសង្ខេបនៃការប្រកួតឡើងវិញ៖

ផ្ទុយទៅវិញ នៅឯរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញឯណោះវិញ ក្រុមរៀលម៉ាឌ្រីត (Real Madrid) កំពុង​ត្រេកអរ​នឹងជ័យជំនះ របស់ពួកគេ បន្ទាប់ពីបានបំបាក់ក្រុម វុលស្បួរ (Wolfsburg) ក្នុងពិន្ទុ៣-០ ដែល​សុទ្ធសឹង​ជាគ្រាប់បាល់ របស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo)។ ក្រុមរៀលម៉ាឌ្រីត បាន​ប្រតិកម្ម​ខ្លាំងៗ នៅក្នុងការប្រកួតលើកនេះ បន្ទាប់ពីបានប្រកួតចាញ់ ពីរគ្រាប់ នៅក្នុងកីឡាដ្ឋានរបស់ក្រុម វុលស្បួរ កាល​ពី​ថ្ងៃពុធ​សប្ដាហ៍មុន៕

» ទស្សនាវីដេអូ ពីការសង្ខេបនៃការប្រកួតឡើងវិញ៖

៥០លាន​អ៊ឺរ៉ូ ដើម្បី​ទុក ស្លាតាន់ ឲ្យ​បន្ត​ទាត់​នៅ​រដូវ​កាល​ក្រោយ?

៥០លាន​អ៊ឺរ៉ូ ដើម្បី​ទុក ស្លាតាន់ ឲ្យ​បន្ត​ទាត់​នៅ​រដូវ​កាល​ក្រោយ?

នៅសល់តែមួយខែកន្លះ​ទៀតប៉ុណ្ណោះ ដែលកិច្ចសន្យា​របស់កីឡាករ អន្តរជាតិល្បីឈ្មោះ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក (Zlatan Ibrahimovic) មកពីប្រទេសស៊ុយអែដ នឹងត្រូវបញ្ចប់ជាមួយក្រុមបាល់ទាត់ ប៉ារីស (Paris Saint-Germain ឬ PSG)។ ទន្ទឹមនឹងការប្រកាសជាច្រើនដង របស់កីឡាករខ្លួនឯង ដែលថាខ្លួន​នឹងឈប់នៅ ជា​មួយ​ក្រុមប៉ារីសទៀតហើយនោះ ក្រុមបាល់ទាត់ ប៉ារីស ឯណេះវិញ ទំនងជាបានធ្វើអ្វីគ្រប់យ៉ាង​ទាំងអស់ ដើម្បី​រក្សា​កីឡាករ​រូប​នេះ ឲ្យនៅទាត់ឲ្យក្រុម ជាបន្តទៅទៀត សម្រាប់រដូវកាលខាងមុខ។

សារព័ត៌មានកីឡា របស់ប្រទេសអ៊ីតាលី ឈ្មោះ «Gazzetta Dello Sport» បានផ្សាយឲ្យដឹងថា កីឡាករ​ជាតិ​ស៊ុយអែដ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក អាចនឹងបន្តកិច្ចសន្យារបស់ខ្លួន ជាមួយក្រុមប៉ារីស សម្រាប់មួយរដូវកាល (ឆ្នាំ​២០១៦-២០១៧) ខាងមុខទៀត មុននឹងចេញទៅទាត់ នៅក្នុងប្រទេសកាតា សម្រាប់រដូវកាលបន្ទាប់ គឺ​នៅ​ឆ្នាំ​២០១៧-២០១៨ ដែលនៅទីនោះ កីឡាករនឹងទទួលបានបៀវត្សន៍ប្រចាំឆ្នាំ ប្រមាណជា៥០លានអ៊ឺរ៉ូ។ តែចំពោះ​រដូវកាលក្រោយ គឺនៅឆ្នាំ២០១៦-២០១៧នេះ ក្រុមបាល់ទាត់ប៉ារីស បានស្នើប្រាក់បៀវត្សន៍ឲ្យកីឡាករ តែ​១២លាន​អ៊ឺរ៉ូប៉ុណ្ណោះ សម្រាប់ពេញមួយរដូវកាល។

ការចរចា ដើម្បីចង់ទុកឲ្យកីឡាករ នៅទាត់ឲ្យក្រុមប៉ារីស មិនត្រូវបានលាក់បាំងទេ។ គ្រូបង្វឹករបស់ក្រុមប៉ារីស លោក ឡូរ៉ង់ ប្លង់ (Laurent Blanc) បានថ្លែងទទួលស្គាល់ថា ពិតជាមានការជជែក ដើម្បីឲ្យកីឡាករ ស្លាតាន់ នៅ​បន្ត​កិច្ចសន្យា ជាមួយក្រុមប៉ារីសតទៅទៀត។ ប៉ុន្តែលោកបានឲ្យក្រុមអ្នកសារព័ត៌មាន រងចាំ​ដំណឺង​ទាំង​នេះ​ជា​ផ្លូវការ នៅប៉ុន្មានសប្ដាហ៍ខាងមុខ។

៥០លាន VS ៧៥លាន!

សម្រាប់សារព័ត៌មានអ៊ីតាលីដដែល បានអះអាងទៀតថា ព្រះអង្គម្ចាស់ អាល់ តានី (Cheikh Al-Thani) ដែល​ជាម្ចាស់កម្មសិទ្ធិ របស់ក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង មានបំណងដាក់ទុនយ៉ាងសម្បើមនេះ ដើម្បី​ទាក់​ទាញ​កីឡាករ ស្លាតាន់ ឲ្យទៅទាត់នៅក្នុងប្រទេសកាតា ចាប់ពីឆ្នាំ២០១៧នេះតទៅ។ មូលហេតុដ៏សំខាន់ គឺចង់​ឲ្យ​កីឡាករ ស្លាតាន់ ក្លាយជាកំពូលតារាបាល់ទាត់នៅក្នុងស្រុក (កាតា)  នៅមុនការឈានមកដល់ នៃការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិធ្វើនៅទីនោះ។

ប៉ុន្តែទឹកប្រាក់ ៥០លានអ៊ឺរ៉ូ សម្រាប់បៀវត្សន៍មួយរដូវកាល នៅមានចំនួនតិចតួចនៅឡើយ។ ព្រោះនៅ​ក្នុង​ពេល​ជាមួយគ្នានេះ គេទទួលបានដំណឹងមួយទៀតថា ក្រុមបាល់ទាត់មួយ នៅក្នុងប្រទេសចិន បានហ៊ាន​ខ្លាំង​ជាង​ព្រះអង្គម្ចាស់ នៅក្នុងប្រទេសកាតានេះទៅទៀត។ ក្រុមនោះបានសន្យាថា នឹងឲ្យបៀវត្សន៍ទៅកីឡាករ ស្លាតាន់ រហូតដល់ទៅ ៧៥លានអ៊ឺរ៉ូ សម្រាប់មួយរដូវកាល ប្រសិនណាជាកីឡាករ សម្រេចចិត្ត​ទៅ​ទាត់បាល់ នៅក្នុង​ប្រទេស​ចិន ដែលទំនងកំពុងក្លាយ​ជាមហាអំណាចថ្មី នៃបាល់ទាត់៕

ប៉ារីស ស្មើ មែនស៊ីធី ខណៈ រៀល រង​ការ​បំបាក់​ពី វុលស្បួរ

ប៉ារីស ស្មើ មែនស៊ីធី ខណៈ រៀល រង​ការ​បំបាក់​ពី វុលស្បួរ

តែអ្វីៗអាចនឹងមានការផ្លាស់ប្ដូរ នៅក្នុងការប្រកួត«ត្រឡប់»​វិញ របស់ក្រុមទាំងនេះ នៅក្នុងសប្ដាហ៍ក្រោយ។ ហើយបើទោះជាក្រុម ប៉ារីស (Paris Saint-Germain) ដែលបានត្រឹមស្មើរ ២-២ ជាមួយក្រុម មេនឆេស្ទើរស៊ីធី (Manchester City) ទទួលការខកចិត្តខ្លាំងយ៉ាងណាក៏ដោយ ក៏ការខកចិត្តនេះ នៅ​គ្រាន់​បើ​ជាង​ក្រុម វៀលម៉ាឌ្រីត (Real Madrid) ដែលត្រូវក្រុមដ៏តូចមួយ ឈ្មោះ វុលស្បួរ (Wolfsburg) វាយ​បំបាក់​ក្នុង​ពិន្ទុ ០-២។

ក្រុម វុលស្បួរ ដែលស្ថិតក្នុងភាគកណ្ដាល នៃប្រទេសអាល្លឺម៉ង់ មិនដែលបានឡើង មកដល់ការប្រកួត ដណ្ដើម​ពាន​អ៊ឺរ៉ុប (Champions League) ដូចនៅឆ្នាំនេះទេ ហើយក៏រឹតតែមិនអាចឡើង មកដល់​វគ្គ១ភាគ៤​នេះ​ទៀត​ផង។ ប៉ុន្តែនៅយប់ថ្ងៃពុធ ទី៦ ខែមេសានេះ ឆ្លៀតឱកាសដែលការប្រកួត បានធ្វើឡើងនៅក្នុងផ្ទះរបស់ខ្លួន ក្រុមនេះបានធ្វើការវាយសម្រុក ទៅលើក្រុមរៀលម៉ាឌ្រីត និងរកពិន្ទុបាន២គ្រាប់ ក្នុងរយៈពេល​តែ២៥នាទី​ដំបូង​ប៉ុណ្ណោះ។

រីឯក្រុមរៀល ដែលកំពុងត្រូវបាននាំមុខ ដោយពិន្ទុនេះរួចហើយ បានរងគ្រោះធ្ងន់ធ្ងរ​បន្ថែម​ទៀត នៅនាទីទី ៤០ ដោយកីឡាករអន្តរជាតិបារាំង ឈ្មោះ ប៊េនហ្សីម៉ា (Karim Benzema) បានរងរបួសនៅត្រង់ជង្គង់ និងត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ ពីការប្រកួតទាំងខ្លោចផ្សារ។

ចំណែកឯក្រុមប៉ារីស មិនបានឆ្លៀតឱកាសដ៏ល្អ ដែលការប្រកួត«ទៅ»នៅយប់ថ្ងៃពុធនេះ បានធ្វើឡើង ក្នុងផ្ទះ​របស់ខ្លួន ដូចក្រុមវុលស្បួរឡើយ។ បន្ថែមពីលើការទាត់«ដ៏សុភាពជ្រុល»នោះ ក្រុមប៉ារីសថែម​ទាំង​បាន​ប្រព្រឹត្តិ​កំហុស បញ្ជូនបាល់ខុសជើង ធ្វើឲ្យក្រុម មែនស៊ីធី ដណ្ដើមបាល់បាន ហើយបណ្ដើរទៅទាត់បញ្ចូលទី រក​ពិន្ទុ​ឲ្យ​ក្រុម​របស់​ពួកគេ យ៉ាងអស្ចារ្យ។ កីឡាកររបស់ក្រុមប៉ារីស ក្នុងយប់នេះ ធ្វើហាក់ដូចជាគ្មានអារម្មណ៍ នៅក្នុង​ខ្លួន​សោះ ព្រោះកីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) ដែលពូកែខាងរកគ្រាប់បាល់ នៅ​ខ្សែ​ប្រយុទ្ធ​របស់ក្រុមប៉ារីស នាពេលកន្លងមក បែរជាទាល់បាល់ពិន័យ ១១ម៉ែត្រ នៅពេលនេះមិនចូល។

សម្រាប់ការប្រកួត «ត្រឡប់» នៅសប្ដាហ៍ក្រោយ ក្រុមប៉ារីស ត្រូវតែឈ្នះក្រុម មែនស៊ីធី សូម្បីតែ​មួយ​ពិន្ទុ​ក៏​ដោយ (ឬស្មើរ ៣-៣) ដើម្បីអាចឡើងទៅវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលផ្ទុយពីក្រុម រៀល ដែល​ចាំបាច់​ត្រូវ​ឈ្នះ​ក្រុម វុលស្បួរ ដល់ទៅ៣គ្រាប់៕

បារីស ជាប់​ជា​ជើង​ឯក​មុន​ចប់​រដូវ​កាល បន្ទាប់​ពី​បំបាក់ ត្រ័រ ៩-០

បារីស ជាប់​ជា​ជើង​ឯក​មុន​ចប់​រដូវ​កាល បន្ទាប់​ពី​បំបាក់ ត្រ័រ ៩-០

បន្ទាប់ពីបង្ក្រាបក្រុម ឆែលស៊ី (Chelsea) ដើម្បីឡើងទៅប្រកួត នៅវគ្គ១/៤ នៃពានរង្វាន់ខ្នាតអ៊ឺរ៉ុប «Champions League» កាលពីដើមសប្ដាហ៍មុនរួច នៅរសៀលថ្ងៃអាទិត្យទី១៣ ខែមីនា ម្សិលម៉ិញនេះ ក្រុមប៉ារីស​ស៊ាំង​ហ្សែរម៉ាំង (Paris Saint Germain) ដែលជាក្រុម ប្រចាំឲ្យ​រដ្ឋធានីប៉ារីស ប្រទេសបារាំងនោះ បាន​ទទួល​បាន«ជើងឯក» នៃរដូវកាល២០១៥-២០១៦ រួចជាស្រេច។ ការដណ្ដើមយកតំណែង ជាជើង​ឯក​នេះ ស្ថិត​ក្នុង​ក្របខណ្ឌ​បាល់ទាត់អាជីព នៃការប្រកួតសន្សំពិន្ទុ សម្រាប់ពេញមួយរដូវកាល ដែលមានឈ្មោះថា «Ligue1» (ស្មើនឹង Premier Peague របស់អង់គ្លេស ឬ Liga របស់អេស្ប៉ាញ)។

ការប្រកួត នៅក្នុង «Ligue1» ទាំងមូលមាន៣៨ប្រកួត។ ប៉ុន្តែក្រុមប៉ារីស បានទទួលបានតំណែង ជាជើងឯក តាំងពីការប្រកួតទី៣០ រួចទៅហើយ។ ហេតុអ្វី? ព្រោះដោយសារក្រុមនេះ តែងទទួលបានជ័យជំនះ សឹងជា​រៀង​រាល់ការប្រកួត (ចាញ់តែម្ដងគត់ គឺការប្រកួតជាមួយក្រុម លីយ៉ុង "Lyon" កាលពីថ្ងៃទី២៨ ខែកុម្ភៈ​កន្លង​មក)។ មកដល់ពេលថ្ងៃនេះ ក្រុមប៉ារីស មានពិន្ទុ ៧៧ លើសក្រុម ម៉ូណាកូ (Monaco) ដែលស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ ដល់ទៅ២៥ពិន្ទុ ហើយដែលគ្មានក្រុមណា អាចតាមទាន់ បើគិតទៅលើការប្រកួត ដែលនៅសល់​តែ៨​ទៀតនោះ។

ចំណុចដែលក្រុមប៉ារីស បានសម្ដែងឲ្យគេឯងឃើញ ពីមហិទ្ធិរិទ្ធិនៃថ្វីជើងដ៏ខ្លាំងក្លា របស់កីឡាករល្បីៗ ដ៏​ចំណានៗ​របស់ខ្លួននោះ គឺក្រុមប្រចាំរដ្ឋធានីបារាំង បានបំបាក់ក្រុម ត្រ័រ ដែលជាក្រុមម្ចាស់ផ្ទះ (ក្នុងក្រុង Troyes ស្ថិតក្នុងភាគខាងកើតបារាំង) ក្នុងការជួបប្រកួតលើកទី៣០នេះ ដោយពិន្ទុ ៩ ទល់នឹង ០។ គ្រាប់​បាល់​ទាំង​៩នេះ មានបួនគ្រាប់ ជាថ្វីជើងដ៏ខ្លាំងក្លា របស់កីឡាករអន្តរជាតិ មកពីប្រទេសស៊ុយអែតឈ្មោះ «Zlatan Ibrahimovic» ដែលពិតជាកម្រណាស់ នៅក្នុងក្របខណ្ឌនានា ក្នុងទ្វីបអ៊ឺរ៉ុប (កីឡាករ "Cristiano Ronaldo" របស់ក្រុមរៀល ក្នុងប្រទេសអេស្ប៉ាញ ក៏រកបានបួនគ្រាប់ដែរ កាលពីសប្ដាហ៍កន្លងទៅ)។

ការដណ្ដើមបានជាជើងឯក នៅក្នុងក្របខណ្ឌ «Ligue1» មានភាពជោគជ័យ៤លើកជាប់ៗគ្នា សម្រាប់​ក្រុម​ប៉ារីស រាប់ចាប់តាំងពីក្រុមហ៊ុន «Qtar Sports Investments» របស់ប្រទេសកាតា បានទិញក្រុម​បាល់​ទាត់​នេះ កាលពីឆ្នាំ២០១១កន្លងមក។ តែបើគិតពីមុនឆ្នាំ២០១១ផង ក្រុមប៉ារីសដណ្ដើម បានភាពជាជើង​ឯក​នេះ ៦ដង។ គេត្រូវទន្ទឹងចាំមើលបន្តិចទៀត ដើម្បីដឹងថា តើឆ្នាំនេះ ក្រុមប៉ារីសអាចមានលទ្ធភាព នឹងក្លាយជាជើងឯក ដើម្បី​លើកពាន «Champions League» របស់អ៊ឺរ៉ុប បានឬយ៉ាងណា។ ពាន «Champions League» ដែល​ក្រុម​ប៉ារីស​ខ្លួនឯង តែងសុបិន្ដចង់បានតាំងពីយូរមកហើយ៕

» សង្ខេបការប្រកួតលើកទី៣០ឡើងវិញ រវាងក្រុមប៉ារីស ដែលជាភ្ញៀវ និងក្រុមត្រ័រ ដែលជាម្ចាស់ផ្ទះ៖

-----------

ក្រុម​បាល់ទាត់​ប៉ារីស បាន​ឈ្នះ​ពាន​រង្វាន់​សហព័ន្ធ ប្រចាំ​ឆ្នាំ​២០១៥

ក្រុម​បាល់ទាត់​ប៉ារីស បាន​ឈ្នះ​ពាន​រង្វាន់​សហព័ន្ធ ប្រចាំ​ឆ្នាំ​២០១៥

ទល់នឹងក្រុមគូប្រជែង ដែលមកពីក្រុង បាស៊ីយ៉ា (Bastia) នៃកោះ គក្ស៍ (Cors) ផ្នែកខាងត្បូង របស់ប្រទេសបារាំង ក្រុម​បាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (PSG) ប្រចាំរដ្ឋធានីប៉ារីស បានឈ្នះដោយមិនសូវប្រឹង បន្ទាប់ពីអាជ្ញាកណ្ដាល ដក​កាត​ក្រហម បណ្ដេញកីឡាករ របស់ក្រុមបាស៊ីយ៉ា មួយរូប នៅនាទីទី២១ ដែលបានបើកផ្លូវ ឲ្យកីឡាករអន្តរជាតិ មក​ពី​ប្រទេស​ស៊ុយអែដ ស្លាតាន អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) ទាល់បាល់ពិន័យ ១១ម៉ែត្រ យកពិន្ទុនាំមុខ១គ្រាប់ ឲ្យ​ក្រុម​ខ្លួន។

នេះជាការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ យប់ម្សិលម៉ិញ ដើម្បីដណ្ដើមពាន​រង្វាន់​សហព័ន្ធ ប្រចាំឆ្នាំ (League cup 2015) ដែលបានប្រព្រឹត្តិទៅ នៅក្នុងពហុកីឡាដ្ឋាន ស្ដាតឌឺហ្វ្រង់ (Stade de France) ស្ថិត​ក្នុង​តំបន់​ជាយរដ្ឋធានីប៉ារីស ប្រទេសបារាំង។

កីឡាករអន្តរជាតិ ស្លាតាន ដដែល ក៏បានរកគ្រាប់បាល់ បន្ថែមមួយគ្រាប់ទៀត នៅនាទីទី៤១ ដែលធ្វើឲ្យក្រុមប៉ារីស បាន​ឈ្នះ២ទល់នឹងសូន្យ មុននឹងវគ្គពាក់កណ្ដាលម៉ោងដំបូង បានបញ្ចប់។ ត្រឡប់ចូលមកប្រកួត នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមបាស៊ីយ៉ា ដែលមានចំនួនត្រឹមតែ ១០នាក់ មិនអាចរើបម្រាស់ ដើម្បីយកពិន្ទុទល់នឹងក្រុមប៉ារីស ដែលបានរៀបចំ​យ៉ាង​មាំ ទាំងខ្សែការពារ បម្រើ និងខ្សែប្រយុទ្ធនោះឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមប៉ារីស មានកីឡាករអន្តរជាតិ ចំណានៗ​ជាច្រើន ដែលត្រូវបានផ្លាស់ប្ដូរ ឲ្យចូលមកទាត់ និងចូលមកប្ដូរបច្ចេកទេសទាត់ នោះទៀត។

ការផ្លាស់ប្ដូរនេះហើយ ដែលបានធ្វើឲ្យក្រុមប៉ារីស រកគ្រាប់បាល់បានពីរគ្រាប់ទៀត នៅនាទី ទី៨០ និងនាទី ទី៩០+២ ដោយ​កីឡាករអន្តរជាតិ អេឌីសុន កាវ៉ានី (Edison Cavani) មកពីប្រទេសអ៊ុយរ៉ាហ្គាយ។ ជាជ័យជំនះលើកទី៥ របស់​ក្រុម​ប៉ារីស ដែលទទួលបានពានរង្វាន់ សហព័ន្ធប្រចាំឆ្នាំដូច្នេះ។ ហើយជ័យជំនះ សម្រាប់ឆ្នាំ២០១៥នេះ ក៏បានជួយឲ្យក្រុម​ប៉ារីស អាចបង្កលំនឹងចិត្តរបស់ខ្លួន ដើម្បីនឹងទៅជួបជាមួយក្រុម បាសឺឡូន ដ៏ខ្លាំងក្លា របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃពុធ​ខាង​មុខនេះ សម្រាប់ក្របខណ្ឌ នៃការប្រកួតដណ្ដើម ពានរង្វានជើងឯកអ៊ឺរ៉ុបប្រចាំឆ្នាំ ឆាមភៀន លីក (Champions Leagues)៕