Posts tagged as "Gu Kailai"

រឿងអាស្រូវនៅចិន៖ ហ្គូ កៃឡៃ បានសារភាពពីឃាតកម្មលើ នែល ហែលវូដ

រឿងអាស្រូវនៅចិន៖ ហ្គូ កៃឡៃ បានសារភាពពីឃាតកម្មលើ នែល ហែលវូដ

អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាអ្នកនយោបាយចិនធ្លាក់ពីអំណាច ដែលត្រូវបានជាប់ចោទពីការជាប់ពាក់ព័ន្ធ ក្នុង ឃាតកម្មមួយ ទៅលើជនជាតិអង់គ្លេសម្នាក់ឈ្មោះ នែល ហែលវូដ (Neil Heywood) អ្នកស្រីបានឆ្លើយសារភាព នៅក្នុង សវនាការ ថាបានសម្លាប់ជនជាតិនេះប្រាកដមែន។​ ក្នុងពេលនោះដែរ អ្នកស្រីក៏បានបង្ហាញនូវការសុំទោស ចំពោះ សោកនាដកម្មនេះ​ ដែលរូបអ្នកស្រីផ្ទាល់ជាអ្នកទទួលខុសត្រូវ។ នេះជាការផ្សាយអោយដឹង របស់ទីភ្នាក់ងារសារពត៌មាន ផ្លូវការរបស់ចិនថ្មី ថាជាឃាតកម្មមួយ ដែលជនរងគ្រោះបានស្លាប់ដោយសារ ការដាក់ថ្នាំបំពុល ហើយមានការឃុបឃិត ផងដែរ ពីសំណាក់លោក ហ្សាង ស៊ាវជន (Zhang Xiaojun) អ្នកធ្វើការក្នុងផ្ទះរបស់អ្នកស្រី។


អ្នកស្រី ហ្គូ កៃឡៃ នៅក្នុងសវនាការ។ រូបថត ចេញពីទូរទស្សន៍ចិន

នៅមួយថ្ងៃបន្ទាប់ ក្រោយថ្ងៃសវនាការ សារពត៌មានចិនថ្មី បានបកស្រាយយ៉ាងក្បោះក្បាយ ទៅលើសំនុំរឿង ដ៏រំជើបរំជួល នេះ ដោយបានរាយការណ៍ថា អ្នកស្រី ហ្គូ កៃឡៃ បានទទួលស្គាល់ នូវអំពើដែលខ្លួនបានប្រព្រឹត្ត។ តាមសារពត៌មានចិននេះ អ្នកស្រីបានប្រកាសថា «សោកនាដកម្មនេះ ដែលបានត្រូវបង្កឡើងដោយរូបនាងខ្ញុំនេះ មិនត្រឹមតែបានប៉ះពាល់ តែរូបជន រងគ្រោះ នែល ហែលវូដ ប៉ុណ្ណោះទេ តែវាបានប៉ះពាល់ទៅលើគ្រួសារផ្សេងទៀតជាច្រើន។»  ជាមួយគ្នានោះដែរ អ្នកធ្វើការ អោយអ្នកស្រី លោក ហ្សាង ស៊ាវជន បានសំដែងនូវការសុំទោសដូចគ្នា ចំពោះក្រុមគ្រួសារញាតិមិត្តរបស់ ជនរងគ្រោះ។

ទីភ្នាក់ងារសារពត៌មាន បានបន្ថែមថា អ្នកស្រី ហ្គូ មានសភាពផ្លូវចិត្តមិនប្រក្រតី រស់អាស្រ័យនឹងថ្នាំពេទ្យ ក្នុងអំឡុងពេល ឃាតកម្ម តែថា អ្នកស្រីមានស្មារតីល្អ នៅពេលបានប្រព្រឹត្តអំពើរនេះ។ តាមនាយករងម្នាក់នៃសាលាក្ដី ប្រចាំតំបន់នោះ បាន លើកពីពាក្យសំដីរបស់មេធាវី របស់ចុងចោទថា អ្នកស្រីមិនមានសភាពគ្រប់គ្រងខ្លួនឯងបានទាំងស្រុងទេ នៅពេលនោះ។

សាលក្រមសំរេច នឹងចេញផ្សាយអោយដឹងនៅពេលក្រោយ តែបើតាមលោកនាយករងសាលាក្ដីរូបនេះ បានធ្លោយអោយ ដឹងថា អ្នកស្រីហ្គូ និងលោកហ្សាង អាចប្រឈមមុចនឹង ទោសជាប់ពន្ធធនាគាពីដប់ឆ្នាំ រហូតដល់ទោសមួយជីវិត ឬក៏ទោស ប្រហាជីវិត ប្រសិនបើគេរកឃើញថា អ្នកទាំងពីរជាអ្នកបង្កនៅក្នុងឃាតកម្មនេះ។

តំណាងការទូតពីររូប មកពីប្រទេសអង់គ្លេស ត្រូវបានគេអនុញ្ញាតិអោយ ចូលរួមនៅក្នុងសវនាការនោះ ក្រោមកិច្ចព្រមព្រៀង មួយជាមួយនឹងប្រទេសចិន ដោយសារហេតុផលសញ្ជាតិនៃជនរងគ្រោះ។ រីឯ ក្រុមអ្នកសារពត៌មានអន្តរជាតិ មិនត្រូវបានគេ អនុញ្ញាតិ អោយចូលទៅក្នុងសវនាការទេ។

កាលពីថ្ងៃសុក្រទី១០សីហា អ្នកទទួលខុសត្រូវខាងនគរបាលចំនួនបួននាក់ ត្រូវបានតុលាការដដែលកាត់ទោស ថាបានបិទ សំនុំរឿងនេះ ដើម្បីការពារ អ្នកស្រី ហ្គូ កៃឡៃ នៅក្រោយពេលឃាតកម្ម។

ជាសំនុំរឿងឃាតកម្មមួយ ទៅលើ នែល ហែលវូដ ដែលធ្លាប់ជាអ្នកជិតស្និតនឹង គ្រួសារ ប៉ូ ​ស៊ីឡៃ (Bo Xilai) ដែលបានធ្វើ អោយ ពិភពអ្នកនយោបាយចិន រំជើបរំជួលជាខ្លាំង ក្នុងខណៈដែលសមាជិកដឹកនាំ ក្នុងបក្សកុម្មុយនីសចិន នឹងជិតត្រូវគេ ផ្លាស់ប្ដូរ ក្នុងរដូចស្លឹកឈើជ្រុះខាងមុខនេះ។

លោក ប៉ូ ​ស៊ីឡៃ អាយុ៦៤ឆ្នាំ ត្រូវបានគេផ្អាក ពីការិយាល័យនយោបាយកណ្ដាល របស់បក្សកុម្មុយនីសចិន តាំងពីជាងបីខែ មកហើយ ក្នុងមូលហេតុជាផ្លូវការថា បានរំលោភលើវិន័យផ្ទៃក្នុង។ ការដកគាត់ចេញ និងការស៊ើបអង្កេត ទៅលើគ្រួសារ របស់គាត់ ត្រូវបានគេកត់សំគាល់ថា ជារឿងអាស្រូវដ៏ធំមួយ មិនធ្លាប់មានតាំងពី២០ឆ្នាំមកហើយ ទៅលើថ្នាក់ដឹកនាំកំពូល របស់បក្ស។

ចុះដំណឹងរបស់ស្ថាបត្យករបារាំង ដែលចេញពីកម្ពុជាទៅចិន នោះ?

វាហាក់ដូចជានៅក្នុងស្រមោលងងឹតមួយ នៅពេលដែលគេចង់ដឹង ពីស្ថានភាពរបស់ លោកប៉ាទ្រិក ដឺវិល័រ (Patrick Devillers) ស្ថាបត្យករបារាំងអាយុ ៥២ឆ្នាំ ដែលត្រូវបានគេសង្ស័យ ថាមានទំនាក់ទំនង នៅក្នុងរឿងអាស្រូវនេះ។ គេគ្រាន់ តែដឹងថា លោកប៉ាទ្រិក ដឺវិល័រ អតីតអ្នកជិតស្និតនឹងគ្រួសារ ប៉ូ ​ស៊ីឡៃ មានវត្តមាននៅក្នុងប្រទេសចិន។

សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដែលនិយាយពីសំនុំរឿងលោក ប៉ាទ្រិក ដឺវិល័រ។

លោក ប៉ាទ្រិក ដឺវិល័រ បានចេញពីប្រទេសចិន តាំងពីច្រើនឆ្នាំកន្លងមក ដោយមកតាំងទីលំនៅក្នុងទីក្រុងភ្នំពេញ ប្រទេស កម្ពុជា​  ហើយ​ត្រូវបានអាជ្ញាធរខ្មែរចាប់ឃាត់ខ្លួន នៅថ្ងៃទី១៣មិថុនាកន្លងទៅមិញ ទៅតាមការស្នើសុំរបស់ ប្រទេសចិន។ លោកបានស្ថិតនៅក្រោមការឃុំឃាំង ពីសំណាក់នគរបាលអន្តោរប្រវេសកម្ពុជា បើទោះជាគ្មានបន្ទុកអ្វី ត្រូវបានគេចោទ មកលើរូបលោកក៏ដោយ។ តែនៅថ្ងៃទី២០កក្កដា លោកបានចាកចេញពីកម្ពុជា ដោយស្ម័គ្រចិត្ត ធ្វើដំណើរទៅកាន់ប្រទេស ចិន ដើម្បីចូលរួមសហការជាមួយ ការស៊ើបអង្កេតលើសំនុំរឿងរបស់អ្នកស្រី ហ្គូ ជាថ្នូទៅនឹងសេរីភាពរបស់គាត់​ សន្យា ដោយអាជ្ញាធរចិន។

ខាងក្រសួងការបរទេសបារាំង បាននិយាយថា លោកប៉ាទ្រិក ដឺវិល័រមិនបានត្រូវគេឃុំឃាំងទេ តែលោកក៏មិនមានសេរីភាព ក្នុងការធ្វើដំណើរដែរ។ ក្រសួងបានបញ្ជាក់ថា «មន្រ្តីរបស់យើង បានជួបគាត់ជារៀងរាល់ពេល ហើយគាត់នៅតែទទួលបាន ការពិគ្រោះ ពីសំណាក់ស្ថានទូតបារាំងប្រចាំ នៅប្រទេសចិន៕»

-----------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

របាយការណ៍បន្ថែម៖ ជនជាតិបារាំង ឃាត់ខ្លួននៅកម្ពុជា ទៅចិនធ្វើសាក្សី (AFP)

របាយការណ៍បន្ថែម៖ ជនជាតិបារាំង ឃាត់ខ្លួននៅកម្ពុជា ទៅចិនធ្វើសាក្សី (AFP)

ស្ថាបត្យករជនជាតិបារាំង លោកប៉ាទ្រិក ដឺវិល័រ បានចេញពីការឃុំឃាំងរបស់កម្ពុជា ហើយយល់ព្រមទៅចិន ដើម្បីសហការ ជាមួយនឹងទីក្រុងប៉េកាំង នៅក្នុងករណីសំនុំរឿង ប៉ូ ​ស៊ីឡៃ និងភរិយា។


អ្នកស្រី ហ្គូ កៃឡៃ និងលោក នែល ហែលវូដ

ជនជាតិបារាំងរួបនេះ បានស្ថិតនៅក្នុងការឃុំឃាំងរបស់ប្រទេសកម្ពុជា តាំងពីថ្ងៃទី១៣មិថុនាមក ដោយត្រូវបានប្រទេស នេះ ចាប់ឃាត់ខ្លួន ទៅតាមការស្នើសុំរបស់ប្រទេសចិន នៅក្នុងការជាប់ទាក់ទង់នឹង ការស៊ើបអង្កេតករណីរបស់ លោក ប៉ូ ​ស៊ីឡៃ និងភរិយា។ ទីក្រុងប៉េកាំងបានសុំអោយមានការបញ្ជូនខ្លួន បុរសជនជាតិបារាំងរូបនេះ ទៅកាន់ប្រទេសចិន ភ្លាម នៅក្រោយការចាប់ឃាត់ខ្លួន តែទីក្រុងភ្នំពេញ បានសុំអោយប្រទេសចិន ត្រូវបង្ហាញមកកម្ពុជា នូវសំនុំភស្ដុតាង ពីការជាប់ ទាក់ទង របស់លោកប៉ាទ្រិក ដឺវិល័រ (Patrick Devillers ) នេះជាមុនសិន។ ប៉ុន្តែ តាំងពីថ្ងៃពុធទី១៨កក្កដានេះ លោកប៉ាទ្រិក បានទៅដល់ប្រទេសចិន ដោយ«ការសុខចិត្តសុខកាយ ទទួលយល់ព្រម» ពីសំណាក់ខ្លួនលោកផ្ទាល់ ក្នុងការសហការ ជា សាក្សី ដើម្បីស៊ើបអង្កេត លើសំនុំរឿងនេះជាមួយ នឹងអាជ្ញាធរចិន។

លោក សុខ ផល អគ្គស្នងការរង នៃនគរបាលជាតិកម្ពុជា បាននិយាយថា «លោកប៉ាទ្រិក ដឺវិល័រ បានជិះយន្ដហោះចេញពី កម្ពុជា ប្រហែលជាឆ្ពោះទៅកាន់ទីក្រុង សៀងហៃ ប្រទេសចិន ហើយស្ថានទូនបារាំង ប្រចាំនៅកម្ពុជា បានឯកភាព១០០% លើការសំរេចចិត្តរបស់ លោក។» នៅថ្ងៃពុធដដែល ស្ថានទូតបារាំង ប្រចាំនៅចិន បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើ រឿងនេះទេ តែក្រសួងការបរទេសបារាំង តាមរយះអ្នកនាំពាក្យ លោក ប៊ែរណា វ៉ាឡេរ៉ូ (Bernard Valero) បានបញ្ជាក់ថា លោកប៉ាទ្រិក បានធ្វើដំណើរទៅកាន់ប្រទេសចិន ដោយ​ការសំរេចចិត្តផ្ទាល់របស់លោក ហើយ «ស្ថានទូនបារាំងនៅ បរទេស បានទទួលពីអាជ្ញាធរចិន នូវការធានាមួយចំនួន។ ប្រទេសបារាំង មិនបាននៅក្នងកិច្ចសន្ទនា ដែលបានធ្វើឡើង រវាងលោក ប៉ាទ្រិក ដឺវិល័រ ជាមួយនឹងអាជ្ញាធរចិននោះទេ។ ដូច្នេះមិនមានរឿងអី ដែលយើងអាចធ្វើអត្ថាធិប្បាយ អោយ ច្រើនបានទេ។» អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ស្ថាបត្យករជនជាតិបារាំង នឹងនៅតែទទួលបាននូវ ការគាំពាពីសំណាក់ ស្ថានទូតបារាំង ប្រចាំនៅចិន។

តើលោក ប៉ាទ្រិ ដឺវិល័រ នឹងអាចផ្ដល់ជូនអ្វីខ្លះ ដល់អាជ្ញាធរចិន?

អាចប្រហែលជា ស្ថានភាពហិរញ្ញវត្ថុ ដែលទំនងជាខុសច្បាប់របស់ អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai ) ភរិយារបស់ លោក ប៉ូ ស៊ីឡៃ។ អ្នកស្រី ត្រូវបានគេសង្ស័យ ជាប់ទាក់ទង នឹងឃាតកម្ម លើជនជាតិអង់គ្លេសម្នាក់ ឈ្មោះ នែល ហែលវូដ (Neil Heywood) ដែលបានស្លាប់នៅសណ្ឋាគារ នៅខេត្រចុងជីង កាលពីខែវិច្ឆិការកន្លងទៅ។ លោកប៉ាទ្រិក ដឺវិល័រ អាចនៅក្នុង «ក្រុមមិត្តភ័ក្រ ជនជាតិបរទេស» របស់ អ្នកស្រី ហ្គូ ដែលគាត់បានជួបស្គាល់គ្នាជាលើកដំបូង កាលពីឆ្នាំ ១៩៩០។

សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដែលនិយាយពីសំនុំរឿងនេះ។

អ្នករួមសហការការងារ ពិសេស?

លោកប៉ាទ្រិក ទំនងបានចាប់ផ្ដើមទំនាក់ទំនងពីឆ្នាំ១៩៩០ ជាមួយភរិយារបស់លោក ប៉ូ ស៊ីឡៃ ដែលកាលនោះជាមេធាវី នៅក្នុង ការិយាល័យមេធាវី ហូរ៉ាល (Horas)។ នៅពេលដែល អ្នកស្រី ហ្គូ បានមកលេងកូនប្រុសអ្នកស្រី ដែលស្នាក់រៀន នៅអង់គ្លេស លោក ប៉ាទ្រិក ប្រហែលបានក្លាយជាអ្នករួមសហការការងារ ជាមួយនឹងលោកស្រី តាមរយះក្រុមហ៊ុនមួយ ទៀត ឈ្មោះ អាដាដ (Adad)​ ដែលទទួលបន្ធុក រកស្ថាបត្យករនៅអ៊ឺរ៉ុប ដើម្បីគំរោងអភិវឌ្ឍន៍ផ្សេងៗ នៅប្រទេសចិន។ ក្នុងឆ្នាំ២០០៦ នៅពេលដែលលោក ប៉ាទ្រិក បាន បង្កើតក្រុមហ៊ុនមួយ នៅលុចហ្សំប៊ូរ លោកបានប្រើអស័យដ្ឋាន នៅ ទីក្រុងប៉េកាំង របស់ការិយាល័យ អង់ ដាវ ល័រ ដែលជាការិយាល័យមួយ ជាប់ស្ថិតនឹង អ្នកស្រី ហ្គូ។ អ្នកទាំងពីរ ត្រូវបាន គេដឹងថា បានស្នាក់នៅរួមគ្នា ក្នុងផ្ទះជួលមួយ នៅក្នុងភូមិ Bournemouth នៃតំបន់ឆ្នេរសមុទ្ររបស់អង់គ្លេស ដែលជាហេតុ ធ្វើអោយ មានអ្នកខ្លះទៀតមន្ទិល នឹងទំនាក់ទំនង់បេះដូងរវាងអ្នកទាំងពីរ ថែមទៀតផង។

តាមអ្វីដែលខាងអាជ្ញាធរចិន បានបង្ហើបអោយដឹង គឺលោក នែល ហែលវូដ បានជួយគ្រួសារ លោក ប៉ូ ស៊ីឡៃ នៅក្នុងការ លាងលុយកខ្វក់ នៅប្រទេសចិន។ ពលរដ្ឋចិនម្នាក់ៗ មិនត្រូវបានអនុញ្ញាតិ អោយធ្វើការផ្ទេរទឹកប្រាក់ ទៅក្រៅប្រទេស ច្រើនជាង ៥០​ ០០០ដុល្លាអាមេរិក នោះទេ។ ជនជាតិអង់គ្លេសរូបនេះ ត្រូវបានគេសំលាប់ ដោយសារតែមានជម្លោះមួយ ហើយជនជាតិអង់គ្លេសនេះ បានគំរាម ថានឹងបើកកកាយពីរឿងអាស្រូវខាងលើ ចេញមកជាសារធារណៈ។

តើលោកប៉ាទ្រិក ជាតួអង្គមួយសំខាន់ នៅក្នុងបណ្ដាញនេះមែនឬ?

កាលពីចុងខែមិថុនា លោករដ្ឋមន្ដ្រីក្រសួងពត៌មានខ្មែរ ខៀវ កញ្ញារិទ្ធ បានប្រកាសថា ជនជាតិបារាំងរូបនេះ ត្រូវបានឃាត់ ខ្លួន ដោយមូលហេតុ ពីការជាប់ទាក់ទងជាមួយអ្នកស្រី ហ្គូ ដែលមើលទៅ ទំនងជាបានថែរក្សា «លុយជំនួសអ្នកស្រី»៕

---------------------------------------------------------------------
ដោយ ៖ សេកកុមារ - ប៉ារីស ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ចិន ស្នើសុំពលរដ្ឋបារាំង ឃាត់ខ្លួននៅកម្ពុជា ជួយក្នុងសំនុំរឿង ប៉ូ ស៊ីឡៃ

ចិន ស្នើសុំពលរដ្ឋបារាំង ឃាត់ខ្លួននៅកម្ពុជា ជួយក្នុងសំនុំរឿង ប៉ូ ស៊ីឡៃ

ក្រោយពីបានស្នើអោយ អាជ្ញាធរកម្ពុជាចាប់ខ្លួន ពលរដ្ឋបារាំងម្នាក់ឈ្មោះ ប៉ាទ្រិក ដឺវិល័រ កាលពីថ្ងៃទី១៣មិថុនាកន្លងមក អាជ្ញាធរចិន បានសន្យានៅថ្ងៃនេះ ថានឹងមិនប្ដឹងផ្ដល់ លើលោក ប៉ាទ្រិក ដឺវិល័រ នេះទេ បើលោកស្ម័គ្រចិត្ត ធ្វើជាសាក្សី។


លោក ប៉ូ ​ស៊ីឡៃ និងភរិយា

អ្នកនាំពាក្យម្នាក់របស់កម្ពុជា បាននិយាយថា ប្រទេសចិនបានសុំអោយ ស្ថាបត្យករជនជាតិបារាំងរូបនេះ សហការជាមួយ នឹងប្រព័ន្ធយុត្តិធម៌ចិន នៅក្នុងសំនុំរឿង របស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ចិនម្នាក់ ឈ្មោះ ប៉ូ ​ស៊ីឡៃ ដោយសន្យាថា នឹងមិន ប្ដឹងផ្ដល់ ជនជាតិបារាំងរូបនេះទេ។ លោក ប៉ាទ្រិក ដឺវិល័រ (Patrick Devillers​) ត្រូវបានចាប់ឃាត់ខ្លួន ក្នុងបទសង្ស័យថា លោកមានចំណងទាក់ទង កិច្ចការងារ និងជាមិត្តជិតស្និតរបស់ លោក ប៉ូ ​ស៊ីឡៃ អតីតអ្នកនយោបាយជាន់ខ្ពស់ម្នាក់ នៅក្នុង បក្សកម្មុនីយចិន។ សំនុំរឿងនេះបានធ្វើអោយ រំជួលយ៉ាងខ្លាំងទៅដល់ ស្រទាប់អ្នកនយោបាយចិន។

លោក ប៉ាទ្រិក ដឺវិល័រ អាយុ ៥២ឆ្នាំ មិនទាន់ត្រូវបានចិន បើកសំនុំរឿងស៊ើបអង្កេត លើរូបគាត់នៅឡើយទេ ហើយមូលហេតុ ច្បាស់លាស់ តាមផ្លូវច្បាប់ ក៏នៅមិនទាន់គេនិយាយបា្រប់ អោយច្បាស់នៅឡើយដែរ។ ដោយសារហេតុដូចនេះហើយ ដែល ទីក្រុងប៉ារីស តម្រូវសុំអោយមានការបំភ្លឺអោយច្បាស់។

លោកខៀវសុភ័ក្រ អ្នកនាំពាក្យ របស់ក្រសួងមហាផ្ទៃខ្មែរ បាននិយាយប្រាប់ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP) ថា «ប្រទេសចិន បានស្នើសុំ អោយនាំគាត់ ទៅកាន់ប្រទេសចិន ដើម្បីជួយក្នុងការស៊ើបអង្កេត ហើយគាត់នឹងមិនត្រូវបាន គេប្ដឹងផ្ដល់ចោទប្រកាន់ឡើយ។ តែគាត់នៅមិនទាន់សំរេចចិត្តនៅឡើយ។ ហើយគឺគាត់ខ្លួនឯង ជាអ្នកសំរេចចិត្តនេះ។» តែលោកមិនបាននិយាយបញ្ជាក់ ថាហេតុដូចម្ដេច បានជាស្ថាបត្យករបារាំងរូបនេះ ត្រូវបានឃាត់ខ្លួន បើសូម្បីប្រទេសចិន ដែលជាអ្នកស្នើអោយកម្ពុជាធ្វើ មិនទាំងមានបំណងធ្វើការចោទប្រកាន់អ្វីផងនោះ។ ប្រទេសទាំងពីរ ទាំងពីរបានចុះសន្ធិ- សញ្ញាមួយ ស្ដីពីការ ផ្ដោះប្ដូរអ្នកទោស ដោយអនុញ្ញាតិអោយកម្ពុជា អាចឃុំខ្លួន ជនសង្ស័យក្នុងរយះពេល ៦០ថ្ងៃ។

រដ្ឋមន្ដ្រីការបរទេសខ្មែរ លោកហោ ណាំហុង បានសុំអោយចិនបង្ហាញ នូវភស្ដុតាងទាំងឡាយ មុននឹងមានការចាប់បញ្ជូល ខ្លួន ជនជាតិបារាំង។ នៅក្រោយពេលជួបជាមួយ ដៃគូសន្ទនារបស់លោក ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំតំបន់នេះ លោក បាននិយាយថា «បើជនជាតិបារាំងនោះ ចង់ទៅប្រទេសចិន យើងនឹងសុំការយល់ព្រមមួយ ពីអាជ្ញាធរខ្មែរ ពីស្ថានទូនចិន ពីស្ថានទូនបារាំង និងពីជនជាតិបារាំងនោះខ្លួនឯង។»

ស្ថានទូតបារាំងនៅភ្នំពេញ មិនមានធ្វើអធ្ថាធិប្បាយអ្វីទេ។

លោក ប៉ូ ​ស៊ីឡៃ ត្រូវបានគេបឈ្ឈប់ពី តួនាទីជាចៅហ្វាយខេត្ត ឈុងហ្គីង (Chongqing) បន្ទាប់ពីបានត្រូវគេបឈ្ឈរជើង កាលពីប៉ុន្មានខែមុននេះ ពីការិយាល័យនយោបាយ នៃគណកម្មាធិការកណ្ដាល របស់បក្សកុម្មុយនីសចិន។ លោកបានក្លាយ ជាមុខសញ្ញា ក្នុងការស៊ើបអង្កេតមួយ ដែលមានជាប់ទាក់ទងនឹងរឿងពុករលួយដ៏ធំ។ ភរិយារបស់គាត់ ជាអតីតមេធាវី តែងតាំងមួយរូប ត្រូវបានជាប់សង្ស័យ ក្នុងរឿងឃាតកម្មមួយ ទៅលើជនជាតិអង់គ្លេសម្នាក់ ដែលលោក ប៉ូ ​ស៊ីឡៃ និងភរិយា នេះ ធ្លាប់មានទំនាក់ទំនងធ្វើជំនួញជាមួយ៕

---------------------------------------------------------------------
ដោយ ៖ សេកកុមារ - ប៉ារីស ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ