Posts tagged as "Joachim Löw"

អ៊ឺរ៉ូ២០១៦៖ «បរាជ័យ​នេះ មិន​ស័ក្ដិសម»

អ៊ឺរ៉ូ២០១៦៖ «បរាជ័យ​នេះ មិន​ស័ក្ដិសម»

ការជម្រុះចេញពីការប្រកួត ជាលក្ខណៈអន្តរជាតិដ៏ធំ ដូចយ៉ាង «អ៊ឺរ៉ូ២០១៦» ដូច្នេះ មិនមែនជាទិដ្ឋភាព ដែល​ក្រុមជម្រើសជាតិ ណាមួយចង់បាននោះទេ។ ជាពិសេសក្រុមជម្រើសជាតិ​អាល្លឺម៉ង់ ដែលកំពុងកាន់​ពាន​ជើង​ឯក​​ពិភពលោក (ឆ្នាំ២០១៤) នៅក្នុងដៃ និងតែងប្រកួតឈ្នះបារាំង តាំងពីឆ្នាំ១៩៥៨រហូតមក បែរជាត្រូវ​ក្រុម​បារាំង​ម្ចាស់​ផ្ទះ បំបាក់ក្នុងពិន្ទុពីរទល់នឹងសូន្យ កាលពីយប់ថ្ងៃទី៧ ខែកក្កដាម្សិលម៉ិញ។

តាមពិតទៅ សាច់បាល់ និងបច្ចេកទេសទាត់ របស់ក្រុមអាល្លឺម៉ង់ មានលក្ខណៈគ្រាន់បើជាង និងគ្របសង្កត់​យ៉ាងច្រើន​ ពីលើក្រុមបារាំង នៅក្នុងការប្រកួត នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​យប់ម៉ិញ នៅចំពោះ​អ្នក​ចូល​រួម​ទស្សនា​​ប្រមាណជាង ៦ម៉ឺន៤សែននាក់ នាកីឡាដ្ឋានក្រុមម៉ារសីយ៍ (ខាងត្បូងបារាំង)។ ប៉ុន្តែទោះ​ការគ្រប់​គ្រង​សាច់​បាល់ និងបច្ចេកទេសទាត់​ល្អប្រសើរ​បែបណាក៏ដោយ ក៏វាមិនគ្រាប់គ្រាន់​ឡើយ សម្រាប់​ក្រុមបាល់​ទាត់​មួយ ខណៈគេចាំបាច់ត្រូវរកគ្រាប់បាល់​ឲ្យបាន ដើម្បីឈ្នះការប្រកួត។

យ៉ាងណា សភាពសោកស្ដាយ នៅតែមានទំហំធំ និងជាបរាជ័យមួយ ដែលមិនស័ក្ដិសម។ កីឡាករចាំទី​អាល្លឺម៉ង់​ដ៏​ល្បី ឈ្មោះ ម៉ានុយអែល ណឺយើ (Manuel Neuer) បានថ្លែងនៅក្រោយការប្រកួតថា៖ «យើង​បាន​ចូល​មកប្រកួត នៅក្នុង"អ៊ឺរ៉ូ២០១៦" ដោយជោគជ័យរហូតមក ប៉ុន្តែក្នុងពេលនេះ យើងត្រូវបានជម្រុះ​ចេញ​ជា​ស្ថាពរ​ហើយ។ វាជារឿងជូរចត់ណាស់។ យើងបានវាយលុកខ្លាំង និងមានឱកាសនៅក្នុង​ពាក់​កណ្ដាល​ម៉ោង​ទី​មួយ តែគួរឲ្យស្ដាបយ យើងរកគ្រាប់បាល់មិនបាន។ ក្រុមបារាំងមានភាពស្វិតស្វាញ និងអត់ធ្មត់ខ្លាំង។ ប្រសិន​ជា​នៅ​ចុង​បញ្ចប់ នៃពាក់កណ្ដាលម៉ោងដំបូង យើងមានពិន្ទុ០-០នោះ មិនអីទេ។ ប៉ុន្តែជាមួយ​​នឹងពិន្ទុ​នាំមុខ​​របស់​​បារាំង ១-០ វាកាន់តែ​ធ្វើឲ្យ​ខាងបារាំង មានភាពងាយស្រួលខ្លាំងឡើង ក្នុងការ​គ្រប់គ្រង​ការប្រកួត។»

ចំណែកឯគ្រូបង្វឹកអាល្លឺម៉ង់ លោក ជ័អាសីម ឡូវ (Joachim Löw) ក៏បានគិតដែរថា ក្រុមជម្រើស​ជាតិ​របស់​លោក បាន​ទាត់​បាល់​ល្អជាក្រុមគូប្រកួត។ លោកថ្លែងឡើងថា៖ «យើងមានឱកាសជាច្រើន រហូតមក​ដល់​មុន​ចុង​បញ្ចប់ នៃពាក់កណ្ដាលម៉ោងដំបូង។ យើងមានប្រៀបជាងឆ្ងាយណាស់ ប៉ុន្តែយើងរកគ្រាប់បាល់​មិន​បាន។ វា​ជា​រឿង​គួរឲ្យសោកស្ដាយណាស់ ហើយកីឡាករទាំងអស់ បានខកចិត្តនឹងការជម្រុះចេញនេះ។ (...) ថ្ងៃ​នេះ ភ័ព្វ​សំណាង​មិន​នៅខាងយើងទេ ដូចជាការពិន័យបាល់១១ម៉ែត្រ ព្រោះកំហុសប៉ះដៃ ហើយកីឡាករ ប៊តាំង (Boateng) បានចេញពីការប្រកួត ព្រោះមានរបួស ខណៈកីឡាករ​ជាច្រើននាក់របស់យើង (កីឡាករ «Hummels» «Gomez» និងកីឡាករ «Khedira») មិនមានវត្តមានរួចទៅហើយ។ ជាពិសេស នៅចំពោះ​គ្រាប់​បាល់​ទីពីរ​របស់​បារាំង យើងមិនគួរទុកឲ្យកីឡាករ ប៉ូគបា (Pogba) បញ្ជូនបាល់មកកណ្ដាលទី ដូច្នេះ​ទេ។»៕

អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

ទីបំផុតទៅ ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «អ៊ឺរ៉ូ២០១៦» បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបាន​ជម្រុះ​ចេញ នូវក្រុមជម្រើសជាតិនានា ដែលខ្លួនបានជួបប្រកួតជាមួយ ជាបន្តបន្ទាប់។ នាយប់នេះជា​ថ្មី​ទៀត ជា​មួយ​គ្រាប់​បាល់​ទាំង​ពីរគ្រាប់ របស់កីឡាករខ្សែប្រយុទ្ធ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) ក្រុម​​មាន់​គក​​បារាំង បាន​ជម្រុះ​ក្រុមអាល្លឺម៉ង់ ដែលកំពុងកាន់ពានជើងឯកពិភពលោក ឆ្នាំ២០១៤ នៅនឹងដៃនៅឡើយ ឲ្យ​​ត្រឡប់​ទៅ​​ផ្ទះ​​វិញ ទាំង​សោកស្ដាយ និងនៅចំពោះអ្នកចូលទស្សនា ក្នុងកីឡាដ្ឋានក្រុង ម៉ារសីយ៍ (ភាគ​​ខាង​​ត្បូង) ប្រមាណ​​ជាង ៦ម៉ឺន៤ពាន់នាក់។

យ៉ាងណាក៏ដោយ នៅចំពោះក្រុមអាល្លឺម៉ង់ ដែលមានសាច់បាល់ដ៏ល្អ បច្ចេកទេសទាត់ ការគ្រប់គ្រង និង​ការ​វាយសន្ធាប់ដ៏ខ្លាំងក្លានោះ ក្រុមបារាំងដង្ហក់មិនស្ទើរឡើយ ជាពិសេសនៅ ក្នុងពាក់កណ្ដាលម៉ោងទីមួយ ដែល​ក្រុម​ឥន្ទ្រីយ៍​ដែក​អាល្លឺម៉ង់ គ្រប់គ្រងសាច់បាល់បានរហូត ដល់ទៅជាង៣០នាទី។ ក្រុមបារាំងមានឱកាស​វាយ​សន្ធាប់ ទៅលើក្រុមអាល្លឺម៉ង់ តែប៉ុន្មាននាទីដំបូង ដែលបើកឱកាសឲ្យកីឡាករ អង់ទ័ន គ្រីស្មាន់ ទទួល​បាល់​​ពី​កីឡាករ ប្ល៊េស្ស៍ ម៉ាទ្វីឌី (Blaise Matuidi) ទាត់បញ្ចូលទីបានមុនគេភ្លាមៗ នៅនាទីទី៦។

នៅចំពោះកីឡាករអាល្លឺម៉ង់ ម៉ានុយអែល ណឺយើរ (Manuel Neuer) ដែលល្បីថាជាកំពូល​កីឡាករ​ចាំទី របស់​ពិភពលោកនោះ គ្រាប់បាល់ដំបូងនោះ មិនបានធ្វើឲ្យរង្គើរដល់ក្រុមអាល្លឺម៉ង់ សូម្បីបន្តិច​ឡើយ។ ហើយ​ចាប់​ពី​ពេល​នោះ​មក ក្រុមឥន្ទ្រីយ៍ដែក បានគ្រប់គ្រងបាល់ និងបានសង្កត់ពីលើក្រុមមាន់គក​រហូត។ ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ នៃ​ពាក់​កណ្ដាលម៉ោងទីមួយ កីឡាករអាល្លឺម៉ង់ បាស្ទៀង ស្វេនស្តេងជ័រ (Bastian Schweinsteiger) បាន​យក​ដៃ​ប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន ដែលអនុញ្ញាត​ឲ្យ​អាជ្ញា​កណ្ដាល ផ្ដល់​​ឱកាស​​ឲ្យ​​កីឡាករ​បារាំង អង់ទ័ន គ្រីស្មាន់ ទាត់បាល់ពិន័យចំងាយ១១ម៉ែត្រ រកពិន្ទុ​ឲ្យ​ក្រុម​ខ្លួន បាន​​១ទល់​នឹង​០។

ពិន្ទុនាំមុខរបស់បារាំង បានធ្វើឲ្យក្រុមអាល្លឺម៉ង់ ត្រឡប់ចូលមកក្នុងការប្រកួត ក្នុងវគ្គពាក់កណ្ដាលម៉ោងទីពីរ ជា​មួយ​​នឹង​ការវាយសន្ធាប់ខ្លាំងជាងមុន។ ប៉ុន្តែគម្រោង ដែលធ្វើការវាយលុកខ្លាំង មិន​ប្រាកដ​ថា ខ្សែការពារ​​នៅ​ផ្នែក​​ខាង​ក្រោយ មាន​សភាពរឹងមាំខ្លាំងដែរនោះទេ។ ដោយសារតែហេតុនេះហើយ ទើប​កីឡាករ ប៉ូល ប៉ូគបា (Paul Pogba) នៃក្រុម​បារាំងបានឆក់ឱកាស នៃការធ្វេសប្រហែស របស់ខ្សែការពារអាល្លឺម៉ង់ និង​បាន​ឆក់បាល់​បញ្ជូន​​មក​​កណ្ដាល​ទីលាន ឲ្យកីឡាករខ្សែប្រយុទ្ធ អូលីវីយ៉េ ហ្សីរូ (Olivier Giroud) តែ​ត្រូវ​កីឡាករ​ចាំទី អាល្លឺម៉ង់ ទះចេញបានមុន។ ផ្ទុយទៅវិញ ការទះបាល់ចេញនេះ ហាក់ដូចជាឲ្យ«កាដូ»សម្រាប់កីឡាករបារាំង អង់ទ័ន គ្រីស្មាន់ ដែល​​គ្រាន់តែយកជើង«ធាក់»បាល់ បញ្ចូលទីនៅតាមចន្លោះជើង របស់​កីឡាករ​ចាំទី​អាល្លឺម៉ង់ នឹង​អាល​​រក​ពិន្ទុ​​​ឲ្យក្រុម​មាន់គកមួយទៀត (២-០) នៅនាទីទី៧២។

នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យទី១០ ខែកក្កដា ខាងមុខនេះ ក្នុងកីឡាដ្ឋានធំរបស់បារាំង ឈ្មោះ «Stade de France» (ខាងជើងជាប់រដ្ឋធានីប៉ារីស) ក្រុមបារាំងនឹងត្រូវជួប ជាមួយក្រុមព័រទុយហ្គាល់ ដែល​​ទើប​នឹង​បំបាក់​ក្រុម វៀល្ស៍ កាលពីយប់ម្សិលម៉ិញ ដោយពិន្ទុពីរទល់នឹងសូន្យ។ ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក៏អាច​ចាត់​ទុកថា ជា​ដៃគូ​សងសឹកដែរ។ កីឡាករបារាំង អង់ទ័ន គ្រីស្មាន់ ដែលកំពុងទាត់ឲ្យក្រុម​អាជីព អាត្លេទីកូ​ម៉ាឌ្រីត (Atletico Madrid) ទើបតែបានប្រកួតចាញ់ កីឡាករ​​អន្តរជាតិ​ល្បី​ឈ្មោះ របស់​ក្រុម​ព័រទុយហ្គាល់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែល​កំពុង​ទាត់​ឲ្យក្រុម រៀល​ម៉ាឌ្រីត (Real Madrid) ក្នុងក្របខណ្ឌ «Champions Leagues ២០១៦» កាល​​ពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ (រូបថតខាងលើ)៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖

អ៊ឺរ៉ូ២០១៦៖ ក្រុមទាំងបួនចុងក្រោយ​ ដើម្បីដណ្ដើមជើងឯក

អ៊ឺរ៉ូ២០១៦៖ ក្រុមទាំងបួនចុងក្រោយ​ ដើម្បីដណ្ដើមជើងឯក

ក្រុមជម្រើសជាតិបារាំង ជាក្រុមដែលទទួលបាន​សំបុត្រកៅអីក្រោយគេ ដើម្បីឡើងទៅជួបជាមួយ ក្រុមដៃ​គូ​សង​សឹក អាល្លឺម៉ង់ ដែលជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាង​មុខ។ រីឯ​ក្រុម​ជម្រើសជាតិព័រទុយហ្គាល់ បានស្គាល់គូប្រកួតរបស់ខ្លួន តាំងពីច្រើនថ្ងៃហើយ គឺក្រុម វៀល្ស៍ (Wales - ទឹកដី​នៅ​ភាគ​ខាងលិច នៃចក្រភពអង់គ្លេស) ដែលជាក្រុមមួយ បង្កការភ្ញាក់ផ្អើលខ្លាំងជាងគេបង្អស់ ក្នុង​ការ​ចូល​​មក​​ដល់​​វគ្គ៤ក្រុម ចុងក្រោយគេនេះ ខណៈក្រុមវៀល្ស៍​បាន​ខកខាន​​ជំនួបបែនេះ តាំងពី៤៨ឆ្នាំ​មក​ហើយ។

សំខាន់បំផុតនោះ គឺក្រុមទាំងបួន សុទ្ធតែមានក្ដីសុបិន្តដូចគ្នា៖ ដំណើមតំណែងជើងឯក «អ៊ឺរ៉ូ២០១៦» នេះ​ឲ្យ​បាន! ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមជម្រាបជូន ពីកាលវិភាគនៃការប្រកួត នៅវគ្គ១ភាគ២ផ្តាចព្រ័ត្រ ក៏​ដូច​ជា​​តួ​​លេខ​​ខ្លាំង​ខ្សោយ​សំខាន់ៗ នៃក្រុមទាំងបួន ដើម្បីទុកជូនប្រិយមិត្តអ្នកអាន គ្រាន់ជាការវិភាគ។

» ថ្ងៃពុធទី៦​ ខែកក្កដា៖ ក្រុមព័រទុយហ្គាល់ ទល់នឹងក្រុម វៀល្ស៍ ម៉ោង​២១ នៅ​បារាំង (ត្រូវនឹងម៉ោង២ភ្លឺស្អែកឡើង នៅកម្ពុជា) ក្នុង​កីឡា​ដ្ឋាន​ក្រុង លីយ៉ុង ភាគ​ខាង​ត្បូង​បារាំង៖

+ ក្រុមព័រទុយហ្គាល់

- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះម្ដង, ស្មើ៤ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ៦គ្រាប់ តែត្រូវគេដាក់វិញ ៥គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) និង ណានី (Nani) បាន​ម្នាក់ពីរគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៥៤%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឡើងមកដល់ការប្រកួតផ្ដាច់ព្រ័ត្រម្ដង នៅឆ្នាំ២០០៤
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះម្ដង ចាញ់៣ដង
- ប្រកួតមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្នុងពេលកន្លងមក៖ នៅឆ្នាំ២០១២ ទល់នឹងក្រុមអេស្ប៉ាញ បានស្មើរ ០-០ តែចាញ់នៅពេលទាត់បាល់ ១១ម៉ែត្រ​កាត់សេចក្ដី។

- យោបល់៖ នៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ រកគ្រាប់​បាល់​បានច្រើនជាងគេ បន្ទាប់ពីអតីតកីឡាករបារាំង មីឆែល ផ្លាទីនី (Michel Platini)។

+ ក្រុមវៀល្ស៍

- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៤ដង, មិនដែលស្មើ, ចាញ់ម្ដង, រកគ្រាប់បាល់បាន ១០គ្រាប់ តែត្រូវគេដាក់វិញ ៤គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ ហ្គារេត បាល់ (Gareth Bale) បានបីគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៤៧%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឡើងមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០១៦នេះ
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖  មិនដែលចូលរួមប្រកួត ពីមុនមកទេ

- យោបល់៖ ក្រុម វៀល្ស៍ រកបានគ្រាប់បាល់ ១០គ្រាប់ ពីក្នុងចំណោមការព្យាយាមទា​ត់បញ្ចូលទី ៥៩ដង ដែល​ជា​​ប្រសិទ្ធិ​ភាព​មួយដ៏ខ្ពស់។

» ថ្ងៃព្រហស្បត្តិ៍ទី៧​ ខែកក្កដា៖ ក្រុមអាល្លឺម៉ង់ ទល់នឹងក្រុម បារាំង ម៉ោង២១ នៅ​បារាំង (ត្រូវនឹងម៉ោង២ភ្លឺស្អែកឡើង នៅកម្ពុជា) ក្នុងកីឡាដ្ឋានក្រុង ម៉ារសីយ៍ ភាគ​ខាង​ត្បូង​បារាំង៖

+ ក្រុមអាល្លឺម៉ង់

- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៣ដង, ស្មើ២ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ៧គ្រាប់ តែត្រូវគេ​ដាក់​វិញ ១គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ ម៉ារីយ៉ូ ហ្គូម៉េស (Mario Gomez) បានពីរគ្រាប់
- ភាគរយគ្រប់គ្រងបាល់៖ ៦៣%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឈ្នះយកពានមកកាន់ក្នុងដៃ នៅឆ្នាំ១៩៧២, ១៩៨០ និង​​ឆ្នាំ១៩៩៦
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះ៥ដង ចាញ់២ដង

- យោបល់៖ ក្រុមអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក ជ័តឈីម ឡូវ (Joachim Löw) មានខ្សែការពារ​ខ្លាំង​ក្លា​ណាស់។

+ ក្រុមបារាំង

- ប្រកួតក្នុង«អ៊ឺរ៉ូ២០១៦»៖ ឈ្នះ៤ដង, ស្មើ១ដង, មិនដែលចាញ់, រកគ្រាប់បាល់បាន ១១គ្រាប់ តែត្រូវគេ​​ដាក់​​វិញ ៤គ្រាប់
- កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៖ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) បាន៤គ្រាប់
- ភាគ​រយ​គ្រប់គ្រងបាល់៖ ៥៦%
- ប្រវត្តិអស្ចារ្យ នៅក្នុងការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប៖ ឈ្នះយកពានមកកាន់ក្នុងដៃ នៅឆ្នាំ១៩៨៤, ២០០០
- ប្រវត្តិនៃលទ្ធផលទទួលបាន នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ៖ ឈ្នះ២ដង ចាញ់២ដង
- ប្រកួតមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្នុងពេលកន្លងមក៖ នៅឆ្នាំ២០០០ ទល់នឹងក្រុមព័រទុយហ្គាល់ បានឈ្នះ​ដោយពិន្ទុ ២-១

- យោបល់៖ បារាំងតែងបានឈ្នះ យកពានជើងឯកមកកាន់ បន្ទាប់ពីបានឈ្នះ នៅក្នុងការប្រកួតពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្ររួច៕

អ៊ឺរ៉ូ២០១២៖​ អាឡឺម៉ងបំបាក់ក្រិច ធ្វើអោយខ្ទាតចេញពីអ៊ឺរ៉ូ

អ៊ឺរ៉ូ២០១២៖​ អាឡឺម៉ងបំបាក់ក្រិច ធ្វើអោយខ្ទាតចេញពីអ៊ឺរ៉ូ

អាឡឺម៉ង់បានសំរេច នូវគោលបំណងរបស់ខ្លួន ក្នុងការឡើងទៅ ១ភាគ២ផ្ដាច់ព្រ័ត្រ ដោយបានប្រកួតឈ្នះក្រិច ក្នុងពិន្ទុ ៤-២ ក្នុងវគ្គ ១ភាគ៤ផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី​២២មិថុនា កន្លងទៅនេះ។ ក្រុមបាលទាត់ជំរើសជាតិ របស់ប្រទេសក្រិច ដែលកំពុងតែជួបវិបត្តិស្រាប់នេះ  បានត្រូវគេផាត់ចេញជាស្ថាពរ ពីការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ២០១២ ក្រោមទំងន់ជើង របស់ក្រុមជំរើសជាតិអាឡឺម៉ង់។


ក្រុមកីឡាករអាឡឺម៉ង់ ត្រេតអរនឹងជ័យជំនះរបស់ខ្លួន។ Photo: uefa.com

នៅក្នុងបរិបទនយោបាយ និងសេដ្ឋកិច្ចសព្វថ្ងៃ ប្រទេសអាឡឺម៉ង់បានក្រើនរំលឹកជារឿយៗ ពីខ្សែរបន្ទាត់នយោបាយ ដែល ប្រទេសក្រិច ត្រូវដើរ ដើម្បីបញ្ជៀសខ្លួន ពីវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាពិសេសបើសិនជាក្រិច ចង់នៅក្នុង សហគមអ៊ឺរ៉ុប (ចាយលុយអ៊ឺរ៉ូ) ជាបន្តទៅទៀត។ ហើយគឺនៅលើទីលានប្រកួតបាល់ទាត់​ ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី​២២មិថុនា ឯនេះទៅវិញទេ ដែលប្រទេសអាឡឺម៉ង់ បានអនុវត្តជាក់ស្ដែង ពីនយោបាយក្រើនរំលឹកនេះ ដាក់ប្រទេសក្រិច តាមរយះ ក្រុមកីឡាករជំរើសជាតិររៀងៗខ្លួន ក្នុងពិន្ទុ ៤ទល់នឹង២។ មិនត្រឹមតែក្រើនរំលឹកធម្មតាទេ ក្រុមកីឡាករក្រិច បានត្រូវមួយ ព្រនង់យ៉ាងធ្ងន់ពី ក្រុមកីឡាករអាឡឺម៉ង ដោយត្រូវអាឡឺម៉ងទាត់ចូលទីដល់ទៅ ៤គ្រាប់ ហើយបណ្ដេញចេញពីអ៊ឺរ៉ូ ២០១២ ថែមទៀត។

បើនិយាយពីបច្ចេកទេស ក្នុងការរៀបក្រឡាបាល់វិញ គ្រូបង្វឹកអាឡឺម៉ង់ ជ័អាឆីម ឡ័វ (Joachim Löw) ដឹងថាក្រឡាបាល់ ដែលគាត់បានរៀប តទល់នឹងក្រុមដាណឺម៉ាក មានចន្លោះប្រហោងខ្លះ ជាពិសេស ខាងខ្សែរប្រយុទ្ធរបស់ខ្លួន ដែលជាហេតុ ធ្វើអោយអាឡឺម៉ង់ ដកដង្ហើម សឹងតែមិនដល់ នៅក្នុងការប្រកួតជុំជំរុះ ជាមួយដាណឹម៉ាក កាលនោះ។ ហេតុដូច្នេះហើយ លោក ជ័អាឆីម ឡ័វ បានប្ដូរយុទ្ធវិធីនេះ ដោយបានដាក់កីឡាករខ្សែរប្រយុទ្ធថ្មីៗ មកជំនួសវិញ។ ហើយការផ្លាស់ប្ដូរនេះ បានគ្របសង្កត់ ក្រឡាបាល់របស់ក្រិចជាប់រហូត សឹងតែរើមិនរួច។ ជាជំរើសមួយដ៏ត្រឹមត្រូវ ដែលបានបង្កអោយកីឡាករ អាឡឺម៉ង់ មានឱកាសស៊ុតបញ្ចូលទីរបស់ ក្រិច រាប់សឹងតែមិនអស់ (១១ដង ក្នុងពាក់កណ្ដាលម៉ោងដំបូង) ។


អ្នកចាំទីរបស់ក្រិច លោតទៅចាប់បាល់ តែបាល់ស៊ុតច្រើនពេកចាប់មិនអស់។ Photo: uefa.com

បើទោះជាទទួលព្រនង់ យ៉ាងជូរចត់ពីសំណាក់ ក្រុមបាលទាត់អាឡឺម៉ង់ក៏ដោយ ក៏ក្រុមកីឡាករក្រិច មិនសក្ដិសមនឹង ទទួលនូវ ការពិន័យបែបនេះដែរ ហើយបានធ្វើការវាយបកវិញ ជាច្រើនលើក។ ពួកកីឡាករក្រិច បានខិតខំរកពិន្ទុមកវិញ ហើយថែមទាំងយកស្មើបាន នៅនាទីទី ៥៥ថែមទៀតផង។ តែការយកស្មើនេះ មានរយះពេលត្រឹមតែបន្ដិចប៉ុណ្ណោះ ដោយអាឡឺម៉ង់ បានពន្លឿនការយកប្រៀប ហើយស៊ុត៣គ្រាប់ផ្ទួនៗ​ ទៅលើក្រិចបន្ថែមទៀត។ នៅជិតចប់ការប្រកួត ក្រិចបានរកបានមួយគ្រាប់ មកបន្ថែមទៀត ដោយសារដៃរបស់កីឡាករខ្សែរការពារអាឡឺម៉ង់ម្នាក់ បានទៅប៉ះបាល់ ក្នុងតំបន់ គ្រោះថ្នាក់ មុខទីរបស់ខ្លួន ដែលជាហេតុអោយអាជ្ញាកណ្ដាល អោយក្រិចទាត់បាល់ពិន័យនេះ។ ប៉ុន្តែការរក ពិន្ទុត្រឡប់មកវិញ តែប៉ុណ្ណោះ សំរាប់ផ្ដួលអាឡឺម៉ង់ ដែលមានថាមពលសេដ្ឋកិច្ច និងនយោបាយ យ៉ាងល្អប្រសើរនោះ ពិតជាមិនគ្រប់គ្រាន់ទេ។ ដូច្នេះ ដំណើរឆ្ពោះទៅដណ្ដើមពានរង្វាន់អ៊ឺរ៉ូ នៅឆ្នាំនេះ របស់ក្រុមបាល់ទាត់ក្រិច ដែលធ្លាប់ជា ម្ចាស់ពានរង្វាន់អ៊ឺរ៉ូ កាលពីឆ្នាំ២០០៤នោះ សូមបញ្ចប់តែត្រឹមនេះ។

ការយកជ័យជំនះរបស់អាឡឺម៉ង់នេះ ត្រូវបានគេមើលឃើញថា អាឡឺម៉ង់ហាក់ដូចជាគ្មានញាប់ញ័រអ្វី សូម្បីបន្តិចសោះ នៅចំពោះមុខគូរប្រជែងរបស់ខ្លួន។ គេកំពុងរងចាំមើលថា តើ អ៊ីតាលីឬអង់គ្លេស (ពីរក្រុមនេះ នឹងប្រកួតគ្នានៅថ្ងៃអាទិត្យ ទី២៤មិថុនា) ដែលនឹងត្រូវឡើងទៅ ១ភាគ២ផ្ដាច់ព្រ័ត្រ ជាមួយអាឡឺម៉ង់នោះ? ហើយការប្រកួតគ្នាមួយ ដ៏ រញ្ជួលមេឃ កក្រើកដី នឹងច្បាស់ជាកើតមានជាពុំខាន៕


កីឡាករអាឡឺម៉ង់ ក្លូសេ បានប្រើក្បាលស៊ុតបញ្ចុលបាល់។ Photo: uefa.com


កីឡាករអាឡឺម៉ង់ ឡាម បានរកពិន្ទុអោយក្រុមខ្លួនមុនគេ។ Photo: uefa.com

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអាឡឺម៉ង ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកគាំទ្រ

អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិអាឡឺម៉ង ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកគាំទ្រ

ជ័អាឆីម ឡ័វ  (Joachim Löw) ចង់បានក្រុមជំរើសជាតិមួយ ដែលជារូបភាពរបស់គាត់ ដូចជា រួសរាយ រាក់ទាក់ ហើយហ៊ានធ្វើ ហ៊ានទទួល។ វានៅខ្វះតែពានរង្វាន់ មកកាន់នឹងដៃតែប៉ុណ្ណោះ ដែលនឹងធ្វើអោយ រូបភាពនេះ ក្លាយជា ល្អឥតខ្ចោះតែម្ដង។


គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ របស់ក្រុមជំរើសជាតិអាឡឺម៉ង់។

ជានយោបាយមួយយ៉ាងល្អ ដែលសូម្បី ទេសាភិបាលលោកស្រី អង់ជឺឡា មែរគែល (Angela Merkel) ក៏បានយល់យ៉ាង ច្បាស់ដែរ។ ក្រុមបាល់ទាត់ ជំរើសជាតិរបស់អាឡឺម៉ង់ ត្រូវបានទទួល នៅក្នុងខេត្តមួយរបស់ប្រទេសប៉ូឡូញ  ដែលនៅ ចិញ្ចឹមចិត្តនៅក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងអាឡឺម៉ង់នៅឡើយ។ ហើយ គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ ចង់ធ្វើអោយមាន រូបភាពដ៏ល្អមួយ របស់ បណ្ដាកីឡាករក្មេងៗ ជំនាន់ក្រោយ ដែលមានលក្ចណៈរួសរាយ និងសប្បាយរីករាយធម្មតា។

រីឯរូបគាត់ជាគ្រូបង្វឹកវិញ ក៏បានខិតខំសម្រិតសម្រាំង រូបភាពផ្ទាលរបស់គាត់ដែរ ដូចជាស្លៀកពាក់ត្រឹមត្រង់ ជាមួយនឹង កដៃអាវ តម្រឹមយ៉ាងស្អាតបាត។ រូបភាពដែលបានផ្លាស់ប្ដូរនេះ ត្រូវបានសារធារណមតិក្នុងពិភពបាល់ទាត់អាឡឺម៉ង់ អបអរសាទរជាទូទៅ។ គេបាននិយាយយល់ព្រមជាមួយ និងគ្រូបង្វឹកអាំឡឺម៉ង់នេះថា៖ «រូបភាពដែលយើង ធ្វើនៅថ្ងៃនេះ នឹងជាស្រមោលចាំងមកវិញ នូវរាល់លទ្ធផលនៃការប្រកួត។ គេនៅចាំបាន កាលពីអំឡុងឆ្នាំ១៩៨២ និង ១៩៨៦ ក្រុម អាឡឺម៉ងកាលពេលនោះ មិនសូវជាមានគេចូលចិត្តប៉ុន្មានទេ ។[...] ហើយកាលនោះ ក្រុមអាឡឺម៉ង់ ទាត់បាល់មិនបានល្អ ទៅទៀត។»

គ្រូបង្វឹក លោក ជ័អាឆីម ឡ័វ បាននិយាយពីគោលជំហររបស់គាត់ ក្នុងការដឹកនាំក្រុមបាល់ទាត់សំរាប់ឆ្នាំនេះថា៖ «ខ្ញុំចង់ ប្រលូកនឹងគ្រោះថ្នាក់ ហើយក៏មិនខ្លាចនឹងដាក់ច្របល់ចូលគ្នា នូវគ្រប់លទ្ធភាពទាំងអស់នោះដែរ។ ខ្ញុំមិនចង់បាន បាលទាត់ ដែលមានលក្ខណៈក្រិត្រក្រមនោះទេ។»

អ្នកគាំទ្រភាគច្រើន នៃក្រុមបាល់ទាត់អាឡឺម៉ង់ សង្ឃឹមយ៉ាងមុតមាំថា ក្រុមនេះនឹងអាំចឡើងទៅដល់ យ៉ាងហោចណាស់ ក៏ពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ តែគ្រូបង្វឹកបាននិយាយ ក្នុងន័យធានាថា៖ «វាច្បាស់ណា់ស់ហើយ ដែលរូបខ្ញុំផ្ទាល់ ក៏ចង់ អោយគេកត់ត្រាឈ្មោះខ្ញុំនៅក្នុងសៀវភៅដែរ។» ប៉ុន្ដែមុន នឹងសៀវភៅបាន កត់ត្រាពីជ័យជំនះរបស់គាត់ លុះត្រាតែ អាឡឺម៉ង់ត្រូវបំបែកភាពបរាជ័យរបស់ខ្លួន ដែលមានជាបន្ដបន្ទាប់ ក្នុងការដណ្ដើមពានរង្វាន់ធំៗ បីលើកមកហើយ ជាមុន នោះសិន៕

----------------------------------------------------
ដោយ ៖ សេកមនោកុមារ - ប៉ារីស ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
Source d'info : 20minutes.fr