Posts tagged as "a320"

អាកាសចរណ៍​ស៊ីវិល៖ អ៊ែរប៊ូស​អ៊ឺរ៉ុប បង្កើត​សាខា​១០០%នៅ​ឥណ្ឌា

អាកាសចរណ៍​ស៊ីវិល៖ អ៊ែរប៊ូស​អ៊ឺរ៉ុប បង្កើត​សាខា​១០០%នៅ​ឥណ្ឌា

អ៊ែរប៊ូស (Airbus) ក្រុមហ៊ុនផលិតយន្ដហោះដ៏ធំសម្បើមរបស់អ៊ឺរ៉ុប និងមានទីស្នាក់ការកណ្ដាល នៅក្នុងប្រទេស​បារាំង ទើបនឹងប្រកាសថា ខ្លួនបានបើកសាខារបស់ខ្លួនមួយទៀត នៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាដែលក្រុមហ៊ុន​អ៊ែរប៊ូស យល់ឃើញថា មានទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់ និងមានឥទ្ធិពលដ៏ខ្ពស់ សម្រាប់ការសាងសង់យាន្ដ​អាកាស​ចរណ៍របស់ខ្លួន។


យន្ដហោះអ៊ែរប៊ូស អា៣៨០ (A380) ជាយន្ដហោះ​ដឹក​អ្នក​ដំណើរ បាន​ច្រើន​ជាងគេក្នុងលោក។ (រូបថត ក្រុមហ៊ុន)

អាកាសចរណ៍ - សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនយក្សផលិតយន្ដហោះរបស់អ៊ឺរ៉ុប បានបញ្ជាក់ឲ្យដឹង​នៅថ្ងៃទី១១ ខែមីនានេះ ថា សាខាថ្មីដែលមានឈ្មោះថា អ៊ែរប៊ូស ឥណ្ឌា នឹងដាក់រួមបញ្ចូលក្រុមការងារយុទ្ធសាស្ត្រ សេវាកម្មបម្រើអតិថិជននិងការលក់ ព្រមទាំងមានមជ្ឈមណ្ឌលមួយសម្រាប់អតិថិជននៅរដ្ឋធានីញ៉ូ ដែល្លី និងទីក្រុង​បុមបៃ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន អ៊ែរប៊ូសឥណ្ឌា ក៏បង្កើតឲ្យមាននូវមជ្ឈមណ្ឌលវិស្វកម្មមួយ នៅទីក្រុង​បឹងហ្កាល័រ នោះថែមទៀត។

សេចក្ដីប្រកាសដដែលនោះបានឲ្យដឹងទៀតថា មជ្ឈមណ្ឌលមួយទៀត សម្រាប់ការជួសជុលថែរក្សា និងត្រួតពិនិត្យ​យាន្ដអាកាស នឹងត្រូវបង្កើតនៅពេលក្រោយ។

លោក ស្រ៊ីនីវ៉ាសាន់ ដ្វារ៉ាកាណាត (Srinivasan Dwarakanath) អគ្គនាយកប្រចាំឲ្យសាខាក្រុមហ៊ុនអ៊ែរប៊ូស នៅ​ប្រទេស​ឥណ្ឌានេះ បានថ្លែងឲ្យដឹងថា ជំហានរបស់ក្រុមហ៊ុនអ៊ែរប៊ូសអ៊ឺរ៉ុប នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដើម្បីបង្កើននូវគំនិតល្អថ្មីៗ ឆ្លើយតបភ្លាមៗទៅនឹងកំណើនសេដ្ឋកិច្ច និងស្វែងរកនូវកិច្ចសហប្រតិបត្តិ​ការបន្ថែម​នៅ​ក្នុងតំបន់។

ក្រុមហ៊ុនអ៊ែរប៊ូស ទទួលស្គាល់ថា ឥណ្ឌា ជាប្រទេសដែលមានសក្ដានុពលដ៏ខ្លាំងមួយ នៅក្នុងវិស័យអាកាសចរណ៍។ ជាមួយនឹងយន្ដហោះប្រភេទអ៊ែរប៊ូស ដែលមានប្រមាណជា ១៧០យន្ដហោះ កំពុងដំណើរការរួចហើយក្នុងប្រទេស ក្រុមហ៊ុនយក្សរបស់អ៊ែរ៉ុប បានឲ្យដឹងទៀតថា ខ្លួនបានយកទីផ្សារអាកាសចរណ៍របស់ប្រទេសនេះ មានចំនួនច្រើន​ជាង ៦០%  សម្រាប់ការបញ្ជាទិញយន្ដហោះថ្មីៗបន្ថែមទៀត តាំងពីឆ្នាំ២០០៥នោះមក៕

----------------------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១១ មីនា ២០១៤

AirBus A380 យន្ដហោះ​ដឹក​អ្នក​ដំណើរ​បាន​ច្រើន​ជាងគេក្នុងលោក

AirBus A380 យន្ដហោះ​ដឹក​អ្នក​ដំណើរ​បាន​ច្រើន​ជាងគេក្នុងលោក

អ៊ែរប៊ូស អា៣៨០ (Airbus A380) ជាប្រភេទយន្ដហោះស៊ីវិល ដែលដឹកមនុស្សបានច្រើនបំផុតក្នុងលោក ហើយក៏អាច​ធ្វើដំណើរ បានឆ្ងាយបំផុតផងដែរ ដោយមិនចាំបាច់ចុះសំចត។  យន្ដហោះនេះផលិតឡើងដោយក្រុមហ៊ុន អ៊ែរប៊ូស និងសហការជាមួយ EADS។ រាល់បំណែកផ្សេងៗរបស់វា ត្រូវបានគេផលិតនៅជុំវិញអ៊ឺរ៉ុប ដូចជានៅបារាំង អាឡឺម៉ង់ អេស្ប៉ាញ និងអង់គ្លេស តែការផ្គុំបំណែកទាំងអស់ចូលគ្នា ត្រូវបានធ្វើនៅ ខេត្រទូលូ Toulouse ប្រទេសបារាំង។ ម៉ាស៊ីនប្រតិកម្មទាំងបួន ដែលមានតំលៃស្មើរនឹង ៣១%នៃតំលៃទាំងមូលរបស់យន្ដហោះ ត្រូវបានផលិត និងផ្គុំនៅនឹង​រោងចក្រ អ៊ែប៊ូស នាខេត្រទូលូនេះតែម្ដង។ អង្កត់ទ្រូងរបស់ ម៉ាស៊ីនប្រតិកម្មនីមួយៗ មានទំហំប៉ុនខ្លួន​របស់យន្ដហោះ​អ៊ែប៊ូស មួយទៀត ប្រភេទ អា៣២០។

តាមពិត គំរោងរបស់យន្ដហោះនេះ មាននៅលើក្រដាស តាំងតែពីឆ្នាំ ១៩៩០ នៅក្រោមឈ្មោះថា A3xx ​មកម្លេះ។ ហើយ​ការហោះ​សាកល្បងជាលើកដំបូង បានប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០០៥ នៅព្រលានយន្ដហោះ ខេត្រទូលូ ខណៈដែល​ការដាក់អោយធ្វើពាណិជ្ជកម្មលើកទីមួយ ទៅលើយន្ដហោះប្រភេទនេះ គឺទើបតែចាប់ផ្ដើម​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៧​ប៉ុណ្ណោះដោយក្រុមហ៊ុន ស៊ាំងហ្គាពួរ អ៊ែរឡាញ ដែលបានភ្ជាប់ការហោះហើររវាង ស៊ាំងហ្គាពួរ និងទីក្រុង ស៊ីនី ប្រទេសអូស្រ្ដាលីនៅពេលនោះ។

អ៊ែរប៊ូស អា៣៨០ ជាយន្ដហោះដឹកអ្នកដំណើរបានច្រើនជាងគេបង្អស់ ក្នុងលោក ហើយក៏ជាយន្ដហោះ​ធំ​ជាងគេ ក្នុង​ប្រវត្តិសាស្រ្ត លេខ៣បន្ទាប់ពី  Hughes H-4 Hercules និង l'Antonov An-225។ ជាន់ខាងលើរបស់​យន្ដហោះ អ៊ែរប៊ូស អា៣៨០ អនុញ្ញាតិអោយ បន្ថែមផ្ទៃក្រឡាបាន៥០%ថែមទៀត បើប្រៀបធៀបទៅនឹង យន្ដហោះ​គូប្រជែង 747-400 ផលិតដោយក្រុមហ៊ុន អាមេរិក ប៊ូអ៊ីង (Boeing)។

ដំបូងឡើយ អ៊ែរប៊ូស អា៣៨០  មានគំរោងផលិតជាពីរប្រភេទ។ ប្រភេទទីមួយ អែរប៊ូស អា៣៨០-៨០០ ដែល​អាច​ដឹកអ្នកដំណើរបានរវាងពី៥២៥ ទៅ៨៥៣នាក់ តាមចំនង់បញ្ជាទិញពីក្រុមហ៊ុនយន្ដហោះទាំងឡាយ ដែលអាច រៀបជាចំណាត់ថ្នាក់ធម្មតា និងសំរាប់ពាណិជ្ជករ ឬចំណាត់ថ្នាក់ធម្មតាសុទ្ធ។ ហើយមួយទៀត អា៣៨០-៨០០អេហ្វ កាហ្គោ (A380-800F cargo) ដែលជាយន្ដហោះដឹកទំនិញ មានចំណុះរហូតដល់ទៅ ១៥០តោន។ ប៉ុន្តែការបញ្ជាទិញ ដែលក្រុមហ៊ុន​ទទួលបាន មានតែទៅលើប្រភេទ អា៣៨០-៨០០ តែប៉ុណ្ណោះ។ ដូច្នេះហើយ ទើបក្រុមហ៊ុន អ៊ែរប៊ូស ផ្អាកការផលិត​យន្ដហោះប្រភេទ កាហ្គោ រហូតដល់ឆ្នាំ២០១៥។ គេក៏អាចបញ្ជាទិញបានដែរ នូវប្រភេទ​ពិសេស​ម្យ៉ាង​ទៀត របស់​យន្ដហោះ​នេះ ដែលមានឈ្មោះហៅថា ហ្វឡាយីង ផាលាស (Flying Palace) ដែលផលិតឡើង សំរាប់​តែ​ទីផ្សារពាណិជ្ជករ​ធំៗប៉ុណ្ណោះ។

យន្ដហោះ អាចធ្វើសកម្មភាពបានរហូតដល់ទៅ ចំងាយ ១៥ ៤០០គីឡូមែត្រ ដែលគេអាចប៉ាន់ស្មានពីការហោះហើរ រវាងពីទីក្រុង ញ៉ូយក នៅសហរដ្ឋអាមេរិក រហូតទៅដល់ទីក្រុងហុងកុង នៅប្រទេសចិន ដោយមិនចាំបាច់ចុះ​ឈប់​សំរាក នៅកណ្ដាលផ្លូវ ជាមួយនឹងល្បឿន ៩០០គម ក្នុងមួយម៉ោង។

យន្ដហោះមានប្រវែងបណ្ដោយ ៧៣មែត្រ ប្រវែងត្រដាងស្លាប ៧៩,៨មែត្រ និងកំពស់២៤,១មែត្រ។

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ