Posts tagged as "Architecture"

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ក្នុងទឹកប្រាក់ចំណាយ អស់ប្រមាណជា ១កោដយ័ន (ប្រមាណជា១៣០លានអ៊ឺរ៉ូ ឬ១៤០លានដុល្លារ) ស្ពាន​កប់​ពពក​មួយ​ខ្សែ នៅពីលើដងស្ទឹង «Beipanjiang» ទើបនឹងត្រូវបានសម្ពោធ ដាក់ឲ្យយានយន្ដទាំងឡាយ បើក​បរ​ឆ្លង​កាត់​បាន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ។ ស្នាដៃនៃ​ហេដ្ឋារចនា​សម្ព័ន្ធ ដ៏សម្បើមមួយនេះ បាន​តភ្ជាប់​ផ្លូវ​ជាតិ រវាង​ពី​ខេត្ត «Guizhou» ទៅកាន់ខេត្ត «Yunnan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសចិន។

ស្ពានដែលមានប្រវែង ១,៣៤គីឡូម៉ែត្រនេះ បានក្លាយជាស្ពានដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក ដោយ​សារ​តែ​វា​ត្រូវ​បាន​សាងសង់​ឡើង ភ្ជាប់ចង្កេះភ្នំពីរ ដែលមានកំពស់​៥៦៤ម៉ែត្រ ពីកំពស់ទឹកសមុទ្រ៕

ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

ឌុយបៃ នឹង​​សង់​​​អាគារ​​មួយ​ទៀត ​ខ្ពស់​ជាង​អាគារ Burj Khalifa

អាគារ «Burj Khalifa» ដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០១០មកនោះ មាន​កំពស់ ៨២៨ម៉ែត្រ ហើយក្លាយជាអាគារ ដែលខ្ពស់ជាងគេក្នុងលោក ខណៈអាគារដ៏ខ្ពស់ថ្មីចំនួនពីរទៀត កំពុង​ស្ថិត​​ក្នុង​ការ​សាងសង់នៅឡើយ។ អាគារទាំងពីរនោះ មាន៖ អាគារទីមួយ កំពស់ ៨៣៨ម៉ែត្រ នៅក្នុងក្រុង «Changsha» ភាគកណ្ដាលនៃប្រទេសចិន និងអាគារទីពីរ មានកំពស់ខ្ពស់ជាង ១គីឡូម៉ែត្រ នៅក្នុងទីក្រុង​ឆ្នេរ​សមុទ្រ ជេរដា (Djeddah) នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ប៉ុន្តែអាគារថ្មី របស់ក្រុង ឌុយបៃ គ្រាន់តែបានអះអាងថា នឹងមានកំពស់ខ្ពស់ជាង អាគារ «Burj Khalifa» របស់​ក្រុង ឌុយបៃ ដូចគ្នាប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹង ថាវានឹងមានកំពស់ប៉ុន្មាននៅឡើយ នៅ​មុន​ការបញ្ចប់ ការសាងសង់របស់វា។ ការចំណាយទៅលើការសាងសង់អាគារថ្មី មានកម្រិតដល់ទៅ ជិត​១ពាន់​លានដុល្លា (តួលេខឲ្យដឹង គឺ ៨៧៧លានដុល្លារ)។

លោក មហាមេដ អាឡាបារ (Mohamed Alabbar) ប្រធានសហគ្រាស «Emaar» ជំនាញក្នុងអចលនវត្ថុ របស់​ប្រទេសអេមៀរ៉ាអារ៉ាប់ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនលោកមានបំណង ចង់សង់អាគារនេះ ដើម្បីជា​ចំណងដៃ​ជូន​ក្រុង ឌុយបៃ នៅមុខឆ្នាំ២០២០ ដែលនឹងមានការតាំងពិពណ៌សកលមួយ នៅទីនោះ។

អាគារថ្មី ដែលមានទាំងភោជនីយដ្ឋាន និងសណ្ឋាគារនេះ ជាគម្រោងដែលគូសវាសដោយស្ថាបត្យករ ដើម​កំណើត​អេស្ប៉ាញ-ស្វីស មួយរូបឈ្មោះ «Santiago Calatrava Valls»។ លោក អាឡាបារ បានចាត់​ទុក​អាគារ​នេះ ថាជាគ្រឹះស្ថានដ៏«ខ្ពស់ស្កឹមស្កៃ» ដែលមានទម្រង់ដូចព្រះវិហារមូស្លីម (Minaret) ងើបខ្ពស់ពីដី តែមាន​ការ​ទប់​លំនឹង ដោយ​ខ្សែកាប​ជាច្រើន។

សូមបញ្ជាក់ដែរថា អាគារចាស់ «Burj Khalifa» បានទាក់ទាញឲ្យទេសចរណ៍ ចូលមកទស្សនាក្រុង ឌុយបៃ ចំនួន១៤លាននាក់ ក្នុងឆ្នាំ២០១៥កន្លងទៅ។ អាគារនេះ ត្រូវបានចំណាយប្រាក់ ដើម្បីសាងសង់ រហូត​ដល់​ទៅ ១,៥ពាន់​លានដុល្លារ៕

» វីដេអូ និងរូបភាពមួយចំនួន ស្ដីពីគម្រោងអាគារថ្មីនេះ៖

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បង្គន់​បន្ទោរបង់ ដែល​គួរ​ឲ្យ​ស្រៀវ​ស្ងើប​ជាង​គេ​ក្នុង​លោក

បន្ទប់បង្គន់អនាម័យនេះ មិនត្រឹមតែត្រូវបានសង់ នៅខាងក្រៅអាគារធំប៉ុណ្ណោះទេ តែថែមទាំងសង់ ដាច់​ដោយ​ឡែក​នៅលើឈើពីរបីបន្ទះ ដែលដាក់លយ​ចូលទៅនៅពីលើមាត់ជ្រោះ ស្ថិតនៅកំពស់ជិត ៣គីឡូម៉ែត្រ ពី​កម្រិត​ទឹក​សមុទ្រ។ នេះ គេត្រូវគិតដល់ទៀតថា នៅទីនោះ មានធាតុអាកាសត្រជាក់កក ជាមួយ​នឹង​សីតុណ្ហភាព​ក្រោមសូន្យអង្សា ​សឹងតែជាប់ជាប្រចាំ។ បើអញ្ចឹង តើនរណាមួយ ដែលឡើងទៅរស់នៅលើភ្នំ ដែល​មាន​កំពស់​ខ្ពស់ ហើយត្រូវចេញមកបន្ទោរបង់ នៅខាងក្រៅ និងនៅពីលើមាត់ជ្រោះបែបនេះ?

តាមពិតទៅ បន្ទប់បង្គន់ដ៏ពិសេសមួយនេះ សម្រាប់បម្រើឲ្យមន្ត្រីធ្វើការងារ នៅក្នុងស្ថានីយ៍​វាស់ស្ទង់​ឧត្តុនិយម​មួយ នៅទីនោះ។ ស្ថានីយ៍នោះ មានឈ្មោះ «Kara-Tyurek» ស្ថិតនៅលើកំពូលជ្រលង​ភ្នំ «Altai Mountains» ក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្ស៊ី ដែលគ្រប់ដណ្ដប់ដោយទឹកកក សឹងនៅខួប​ប្រាំង​វស្សា។ ប៉ុន្តែ​គ្មាន​បុគ្គលិក​ណា​ម្នាក់ មកធ្វើការជាប្រចាំនៅទីនេះទេ ព្រោះមានភ្នាក់ងារតែម្នាក់ប៉ុណ្ណោះ ដែលបាន​ឡើង​មក​កាន់​ទីនេះ ដើម្បីស្រង់យកទិន្នន័យឧត្តុនិយម នៅជារៀងរាល់ខែម្ដង។ ហើយជារៀងរាល់មួយឆ្នាំម្ដង គឺនៅ​និទាឃរដូវ (គឺរដូវផ្ការីក តែគ្មានអ្វី«រីក»ទេ នៅលើភ្នំទឹកកកនេះ) ឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះ​ឡើង​មក​កាន់​ទីនេះ ដើម្បី​នាំ​យកគ្រឿងឧបភោគបរិភោគ ដែលទុកបានយូរ និងទឹកផឹក មកផ្ទុកបម្រុងទុក សម្រាប់ពេលពេញមួយឆ្នាំ។

ដូច្នេះ គេប្រាកដជាមិនពិបាកយល់ទេ ថាហេតុអ្វីបានជាគេ មិនសង់បង្គន់ ដែលមានប្រព័ន្ធបង្ហូរកាកសំណល់ ដ៏ស្មុគ្រស្មាញ នៅពីលើភ្នំថ្ម សម្រាប់ឲ្យមនុស្ស​តែម្នាក់​ប្រើប្រាស់នោះ? មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះ​បន្ទប់​បង្គន់​មួយ​នេះ ថែមទាំងបានជាប់លេខខ្ពស់ជាងគេ នៅក្នុងបញ្ជីរចំណាត់ថ្នាក់ ឆ្នាំ២០១៣ របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉ូស្ស៊ី ឈ្មោះ «Interfax» ដែលនិយាយពីបង្គន់ ដែលអស្ចារ្យជាងគេ ក្នុងពិភពលោកនោះផងទៀត៕

អគ្គិភ័យ​ឆក់​យក​កាណូត​មួយ​គ្រឿង ថ្លៃ​ជិត​៣លាន​ដុល្លា

សង្កាត់​មួយ​នៅ​អង់គ្លេស មាន​រាង​ដូច​យាន​អាវកាស ក្នុង​«Star Wars»

សង្កាត់​មួយ​នៅ​អង់គ្លេស មាន​រាង​ដូច​យាន​អាវកាស ក្នុង​«Star Wars»

ប្រសិនជាគេបានស្រមៃឃើញ មានមុខមនុស្សនៅក្នុងព្រះចន្ទ... បើអញ្ចឹងរឿងអី ដែលគេមិនអាចស្រមៃថា មានយានអវកាស «Faucon Millenium» របស់ «Han Solo» នៅក្នុងសង្កាត់មួយ នៃប្រទេស​អង់គ្លេស​នោះ?

វាជាការរកឃើញ របស់ម្ចាស់គណនីទ្វីសធើរមួយរូប ដែលបានធ្វើការប្រៀប្រដូច ដ៏គួរឲ្យភ្ញាក់ផ្អើល រវាង​យាន​អាវកាស ដែលបើកបរដោយតួអង្គ «Han Solo» សម្ដែងដោយ «Harrison Ford» នៅក្នុងភាពយន្ដ «Star Wars» ជាមួយនឹងសង្កាត់មួយ នៃក្រុង «Oakdale» ក្នុងតំបន់ «Caerphilly» របស់ចក្រភពអង់គ្លេស។ នេះ​បើ​តាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស «The Independent»។

នាង «Jayne Hunt» បានយករូបភាព ថតពីលើអាកាស របស់សង្កាត់មួយនោះ មកធ្វើការគូសវាសបន្ថែម តែ​បន្តិច​ប៉ុណ្ណោះ ដើម្បីឲ្យរូបរាងសង្កាត់ ក្លាយជាយានអវកាស «Faucon Millenium» នៅក្នុងភាពយន្ដ​«សង្គ្រាម​ផ្កាយ» ដែលកំពុងទាញមនុស្សរាប់លាននាក់ ឲ្យចូលទៅទស្សនា តាមរោងភាពយន្ដនានា។

ប៉ុន្តែសារព័ត៌មាន មិនបានពន្យល់ឲ្យបានលំអិតបន្ថែម ថាតើស្ថាបត្យករដែលគូសវាស សាងសង់សង្កាត់នោះ ពិតជាមនុស្សមានជំនក់ចិត្ត ជាមួយនឹងភាពយន្ដ «Star Wars» ឬយ៉ាងណាឡើយ។ ផ្ទុយទៅវិញ រូបរាង​របស់​យាន្ដ​អវកាសនេះ ត្រូវបានអ្នកសរសេររឿង «Star Wars» ដំបូង គឺលោក «George Lucas» អះអាងថា លោក​បាន​បង្កើត​វា ដោយស្រម័យចេញ ពីរូបរាងរបស់ «hamburger» មួយប៉ុណ្ណោះ៕