Posts tagged as "FBI"

រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប​ត្រូវ​បាន​តែងតាំង​ ដើម្បី​អង្កេត​ទំនាក់​ទំនង​ក្រោម​តុ «ត្រាំ-រ៉ូស្ស៊ី»

រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប​ត្រូវ​បាន​តែងតាំង​ ដើម្បី​អង្កេត​ទំនាក់​ទំនង​ក្រោម​តុ «ត្រាំ-រ៉ូស្ស៊ី»

ក្រសួងយុត្តិធម៌អាមេរិក បានសម្រេចតែងតាំង រដ្ឋអាជ្ញាពិសេសមួយរូប កាលពីថ្ងៃពុធ ដើម្បីពង្រឹងឯករាជ្យភាព និងភាពទទួលយកបាន នៃការស៊ើបអង្កេត ទៅលើសំនុំរឿង ទំនាក់ទំនងក្រោមតុ ដែលអាចកើតមានឡើង រវាងអ្នកជិតដិត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងរដ្ឋាភិបាល នៃប្រទេសរ៉ូស្ស៊ី ហើយដែលអាចមានឥទ្ធិពល ទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីចុងឆ្នាំកន្លងមក។ ជាការវិវត្តន៍ថ្មីមួយទៀត នៅក្នុងសំនុំរឿងដ៏រសើប ដែលអាចបង្ក ឲ្យមានពពកខ្មៅងងឹតបន្ថែមទៀត គ្របដណ្ដប់​ពីលើ​​អាណត្តិ​ប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ។

រដ្ឋអាជ្ញា«ពិសេស»​នោះ គឺលោក «Robert Mueller» ដែលជាអតីតនាយកប្រតិបត្តិ​ភ្នាក់ងារ «FBI» ដ៏មានឥទ្ធិពលមួយរូប តាំងពីជំនាន់ប្រធានាធិបតី ហ្សក វ័លឃើ ប៊ូស (George W. Bush ) រហូតមកដល់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ នេះ បើតាមការប្រកាស របស់លោក រ៉ូដ រ៉ូស៊ិនស្ទែង (Rod Rosenstein) អនុរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌។ ដោយឡែក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក «Jeff Sessions» ដែលជាអ្នកជិតដិត របស់លោក ត្រាំ ត្រូវបានព្យួរសិទ្ធិ​ពី​តំណែង​ បន្ទាប់ពីសំនុំរឿង ស៊ើបអង្កេតខាងលើ ត្រូវបានបើកធ្វើ តាំងពីខែមីនាមកនោះ។

ការតែងតាំងនេះ មានបំណងដើម្បីឲ្យការស៊ើបអង្កេត នៅក្នុងសំនុំរឿងដ៏ប្រទាំងប្រទើស​ ងាកចេញឲ្យដាច់ ពីអំណាចនយោបាយ ជាពិសេសដើម្បីកុំឲ្យក្រសួងយុត្តិធម៌ ដែលជាអ្នកគ្រប់គ្រងលើភ្នាក់ងារ «FBI» អាចលូកដៃចូល ក្នុងការស៊ើបអង្កេតបាន។ ប៉ុន្តែវាក៏ជាសេចក្ដីសម្រេចមួយ ដែលបានបង្កការភ្ញាក់ផ្អើលមិនស្ទើរដែរ ទៅដល់សេតវិមាន។

យ៉ាងណា លោក ដូណាល់ ត្រាំ នៅតែបង្ហាញ ពីសុទិដ្ឋិនិយមរបស់លោក នៅចំពោះការតែងតាំងថ្មីនេះ។ លោកបានធ្វើប្រតិកម្ម នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ដូចខ្ញុំបាននិយាយ ជាច្រើនដងរួចហើយថា ការស៊ើបអង្កេត ដ៏ពេញបរិបូណ៍មួយ នឹងជួយបំភ្លឺ ពីអ្វីដែលយើងបានដឹងរួចហើយ នោះ គឺគ្មានទំនាក់ទំនងអ្វីទាំងអស់ រវាងក្រុមការងាររបស់ខ្ញុំ ក្នុងយុទ្ធនាការបោះឆ្នោត ជាមួយនឹងស្ថាប័នបរទេសណាមួយនោះ»។

លោក ដូណាល់ ត្រាំ បានបន្តទៀតថា៖ «ខ្ញុំកំពុងរង់ចាំយ៉ាងអន្ទះសារ ដើម្បីឲ្យសំនុំរឿងនេះ បញ្ចប់ទៅឲ្យបានឆាប់រហ័សបំផុត»។

ការតែងតែង លោក «Robert Mueller» ត្រូវបានសាទរជាទូទៅ ដោយក្រុមអ្នកតំណាងរាស្ត្រ ដោយសភាទាំងពីរថ្នាក់ របស់សហរដ្ឋអាមេរិក។ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ លោក «Dianne Feinstein» បានថ្លែងឡើងថា៖ «លោក បប់ (Bob រហស្សនាមរបស់លោក "Robert Mueller") ធ្លាប់ជារដ្ឋអាជ្ញាសហព័ន្ធ ដ៏ល្អមួយរូប ជានាយក "FBI" ដែលពោរពេញដោយសមត្ថភាព ហើយយើងមិនអាចរកបាន វរជនណាផ្សេង ដែលល្អជាងលោក ដើម្បីទទួលយកតំណែងនេះទេ»។

សម្រាប់លោក «Susan Collins» សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានហៅការតែងតាំងនេះ ថាជាការសម្រេចចិត្ត ដ៏ល្អមួយ។ រីឯអ្នកតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ លោក «Jason Chaffetz» វិញ បានសរសេរ នៅលើទំព័រទ្វីសធើររបស់លោកថា៖ «លោក "Robert Mueller" ជាជម្រើស ដ៏វិសេសវិសាល។ លោកមានប្រវត្តិការងារ ដ៏កំពូល។ [លទ្ធផល ដែលចេញពីការស៊ើបអង្កេតរបស់] លោកនឹងត្រូវទទួលយល់ព្រម យ៉ាងទូលំទូលាយបំផុត។»។

ជាមួយនឹងការតែងតាំង«ពិសេស»នេះ លោក «Robert Mueller» មានឋានៈ ជាអ្នកគ្រប់គ្រង លើការស៊ើបអង្កេត ប្រកបដោយឯករាជ្យភាព ជាងរដ្ឋអាជ្ញាធម្មតា ឬនាយកគ្រប់គ្រងធម្មតា របស់ភ្នាក់ងារ «FBI»។ គ្មាននរណាម្នាក់ មានសិទ្ធិ ឬមានអំណាច ដកលោកចេញពីតំណែង ជា«រដ្ឋអាជ្ញាពិសេស» នេះបានទេ ដរាបណាលោក មិនបានធ្វើកំហុសណាមួយ ឬលោក មិនលាលែងដោយខ្លួនឯង៕

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្ដហោះ «Fort Lauderdale» អាច​ទទួល​ទោស​ប្រហារ​ជីវិត

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រលាន​យន្ដហោះ «Fort Lauderdale» អាច​ទទួល​ទោស​ប្រហារ​ជីវិត

បុរសខ្មាន់កាំភ្លើង អាយុ២៦ថឆ្នាំ ឈ្មោះ «Esteban Santiago» ត្រូវបានចោទប្រកាន់ ពីបទល្មើសចំនួន៣ ទាក់​ទង​នឹងការបាញ់សម្លាប់មនុស្ស៥នាក់ និងរបួសជាច្រើននាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងព្រលាន​យន្ដហោះ​អន្តរជាតិ «Fort Lauderdale» នៅរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍​សហរដ្ឋ​អាមេរិក។ បទចោទ​ទាំងបីនោះ ដែល​មាន (១) បង្ក​របួសស្នាមធ្ងន់ធ្ងរ ទៅលើមនុស្សម្នាក់ នៅក្នុងព្រលានយន្ដហោះអន្តរជាតិ (២)ប្រើប្រាស់​អាវុធ ដើម្បី​ប្រព្រឹត្តិ​​ឧក្រិដ្ឋកម្​មហឹង្សា និង(៣)ធ្វើមនុស្សឃាត ដោយប្រើអាវុធ សុទ្ធតែមានស្ថាន​ទំងន់​ទោស​ធ្ងន់ធ្ងរ ដែល​ធ្វើឲ្យ​បុរសរូបនេះ អាច​រងការផ្តន្ទា​ទោស រហូតដល់​​ការប្រហារជីវិត។

នៅចំពោះការស៊ើបសួរ របស់អ្នកស៊ើបអង្កេត ខ្មាន់កាំភ្លើងរូបនេះ បានអះអាងពីគម្រោងការរបស់ខ្លួន ក្នុងការ​បាញ់​ប្រហារ កាលពីថ្ងៃសុក្រ។ ជនសង្ស័យ​បានទិញសំបុត្រយន្ដហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ «Delta Air Lines» សម្រាប់​ជើង​ហោះហើរ​តែមួយទិស ឆ្ពោះទៅកាន់ក្រុង «Fort Lauderdale» ក្នុងរដ្ឋផ្លរីដា ពីក្រុង «Anchorage» នៅ​ក្នុង​រដ្ឋអាឡាស្កា (Alaska) ដោយឆ្លងកាត់តាម ព្រលានយន្ដហោះក្រុង «Minneapolis»។ បុរស «Esteban Santiago» ដែលបម្រើការជាភ្នាក់ងារសន្តិសុខម្នាក់ នៅក្នុងរដ្ឋអាឡាស្កា បានយកមកជាមួយ នូវ​កាំភ្លើង​របស់​ខ្លួន ដោយដាក់នៅក្នុងវ៉ាលីសដាក់ឥវ៉ាន់ (ដោយស្រប​ច្បាប់)។

រោគចិត្ត...

ទូរទស្សន៍ «CNN» បានរាយការណ៍ថា ជននេះធ្លាប់មានរឿងរ៉ាវ ជំពាក់ជំពិនមួយចំនួន ជាមួយនឹងតុលាការ ជា​ពិសេសនៅក្នុងជម្លោះហិង្សា ជាមួយ​អតីត​គូស្នេហ៍។ បណ្ដាញទូរទស្សន៍​អាមេរិកមួយនេះ បានស្រង់​សំដី​របស់​សមាជិក​មួយ​ចំនួន របស់គ្រួសារជនសង្ស័យ មកបញ្ជាក់ថា ខ្មាន់កាំភ្លើង​រូបនេះ​បាន​«ផ្លាស់ប្ដូរ» បន្ទាប់​ពី​បាន​ទៅ​បំពេញ​បេសកកម្ម រយៈពេល១០ខែ នៅក្នុងប្រទេសអៀរ៉ាក់រួច។ បងប្រុសរបស់ «Esteban Santiago» បាន​គិត​ថា ការបាញ់​ប្រហារ នៅក្នុងព្រលានយន្ដហោះ ទំនងជាបង្កឡើង ពីបញ្ហា«រោគចិត្ត» ដែលបាន​ឈឺ​រើ​ឡើង​វិញ នៅ​ពេល​ត្រឡប់ ពី​ប្រទេសអៀរ៉ាក់វិញ។

បងប្រុសដដែលរូបនោះ បានបន្តរៀបរាប់ថា នៅពេលកន្លងមកថ្មីៗ ប្អូនប្រុសរបស់លោក (ជនសង្ស័យ) បាន​ស្នើ​រក​ជំនួយ និងត្រូវបានវិទ្យាស្ថាន​រោគចិត្ត​មួយ ទទួលយកទៅព្យាបាល ក្នុងរយៈពេល៤ថ្ងៃ បន្ទាប់ពីជន​សង្ស័យ ចេះ​តែ​ស្ដាប់ឮសូរ «សម្លេងដ៏ចម្លែកៗ»។ ក្រុមគ្រួសាររបស់ជនសង្ស័យ បាន​បញ្ជាក់​ទៀត​ថា បុរស «Esteban Santiago» ចេះតែមានអារម្មណ៍ មើលឃើញឡើងវិញ និងនិយាយយ៉ាងច្រើន ពីភាព​ខ្ទេចខ្ទាំ និង​​ការ​ស្លាប់​​របស់​​កុមារ ដែល​ខ្លួន​បាន​ឃើញ​​ដោយផ្ទាល់ នៅក្នុងប្រទេសអៀរ៉ាក់។

មកដល់ម៉ោងនេះ ជនសង្ស័យបានសហការ ជាមួយក្រុមអ្នកស៊ើបអង្កេត ដោយបានឆ្លើយ​ទៅ​នឹងសំនួរ​ជាច្រើន ក្នុងរយៈពេលជាច្រើនម៉ោង។ ប៉ុន្តែ គេនៅមិនទាន់យល់ថា តើទង្វើបាញ់​ប្រហារ​មនុស្ស នៅក្នុងព្រលាន​យន្ដហោះ កាលពីថ្ងៃសុក្រ មានមូលហេតុមកពីអ្វី ឲ្យពិតប្រាកដនៅឡើយ។ កាលពីខែវិច្ឆិកាកន្លងទៅ ក្រុម​ភ្នាក់ងារ​សហព័ន្ធ «FBI» ធ្លាប់បានតាមដាន​​ជននេះ​រួចហើយ និងបានស្នើសុំ ឲ្យធ្វើការវាយតម្លៃ ពីសភាព​«រោគ​ចិត្ត» របស់​ជន​សង្ស័យ។ ប៉ុន្តែការវាយតម្លៃ បានបញ្ជាក់ថា ជននេះមិនទាន់ដល់ថ្នាក់ «បាត់សតិ» និងដល់​កម្រិត ដែល​ត្រូវ​គេ​ដក​ហូត​សិទ្ធិ ក្នុងការ​កាន់​កាំភ្លើងខ្លី​នោះ​ឡើយ៕

FBI នឹង​យក​ករណី​ភេរវកម្ម​នៅ​ប្រ៊ុយសែល​មក​អង្កេត បន្ទាប់​ពី​មាន​ជន​អាមេរិក​រង​របួស

FBI នឹង​យក​ករណី​ភេរវកម្ម​នៅ​ប្រ៊ុយសែល​មក​អង្កេត បន្ទាប់​ពី​មាន​ជន​អាមេរិក​រង​របួស

«ដោយសារមានជនរងគ្រោះ ជាជនជាតិអាមេរិក និងជាមនុស្សរបស់សហរដ្ឋអាមេរិក នៅក្នុងភេរវកម្មពីរ​កន្លែង (កាលពីព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា) នៅក្នុងប្រទេសប៊ែលហ្សិក ទើបករណីនេះ នឹងត្រូវស៊ើបអង្កេត ដោយ "FBI" ដែលមកពីកងកម្លាំង​ប្រឆាំងភេរវកម្ម របស់ក្រុងញ៉ូយក» នេះជាការថ្លែងឲ្យដឹង របស់លោក ចន មីល័រ (John Miller) នៅក្នុងសន្និសីទការសែត ក្នុងរសៀលថ្ងៃអង្គារដដែលនេះ។

លោក មីល័រ បានបន្ថែមថា គណៈប្រតិភូមួយក្រុម នឹងអាចចេញដំណើរ ទៅកាន់ប្រទេសប៊ែលហ្សិក ក្នុងយប់​ថ្ងៃ​អង្គារ​នេះ ឬនៅថ្ងៃ​ស្អែក​យ៉ាងយូរ។

អ្នកផ្សព្វផ្សាយសាសនា របស់ព្រះវិហារ ម័រមូន (Mormon - សាសនានៅអាមេរិក ដែលប្រហាក់ប្រហែល នឹង​គ្រឹស្ទ៍សាសនាដែរ) ចំនួន៤នាក់ បានរងរបួស ក្នុងនោះ៣នាក់របួសធ្ងន់ នៅក្នុងភេរវកម្មពីរកន្លែង នៅរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ដែលប្រកាសទទួលស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​​កាត់​​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)។ បន្ថែមពីលើនេះ ទាហានមួយរូប នៃកងទ័ពអាកាស​អាមេរិក ក៏បានរងរបួសដែរ នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់ខាងលើ។

រីឯក្រសួងការបរទេសអាមេរិកវិញ បានបដិសេធ មិនធ្វើអាត្ថាធិប្បាយ ទៅលើចំនួនជនរងគ្រោះអាមេរិក នោះ​ឡើយ។ នៅតាមរដ្ឋធានី និងបណ្ដាទីក្រុងធំៗ ជាពិសេសទីក្រុង ញ៉ូយក របស់អាមេរិក ការចាត់វិធានការ ក្នុង​ការ​រឹតបន្តឹងសន្តិសុខ បានកើនឡើងយ៉ាងខ្លាំង ជាពិសេស នៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ និង​តាម​ព្រលាន​យន្ដហោះ។ លោក ចន មីល័រ បានបន្តពន្យល់ថា៖ «ចាប់ពីអំពើភេរវកម្ម បានកើតឡើង យើងបាន​ទាក់ទង​ជាប្រចាំ ជាមួយនឹងដៃគូរបស់យើង នៅត្រើយម្ខាងទៀត នៃមហាសមុទ្រអាត្លង់ទិក»។

ភេរវកម្មពីរកន្លែង ដែលបានវាយប្រហារទីមួយ ទៅលើច្រកចូលនៃព្រលានយន្ដហោះ និងការវាយប្រហារទីពីរ ទៅលើស្ថានីយ៍រថភ្លើងក្រោមដី របស់រាជធានីប្រ៊ុយសែល បានបណ្ដាលឲ្យមានជនរងគ្រោះ ច្រើនរយនាក់ ក្នុង​នោះយ់ាងហោច ៣៤នាក់បានស្លាប់ និង២៣០នាក់បានរងរបួស។

វាយប្រហារប៊ែលហ្សិក តែឈឺដល់អ៊ឺរ៉ុបទាំងមូល...

ការវាយប្រហារ ដែលប្រកាសទទួលស្គាល់ ដោយក្រុមភេរវនិយម «រដ្ឋអ៊ីស្លាម» ត្រូវបានថ្កោលទោស ពីគ្រប់​ទិសទី នៅក្នុងពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេស ដែលជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប។ រដ្ឋមន្ត្រី​ដែល​ទទួលបន្ទុក​ការងារអ៊ឺរ៉ុប នៃប្រទេសជាសមាជិកទាំងនេះ អាចនឹងធ្វើការជួបប្រជុំគ្នា នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍​ខាង​មុខ ដើម្បីជជែក​ពីការវាយប្រហារខាងលើ និងផ្ដល់ការគាំទ្រ ទៅឲ្យប្រទេសប៊ែលហ្សិក។ នេះបើតាម​ការ​អះអាង របស់រដ្ឋមន្ត្រីសន្តិសុខជាតិ របស់ប្រទេសហូឡង់ ដែលបានថ្លែងឡើង ក្នុងនាមប្រទេសហូឡង់ ជា​ប្រធាន​ប្ដូរ​វេន របស់សហគមន៍អ៊ឺរ៉ុប នៅថ្ងៃអង្គារនេះ៕

ឯកសារ​សម្ងាត់​អះអាង​ថា អាមេរិក​ពិត​ជា​ចង់​កំទេច​សូវៀត ដោយ​សង្គ្រាម​នុយក្លេអ៊ែរ

ឯកសារ​សម្ងាត់​អះអាង​ថា អាមេរិក​ពិត​ជា​ចង់​កំទេច​សូវៀត ដោយ​សង្គ្រាម​នុយក្លេអ៊ែរ

សមាគមឯកសារសន្ដិសុខជាតិ ដែលជាសមាគមស្ម័គ្រចិត្តមួយ មានទីតាំងនៅក្នុងសកលវិទ្យាល័យ ហ្សក វ៉ាស៊ីនតោន (George Washington) នៃរដ្ឋធានីវ៉ាស៊ីនតោន បានទម្លាយនូវឯកសារដ៏សម្ងាត់មួយ ដែល​បង្ហាញ ឲ្យដឹង​​ជា​លើកដំបូង ពីគម្រោងការ​ដ៏«ញ៉ាក់សាច់» មួយចំនួន ដែលបានហៀបនឹងកើតឡើង នៅ​ក្នុង​សម័យ​​កាល​​នៃ​សង្គ្រាមត្រជាក់ រវាងមហាអំណាចទាំងពីរ៖ សហរដ្ឋអាមេរិក និង​សហភាព​សង្គមនិយម​សូវៀត (ដែល​ក្លាយ​មក​ពី​សហព័ន្ធរ៉ូស្ស៊ីសព្វថ្ងៃ)។

គម្រោងការដែលមានឈ្មោះថា «SAC (Strategic Air Command) Atomic Requirements Study for 1959» ឬបកជាខេមរភាសា «ការសិក្សា ពីតម្រូវការបែបអាតូមិក សម្រាប់​ឆ្នាំ​១៩៥៩ របស់​​បញ្ជាការដ្ឋាន​យុទ្ធសាស្ត្រអាកាស (អាមេរិក)» ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៥៦ ដោយ​មាន​បញ្ជាក់​យ៉ាងលំអិត នូវទិសដៅវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ របស់អាមេរិកជាច្រើន ហើយ​ដែល​គ្មាន​ឯកសារ​ណា​ផ្សេង ធ្លាប់បង្ហើបឲ្យដឹងដូច្នេះ ពីមុនមកនោះទេ។

អ្នកដែលរៀបរៀបឯកសារនេះ បានលើកឡើង ពីតំបន់ជាទិសដៅជាច្រើន ដែលត្រូវទម្លាប់​គ្រាប់បែក​នុយក្លេអ៊ែរ ដោយរាប់បញ្ចូលទាំងតំបន់ ដែលមានទាំងមនុស្សរស់នៅ ហើយអាចរងគ្រោះ នឹងសារជាតិ​វិទ្យុសកម្ម រហូតដល់ស្លាប់នោះផង។ អ្នករៀបចំឯកសារ ថែមទាំងបានសិក្សា នូវគម្រោងការ ដែលកំណត់​ឲ្យកម្ទេចជាប្រព័ន្ធ នៅលើគោលដៅជាច្រើន (ទាំងមានមនុស្សរស់នៅ និងទាំងតំបន់ឧស្សាហកម្ម) នៅ​ក្នុង​ប្រទេស (ឬអតីត) កុម្មុយនីសមួយចំនួន។ ទីក្រុងធំៗ ដែលក្លាយជាគោលដៅ នៃការវាយប្រហារនោះ មាន​ដូច​ជា រដ្ឋធានីប៉េកាំង រដ្ឋធានីម៉ូស្គូ ទីក្រុងលេនីនហ្គ្រាត (ដែលក្លាយត្រឡប់មកជា ស៊ាំងភេធើស្បួរ (Saint-Pétersbourg) នៅពេលនេះ) រដ្ឋធានីប៊ែរឡាំងខាងកើត និងរដ្ឋធានីវ៉ាសូវីជាដើម។

នៅក្នុងឯកសារដដែល បានបង្ហាញថា សហរដ្ឋអាមេរិកនៅសម័យកាលនោះ មិនត្រឹមតែចង់​កំទេច​មូលដ្ឋាន​​យោធា និងមូលដ្ឋានឧស្សាហកម្មសំខាន់ៗ របស់គូប្រជែង (សហភាពសូវៀត) ប៉ុណ្ណោះនោះទេ តែ​ប្រទេស​មហាអំណាច ក៏មានបំណងកំទេចឲ្យដល់ឬសគល់ នូវប្រជាជនស៊ីវិល របស់ប្លុក​កុម្មុយនីស​នោះ​ដែរ បើទោះជាអាមេរិកដឹងថា គម្រោងការនេះអាចជាការរំលោភ ដល់ច្បាប់ទម្លាប់អន្តរជាតិ ដែលបាន​កំណត់ នៅក្នុងជម្លោះប្រដាប់អាវុធនោះក៏ដោយ។

» ខាងក្រោមនេះ ជាគោលដៅសំខាន់ៗ នៃគម្រោងការវាយកំទេច របស់សហរដ្ឋអាមេរិក ដែល​អះអាង​នៅ​ក្នុង​ឯកសារ​សម្ងាត់៖

វិនាសកម្ម៤០០០ដងខ្លាំងជាង នៅជប៉ុន..

«បញ្ជាការដ្ឋានយុទ្ធសាស្ត្រអាកាស (អាមេរិក) មានបំណងចង់បង្កើត គ្រាប់បែកដែលមានកម្លាំងផ្ទុះ ៦០​មេហ្គាតោន ដើម្បីបម្រើឲ្យមូលហេតុពីរ។ មូលហេតុទីមួយ៖ បង្អាក់ទឹកចិត្តដោយប្រយោល ទៅលើ​សហភាព​សូវៀត ប្រសិនជាប្រទេសកុម្មុយនីស មានគម្រោងចង់ផលិតអាវុធនុយក្លេអ៊ែរ។ រីឯមូលហេតុ​ទី​ពីរ៖ គ្រាប់បែកដែលមានកម្លាំងផ្ទុះ ដ៏ខ្លាំងបែបនេះ នឹងផ្ដល់លទ្ធផល ដែលមានលក្ខណៈ"ញ៉ាក់សាច់" ទៅ​ឲ្យ​សហភាពសូវៀត ប្រសិនបើប្រទេសនេះ ចង់វាយប្រហារអាមេរិក។»

បើគ្រាន់តែគ្រាប់បែកនុយក្លេអ៊ែរ «Little Boy» ទម្លាក់នៅក្រុង ហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ វាមានកម្លាំងផ្ទុះ ត្រឹមតែ១៣គីឡូតោន (១៣ ០០០ តោន) ប៉ុណ្ណោះ ចុះទម្រាំគ្រាប់បែក ដែលមានកម្លាំង៦០​មេហ្គា​តោន (៦០ ០០០ ០០០ តោន) នេះវិញ វាធ្វើឲ្យគិតថា ទំហំនៃវិនាសកម្ម កើតចេញពីការបំផ្ទុះ​គ្រាប់​បែក​លើកនេះ នឹងមានកម្រិត៤០០០ដងខ្លាំងជាង ការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសជប៉ុនទៅទៀត៕

» ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ប្រភេទ H៖

រក​ឃើញជម្រក​សម្ងាត់​មួយ នៃ​ពួក​ហ្វាស៊ីស​អាល្លឺម៉ង់ នៅ​កណ្ដាល​ព្រៃ​អាហ្សង់ទីន

រក​ឃើញជម្រក​សម្ងាត់​មួយ នៃ​ពួក​ហ្វាស៊ីស​អាល្លឺម៉ង់ នៅ​កណ្ដាល​ព្រៃ​អាហ្សង់ទីន

ការរុករក និងការធ្វើកំណាយ ត្រូវបានដឹកនាំដោយ ក្រុមអ្នកស្រាវជ្រាវ របស់សកលវិទ្យាល័យ ប៊ូណូស អ៊ែរ (Buenos Aires) និងក្រុមបុរាណវិទូ នៃសារមន្ទីរ អង់ឌ្រេស ហ្គ័គួរ៉ារី (Andres Guacurari) នៅក្នុងតំបន់មួយ ដែលពិបាកនឹង​ចូល​ទៅ​ដល់ នៃមហាឧទ្យានជាតិ តេយូ ហ្គ័រ៉េ (Téyù Cuaré) ស្ថិតនៅក្នុងខេត្ត មីស៊ីយ៉ូនេស (Misiones) ភាគឦសាន នៃ​ប្រទេស​អហ្សង់ទីន ជាប់នឹងព្រំប្រទល់ ជាមួយប្រទេសអ៊ុយរ៉ាហ្គាយ។

អតីតគ្រឹះស្ថាននោះ បានរៀបចំឡើង ជាបីរចនាសម្ព័នធ្វើអំពីថ្ម ដែលហ៊ំព័ទ្ធដោយដើមឈើ ជុំជិត។ រចនាសម្ព័ន្ធទីមួយ ជាកន្លែងស្នាក់នៅ ទីពីរជាកន្លែងផ្ទុកសម្ភារៈ និងរចនាសម្ព័ន្ធទីបី ជាការិយាល័យធ្វើការ។ ចេញពីទីកន្លែងនោះ គេបាន​រកឃើញរូងក្រោមដីតូចមួយ ដែលចេញពីជម្រករនោះ ឆ្ពោះទៅកាន់ប្រទេសអ៊ុយរ៉ាហ្គាយ ដើម្បីជាការត្រៀមបម្រុង ក្នុង​ករណី​ត្រូវគេចខ្លួន។

លុយអាល្លឺម៉ង់ រកឃើញនៅទីនោះ...

កំណាយ បានអនុញ្ញាតឲ្យគេរកឃើញ នូវវត្ថុពិសេសៗជាច្រើន ដែលបញ្ជាក់ថា ការសាងសង់ជម្រកនេះឡើង បានធ្វើ​ក្នុងរយៈពេលដំបូង នៃទសវត្សន៍ឆ្នាំ១៩៤០។ វត្ថុដែលគួរឲ្យកត់សម្គាល់នោះ គឺរូបិយវត្ថុអាល្លឺម៉ង់ ដែលមានដាក់ រយៈ​ពេល​ពីឆ្នាំ១៩៣៨ ដល់ឆ្នាំ១៩៤៤ និងគ្រឿងតុបតែង ធ្វើពីថ្មព័សឺឡែន នៅក្នុងសម័យកាលតែមួយ។

ចំងល់ដែលមាន នៅពេលនេះ បានចោទសួរឡើងថា តើគុហារនេះ ត្រូវបានយកមកប្រើប្រាស់ ជាជម្រកសម្ងាត់ សម្រាប់​មេដឹកនាំអាល្លឺម៉ង់ចុងក្រោយ រត់គេចខ្លួនមកស្នាក់នៅ ឬយ៉ាងណា? ក្រុមអ្នកស្រាវជ្រាវ ក៏បានសង្ស័យ ពីចំណុចនេះ ដូច​គ្នា​អញ្ចឹងដែរ។ ប៉ុន្តែគេនៅរង់ចាំ កំណាយត្រូវបានធ្វើឲ្យច្រើន និងច្បាស់លាស់ជាងមុនសិន ដើម្បីឈានទៅធ្វើសេចក្ដី​សន្និដ្ឋាន​ចុងក្រោយ។

ប៉ុន្តែបើតាមឯកសារសំងាត់ របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់អាមេរិក ធ្លាប់បានទម្លាយឲ្យដឹងថា ពិត​ជា​មាន​មេដឹកនាំធំៗ របស់ពួកហ្វាស៊ីសអាល្លឺម៉ង បានគេចខ្លួនពីការចាញ់ សង្គ្រាម មករស់នៅក្នុងតំបន់ជ្រលងភ្នំ ដាច់ស្រយ៉ាល នៃប្រទេសអាហ្សង់ទីននេះ។ ក្នុងចំណោមមេដឹកនាំទាំងនោះ មានជាអាថ៌ ប្រមុខដឹកនាំ អាដុលហ្វ៍ ហ៊ីត្លែ មួយរូបផង ដែល​ឯកសារ​សម្ងាត់ បានបញ្ជាក់ថា ហ៊ីត្លែ មិនបានស្លាប់ នៅក្នុងរដ្ឋធានី ប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បន្ទាប់ពីខ្លួន​បាន​ចាញ់​សង្គ្រាម​លោក​នោះឡើយ។

» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ