Posts tagged as "femme"

៨ចំណុច ដែលស្ត្រីមិនគួរមើលរំលង

៨ចំណុច ដែលស្ត្រីមិនគួរមើលរំលង

ស្រ្តីមួយចំនួន មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព ក្នុង​ការ​ស់​នៅ​ប្រចាំ​ថ្ងៃ​នោះ​ទេ។ នោះ​ដោយ​សារ​តែ​នាង មាន​ភាព​មមាញឹក​នឹង​ការងារ ការ​រៀន​សូត្រ និង​មិន​បាន​ខ្វល់​ខ្វាយ អំពី​បញ្ហា​បន្តិច​បន្តួច​នៅ​ជុំ​វិញ​ខ្លួន ជា​ពិសេស​មិន​បាន​រៀប​ចំ និង​ប្រុង​ប្រយ័ត​ចំពោះ​ការ​ការពារ​សុខភាព។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ទាំង​៨ ដែល​ស្ត្រី​គួរ​ប្រតិបត្តិ​តាម​កុំ​រំលង៖

១. អនាម័យ៖ អនាម័យ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​ផ្សេងៗ ដែល​មាន​គ្រោះ​ថ្នាក់ ក៏​ប៉ុន្តែ​អនាម័យ​ហួស​ហេតុ​ពេក ក៏​មិន​មែន​ជា​វិធី​ដ៏​ល្អ​ដែរ ដើម្បី​ធ្វើការ​ទប់​ស្កាត់ ជា​មួយ​នឹង​ការ​ឆ្លង​ជំងឺ ផ្សេងៗ​នោះ។ អ្នក​វិទ្យាសាស្រ្ត របស់​ប្រទេស​អង់គ្លេស បាន​ធ្វើការ​ស្រាវ​ជ្រាវ បញ្ជាក់​ឲ្យ​ឃើញ​ថា អនាម័យ​ត្រូវ​តែ​មាន​របៀប​របស់​វា ទើប​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ។ តែ​បើ​សិន​ជា​អនាម័យ​ត្រូវ​បាន​ប្រកាន់ ដោយ​ជ្រុល​ហួស​ហេតុ​ពេក​នោះ អាច​បណ្តាល​ឲ្យ​យើង​មាន​ជំងឺ​ទៅ​វិញ។

២. ឥទ្ធិពលរបស់ថ្នាំការពារការមានផ្ទៃពោះ៖ ថ្នាំលេបបង្ការមិនឲ្យមានផ្ទៃពោះ គឺជាវិធីសាស្រ្តមួយដ៏ល្អ ហើយ​អាចជួយការពារការឆ្លងជំងឺ និងធ្វើឲ្យសុខភាព របស់អ្នកបានល្អប្រសើរ ។ វាអាចជួយកាត់ បន្ថយ​បញ្ហា​ជំងឺមហារីក ចាប់ពី ២០ភាគរយ ឡើងទៅក្នុងរយៈពេល ៣០ឆ្នាំ។

៣. តែខ្មៅ ល្អប្រសើរជាងតែបៃតង៖ តែខ្មៅ មានផលប្រយោជន៍ ដល់សុខភាពជាងតែបៃតង ព្រោះវាជួយ​ជម្រះមេរោគ នៅក្នុងមាត់និងធ្មេញរបស់យើង ហើយជួយឲ្យចលនា បេះដូងមានដំណើរបានល្អ។

៤. កាត់បន្ថយការប្រើប្រាស់ភេសជ្ជៈ ដែលមានជាតិហ្គាស៖ អ្នកមិនគួរគិតថាភេសជ្ជៈ ដែលមានជាតិហ្គាស ដូចជាទឹកសូដា ទឹកក្រូច ឬស្រាបៀរជាដើម  ល្អចំពោះសុខភាពនោះទេ។ ផ្ទុយទៅវិញ វាមានផ្ទុក​សារធាតុ​អាស៊ីត ផូស្វរិច អាចបណ្តាលឲ្យមានបញ្ហាមួយចំនួន ចំពោះកោសិកាឆ្អឹងរបស់អ្នក។ អ្នកខ្លះយល់ថា ការទទួល​ទាន​ស្រា​បន្តិច គឺល្អចំពោះសុខភាព ក៏ប៉ុន្តែអ្នកស្រាវជ្រាវ អំពីជំងឺមហារីក បានឲ្យដឹងថា ស្រាអាច​ប៉ះពាល់ និង​ធ្វើ​ឲ្យ​កើត​ជំងឺមហារីកបាន ជាពិសេសជំងឺ មហារីកសុដន់។ ចំណែកឯស្រ្តីដែលជក់បារី តែងតែមានជំងឺមហារីក ស្បួន​ទ្វេ​ដង ជាង​អ្នកដែលមិនជក់បារី ។

៥. បន្ថែមនូវសារធាតុអាស៊ីតផូលីត៖ អាស៊ីតផូលីតគឺជាសារធាតុមួយ ក្នុងចំណោមសារធាតុទាំង៦ ដែល​មានសារៈសំខាន់ ដល់ស្រ្តី ដែលជួយឲ្យស្រ្តី ជៀសវាងពីជំងឺស្រ្តី និងជួយការពារ កុំឲ្យឆាប់ចាស់ ។

៦. ឆ្លៀតអាកាស ដើម្បីស្រូបកំដៅព្រះអាទិត្យ៖ អ្នកអាចទទួលយកវីតាមីន D ដែលបានពីពន្លឺ​ព្រះអាទិត្យ ត្រឹម ២០នាទី ជារៀងរាល់ថ្ងៃ ដើម្បីបញ្ជៀសជំងឺមហារីកស្បែក។ ប៉ុន្តែប្រសិនបើអ្នកហាលថ្ងៃយូរពេក វានឹង​ធ្វើឲ្យរលាកស្បែក និងងាយស្រួលកើត ជំងឺមហារីកស្បែកទៅវិញ។

៧. ស្រ្តីត្រូវតែមានកូនមុនអាយុ៣០ឆ្នាំ ដើម្បីជួយកាត់បន្ថយជំងឺមហារីកសុដន់៖ មិនត្រឹមតែប៉ុណ្ណឹង ស្រ្តី​ដែល​កូនបៅទឹកដោះខ្លួន នឹងជួយកាត់បន្ថយជំងឺឈឺសន្លាក់ឆ្អឹង បានរហូតដល់ទៅ ៥០ភាគរយ។ ការបំបៅ​ដោះកូន អាចជួយឲ្យស្ត្រីវ័យកណ្តាលជាម្ដាយ មានភាពកាន់តែប្រសើរឡើង ខាងសុខភាព ជាងស្ត្រីដែលឲ្យ​កូន​ប៉ៅទឹកដោះគោ។

៨. ហាត់ប្រាណជាប្រចាំ ដូចជាកីឡាលើកដុំដែក ដែលសមស្រប៖ ដើម្បីឲ្យសាច់ដុំរបស់អ្នកមានភាពរឹងមាំ ជៀសវាងការឈឺខ្នង និងជួយឲ្យរូបរាងកាយ របស់អ្នកស្រស់ស្រាយ គ្មានជំងឺផ្សេងៗ ស្រ្តីគួតែមានពេល​វេលា​មួយ សម្រាប់ហាត់ប្រាណឲ្យបានគ្រប់គ្រាន់ ៕

ស្រវឹង ខឹង​ខ្ចី​លុយ​បង​ស្រី​មិន​បាន គប់​កញ្ចក់​ផ្ទះ​បែក​ខ្ចេច

ស្រវឹង ខឹង​ខ្ចី​លុយ​បង​ស្រី​មិន​បាន គប់​កញ្ចក់​ផ្ទះ​បែក​ខ្ចេច

ស្រ្តីពីរនាក់បងប្អូន នៅ​ប្លុក​ផ្សារ​ស្ទឹង​មាន​ជ័យ បាន​ឈ្លោះ​ប្រកែក​គ្នា ទាំង​យប់​អាធ្រាត ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​អស់​អ្នក​ជិត​ខាង មិនបា​ន​ដេក​ពួន​ម្តង​ជា​ពីរ​ដង​ទៅ​ហើយ នៅ​ក្នុង​យប់​ថ្ងៃ​ទី ១៦ ខែ​ធ្នូ​នេះ។ រឿង​រ៉ាវ​បង្ករ​ហេតុ ឲ្យ​ទៅ​ជា​មាន​​រឿង​​វែង​ឆ្ងាយ​ដូច្នេះ បណ្តាល​មក​ពី​អ្នក​ស្រី មាស ស្រីពៅ ជា​ប្អូន​ស្រី​ភាគី​ដើម​ហេតុ បាន​ផឹក​ស្រា​ស្រវឹង ហើយ​បាន​បីកូនរបស់​ខ្លួន​ដែល ទើប​នឹង​សម្រាល​នោះ ទៅ​ផ្ទះ​បង​ស្រី​បង្កើត​របស់​ខ្លួន​ឈ្មោះ មាស ស្រីកា ដើម្បី​ខ្ចី​លុយ។

ដោយសារតែអ្នកស្រី មាស ស្រីពៅ បាន​ផឹក​ស្រា​ស្រវឹង​ជោគ​ហើយ​នោះ ហើយ​និយាយ​ស្តី​ក៍​លែង​ដឹង​ទិស​តំបន់ បងស្រី​របស់​អ្នកស្រី ក៍​ប្រាប់​ឲ្យបី​កូនត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​គិត​ថា​យប់​ត្រជាក់​ដូច្នេះ អាច​ប៉ះ​ពាល់​ដល់​សុខភាព​កូន។ ភ្លាមៗ​នោះ ស្រ្តី​កូន​ខ្ចី​រូបនេះ បាន​បី​កូន​ត្រឡប់ម​កផ្ទះវិញ ប៉ុន្តែមិនបាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់​តែ​គេ​ឃើញ​ស្ត្រី​ដដែល​នេះ បាន​កាន់​កំបិត​ចំនូន​ពីរ សំដៅ​មក​ផ្ទះ​បង​ស្រី​ខ្លួន​ម្តង​ទៀត ដែល​បំរុង​នឹង​យក​កំបិត​នោះ មក​ចាក់​សំលាប់​អ្នកស្រី មាស ស្រីកា ជា​បង ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិត​ខាង​ឃាត់​ទាន់​ពេល។

រឿងរ៉ាវក្នុងគ្រួសារត្រឹមប៉ុណ្ណោះ នៅមិនបញ្ចប់ដោយងាយៗនោះទេ ព្រោះទំនងជាសុរាកាន់តែជ្រាប​សុះសាច់​ហើយ។ អ្នកភូមិនៅក្បែរ បានឮពាក្យជេរបញ្ចោរបងស្រី មិនបាត់មួយមាត់។

អ្នកស្រី មាស ស្រីពៅ បានស្រែកថា បងស្រីរបស់គាត់ បាននិយាយម៉ាកងាយគាត់ ជាជនក្រីក្រមិនស្មើនឹងខ្លួន និងថាបងស្រីរបស់ខ្លួន មានចិត្តអាក្រក់ណាស់ មិនសមដាក់ឈ្មោះត្រកូលដូចខ្លូននោះទេ។ អ្នកស្រី មាស ស្រីពៅ បានបញ្ជាទៅអ្នកស្រី មាស ស្រីកា ជាបងស្រីបង្កើតរបស់ខ្លួន ឲ្យដូរត្រកូលចេញ ដើម្បីកុំឲ្យជាប់​ពូជ​ជាមួយគ្នា។

ទំនងជាពាក្យជេរប្រទេចរបស់មនុស្សស្រវឹង ធ្វើឲ្យលោតចំចំណុច និងទ្រាំមិនបានផង អ្នកស្រី មាស ស្រីកា ជាបង ក៍ស្ទុះមកទះកំផ្លៀងមួយដៃពេញមួយទំហឹង ទៅលើស្ត្រីទើបនឹងឆ្លងទន្លេ បង្កឲ្យជម្លោះរវាងបង​ប្អូន​ស្រី​ទាំងពីរ ផ្អើលដល់អាជ្ញាធរមូលដ្ឋាន។ បន្ទាប់ពីចុះមកសម្រួល និងសន្យារងចាំដល់ពេលព្រឹក ទើបដោះ​ស្រាយ​បញ្ហានេះឲ្យដាច់ស្រេច បុរសម្នាក់ដែលតាំងខ្លួនជាតំណាងឲ្យអាជ្ញាធរនោះ បានសម្រេចការបញ្ចុះ​បញ្ចូល ឲ្យស្ត្រីទាំងពីរស្ងាត់មាត់ ដើម្បីត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

ហេតុតែចង់ឈ្នះបងស្រី និងក្រោយពីបុរសម្នាក់នោះ បានចាកចេញមិនទាន់បានប៉ុន្មាននាទីផង នៅវេលា​ម៉ោងប្រហែលជាង ៩ និង៣០នាទីយប់ អ្នកស្រី មាស ស្រីពៅ បានកាន់ដុំថ្មសំដៅមករករឿង ដល់ផ្ទះអ្នកស្រី មាស ស្រីកា ជាថ្មីម្តងទៀត។ ប៉ុន្តែលើកនេះ ប្អូនស្រីបែបលេងរៀងធ្ងន់ជាងមុន និងលេងមែនទែន ព្រោះ​អ្នក​ស្រីជាប្អូនឆ្នាស់ឆ្នើមរូបនេះ បានព្រលែងដុំថ្មជាច្រើនដុំ បណ្តាលឲ្យកញ្ចក់ទ្វាផ្ទះរបស់បងស្រី បែកខ្ចាយ។ មើលទៅ បែបឈ្លោះគ្នា មិនចេះចប់ទេ ព្រោះអ្នកយកព័ត៌មានយើង បាននៅកន្លែងកើតហេតុរហូតដល់ម៉ោង ជាង១០ យប់ ប៉ុន្តែសម្រែកក្ដៅក្រហាយ នៅតែបន្តវាយលុកគ្នាទៅវិញទៅមក កាន់តែរន្ថើនឡើង៕

ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ខ្មែរ តើ​ជា​កំហុស​អ្នកណា?

ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ខ្មែរ តើ​ជា​កំហុស​អ្នកណា?

«តើនៅសង្ឃឹមអីទៀត បើខ្មែរសរសេរនិងនិយាយមិនត្រូវទេ ចុះទម្រាំសីលធម៌...?» នេះជាការឡើង របស់ក្រុមអ្នក អភិរក្សសីលធម៌ ជជែកពិភ្សាគ្នា ពីបញ្ហាធ្លាក់ចុះនៃសីលធម៌ ដែលធ្លាប់តែទទួលស្គាល់ពីបណ្តាប្រទេសនានា។


តារាខ្មែរ៖ កញ្ញា សីម ថៃណា (ខាងឆ្វេង) និងនាង យក់ ថិករដ្ឋា។ (រូបថតសហការី)

សិលធម៌ខ្មែរ - នៅសម័យបច្ចុប្បន្ននេះ សីលធម៌ខ្មែរ ត្រូវបានមើលឃើញថា បានធ្លាក់យ៉ាងខ្លាំង ទាំងសម្ដីសម្ដៅ ទាំង​ការស្លៀកពាក់​របស់​យុវវ័យ សិស្សសាលា។ ជាពិសេសនោះ ការស្លៀកពាក់របស់​អ្នកសិល្បៈ ដែលជាគំរូមួយ​សម្រាប់​ទស្សនិកជន និងការប្រើប្រាស់ពាក្យពេជន៍របស់មនុស្សមួយចំនួន ធ្វើឱ្យសីលធម៌ដ៏ផូផង់នៃសង្គមខ្មែរ កាន់តែធ្លាក់​ចុះ។ តើបញ្ហានេះបណ្តាលមកពីអ្វី?

ក្រុមអ្នកអភិរក្សសិសធម៌មួយចំនួន បានលើកឡើងថា ទសវត្សរ៍ចុងក្រោយនេះដោយសារលំហូរ ហូរចូលដូចទឹក​បាក់​ទំនប់ នៃវប្បធម៌បរទេស រួមផ្សំនិងកត្តាចំណេះដឹងរបស់ពលរដ្ឋនៅមានកំរិត ព្រមដោយការយកចិត្តទុកដាក់ របស់អ្នក​ដឺកនាំសង្គម នៅមានចំណុចខ្វះខាត ទើបធ្វើអោយរបត់សីលធម៌ខ្មែរ មានការធ្លាក់ចុះគួរអោយព្រួយបារម្ភ។

លោក តា មេត្តា ទំនងជាអ្នកអភិរក្សសិលធម៌ខ្មែរ បានសរសេររាប់រៀបពីបញ្ហានេះ នៅលើទំព័រហ្វេសប៊ុករបស់​លោក​ថា ដោយសារតែបញ្ហាធ្លាក់ចុះ នៃសិលធម៌នេះហើយ ទើបបណ្តាលឱ្យបញ្ហានានា រាប់សតវត្សរ៍មកហើយ ដែលយើង​ធ្លាប់ឃើញដូចជា មិនដែលឮឪពុកបង្កើតរំលោភកូនស្រីឯង មិនដែលឮកូនរំលោភម្តាយឯង រំលោភដូនជី​ដែលជា​អ្នក​មានសីល មិនដែលឃើញព្រះសង្ឃផឹកស្រា មិនដែលឃើញប្រជារាស្រ្ត១នគរ ស្ទើរតែចេះប្រើគ្រឿងស្រវឹង​..គ្រឿង​ញៀន មិនដែលឃើញគ្រាន់តែមើលមុខគ្នា កាប់សម្លាប់គ្នា... គ្រាន់តែរំាជាន់ជើងគ្នា ដកដាវ កំាបិត ចាក់សម្លាប់គ្នា​ដូច​សត្វ។

លោកសរសេរបន្តថា៖ «យុវវ័យខ្មែរមួយចំនួន មិនចូលចិត្តបញ្ហាប្រឈមរបស់សង្គម ឬព័ត៌មានសង្គម តែគេចូលចិត្ត​ផឹកស៊ី​សប្បាយ ចូលចិត្តមើលការប្រគំតន្ត្រី ឬភាពយន្តបរទេស។ យុវវ័យខ្មែរមួយចំនួន មិនចូលចិត្តឲ្យគេប្រៀប​រូប​សម្រស់របស់ខ្លួន ទៅនិងមនុស្សខ្មែរជំនាន់ដើមឬខ្មែរអង្គរ ពួកគេមិនសប្បាយចិត្តទេ តែគេញញឹមបិទមាត់មិនជិត បើ​ឮនរណាម្នាក់សរសើរខ្លួនថា សម្រស់ស្រស់ស្អាតឬសង្ហាដូចកូរ៉េ ឬជប៉ុន។»

ប្រិយមិត្តម្នាក់ ដែលដាក់ឈ្មោះ Chansophal Van បានយល់ស្របជាមួយថា៖ «វប្បធ៌មខ្មែរពីសម័យកាលមុន​សែន​ខ្ពង់​ខ្ពស់ តែមកដល់បច្ចុប្បន្ន បែរជាត្រូវធ្នាក់ចុះយ៉ាងគំហុក ដោយការចម្លងវប្បធម៌ ទាំងការនិយាយស្តី ការស្លៀកពាក់ និង​ការតុបតែងខ្លូន ពីប្រទេសជិតខាង ពិសេសប្រទេសកូរ៉េ។ កាលពី១០ឆ្នាំមុន ទៅវត្តក្នុងរដូវភ្ជុំបិណ្យ នារីខ្មែរស្លៀកពាក់ ហូល អាវប៉ាក់ មើលទៅល្អល្អះ ល្អគន់ មកដល់ឆ្នាំ២០១៤ បែរជាស្លៀកពាក់ ខើចលើ ខើចក្រោម សូម្បីតែយុវជន ក៏​ផាត់​មុខ គូរភ្នែក មើលទៅមិនយល់ថាជាកូនខ្មែរ ឬ ជា សាសន៍អ្វីទេ។»។

សម្រាប់ Ke Nupheap បានឯកភាពទាំងស្រុង នឹងការលើកឡើងខាងលើ។ ប្រិយមិត្តហ្វេសប៊ុករូបនេះ បានសរសេរ​ថា៖ «តាមរយៈទំនាក់ទំនងសង្គម Facebook ក៏យើងអាចមើលឃើញ នូវការធ្លាក់ចុះនៃសីលធម៌ ភាសា អក្សរសាស្ត្រ​ខ្មែរនេះយ៉ាងច្បាស់ដែរ។»។

ចំណែកឯ Hun Peou វិញ បានទម្លាក់កំហុសទាំងស្រុង ទៅលើការគ្រប់គ្រងប្រទេស យ៉ាងដូច្នេះថា «ការធ្លាក់​ចុះនៃ​សីលធម៌ ពុំមែនតែរឿងលំហូរចូលនៃជនបរទេសឬការផ្សាយពត៌មាននោះទេ ជារឿងសំខាន់ដែលមិនអាច​ប្រកែក​បាន គឺ ការគ្រប់គ្រង ។ គ្រប់ជនបរទេសដែលចូលមកស្រុកយើង ប៉ូលីសបានពិនិត្យអ្វីខ្លះ (លុយ) ok បើគាត់មិនយក​មានគេយក អញ្ចឹងគាត់យកដែរ ។ ទោះជាចោរ ឬ ភេរវករ អត់បញ្ហា ។ បើនិយាយពីពត៌មាន ឃើញតែចាប់រំលោភ ស្រា ស្រី ....។ ក្នុងគ្រួសារតូចមួយ បើសិនជាមានបញ្ហាអ្វីកើតទ្បើង ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ឬផល​ប្រយោជន៍​គ្រួសារនោះ យើងគួរឱ្យគេឯងដឹងឮទេ ? »

ចុះបើសីលធម៌ដ៏ស្រស់ផូផង់ តាំងពីបរមបូរាណមួយនេះ ត្រូវបានបំផ្លាញដោយមនុស្សជំនាន់នេះ តើកូនចៅ​ជំនាន់​ក្រោយ​នឹងទៅជាយ៉ាងណា? ដូចឃ្លាមួយនៃចម្រៀងមួយបទ មានចំណងជើងថា «អនិច្ចាសិលធម៌​ខ្មែរ»​ដែលបាន​លើកឡើងថា៖ «អាណិតកូនចៅយើងជាន់ក្រោយ កើតឡើងគ្នាជួបរឿងសៅហ្មង។ បើដឹងខ្លួនខុសជ្រុលជ្រោះកន្លង គួរតែកែខ្លួន។»។

ចុះសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងដូចម្ដេចដែរ ចំពោះការដែលសិលធម៌ខ្មែរ កាន់តែធ្លាក់ចុះយ៉ាងដូចច្នេះ? តើវាជា​កំហុស​របស់អ្នកណា?

ស្តាប់ទាំងអស់គ្នា នូវបទចម្រៀង«អនិច្ចាសិលធម៌ខ្មែរ» រៀបរៀងដោយ លោក តា មេត្តា ដូចតទៅ៖

គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី និង​កុមារ របស់​គណបក្ស​ទាំង​៨

គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី និង​កុមារ របស់​គណបក្ស​ទាំង​៨

គណបក្សនយោបាយ ចំនួនប្រាំបី បានជួបជុំគ្នាពិភាក្សា និងបង្ហាញនូវគោលនយោបាយរបស់ខ្លួន ក្នុងការដោះស្រាយ​បញ្ហាស្រី្ត និងកុមារក្រោមការរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅសណ្ឋាគារសានវេ (SUNWAY) ថ្ងៃទី០៣ខែកក្កដានេះ។


កិច្ចពិភាក្សា រវាងគណបក្សនយោបាយ ស្តីពីបញ្ហាស្ត្រី និងគណបក្សនយោបាយ។ (រូបថត MONOROOM.info/ U. Bory)

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាដោយសេរី និងយុត្តិធម៌ហៅកាត់ថា ខុមហ្រ្វែល បានពន្យល់ថា ការជួបជុំពិភាក្សានេះ មានសារៈសំខាន់ ពីព្រោះក្នុងពេលនេះ ជាយុទ្ធនាការបោះឆ្នោត។ លោកសង្កត់​ធ្ងន់​ថា៖ «យើងចង់ឲ្យគណបក្សនយោបាយ អ្នកនយោបាយ យល់ដឹង និងបញ្ហាញអំពីដំណោះស្រាយ ចំពោះបញ្ហាស្រ្តី និង​កុមារ»។ ដើម្បីជាជំនួយទៅដល់ ខ្មែរម្ចាស់ឆ្នោត យើងសូមលើកយកមកជម្រាបជូនត្រួសៗ គោលនយោបាយសំខាន់ៗ មួយចំនួន ទាក់ទងនឹងការដោះស្រាយបញ្ហាស្ត្រី និងកុមារ នៅក្នុងសង្គមកម្ពុជាទៅអនាគត។

ចំពោះបញ្ហាស្រ្តី និងកុមារ លោក សេង សុខេង ជាប្រធាននៃគណបក្សសញ្ជាតិកម្ពុជា បានផ្តល់ដំណោះស្រាយ ដោយផ្តល់​ឲ្យស្ត្រីទទួលបានការងារទាំងថ្នាក់លើជាតិ និងថ្នាក់ក្រោមជាតិ និងផ្តល់នូវការអប់រំដល់ស្រ្តី និងកុមារ។

ឆ្លើយតបទៅនឹងបញ្ហាទាំងនេះដែរ តំណាងមកពីគណបក្សហ៊្វុនស៊ិនប៉ិច លោកស្រី ប្រាក់ ចន្ថា បានពន្យល់ថា បើគណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត គណបក្សលោកស្រ្តី នឹងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារស្រ្តី និងកុមារ ឲ្យទទួលបានយុត្តិធម៌។

លោកស្រី សុខ រត្ន័សុវណ្ណបញ្ចៈសីលា ជាតំណាងរបស់ គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ មិនបានពន្យល់​អំពី​ដំណោះស្រាយឲ្យចំនោះទេ ដោយគ្រាន់តែផ្តល់តម្លៃដល់ការអប់រំដល់ស្រ្តី និងកុមារ។

ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង តំណាងគណៈបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានពន្យល់ថា គណបក្ស លោកស្រ្តីមាន គោនយោបាយ យែនឌ័រ និងគាំពារកុមារ ជាពិសេស គឺពង្រឹងការអនុវត្តច្បាប់ ដែលពាក់ព័ន្ធដល់ស្រ្តី និង​កុមារ។

ការអនុវត្តច្បាប់នៅកម្ពុជា ត្រូវបានមជ្ឍដ្ឋានទូទៅមើលឃើញថា មានភាពមិនប្រក្រតី ដោយហេតុថា ប្រជាពលរដ្ឋតែងតែ​លើកឡើងពី ភាពអយុត្តិធម៌ និងវប្បធម៌នៃការរួចទោស ខណៈពេលដែលគេអស់ជំនឿចិត្ត និងចោទប្រកាន់ ប្រព័ន្ធយុត្តិធម៌​កម្ពុជា គ្នានភាពឯករាជ្យ និងបានប្រព្រឹត្តអំពោះពុករលួយយ៉ាងធ្ងន់ធ្ងរ។

សូមគួរបញ្ចាក់ថា គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច មិនបានបញ្ជូនតំណាងរបស់ខ្លួន មកចូលរួមក្នុងកម្មវិធីនេះ នោះទេ។

លោក ក្រវ៉ាញ ដារ៉ន តំណាងគណបក្សខ្មែរឈប់ក្រ បានពន្យល់ថា បញ្ហាស្មុកស្មាញនៅក្នុងសង្គម ដូចជាបញ្ហាស្រ្តី និង​កុមារ គឺបណ្តាលមកពីភាពក្រីក្រ និងការអនុវត្តច្បាប់មិនបានត្រឹមត្រូវ លោកសន្យាផ្តល់ឲ្យស្រ្តី និងកុមារនូវការអប់រំ ជា​ពិសេសនោះ លោកនឹងនាំមកកម្ពុជានូវ បច្ចេកវិទ្យា និងអ្នកបច្ចេកទេស ដើម្បីកាត់បន្ថយភាពក្រីក្រ។

សម្រាប់តំណាងមកពីគណបក្យសង្រ្គោះជាតិ កញ្ញា យ៉ម ផាណែត បានព្យល់ថា គណបក្សសង្រ្គោះបានប្ដេជ្ញា​ដោះស្រាយ​បញ្ហាស្រ្តី ដោយ​ដាក់ចេញនូវគោលនយោបាយអត្ថិភាពប្រាំ(៧)ពីរចំណុច ក្នុងនោះរួមមាន៖ទី១ផ្តល់ការអប់រំដល់ស្រ្តី និង​កុមារ និងមាន​ការលើកទឹកចិត្តជាពិសេស ទី២ផ្តល់ឲ្យស្រ្តីទទួលបានការងារដូចជាបុរសក្នុងគ្រប់វិស័យ និងស្ថាប័នទី៣​លើកទឹកចិត្តដល់​សហគ្រិនជាស្ត្រី ទី៤ផ្តល់លទ្ធភាពឲ្យស្រ្តីអាចប្រឡូកចូលក្នុងឆាកនយោបាយ ទី៥ទប់ស្កាត់អំពើហិង្សា​លើស្រ្តី និងកុមារ ទី៦បង្កើតមតេយ្យសាលាដល់គ្រប់មូលដ្ឋានដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្រ្តី និងកុមារ ទី៧ផ្តល់​ការឧបត្ថម​ដល់​ស្រ្តី​ចំនួនសែសិបប្រាំពីរ(៤៧)ម៉ឺនរៀល នៅពេលដែលគាត់ឆ្លងទន្លេ។

លោកស្រី ប៉ាង វណ្ណថោន តំណាងរបស់គណបក្សសម័្ពន្ធដើម្បីប្រជាធិបតេយ្យ មិនបានឲ្យតំលៃទៅលើ​ការដោះស្រាយ​បញ្ហាស្រ្តី និងកុមារនោះទេ។ តំណាងរូបនេះបានពន្យល់ថា បញ្ហាសំខាន់គឺការបែងចែកអំណាចរដ្ឋ។ លោកស្រីសង្កត់ធ្ងន់ថា នៅពេលមានការបែងចែកអំណាចរដ្ឋបានល្អ មិនថាតែបញ្ហាស្រ្តី និងកុមារនោះទេ គ្រប់បញ្ហាទាំងអស់ និងអាច​ដោះស្រាយ​បានល្អ និងមានប្រសិទ្ធិភាព។

សូមរំលឹកថា ការជួបជុំតំណាងរបស់គណបក្សនយោបាយទាំងនេះ ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល លើ​ប្រធានបទ វេទិកាពិភាក្សាថ្នាក់ជាតិស្តីអំពី វិធានការពិសេសដើម្បីដោះស្រាយបញ្ហាស្រ្តី និងកុមារនៅកម្ពុជា។ ចំពេល ដែល​ស្ត្រី និងកុមារនៅតំបន់បឹងកក់ បានកំពុងតែទទួលរងនូវការបង្រាបយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញារធរ ក្នុងប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ។

------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

តម្លៃស្ត្រី ខ្មែរ និងស្រ្តី នៅលើពិភពលោក

តម្លៃស្ត្រី ខ្មែរ និងស្រ្តី នៅលើពិភពលោក

ធម្មជាតិបានបង្កើតសត្វ និងរុក្ខជាតិឡើងឲ្យមានធាតុពីរដែលមិនអាចខ្វះបាន គឺធាតុញីនិងធាតុឈ្មោល។ អង្គទាំងពីរ​គឺ​តែង​តែទាក់ទងគ្នាជានិច្ច។ ដើម្បីបង្កើត ជាកូនពូនជាចៅបាន លុះត្រាតែមានធាតុទាំងពីរនេះជាចាំបាច់។ ធាតុទាំងពីរនេះ តែង​តែបំពេញកង្វះខាតឲ្យគ្នាទៅវិញទៅមក ក្នុងគោលដៅតែមួយ គឺការរីកចម្រើន។ រុក្ខជាតិឈ្មោល ជាអ្នកបញ្ចេញលំអង ឯ​រុក្ខជាតិញីជាអ្នកទទួលលំអង យកទៅបង្កើតជាផ្លែឡើង។ ចំណែកឯសត្វក៏ដូចគ្នានេះដែរ គឺតែងបំពេញឲ្យគ្នា​ទៅវិញ​ទៅ​មក។ ជាក់ស្តែង តាមរយៈរឿង សព្វប្រសិទ្ធ អ្នកនិពន្ធបានបង្ហាញថា សត្វចាបចៀបកប្បាសដែលជាមេ មានភារៈជា​អ្នក​នៅចាំថែទាំសំបុក ជាអ្នកនៅមើលថែកូនចៅតូចៗ នៅក្នុងសំបុករបស់វា ឯសត្វចាបចៀបកប្បាសឈ្មោល មានភារៈជា​អ្នក​ចាកឆ្ងាយ ហោះហើរ ដើររកចំណីមកផ្គត់ផ្គង់សំបុករបស់ខ្លួន។ យ៉ាងណាម៉ិញសភាពរបស់មនុស្ស ក៏មិនខុសពីសត្វ​ប៉ុន្មាន​ដែរ។


Crédit photo : D.KEO/ MONOROOM.info

ការបំពេញឲ្យគ្នា គឺជារឿងដែលមិនអាចខ្វះបាន។ ជាឧទាហរណ៍​ពីបុរាណកាលមកម្លេះ ស្ត្រីខ្មែរភាគច្រើន​តែងមាន​ភារៈ រ៉ាប់រងមើលថែកូនចៅ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះឲ្យបានល្អ។ សម្រាប់បុរសខ្មែរតែងមានភារៈ ជាអ្នកចេញទៅ​ខាងក្រៅ ធ្វើការរកស៊ីមកទុកចិញ្ចឹមគ្រួសារ (ប្រពន្ធ កូន ឳពុកម្តាយ និងជីដូនជីតា )។ សម្រាប់ស្ត្រីនៅប្រទេសខ្លះ គឺមានសេចក្តី​ក្លាហានទទួលភារៈ ចេញទៅរកស៊ី នៅខាងក្រៅមិនចាញ់បុរសឡើយ។ បើទោះជាតាមសភាពជាក់ស្តែង បុរសនិងស្ត្រីមាន​ភារៈ និងគុណសម្បត្តិដូចគ្នា ឬអាចបំពេញឲ្យគ្នាយ៉ាងនេះក្តី ក៏សង្គមមនុស្សនៅសម័យមុន មិនសូវជាចាប់អារម្មណ៍ក្នុង​ការ​ឲ្យតម្លៃ ដល់ស្ត្រីដូចជាបុរសឡើយ។ ទើបតែក្រោយពីមានការទាមទារ ពីសំណាក់ស្ត្រីក្លាហាន យ៉ាងផុសផុលកន្លង​មក​ប៉ុណ្ណោះ ទើបពិភពលោក ព្រមទទួលស្គាល់ និងលើកតម្លៃស្រ្តីឲ្យមានតម្លៃ ស្មើនឹងបុរសនៅលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។

តើស្ត្រីពិតជាមានតម្លៃគួរឲ្យពិភពលោកយកចិត្តទុកដាក់អ្វីខ្លះ?

ឆ្លងតាមប្រវត្តិសាស្ត្រ (សង្គម វប្បធម៌ នយោបាយ ប្រពៃណី ទំនៀម) ខ្មែរបានបញ្ជាក់ថា ស្ត្រីខ្មែរ មានគុណសម្បត្តិធំធេង ដែលគួរឲ្យស្ញប់ស្ញែង ជាច្រើនដូចជា៖

ក. ស្ត្រីខ្មែរ គឺជាអ្នកជំនួញដ៏ឆ្លាតវៃ៖ ស្ត្រីខ្មែរភាគមិនថា ចាស់ក្មេងនោះទេ មិនសូវទុកពេលទំនេរ ឥតប្រយោជន៍ឡើយ។ ក្រៅពីភារៈថែរក្សា ទ្រព្យសម្បត្តិ និងអប់រំកូនចៅ បើទោះណាជាមាន ការមមាញឹកយ៉ាងណាក៏ដោយ ក៏ស្ត្រីនៅឆ្លៀត​ពេល​រកស៊ីលក់ដូរ នៅផ្ទះជួយបន្ថែម ប្រាក់ចំណូលស្វាមីផងដែរ។ ស្ត្រីខ្លះលក់គ្រឿងទេស ខ្លះលក់នំចំណី ខ្លះធ្វើការងារ​សិប្បកម្ម។ល។

ខ. ស្ត្រីខ្មែរ គឺជាភរិយាដ៏ល្អរបស់ស្វាមី៖ ក្រៅពីការថែទាំទ្រព្យសម្បត្តិនិងកូនចៅ ស្រ្តីខ្មែរនៅមានភារៈ​យកចិត្ត​ទុកដាក់​ចំពោះប្តីថែមទៀតផង។ ស្ត្រីខ្មែរ តែងតែដើរតួនាទីជាអ្នកប្រឹក្សាយោបល់របស់ប្តី ជាអ្នកលើកទឹកចិត្តប្តី​នៅគ្រប់​កាលៈទេសៈ​ទាំងអស់ ជាពិសេសពេលដែលប្តី មានជួបឧបសគ្គក្នុងមុខរបរ។ ពេលខ្លះ ស្ត្រីហ៊ានទាំងចូលរួមអារកាត់ ក្នុងមុខរបរប្តីថែម​ទៀតផង។

គ. ស្រ្តីខ្មែរ គឺជាមាតាដ៏ល្អរបស់កូន៖ ពេលឳពុកទៅធ្វើការ នៅឯក្រៅបាត់ មានតែម្តាយប៉ុណ្ណោះដែលនៅជិតកូន ដឹងចិត្ត​កូន និងចេះជួយអប់រំ ឧបត្ថម្ភ និងលើកទឹកចិត្តកូនគ្រប់បែបយ៉ាង ដើម្បីឲ្យកូនបានក្លាយជា មនុស្សល្អ និងទទួលបាន​ជោគជ័យនៅ ក្នុងសង្គម។

ង. ស្ត្រីខ្មែរ គឺជាអ្នកប្រកាន់ខ្ជាប់ នូវគោលការណ៍សីលធម៌ របស់ព្រះពុទ្ធសាសនា៖ ស្ត្រីខ្មែរភាគច្រើន​តែមាន​ចិត្តជ្រះ​ថ្លានៅក្នុងការដាក់ទាន ការជួយសង្គ្រោះអ្នកដទៃឲ្យបានសុខ។ ស្ត្រីខ្មែរច្រើនតែមានព្រហ្មវិហាធម៌ ចំពោះកូន ស្វាមី ក៏ដូច​ជា​អ្នកដទៃ។ ស្ត្រីខ្មែរតែងរាប់បាត រក្សាសីលបាន យ៉ាងខ្ជាប់ខ្ជួន។

ច. ស្ត្រីខ្មែរ គឺជាកងជីវពលដ៏ក្លាហាន របស់ជាតិ៖ ស្ថិតក្នុងស្ថានភាប្រទេសកើតសង្គ្រាម ស្ត្រីខ្មែរតែងស្ម័គ្រចិត្តជួយ រាប់​រងឧបត្ថម្ភស្បៀងអារហារ នានាជូនដល់សមរភូមិមុខ ស្ត្រីខ្លះចូលខ្លួន ក្នុងការធ្វើជាទាហាន ដើម្បីវាយ​ខ្មាំង​សត្រូវ​ឈ្លានពាន ឲ្យខ្ចាត់ខ្ចាយ។ ដូចជាសម័យលង្វែកនិងឧត្តុង្គជាដើម ស្ត្រីសម័យនោះ សុខចិត្តកាត់សក់ខ្លី ធ្វើជាបុរសបន្លំសត្រូវ វាយទ័ព​សៀម ឲ្យខ្ចាត់ខ្ចាយទៅ។ បើទោះណាជាបុរស ត្រូវបានពួកសត្រូវ សម្លាប់ចោលច្រើនយ៉ាងណា ក៏ដោយក៏​ស្ត្រី​ខ្មែរ​មិនមាន​ការរួញរា ក្នុងការការពារជាតិឡើយ។

ឆ. ស្ត្រីខ្មែរ គឺជាអ្នកទាមទារសេរីភាព ដ៏សកម្មរបស់ជាតិ៖ ស្ថិតក្នុងស្ថានភាព ជួបនូវវិបត្តិសង្គម ឬរឿងអយុត្តិធម៌​ក្នុង​សង្គមស្ត្រី ខ្មែរតែងចេញមុខតវាជានិច្ច ដើម្បីទាមទារឲ្យបាននូវ យុត្តិធម៌សង្គម។

ជ. ស្ត្រីខ្មែរ គឺជាក្តីសង្ឃឹមរបស់បុរស៖ ទីណាដែលមានស្ត្រី គឺទីនោះតែងតែមានក្តីសង្ឃឹម មានក្តីញញឹម និងការជឿជាក់​សម្រាប់បុរស ព្រោះថា ស្ត្រីខ្មែរគឺជាអ្នកដែលមានសិល្បៈខ្ពស់ ក្នុងការចរចាក៏ដូចជាការលើកទឹកចិត្ត។ ក្រុមហ៊ុនដែល​ឈាន មុខនៅលើទីផ្សារគេច្រើនយកស្ត្រីសម្រាប់ធ្វើជាអ្នក ទំនាក់ទំនងដូចការងារ ទទួលភ្ញៀវ ការងារលេខាធិការ និងការងារ​លក់ដូរជាដើម ព្រោះថា ស្ត្រីខ្មែរមានសិល្បៈខាងការរៀបចំតុបតែង មានដំណើរទន់ភ្លន់ និងចេះប្រើពាក្យពេចន៍ សុភាព​រាបសារ ព្រមទាំងមានភាពឈ្លាសវៃ នៅក្នុងទំនាក់ទំនងជាដើម។

ឈ. ស្ត្រីខ្មែរ គឺជាកម្លាំងដ៏ មុតស្រួចរបស់ សហគមន៍ក៏ដូចជាប្រទេសជាតិ៖ ស្ត្រីខ្មែរមានចំនួនច្រើនជាងបុរស ជា​មនុស្សឧស្សាហ៍ព្យាយាមនៅក្នុងការងារ។ ការងារដែលស្ត្រីខ្មែរធ្វើ មានដូចជាការងារសិល្បៈ កសិកម្ម ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍ ពាណិជ្ជកម្មខ្នាតតូច សេវាអប់រំ សិប្បកម្មជាដើម។ល។ ដែលការងារទាំងអស់នេះ សុទ្ធតែអាចផ្តល់​កំណើនខ្ពស់ ដល់សេដ្ឋកិច្ចជាតិ។

ញ. ស្ត្រីខ្មែរ គឺជាគ្រូបង្រៀនរបស់ជាតិ៖ ស្ត្រីខ្មែរ គឺជាមនុស្សសក្តិសម ទីមួយនៅក្នុងវិស័យអប់រំនៅបឋមសិក្សា។ ការ​អប់រំ​មនុស្ស គឺជាកិច្ចការសំខាន់ដែលមិនអាចខ្វះបាន។ ការអប់រំកុមារ រឹតតែសំខាន់ណាស់ទៅទៀត វាមិនខុសពីការដាំដើម​រុក្ខជាតិ ឡើយ គឺដើម្បីបានឈើល្អ យកទៅប្រើប្រាស់ គេត្រូវតែមានបច្ចេកទេស ដាំដើមឈើឲ្យបានល្អតាំងតែពីតូចទៅ។ ការអប់រំកុមារ គឺមានការពឹងពាក់ច្រើន ទៅលើស្ត្រី ព្រោះថា ស្ត្រីមានភាពទន់ភ្លន់ជាងបុរស មានភាពអត់ធន់ ក្នុងការងារផង​ទាំងពួង ជាពិសេសជាមួយនឹងក្មេង។

ដ. ស្ត្រីខ្មែរ ជាអ្នកឈានមុខគេ នៅក្នុងកិច្ចថែរក្សាវប្បធម៌៖ មិនថា ការងារសិប្បកម្ម ការងារសិល្បៈ ចរិយាមារយាទ សំដីសំដៅ ការស្លៀកពាក់។ល។ គឺស្ត្រីមានភាពសកម្ម នៅក្នុងការថែរក្សាក្នុងសភាព ជាអត្តសញ្ញាណរបស់ជាតិ។ ការហូរ​ចូល នូវវប្បធម៌ពាលានាៗ មិនអាចមកពង្វក់ឲ្យស្ត្រីខ្មែរ​ភ្លេចអត្តសញ្ញាណជាតិកំណើត​ ដ៏ល្អផូរផង់របស់ខ្លួនបានឡើយ។ របាំអប្សរា គឺបានក្លាយជាសម្បត្តិបេតិកអរូបិយភណ្ឌ​ របស់ពិភពលោកក៏ព្រោះ តែមានស្ត្រីជាអ្នកចូលរួមការពារ។

តាំងតែពីបុរាណកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្មែរមានស្ត្រីឆ្នើមច្រើនរូបរាប់មិនអស់ ដែលបានធ្វើពលីកម្មធំធេង ដើម្បីជាតិមាតុភូមិ ប្រកបដោយមោទនភាព។ ស្ត្រីទាំងអស់នោះមានដូចជា៖ ព្រះនាងសោមា (លីវយី) ព្រះនាងឥន្ទ្រទេវី ព្រះនាង កុសមៈ អ្នកស្រីសិទ្ធ អ្នកស្រីកែវ ច័ន្ទបូរណ៍ អ្នកស្រី ប៉ាល់ វណ្ណារក្ស លោកជំទាវ ពេជ្រ សង្វាវ៉ាន លោកស្រី មួ សុខហួ លោកស្រីពួង ឈីវហ្កេច លោកស្រីជា ស៊ុនដាណែត លោកស្រី អ៊ុំ សុផានី លោកស្រីរស់ សេរីសុទ្ធា លោកស្រី ជិន យ៉ាហន។ល។

បើក្រឡេកមកមើលស្ត្រី នៅក្នុងពិភពលោក​ យើងវិញយើងក៏ឃើញមានស្ត្រីជាច្រើន ដែលប្រកបទៅដោយគុណតម្លៃ ឲរាប់​មិនអស់  ដែលយើងម្នាក់ៗ តែងតែស្គាល់គ្រប់ៗគ្នាដូចជា៖ លោកស្រី អ៊ុងសាន ស៊ូជី លោកស្រីអារីយ៉ូ លោកស្រីហ៊ីឡារី គ្លីន តុន អ្នកម្តាយ តេរីសា លោកស្រី អ៊ែនជីណា ជូលា លោកស្រី ម៉ាហ្ការែត ថាច់ឆ័រ។ល។ ដែលលោកទាំងអស់នេះ មាន​បេសកកម្មផ្សេងៗគ្នា ក្នុងបុព្វហេតុសង្គម មនុស្សធម៌ និងនយោបាយ និង សិល្បៈ។

សរុបមកវិញស្ត្រី គឺពិតជាមានតម្លៃដ៏ធំធេង សម្រាប់សង្គម ប្រទេសជាតិក៏ដូចជា ពិភពលោកទាំងមូល។ យើងទាំងអស់​គ្នា​គួរតែនាំគ្នា លើកស្ទួយតម្លៃស្ត្រី ឲ្យបានខ្ពស់ស្មើនឹងបុរស។ យើងគួរតែយល់ដឹងឲ្យច្បាស់ ពីសុខទុក្ខរបស់ស្ត្រី និងចេះផ្តល់​ឱកាសឲ្យស្ត្រីមានលទ្ធភាព នៅក្នុងការកសាងពិភពលោក។

---------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញ ថ្ងៃ ទី ២៧ កុម្ភៈ ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ ទស្សនាវដ្តី មនោរម្យ ព័ងអ៊ីនហ្វូ