Posts tagged as "Nokia"

ស្រាវជ្រាវ៖ ប្រវត្តិ​«ទូរស័ព្ទ​ដៃ» និង​អត្ថ​ប្រយោជន៍​របស់​វា

ស្រាវជ្រាវ៖ ប្រវត្តិ​«ទូរស័ព្ទ​ដៃ» និង​អត្ថ​ប្រយោជន៍​របស់​វា

ការបង្កើតទូរស័ព្ទដៃ

ទូរស័ព្ទដៃដំបូងគេ ត្រូវបានឆ្នៃប្រឌិត និងបង្កើតឡើង ដោយលោកសាស្ត្រាចារ្យ ម៉ាទីន កូព័រ (Martin Cooper) ក្នុង​ឆ្នាំ​១៩៧៣ ដែលកាលនោះលោក ជានាយកផ្នៃកស្រាវជ្រាវ និងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនម៉ូតូរ៉ូឡា (Motorola) របស់​អាមេរិក។ ទូរស័ព្ទ​ដំបូងនោះ មានឈ្មោះថា ឌីណាតាក់ (Dynatac) មានលក្ខណៈជាទូរស័ព្ទព្រៀង។ ជាង១០ឆ្នាំ​ក្រោយម ទូរស័ព្ទនេះ បានដាក់​លក់នៅសហរដ្ឋអាមេរិក ដោយបានបន្ថែមឈ្មោះអោយវាថា ឌីណាតាក់ ៨០០០អ៊ិច (DynaTAC 8000x)។

ក្នុងពេលនោះការជាវទូរស័ព្ទនេះមកប្រើ មានតែអ្នកមានធនធានប៉ុណ្ណោះ ដោយគេត្រូវចំណាយប្រាក់រហូតដល់ ៣ ៩៩៥​ដុល្លាអាមេរិក ដើម្បីបានវាយកមកប្រើប្រាស់។ លើសពីនេះទៅទៀត វាមានទំហំធំ ក្រាស់ និងធ្ងន់ប្រៀប​បាន​នឹង​ដុំថ្ម​មួយដុំ៖ កំពស់២៥សង់ទីម៉ែត្រ (មិនទាន់វាស់ទាំងអង់តែន) និងទម្ងន់៧៨៣ក្រាម។ ហើយរយៈពេលនៃការ​ប្រើប្រាស់ ក៏មិនបាន​យូរ​ដែរ បើទោះជា​គេ​ទុកទូរស័ព្ទ មិនយកមកប្រើប្រាស់ជជែកនោះក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្នុងសម័យកាលនោះ វាជាទូរស័ព្ទចល័តដែលតូចជាងគេបង្អស់ ដាក់ចេញមកលក់ ជា​សាធារណៈ។

សូមរលឹកឡើងវិញថា លោកម៉ាទីន កូព័រ បានលើកទូរស័ព្ទនេះមកនិយាយជាលើកដំបូង នៅថ្ងៃទី៣ខែមេសា​ឆ្នាំ​១៩៧៣ ហើយលោកបានហៅទៅសហជីវិកគាត់ម្នាក់ទៀតឈ្មោះ ជូអែល អេនជែល (Joel Engel)។ គេបានចាត់​ទុកថា នេះមិន​គ្រាន់​តែជាការបង្កើតថ្មីប៉ុណ្ណោះទេ តែវាមាន«ទំហំធំជាង»ការរកឃើញថ្មី នៃបច្ចេកវិទ្យាធម្មតាៗ​ទៅ​ទៀត។ វាជាជំហាន​ដំបូងនៃ​បច្ចេកវិទ្យា ក្នុងវិស័យទូរស័ព្ទចល័ត ឬអាចនិយាយបានថា ជាអ្នកអោយកំណើត ដល់​ទូរស័ព្ទដៃនាសម័យនេះ។

ការវិវត្តន៍បន្តមកទៀត នៃទូរស័ព្ទដៃ

តាំងពីពេលនោះមក ទូរស័ព្ទដៃមានការវិវត្តខ្លាំងគួរអោយកត់សំគាល់។ វាលែងមានទំងន់ជិតមួយគីឡូក្រាម ដូចមុន​ហើយ តែមានទម្ងន់ប្រមាណតែ១០០ក្រាមប៉ុណ្ណោះ ឬស្រាលជានេះ និងមានទំហំកាន់តែតូច ងាយស្រួលកាន់​នឹង​ដាក់តាមខ្លួន ឬ​ដាក់ទៅក្នុងហោប៉ៅនោះថែមទៀត។

រយៈពេលនៃការប្រើប្រាស់ ក៏ត្រូវបានតម្លើងយ៉ាងសម្បើមដែរ។ ទូរស័ព្ទខ្លះអាចមានរយៈពេលប្រើប្រាស់រហូតដល់ ច្រើន​ជាងមួយសប្ដាហ៍។ មិនត្រឹមតែប៉ុណ្ណោះ វាបានបន្ថែមនូវមុខងារជាច្រើនទៀត លើសពីការហៅចេញ និងទទួល​ការហៅ​ចូល ដូចជាអាចផ្ញើរ និងទទួលសារជាអក្សរ (SMS) អាចស្ដាប់ចម្រៀង វិទ្យុ និងកម្មវិធីផ្សេងទៀតជាច្រើន បើទោះជាកម្មវិធីនោះ មិន​សូវមាន​អត្ថប្រយោជន៍ក៏ដោយ។

ទូរស័ព្ទដៃទីពីរបន្ទាប់ ដែលទទួលភាពជោគជ័យយ៉ាងសម្បើមនោះ បានចេញនៅឆ្នាំ១៩៩៦ មានឈ្មោះថា ស្តារតាក (Star Tac) របស់ក្រុមហ៊ុនម៉ូតូរ៉ូឡាដដែល ដែលខ្មែរហៅថា ម៉ូតូរ៉ូឡាបត់។ វាបានក្លាយជាទូរស័ព្ទដៃដំបូងគេ ដែល​អាចបត់បាន និងមានសន្ទះបិតបើក ដោយយោងទៅលើសណ្ឋាន នៃការនិយាយទូរស័ព្ទរបស់អ្នកប្រើប្រាស់។ ទូរស័ព្ទនេះ ក៏ជាទូរស័ព្ទ​លើកដំបូងគេដែរ ដែលបំពាក់ដោយម៉ាស៊ីន«ញ័រ» នៅខាងក្នុង។

នៅឆ្នាំ១៩៩៩ ណូគៀ ៧១១០ (Nokia 7110) បានចេញមកលក់ក្នុងទីផ្សារ ដែលមានរូបរាងដូចគ្នាសឹងតែទាំងស្រុង នឹង​ទូរស័ព្ទដែលបានប្រើ ក្នុងភាពយន្ដហូលីវូដមួយ មានចំណងជើងថា ម៉ាទ្រិក (Matrix)។ វាជាទូរស័ព្ទដំបូងគេ ដែលមាន​ប្រព័ន្ធ វ៉ាប (WAP - ប្រព័ន្ធអាំងធើណែត ក្នុងទូរស័ព្ទដៃ) ដែលជាបច្ចេកវិទ្យាថ្មី និងកំពុងតែរីកលូតលាត់ ក្នុងមាស៊ីនកុំព្យូទ័រ​ធម្មតា។

នៅឆ្នាំ២០០០ ការរកឃើញថ្មីមួយទៀត បានដាក់ផ្សាយជាសាធារណៈ នោះគឺ ណូគៀ ៣២១០ (Nokiq 3210) ជា​ទូរស័ព្ទ​ដំបូងគេ ដែលមានអង់តែនបង្កប់ និងមានពាក្យសរសេរ ទទួលស្គាល់ដោយវចនានុក្រម ធីណាយ (T9) នៅក្នុងតួទូរស័ព្ទ។ នៅពេលនោះ ល្បែងមួយចំនួន ដូចជា មេម៉ូរី (Memory) ឬស្នេក (Snake) ជាដើមនោះ ត្រូវបាន​អ្នកប្រើប្រាស់ ទទួល​ស្គាល់​ថាជាផ្នែកមួយនៃការកំសាន្ដប្រចាំថ្ងៃ របស់ពួកគេ។

ក្រុមហ៊ុន ស្សាប របស់ជប៉ុន បានចេញមកលក់និងគេដែរ នូវផលិតផលទូរស័ព្ទដំបូងរបស់ខ្លួន ដែលមានឈ្មោះថា J-SH04 នៅឆ្នាំ​២០០១ ហើយក៏ជាទូរស័ព្ទដំបូងគេ ដែលមានបំពាក់ដោយម៉ាស៊ីនថតរូប។ ក្នុងឆ្នាំនេះដដែល ការ​ប្រើប្រាស់ប្រព័ន្ធ​បញ្ជូន​សារជាអក្សរ ក៏បានកើនឡើងយ៉ាងខ្លាំងដែរ៖ ច្រើនជាង ២៥០ពាន់លានសារ ត្រូវបាន​ផ្ញើរក្នុង​ពិភពលោក ទល់នឹង​១៧ពាន់​លានសារ ក្នុងឆ្នាំមុន។

បន្ទាប់មកទៀត ណូគៀ១១០០ (Nokia 1100) ដែលចេញនៅឆ្នាំ២០០៣ ត្រូវបានបញ្ចេញមកលក់ សម្រាប់ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ជាមួយនឹងរបៀបរប្រើប្រាស់«សមញ្ញៗ»។ វាបានក្លាយជាទូរស័ព្ទដំបូង ដែលលក់ដាច់​បាន​ច្រើនជាងគេក្នុង​ពិភពលោក៖ ប្រមាណ​ជាជាង ២០០លានគ្រឿង។

ការវិវត្តន៍នៃបច្ចេកវិទ្យាទូរស័ព្ទដៃ បានឈានមកដល់ដំណាក់កាលមួយទៀត នៅពេលដែលក្រុមហ៊ុនអ័បផល (Apple) របស់​អាមេរិក បញ្ចេញផលិតផលដ៏ទំនើបរបស់ខ្លួន មកលក់ក្នុងទីផ្សារនៅឆ្នាំ២០០៧ នោះគឺទូរស័ព្ទ អាយហ្វូន (Iphone)។ វត្ថុដ៏​ចម្លែកជាងគេនេះ ជាទូរស័ព្ទដៃ ដែលផ្ដល់អោយអ្នកប្រើប្រាស់ នូវសមត្ថភាពនិងកម្មវិធី​ជាច្រើន ក្នុងនោះ មានដូចជា​ការស្ដាប់​ចម្រៀង ចូលទៅអាំងធើណែត ឬលេងល្បែង ។ល។

ទូរស័ព្ទនៅក្នុងសង្គមយើងបច្ចុប្បន្ន

ទូរស័ព្ទដៃនៅក្នុងសង្គមយើងបច្ចុប្បន្ន មានតួនាទីយ៉ាងសំខាន់ និងបានក្លាយជាវត្ថុដែលអត់មិនបាន។ វាអាចអោយ​យើង​ទាក់ទងគ្នា នៅគ្រប់ពេលវេលា និងសឹងតែគ្រប់ទីកន្លែង (ដែលមានសេវាទូរស័ព្ទទៅដល់)។ បើទោះជាវាត្រូវ​បានបង្កើត​ឡើង​ដំបូង ក្នុងគោលបំណងតែនៅក្នុងកិច្ចការជំនួញ ឬសម្រាប់តែអ្នកមានទ្រព្យធននោះក៏ដោយ តែ​បច្ចុប្បន្ននេះ​ការ​ប្រើប្រាស់​ទូរស័ព្ទដៃ មិនត្រឹមតែបានជ្រាបចូល ទៅក្នុងស្រទាប់ប្រជាជនសមញ្ញធម្មតានោះទេ សូម្បី​កុមារតូចៗ ក៏ពួកគេ​អាចមាន​លទ្ធភាព នឹងយកទូរស័ព្ទនេះមកកាន់ និងប្រើប្រាស់នោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ ទូរស័ព្ទដៃជាផ្នែកមួយ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ពិភពលោក ដែលមិនអាចខ្វះបាន។ ព្រោះ​ដើម្បី​ផលិតទូរស័ព្ទដៃមួយគ្រឿង គេត្រូវការជាចាំបាច់ អ្នកស្រាវជ្រាវ អ្នកផលិត អ្នករចនារូបរាង ... ហើយដើម្បីដាក់​អោយ​ទូរស័ព្ទ​មានដំណើរការ គេត្រូវការអ្នកផ្ដល់សេវាប្រព័ន្ធទូរស័ព្ទ អ្នកចែកផ្សាយ ។ល។ នោះជាដើម។

សូមបញ្ជាក់ថា នៅឆ្នាំ២០១០កន្លងមក ទូរស័ព្ទដៃប្រមាណជា ១,៦ពាន់លានគ្រឿង ត្រូវបានលក់ដាច់ នៅក្នុង​ទីផ្សារ​ពិភព​លោកទាំងមូល។ ប៉ុន្តែទន្ទឹមនឹងនេះ ទូរស័ព្ទដៃក៏បានបង្កអោយមាន សំរាមធ្វើអោយពុលដល់បរិដ្ឋាន យ៉ាង​សន្ធឹកសន្ធាប់​ដែរ។ បើនិយាយមកទល់ នឹងរយៈពេលចុងក្រោយនេះ គេបានបោះចោលនូវទូរស័ព្ទដៃប្រមាណជា ៧២០លានគ្រឿង ក្នុង​មួយឆ្នាំៗ៕

សូមទស្សនាខ្សែវីដេអូ ដែលបង្ហាញពីការវិវត្តនៃទូរស័ព្ទដៃ៖

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) នឹងទិញយករាល់ផលិតផល (devices) និងសេវាកម្ម របស់ក្រុម ណូគៀ (Nokia) ដែល​រួម​មានទាំងសេវាកម្មផែនទី (mapping services) ថែមទៀត ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ៧.២ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បីពង្រីកទីផ្សារខាងទូរស័ព្ទដៃវ៉ៃឆ្លាតរបស់ខ្លួន។


លោក ស្តេហ្វិន អេឡុប នៃក្រុមហ៊ុន ណូគៀ និង លោក ស្តីវ បលមឺ នៃក្រុមហ៊ុនមីក្រូសូហ្វ នៅពេលប្រកាស​ចេញទូរស័ព្ទ​វីនដូវហ្វូន កាលពីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១១។ (រូបថត AP)

ក្រុមហ៊ុនកម្មវិធីយក្ស (software) នឹងចំណាយ ៥ពាន់លានដុល្លារ សម្រាប់គ្រប់ផលិតផលទូរស័ព្ទដៃរបស់ណូគៀទាំងអស់ និង ២.២ពាន់លានដុល្លារទៀត សម្រាប់ការទិញយកកម្មសិទ្ធិប៉ាតង់ (របស់ណូគៀ)។

នាយកប្រតិបត្តិក្រុមហ៊ុនណូគៀ លោក ស្តេហ្វិន អេឡុប (Stephen Elop) និងនាយកប្រតិបត្តិមីក្រូសូហ្វ លោក ស្តីវ បលមឺ (Steve Ballmer) បានចេញសេចក្តីថ្លែងការរួមគ្នាមួយថា៖ «កិច្ចព្រមព្រៀងគ្នាថ្ងៃនេះ នឹងជួយបង្កើនល្បឿនសន្ទុះនៃ​ឧបករណ៏ និងសេវាកម្មរបស់ណូគៀ ដែលនាំមកនូវទូរស័ព្ទទំនើបៗប្រកបដោយភាពច្នៃប្រឌិតបំផុតក្នុងពិភពលោក សម្រាប់ផ្តល់ជូនដល់មនុស្សកាន់តែច្រើន ខណៈដែលបច្ចុប្បន្នណូគៀ កំពុងតែបន្តភ្ជាប់ទំនាក់ទំនងនឹងមនុស្ស​រាប់ពាន់​លាននាក់ស្រាប់។»

លោក អេឡុប បានបន្តថា៖ «ការរួមសហការដ៏ជោគជ័យរបស់យើងនេះ វានឹងអាចនាំឲ្យក្រុមហ៊ុនទាំង២ មានវិស្វកម្ម​កម្មវិធី​របស់មីក្រូសូហ្វ (Microsoft's software engineering) កាន់តែល្អឥតខ្ចោះ ជាមួយនឹងវិស្វកម្មផលិតផលរបស់ណូគៀ កាន់តែល្អឥតខ្ចោះដូចគ្នា។ ជាងនោះទៀត វាអាចនឹងជួយឲ្យយើងទទួលបានពានរង្វាន់ក្នុងការរចនា និងការចរាចរណ៏លើ​ទីផ្សារ​ពិភពលោកធំទូលាយនូវគ្រប់ផលិតផលទាំងអស់។»

ប្រធានក្រុមហ៊ុនណូគៀ លោក រីស្តូ សីលឡាស្មា (Risto Siilasmaa) បាននិយាយថា៖ «សម្រាប់ក្រុមហ៊ុនណូគៀ នេះជា​កត្តាសំខាន់មួយសម្រាប់ការកែប្រែ និងជួយពង្រឹងដល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហើយអាចជួយក្រុមហ៊ុន​ទៅរកទំព័រ​ថ្មីមួយទៀត។ ការព្រមព្រៀងនេះ ជាឱកាសដ៏ល្អមួយសម្រាប់បុគ្គលិកជាច្រើនរបស់ណូគៀ ក្នុងពេលអនាគត ដែល​ពួក​គេនៅតែជាផ្នែករបស់ក្រុមហ៊ុន សម្រាប់ផលិតទូរស័ព្ទដៃផងដែរ។»

ការទិញបញ្ចប់រួចរាល់ជាផ្លូវការ នឹងកើតឡើងនៅដើមឆ្នាំ២០១៤ ខណៈដែលបុគ្គលិករបស់ក្រុមហ៊ុនណូគៀប្រមាណ ៣២ពាន់នាក់ នឹងធ្វើការផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនមីក្រូសូហ្វ។ ណូគៀ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ដូចជាចាញ់​ប្រៀប​គូប្រជែង សាំស្ស៊ង (Samsung) និងអ័បផល (Apple) ខ្លាំង ខណៈដែលមីក្រូសូហ្វក៏ហាក់ដូចជាមានភាពយឺតយ៉ាវ ក្នុង​ការ​ប្រកួតប្រជែងទីផ្សារទូរស័ព្ទដៃដែរ។

ដូច្នេះយើងចាំមើលថា តើមីក្រូសូហ្វចាប់ដៃគូជាមួយណូគៀ អាចប្រកួតប្រជែងជាមួយនឹង សាំស្ស៊ង និងអ័បផល បាន​ឬ​យ៉ាងណា? យើងនឹងដឹងទាំងអស់គ្នានាពេលខាងមុខ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

សាំស្ស៊ុង ត្រៀម​ប្តូរ​ខ្លួន​ពី​ប្លាស្ទិច ទៅ​លោហៈធាតុ​នៅ​ឆ្នាំ​២០១៤

សាំស្ស៊ុង ត្រៀម​ប្តូរ​ខ្លួន​ពី​ប្លាស្ទិច ទៅ​លោហៈធាតុ​នៅ​ឆ្នាំ​២០១៤

ក្រុមហ៊ុនសាំស្ស៊ុង (Samsung) អាចនឹងប្តូរខ្លួន (សំបក) ពីប្លាស្ទិច ទៅជាលោហៈធាតុវិញ សម្រាប់ទូរស័ព្ទដៃវ៉ៃឆ្លាត​ស៊េរី​ទំនើបថ្មីៗ នៅឆ្នាំ២០១៤។ នេះបើតាមសេចក្តីរាយការណ៏ មកពីប្រទេសកូរ៉េខាងត្បូង។


ទូរស័ព្ទសាំស្ស៊ុង ដែលមានសំបកជ័រ រីឯអេចធីស៊ី មានសំបកធ្វើពីលោហធាតុ។ (រូបថត MONOROOM.info)

កាសែតកូរ៉េ អ៊ីធីញ៉ូ (ETNews) បានដកស្រង់ប្រភពមកពីឧស្សាហកម្មថា ក្រុមហ៊ុនសាំស៊្សុងកំពុងតែពិចារណា ក្នុងការ​រចនាទូរស័ព្ទស៊េរីថ្មីៗបន្ទាប់ ជាលោហៈធាតុវិញ ពោលគឺសារធាតុ អាលុយម៉ាញ៉ូម (aluminium)។ ហើយ​កន្លងមកក៏​ធ្លាប់​មានពាក្យចចាមអារ៉ាមដែរថា ក្រុមហ៊ុនបានពិចារណាសារធាតុ កាបូនហៃបឺ (carbon fibre) ផងដែរ។

ខណៈដែលគ្រប់ឧបករណ៏ស៊េរី ហ្គាឡាក់ស៊ី (Galaxy) របស់សាំស្ស៊ុង កំពុងតែទទួលបាននូវប្រជាប្រិយភាពខ្លាំង ទទឹមនឹង​នោះក៏មានការរិះគន់មួយចំនួនដែរ ទៅលើការរចនាឡើងដោយប្លាស្លិច ដែលធ្វើឲ្យរូបរាង្គខាងក្រៅ (សំបក) មិនអាច​ប្រៀបធៀបទៅនឹងពពួក ណូគៀ (Nokia) ឬ អេចធីស៊ី (HTC) បាន ខណៈដែលខ្លួនទូរស័ព្ទដៃស៊េរីទំនើបៗ របស់​ក្រុមហ៊ុន​ទាំងនោះ សុទ្ធសឹងតែផលិតពីសារធាតុ ប៉ូលីកាបូនណាត (polycarbonates) ដែលមើលទៅមានភាពចែងចាំង រលើប​រលោងស្អាតជាង។

ទោះបីជាយ៉ាងណា សាំស្ស៊ុងក៏នឹងរចនាឡើងនូវលោហៈធាតុដែរ បន្ទាប់ពីឃើញក្រុមហ៊ុន អេចធីស៊ី ផលិតទូរស័ព្ទដៃ អេចធីស៊ីវ័ន (HTC One) ដែលមានសំបកជាលោហៈធាតុនោះ ទទួលចាប់ការទាក់ទាញ់ខ្លាំង។

លោហៈធាតុ វាមានទម្ងន់ធ្ងន់ជាងប្លាស្ទិច និងមានភាពស៊ីវិល័យស្រស់ស្អាតជាប្លាស្ទិច ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏​មានភាពធន់ពីការបាក់បែកជាងប្លាស្ទិចផងដែរ។

សាំស្ស៊ុងក៏មានគម្រោងបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី អូលីដ (OLED) និងការរចនាឡើងមានលក្ខណៈសម្បត្តិធំៗ២យ៉ាង៖ គុណភាពដំណើរការកាន់តែល្អ និងមានសំបកជាលោហៈធាតុ។ ជាពិសេសគេជឿថា ក្រុមហ៊ុននឹងភ្ជាប់មកជា​មួយ​នូវ​អេក្រង់ប្រភេទថ្មីដំបូងគេ (flexible screen devices) ដែលអាចបង្ហាញរូបភាពកាន់តែច្បាស់ល្អទ្វេរដង។

តាមសេចក្តីរាយការណ៏ សាំស្ស៊ុងនឹងចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាត ដែលរចនាឡើង ដោយលោហៈធាតុនៅលើទូរស័ព្ទដៃ​ស៊េរីទំនើបៗបន្ទាប់។ ហើយវាអាចនឹងលេចចេញរូបរាង្គ នៅស៊េរី ហ្គាឡាក់ស៊ី អេស៥ (Galaxy S5) ដែលក្រុមហ៊ុននឹង​បង្ហាញនៅនិទាឃរដូវឆ្នាំក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ណូគៀ «លូម៊ែ ១០២០» ចេញ​លក់​នៅ​ចិន តម្លៃ​ជិត​១​ពាន់​ដុល្លា

ណូគៀ «លូម៊ែ ១០២០» ចេញ​លក់​នៅ​ចិន តម្លៃ​ជិត​១​ពាន់​ដុល្លា

ទូរស័ព្ទដៃវ៉ៃឆ្លាតជំនាញខាងថតរូបរបស់ក្រុមហ៊ុន ណូគៀ (Nokia) «លូម៊ែ ១០២០» (Lumia 1020) ដែលមានកាមេរ៉ាទំហំ ៤១ម៉េហ្គាភិចស្យ៊ែល បានចេញលក់ហើយ នៅប្រទេសចិន នៅតម្លៃប្រមាណ ៩៨០ដុល្លាសហរដ្ឋអាមេរិក។


ណូគៀ «លូម៊ែ ១០២០» ទូរស័ព្ទដែលបង្ហាញពីសមត្ថភាពចាប់រូបច្បាស់។ (រូបថត ក្រុមហ៊ុន)

នៅក្នុងក្រុមហ៊ុនចិន ឆាយណាយូនីខម (China Unicom) ទូរស័ព្ទដៃទំនើបស៊េរីថ្មី មានតម្លៃ ៩៨០ដុល្លា ដែលប្រហាក់​ប្រហែលគ្នាទៅនឹងតម្លៃ អាយហ្វូន៥ (iPhone 5) របស់អ័បផល (Apple) ផងដែរ។

ប៉ុន្តែមានជម្រើសមួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង់ត្រឹមតែ ១៦៣ដុល្លាតែប៉ុណ្ណោះ បើពួកគេចុះកិច្ចសន្យា​បង់រំលោះរយះពេល៣ឆ្នាំ ហើយត្រូវបង់ ៦៣ដុល្លាដល់ក្រុមហ៊ុនក្នុងរយះពេល១ខែៗ រហូតដល់ចប់៣ឆ្នាំ។

លក្ខណៈសម្បត្តិទូរស័ព្ទដ៏ល្បី របស់ណូគៀស៊េរីថ្មីនេះ មានដូចតទៅ៖
• វិមាត្រ៖ ១៣០.៤ X ៧១.៤ X ១០.៤ មីលីម៉ែត្រ
• ទម្ងន់៖ ១៥៨ក្រាម
• អេក្រង់ ៖ ៤.៥អ៊ីញ អាចបង្ហាញរូបភាពបាន ៧៦៨ X ១២៨០ភិចស៊្យែល
• អង់ចងចាំ (RAM)៖ ២ជីហ្គាបៃ
• ទំហំផ្ទុក៖ មាន២ប្រភេទ ៣២ជីហ្គាបៃ និង៦៤ជីហ្គាបៃ ប៉ុន្តែមិនអាចបន្ថែមកាតពីលើបានទេ
• កាមេរ៉ាក្រោយ៖ ៤១ម៉េហ្គាភិចស្យ៊ែល, កាមេរ៉ាមុខទំហំ ១.២មេហ្គាភិចស្យ៊ែល
• ប្រព័ន្ធដំណើរការ៖ វីនដូហ្វូន៨ (Microsoft Windows Phone 8)
• ម៉ាស៊ីន (CPU)៖ ១.៥ជីហ្គាអែក ឌូខរ (Dual-core)
• ថ្ម៖ ២០០០មីលីអំពែម៉ោង ប្រភេទ លីអន (Li-Ion), អាចបើកគ្រឿងចោលបាន ៣៨៤ម៉ោង និងអាចនិយាយបាន ១៣ម៉ោង ២០នាទី និងអាចចាក់តន្ត្រីបាន ៦៣ម៉ោង។

ណូគៀ «លូម៊ែ ១០២០» មាន៤ពណ៌ឲ្យជ្រើសរើស ដែលមានពណ៌លឿង, ស, ខ្មៅ និងពណ៌ក្រហម។ ទោះជាយ៉ាងណា វាទើបតែចរាចរណ៏លើទីផ្សារប្រទេសចិនតែប៉ុណ្ណោះ ប៉ុន្តែវាអាចនឹងចរាចរណ៏លើទីផ្សារនៅជុំវិញ​ពិភពលោកនៅខែ​ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ណូគៀ​លូមែ​១០២០៖ ទូរស័ព្ទ​ដៃ​ទំនើប «កាមេរ៉ា​យក្ស» បាន​បង្ហាញ​ខ្លួន (VDO)

ណូគៀ​លូមែ​១០២០៖ ទូរស័ព្ទ​ដៃ​ទំនើប «កាមេរ៉ា​យក្ស» បាន​បង្ហាញ​ខ្លួន (VDO)

ក្រុមហ៊ុនណូគៀ (Nokia) បានប្រកាសចេញនូវប្រភេទទូរស័ព្ទដៃទំនើប (Smartphone) ស៊េរីថ្មីមួយ មានឈ្មោះថា «ណូគៀ លូមែ១០២០» (Nokia Lumia 1020) កាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញ នៅក្នុងទីក្រុងញ៉ូយ៉ក (New York) ជាមួយនឹងកាមេរ៉ា​យក្ស ដែលមានទំហំរហូតដល់ ៤១ម៉េកាភិចស្យ៊ែល។

លក្ខណៈសំខាន់របស់ទូរស័ព្ទដៃទំនើបនេះ ផ្តោតទៅលើគុណភាពនៃកាមេរ៉ា ដែលអាចចាប់យករូបភាពបាន​យ៉ាងច្បាស់​ត្រជាក់ភ្នែក។ ក្រៅពីអាចថតរូបភាពហើយនោះ វានៅមានមុខងារសំខាន់ៗមួយចំនួនទៀតដូចជា មុខងារកែលំអររូបថត និងមុខងារចែករំលែករូបភាពបានយ៉ាងរហ័សផងដែរ។

ណូគៀ លូមែ១០២០នេះ ជាប្រភេទទូរស័ព្ទដៃទំនើប ដែលដំណើរការប្រព័ន្ធប្រតិបត្តិការវីនដូ (Windows)។ ជាពិសេស​អ្នក ប្រើប្រាស់អាចចុចបញ្ជាបានយ៉ាងរហ័សងាយស្រួលបំផុត (super sensitive touch) និងអេក្រង់មានពន្លឺច្បាស់ល្អ។

លក្ខណៈសម្បត្តិសំខាន់ៗរបស់វា មានដូចជា៖
• អេក្រង់៖ ៤.៥អ៊ីញ អាចបង្ហាញរូបភាពបានទំហំ (១២៨០ X ៧៦៨)
• ថ្មមានកំរិតថាមពល៖ ២០០០មីលីអំពែម៉ោង, អាចសាកតាមខ្សែ ឬតាមប្រព័ន្ធគ្មានខ្សែ (wireless charging) ក៏បាន
• ម៉ាស៊ីនទំហំ៖ ១.៥ជីហ្គាអែក, ប្រភេទ dual-core Snapdragon
• កាមេរ៉ាក្រោយ៖ ៤១ម៉េហ្គាភិចស្យ៊ែល ភៀវីយូ (PureView) អាចចាប់យករូបភាពបានទំហំ (៧៧១២ X ៥៣៦០)
• កាមេរ៉ាមុខ៖ ១.២ម៉េហ្គាភិចស្យ៊ែល, ប្រភេទអេចឌី (HD)
• អង់ចងចាំ (RAM)៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៣២ជីហ្គាបៃ និងមាន៧ជីហ្គាបៃនៅក្នុងម៉ាស៊ីន
• វិមាត្រ៖ ១៣០.៤ X ៧១.៤ X ១០.៤មីលីម៉ែត្រ
• ទម្ងន់៖ ១៥៨ក្រាម

ណូគៀ លូមែ១០២០ មាន៣ពណ៌៖ ពណ៌លឿង, ស និងពណ៌ខ្មៅ។ វានឹងចេញចរាចរណ៏នៅលើពីផ្សារប្រទេស​អាមេរិក​មុនគេ ដែលអាចនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដានេះ ហើយមានតម្លៃប្រមាណ ២៩៩.៩៩ដុល្លា (នៅសហរដ្ឋ​អាមេរិក)៕

សូមទស្សនារូបភាពមួយចំនួន និងវិដេអូស្ដីពីទូរស័ព្ទនេះ ដូចតទៅ៖

វីដេអូ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ