Posts tagged as "Hun Manith"

កែវផុស៖ ហុនសែន​​ថា​​ដោះ​​ស្រាយ តែ​​ពលរដ្ឋ​​បារម្ភ​​ពី​​ភាព​​មិន​​ប្រក្រតី

កែវផុស៖ ហុនសែន​​ថា​​ដោះ​​ស្រាយ តែ​​ពលរដ្ឋ​​បារម្ភ​​ពី​​ភាព​​មិន​​ប្រក្រតី

ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីអោយកំណត់សាងសង់ផ្ទះចំនួន១៧ខ្នង ធ្វើពីបេតុង​ប្រក​ហ្វីប្រូ​សីម៉ង់ត៍ ដែលមានទំហំ ៦ម៉ែត្រX១២ម៉ែត្រ នៅលើ ទំហំផ្ទៃដី ៥០ម៉ែត្រX១០០ម៉ែត្រ ក្នុងនោះរួមមានផ្ទះបាយ និង​បង្គន់អនាម័យ សម្រាប់ប្រជាពលរដ្ឋចំនួន១៧គ្រួសារ។ តែភាពជាក់ស្តែងដីឡូតិ៍ ដែលបានពុះចែកមានទំហំតែ ៣០ម៉ែត្រ​X៤០ម៉ែត្រ ប៉ុណ្ណោះ។


សកម្មភាពឈូសផ្ទះ ប្រជាជននៅឃុំកែវផុស។ (រូបថតអង្គការបណ្ដាញដីធ្លី)

ប្រជាពលរដ្ឋប្រមាណ៤៩ គ្រួសារ បានទទួលការដោះស្រាយនូវសិទ្ធិដីធ្លី និងសិទ្ធិកាន់កាប់ ពីលោក ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុកអាជ្ញាធរជាតិដោះស្រាយដីធ្លី, លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងលោក ម៉ុង ឫទ្ធី ជាសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣។ ការចែកជួននេះ បន្ទាប់ពីមានការ​ឈូស​ឆាយ កម្ទេចផ្ទះសម្បែង ពីសំណាក់ក្រុមហ៊ុនស្រាបៀរលីអូ កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៣ នៅភូមិចំរាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អ្នកស្រី ហ៊ូ ស៊ីវីណា ជាជនរងគ្រោះ និងជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងឃុំកែវផុស បានលើកឡើងថា អ្នកស្រីមានការ​សប្បាយចិត្ត ដែលមានការដោះស្រាយករណីទំនាស់ដីធ្លីនេះ ពីលោកនាយករដ្ឋមន្ត្រី។ ប៉ុន្តែអ្នកស្រីក៏បានសម្តែង នៅការ​អាក់អន់ចិត្តខ្លះដែរ ដោយសារតែដីរបស់អ្នកស្រី មានរហូតដល់ទៅជាងប្រាំហិចតា មុនការឈូសឆាយ។ លុះក្នុងអំឡុង​ពេលដោះស្រាយនេះ អ្នកស្រីទទួលបានត្រឹមតែ៣០ម៉ែត្រX៤០ម៉ែត្រ ដូចអ្នកដែលមានដីតូច ឬគ្មានដីដែរ។

ឆ្លើតតបទៅនឹងករណីខាងលើ លោក ឈាង ឌីណារ៉ា មេឃុំកែវផុស បានបញ្ជាក់ថាភាពជាក់ស្តែង នៃដីដែលបាន​កាត់​មក​ឲ្យនោះ មិនគ្រប់៣២ហិកតាទេ។ ដូច្នេះគណកម្មការ បានសម្រេចជូនដី ដល់គាត់៣០ម៉ែត្រX៤០ម៉ែត្រវិញ។ ការសម្រេច​នេះឃើញថា ចែកជូនបានគ្រប់ទាំង៤៩គ្រួសារ ហើយដីដែលនៅសល់ប៉ុន្មាន សម្រាប់រៀបចំហេដ្ឋារចនាសម្ព័នានា ដូច​ជា​សាលារៀន មណ្ឌលសុខភាព ទីផ្សារសម្រាប់លក់ដូរ និងធ្វើប្រពន្ធ័ផ្លូវក្នុងភូមិ និងផ្លូវពទ្ធ័ជុំវិញដែលមានទទឹងជិត១៥ម៉ែត្រ ដើម្បីបំរើជាប្រយោជន៍រួម និងស្របតាមភូមិជឃុំមានសុវត្តិភាព។

អ្នកស្រី ហ៊ូ ស៊ីវីណា បន្តថា អ្នកមានដីធំៗដូចរូបគាត់ មានចំនួនប្រហែលជាបួន ទៅ ប្រាំគ្រួសារ។ ពួកគាត់ឯកភាពនឹងការរៀបចំនេះ តែសូមធ្វើយ៉ាងណាឲ្យមានភាពស្មើគ្នា និងមានការយោគយល់ គ្នាទៅវិញទៅមក។ ពួកគាត់នឹងរង់ចាំមើល ដល់ការដោះស្រាយជំហានទីមួយនេះចប់ បើមានបញ្ហាណាមួយមិនប្រក្រតីកើតឡើង ពួកគាត់នឹងធ្វើការតវ៉ា។ ករណីនេះលោកមេឃុំបានបញ្ជាក់ថា គណកម្មការបានយកយុត្តិសាស្ត្រ «ឈ្នះឈ្នះ» មកធ្វើការបែងចែកដីដោយសុំកាត់ដីពីអ្នកដែលមានដីធំមក ឲ្យអ្នកដែលមានដីតូច ឬគ្មានដី។ ចំពោះបញ្ហានេះប្រជាពលរដ្ឋទាំង៤៩ គ្រួសារ ក៏បានឯកភាពទទួលយក តាមការសម្រេចរបស់គណម្មការ ដោយមានលិខិតស្នាមត្រឹមត្រូវ ព្រោះជាយុត្តិសាស្រ្តឈ្នះទាំងអស់គ្នា។ លោកមេឃុំបន្ថែមថា ការបែងចែកដីធ្លីនេះ«មានតម្លាភាព»ណាស់ ដោយមានការចូលរួម តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ជាតិ ជាលក្ខណប្រព័ន្ធ ជាក្រុមត្រឹមត្រូវ។

ទាក់ទិននឹងការអនុវត្តគោលការណ៍ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ ប្រជាពលរដ្ឋទាំង៤៩គ្រួសារ​មានការ​សប្បាយចិត្ត និងទទួលនូវកិច្ចអន្តរាគមន៏នេះ។ ប៉ុន្តែត្រូវមានតម្លាភាព និងមិនត្រូវបន្ត ឲ្យមានជម្លោះដីធ្លីនេះទៀតទេ។

អ្នកស្រី ហ៊ូ ស៊ីវីណា សង្កត់ធ្ងន់ថា «បញ្ហាដីធ្លីនៅស្រុកខ្មែរយើង មានច្រើនកន្លែងណាស់។ (...) ពិសេសជាមួយពួកខ្ញុំ ខ្ញុំផ្ទាល់ហ្នឹងប៉ុន្មានឆ្នាំនេះគ្រប់គ្រាន់ហើយ ខ្ញុំឆ្អែតហើយ។ មនុស្សយើងមិនគួណារធ្វើសង្គ្រាមដីទេ។ យើងមិនត្រូវ​ទៅ​ធ្វើ​ទុក្ខបុកម្នេញ នៅកន្លែងទីលំនៅរបស់គេទេ។ (...) តិចតួចដែលគេនៅ ជាសុភមង្គលរបស់គេ ការបំផ្លាញនេះ ជាការបំផ្លាញ​សុភមង្គលរបស់គេ។ ទោះផ្ទះតូច ឬធំ ជាញើសឈាមរបស់គេ នេះវាសំខាន់ណាស់។»

ឯលោកមេឃុំបានបង្ហាញថា ចំពោះការសាងសង់ផ្ទះចំនួន១៧ខ្នងនេះ សម្រាប់ប្រជាពលរដ្ឋដែលមានផ្ទះ ជាក់ស្តែង​ដោយរងខូចខាត ពីការឈូសឆាយរបស់ក្រុមហ៊ុនស្រាបៀរលីអូរ។ ហើយផ្ទះនេះនឹងសង់រួចរាល់ជាស្ថាពរ ក្នុងរយៈពេល​ច្រើនជាងបួនខែ។ លោកបន្ថែមថា ជាក់ស្តែងចំពោះមុខ ខាងគណកម្មការដោះស្រាយតែ៤៩គ្រួសារទេ ចំពោះគ្រួសារ​ដែលលើសពីនេះជាជំហានបន្ទាប់ ព្រោះមិនទាន់មានបទបញ្ជាពីថ្នាក់លើនៅលើយ។ តែភាពជាក់ស្តែង គ្រួសារនោះ​អាច​ឡើងដល់ត្រឹមតែ៥២គ្រួសារ ដែលបែកចេញពីគ្រួសារទាំង៤៩ ដោយការរៀបអាពារហ៍ពិពាហ៍ថ្មី ក្នុងចន្លោះឆ្នាំ២០០៨-​២០១៣។

ចំពោះប្រធានបណ្តាញដីធ្លី និងជាប្រធាបអង្គការស្រាវជ្រាវជាតិកម្ពុជា ប្រចាំខេត្តព្រះសីហនុ លោក សុខ សុខុម ដែលជា​អ្នកតាមដានករណីនេះបានលើកឡើងថា ចំណុចសំខាន់អ្នកដែលមានដីនៅទីនោះត្រូវតែដោះស្រាយជូនពួកគាត់ និង​សុំ​ឲ្យមានការដោះស្រាយទៅតាមទំហំដែលគាត់មានពីមុនមក ដោយស្រមតាមគោលការណ៍របស់សម្តេចនាយក និងមាន​ការទទួលយកបានពីប្រជាពលរដ្ឋ។

លោកបានសង្កត់ធ្ងន់ថា ធ្វើយ៉ាងណាកុំឲ្យមានការកាត់ដីសល់ និងជាសវាងយលដីដែលសល់នោះទុកលក់ដូរ ឬបែកជូន​សម្រាប់បក្សពួកគ្នាឯង។ ក្នុងនាមលោកជាអង្គការសង្គមស៊ីវិល អាចទទួលយកបាននូវដំណោះស្រាយនេះ វាជាការ​ប្រសើរសម្រាប់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយភាពក្រីក្រ។ លោកនិយាយ ប្រកបដោយក្ដីសង្ឃឹមថា «ប្រមុខរាជ​រដ្ឋាភិបាល និងយករូបមន្តនេះ ទៅដោះស្រាយនៅតំបន់ផ្សេងៗទៀត ដែលវារាំរ៉ៃជាយូរមកហើយនោះ។ សុំឲ្យប្រមុខ​រាជរដ្ឋភិបាល មានវិធានការយ៉ាងតឹងរឹង ចំពោះផ្លូវច្បាប់ទៅលើមន្ត្រីអនុវត្តច្បាប់ ហើយមិនបានគោរពច្បាប់។»

សូមបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចប្រគល់ដីចំនួន៣៥២ហិកតា នៅភូមិចំរាំង ឃុំកែវផុស ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋចំនួន ៤៩ គ្រួសារ ដែលបានចាញ់ក្តីរបស់លោកឧកញ្ញា ជៀម ផែន ប្រធាន​ក្រុមហ៊ុនស្រាបៀរលីអូរ តាមសារាចរលេខ ១២ សសរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣។

លោកនាយករដ្ឋមន្ត្រីសន្យាសាងសង់ផ្ទះចំនួន១៧ខ្នង សង់អំពីបេតុង ប្រកហ្វីប្រូសីម៉ង់ត៍ ដែលមានទំហំ ៦ម៉ែត្រX១២ម៉ែត្រ នៅលើផ្ទៃដីទំហំ ៥០ម៉ែត្រX១០០ម៉ែត្រ រួមទាំងផ្ទះបាយ និងបង្គន់អនាម័យ សម្រាប់ប្រជាពលរដ្ឋចំនួន១៧​គ្រួសារ។

ឯប្រជាពលរដ្ឋចំនួន៣២គ្រួសារផ្សេងទៀត នឹងទទួលបានទទួលដីមកវិញ តាមការកាន់កាប់ជាក់ស្តែងរបស់គាត់ មុនការ​ឈូសឆាយ។ មានន័យថាពួកគាត់ នឹងត្រូវរស់នៅលើដីចាស់ ដែលពួកគាត់បានកាន់កាប់ សង់លំនៅដ្ឋាន តាមរយៈការ​កាប់គាស់ធ្វើស្រែចំការ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

នាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យ​ដី​ទៅ​ពលរដ្ឋ​កែវ​ផុស​វិញ ខណៈ​នៅ​ជាប់​បណ្តឹង​ឧទ្ទរណ៍

នាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យ​ដី​ទៅ​ពលរដ្ឋ​កែវ​ផុស​វិញ ខណៈ​នៅ​ជាប់​បណ្តឹង​ឧទ្ទរណ៍

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានសម្រេចធ្វើនិរាករណ៍ សេចក្តីជូនដំណឹងស.ជ.ណ របស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លីនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយប្រគល់ភារកិច្ច ជូនអាជ្ញាធរជាតិ​ដោះស្រាយទំនាស់ដីធ្លី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋចំនួន៤៩គ្រួសារ និងសាងសងលំនៅដ្ឋានឡើងវិញ រីឯថវិការជាបន្ទុករបស់គ្រួសារលោក។


លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

កាលពីថ្ងៃទី១៧ ខែមិនា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញលិខិតពីរដាច់ដោយឡែកពីគ្នា ក្នុងករណីទំនាស់ដីធ្លី​រវាង​លោកជៀម ផែន និង ពលរដ្ឋ៤៩ គ្រួសារ នៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ ដោយលិខិតទី១ លោកបានចុះហត្ថលេខា ចេញសេចក្តីសម្រេច ស្តីពីនិរាករណ៍ស.ជ.ណចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១១ សេចក្តីជូនដំណឹង​របស់ទីស្តីកាគណៈរដ្ឋមន្ត្រី ស្តីពីករណីទំនាស់ដីធ្លី នៅភូមិកែវផុស ដោយប្រគល់ភារកិច្ចនេះ ជូនលោកឧបនាយករដ្ឋមន្ត្រី​ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីវិញ ដើម្បី ចុះដោះស្រាយនៅនឹងកន្លែង ជូនប្រជាពលរដ្ឋ។ នៅក្នុង​លិខិតនោះបានឲ្យដឹងទៀតថា៖ «អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវ​អនុវត្តន៍សេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។

រីឯលិខិតដាច់ដោយឡែកមួយទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានផ្ញើជូនលោកម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភាគណបក្ស​ប្រជាជនកម្ពុជាថា សូមលោកមេត្តាជួយ ទទួលយកប្រជាពលរដ្ឋទាំង៤៩ គ្រួសារនេះមកស្នាក់នៅ​កន្លែងក្រុមហ៊ុនរបស់​លោក ជាបណ្ណោះអាសន្ន។ លោកបានសរសេរនៅក្នុងលិខិតនោះទៀតថា៖ «រៀបចំជាងសាងសង់លំនៅដ្ឋាន ជូន​ប្រជាពលរដ្ឋឡើងវិញ ឯថវិកាសាងសង់ជាបន្ទុករបស់គ្រួសារខ្ញុំ។ សូមឯកឧត្តមជួយសម្រួល ប្រជាពលរដ្ឋទាំងនោះ​ដោយ​ក្តីមនុស្សធម៌ និងជួយពួកគាត់ជីវភាពជាប្រក្រតីឡើងវិញ។»

កាលពីថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០១៣ ផ្ទះពលរដ្ឋនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ត្រូវបានកម្លាំងសមត្ថកិច្ចជាង១០០ នាក់ និងគ្រឿងចក្រជាច្រើនគ្រឿង បានឈូសរាបស្មើរដី ក្រោមអំណាចសាលក្រម របស់តុលាការខេត្តកោះកុង ដែលបាន​សម្រេចឲ្យលោក ជៀម ផែន ថៅកែស្រាបៀរលីអូឈ្នះក្តី ជម្លោះដីធ្លីលើអ្នកភូមិតំបន់នោះ។

អ្នកស្រីស៊ីវ លីណា អាយុ ៥០ ឆ្នាំបានថ្លែងឲ្យដឹងថា នៅព្រឹថ្ងៃទី១៨ លោក ហ៊ុន ម៉ាណិត លោកប៊ិន ឈិន និងលោក ម៉ុង ឬទ្ធី បានចុះមកដល់ទីតាំង ហើយប្រកាសប្រាប់ពលរដ្ឋថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចប្រគល់ដី​នោះ​ឲ្យ​ពលរដ្ឋ​វិញ ហើយក្រុមគ្រួសាររបស់លោក ជាអ្នកចំណាយក្នុងការសាងសង់ផ្ទះឡើងវិញ។ អ្នកស្រីបានថ្លែងឲ្យដឹងថា ៖ «ពួកយើង​សប្បាយចិត្តបំផុត នៅពេលដែលបានលឺការប្រកាសរបស់កូនសម្តេច ពួកយើងបានដីវិញហើយ ពួកយើងដូចបាន​រស់​ឡើង​វិញ ពួកយើងអគុណសម្តេច ហ៊ុន សែនពីព្រោះសម្តេច បានសង្គ្រោះពួកយើងឲ្យរស់ឡើងវិញ»។

អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា លោក ហ៊ុន ម៉ានិត បានប្រកាសប្រាប់ថា ពលរដ្ឋនឹងទទួលបានផ្ទះថ្មី ទំហំ៦ម៉ែត្រ គុណនិង ១២ម៉ែត្រ លើផ្ទៃដី៥០ម៉ែត្រ គុណនិង ១០០ម៉ែត្រ និងដីចំការមួយគ្រួសារ ៥ ហិកតា។ អ្នកស្រីបានថ្លែងថា ៖«ចាប់ពីថ្ងៃនេះ​តទៅ ពួកខ្ញុំនឹងមិនព្រួយបារម្ភ ជាមួយលោកជៀម ផែនទៀតទេ»។

លោកម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានថ្លែងឲ្យដឹងថា ខាងក្រុមសំណង់ក្មេងវត្តរបស់លោក កំពុងចាប់ផ្តើម​សាងសង់ផ្ទះទាំងអស់នោះហើយ ហើយតាមគម្រោងនឹងត្រូវចំណាយពេល៤ខែដើម្បីសាងសង់ ពីព្រោះជាផ្ទះថ្ម។ លោក​បានថ្លែងឲ្យដឹងទៀតថា ៖ «ពលរដ្ឋទាំងអស់នោះ នឹងអាចទទួលបានប័ណ្ណកម្មសិទ្ធ លើដីរបស់គាត់ ដែលមានតាំង​ពីដូនតា​មក»។

លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាល​ពីថ្ងៃ​ម្សិល​ម៉ិញ។

លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងឲ្យដឹងថា លោកស្វាគមន៍ចំពោះការលូកដៃអន្តរាគមន៍ របស់​លោកនាយករដ្ឋមន្ត្រី បើទោះបីជាមួយផ្នែកតូច ដើម្បី«ទាក់ទាញយកសន្លឹកឆ្នោត»ក៏ដោយ ក៏ពុំមានខុសនោះទេ ទាក់ទិន​ទៅនឹងលទ្ធិប្រជាធិបតេយ្យ។ លោកបានបន្ទោស ស្ថាប័នតុលាការខេត្តថា ៖ «អ្វីដែលខុសនោះ គឺដោយសារតែរឿង​នៅ​កំពុងដំណើរការ នៅសាលាឧទ្ទរណ៍នៅឡើយបែរជាត្រូវបាន តុលាការខេត្តចុះអនុវត្តន៍សាលក្រម ទាំងបំពានច្បាប់។ ដូច្នេះ​ស្ថាប័នក្រសួងយុត្តិធម៌ ត្រូវតែតាមដានមើល ក្នុងករណីនេះ ថាតើហេតុអ្វី បានជាកើតឡើងដូច្នេះ។»

លោក ប៊ុន ណារិទ្ធ មន្ត្រីសម្របសម្រួល អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តព្រះបានថ្លែងឲ្យដឹងថា ក្នុងករណីនេះ​សាលា​ឧទ្ទរណ៍ គួរតែពិនិត្យមើលឡើងវិញចំពោះសាលក្រមនេះ ហើយក៏នៅមានរឿងជាច្រើនទៀត ដែលពលរដ្ឋបានរង ទទួល​នូវភាពអយុត្តិធម៌នេះ។ លោកបានបន្ថែមឲ្យដឹងទៀតថា ៖«ខ្ញុំគិតថាដោយសារតែសម្តេចហ៊ុន សែនលោកឃើញ​ភាព​អយុត្តិធម៌ខ្លាំងពេក។ ទើបលោកដោះស្រាយជាបន្ទាន់ន ពីព្រោះរឿងកំពុងដំណើរការនៅសាលាឧទ្ទរណ៍ ស្រាប់តែឈូស​បំបាត់ភស្តុតាងអស់ ហើយម្យ៉ាងទៀត វាក៏ជាជិតដល់រដូវបោះឆ្នោតផង៕»

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ