Posts tagged as "James Cameron"

នាវា​យក្ស «ទីតានីកទីពីរ» នាវា​ផលិត​នៅ​ប្រទេស​ចិន

នាវា​យក្ស «ទីតានីកទីពីរ» នាវា​ផលិត​នៅ​ប្រទេស​ចិន

មហាសេដ្ឋីជនជាតិអូស្ត្រាលីម្នាក់ បានសម្រេចចិត្តបង្កើតឡើងវិញ នូវវានាយក្ស«ទីតានីក (Titanic)»។ គម្រោងនេះ ទំនង​ជាចេញជារូបរាង នៅឆ្នាំ២០១៦ខាងមុខ។ ចុះតម្លៃសំបុត្រវិញ បើមានអ្នកចង់ជិះកំសាន្ដ ...? ១លានដុល្លា !!!


នាវាទីតានីក ដែលត្រូវបានវិចិត្រករគូរឡើងវិញ។ គំនូរនេះ មានតាំងនៅក្នុងសារមន្ទីមួយ ក្នុងប្រទេសអង់គ្លេស។

នៅថ្ងៃទី១៤មេសាឆ្នាំ១៩១២ នាវាទីតានីក បានលិចចុះ ទៅបាតមហាសមុទ្រអាត្លង់ទីក។ ៨៥ឆ្នាំក្រោយ គឺនៅឆ្នាំ១១៩៧ ព្រឹត្តិការណ៍ដ៏សោកសៅនេះ ត្រូវបានសមិទ្ធិករភាពយន្ដនៅហូលីវូដ លោក ជេម កាមេរូន (James Cameron) យកមក​ឆ្នៃ​ប្រឌិត ទៅជាភាពយន្ដមួយ យកឈ្មោះ «ទីតានីក»ដដែល មកដាក់ជាចំណងជើង។ ដូច្នេះ នរណាទៅដែលអាចជឿបាន ថាមួយសតវត្សក្រោយ នៃព្រឹត្តិការណ៍លិចលង់នេះ ត្រូវបានមនុស្សជាច្រើននាក់ផ្សេងទៀត នៅលើភពផែនដីយើង ត្រៀម​ខ្លួននឹងធ្វើដំណើរជាមួយនឹងនាវាយក្ស «ទីតានីក២» សារជាថ្មី?

ចម្លើយ៖ មិនមាននរណាផ្សេងច្រើនទេ ក្រៅពីមហាសេដ្ឋីម្នាក់ នៅប្រទេសអូស្ត្រាលី ដែលចង់សម្រេចអោយបាន នូវសេចក្ដី​ស្រមៃមួយនេះ កើតជារូបរាង គឺសាងសង់ឡើងវិញ នូវទីតានីកមួយថ្មី ដូចវានាចាស់ពីមុន។ ក្លាវ ផាលម័រ (Clive Palmer) ដែលជាកំពូលអ្នកមានម្នាក់ ខាងការរុករករ៉ែគ្រប់ប្រភេទ បានចុះហត្ថលេខាមួយ កាលពីពេលថ្មីៗនេះ ជាមួយនឹង ស៊ីអេស៊ី ជីនលីង (CSC Jinling) ក្រុមហ៊ុនរដ្ឋខាងសាងសង់នាវា របស់ប្រទេសចិន ដើម្បីដាក់គម្រោងនៃក្ដីស្រមៃរបស់គាត់ អោយ​ឃើញពន្លឺថ្ងៃ។


នាវាទីតានីកទីមួយ នៅពេលសាងសង់ហើយ។

ជានាវាដូចពីមុន តែមានភាពទំនើបជាង។ ជាការពិតហើយ ១០០ឆ្នាំក្រោយពីនាវានេះលិចទៅ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានរីកចម្រើនទៅមុខយ៉ាងច្រើន។ នាវា«ទីតានីក២» នឹងបំពាក់ដោយសម្ភារះ នាវាចរណ៍យ៉ាងសមប្រកប ត្រូវនឹងសម័យ​កាលថ្មី។ អ្នកជំនាញ ខាងប្រវត្តិសាស្ត្រជាច្រើននាក់ នឹងត្រូវបានគេអញ្ជើញ អោយមកផ្ដល់យោបល់ ពីរចនាបថដើម របស់​នាវាទីមួយ។ ប៉ុន្តែលើកនេះ ក្រុមអ្នកមានប្រាក់ទាំងឡាយ ប្រហែលជាសប្បាយចិត្តជាងមុន ដោយសារតែបន្ទប់ សម្រាប់​អ្នកមិនសម្បូរទ្រព្យធន់ (ចំណាត់ថ្នាក់ទី៣) នឹងអាចត្រូវគេលប់ចោល ហើយគ្រប់គ្នានៅលើនាវា នឹងមានមួយកន្លែងម្នាក់ នៅក្នុងទូកជួយសង្គ្រោះតូចៗ​ របស់នាវា។ «ស្ត្រីនិងកុមារ នឹងត្រូវគេជួយសង្គ្រោះមុនគេ» តែសម្រាប់នាវាទីតានីកទី២ ទ្រីស្ដី​នេះនឹងត្រូវគេយកមកគិត នៅពេលក្រុមអ្នកពិសេស «VIP» ត្រូវបានជួយសង្គ្រោះរួចអស់។

បំពង់ផ្សែង មានការតុបតែងពិសេស

លោក ក្លាវ ផាលន័រ ចង់សម្រេចក្ដីស្រមៃរបស់លោក ទៅដល់ចុងបំផុតនៃពិភពលោក។ ជាការពិត ព្រោះលោកបានបង្កើត ក្រុមហ៊ុនខាងដំណើរសមុទ្រមួយ ឈ្មោះ«ប្លូរស្ដារឡាញ (Blue Star Line)» ដើម្បីជាម្ចាស់របស់ទីតានីក ជំនួសអោយ​ម្ចាស់​ទីតានីកចាស់ ដែលមានឈ្មោះថា «វ៉ាយស្តាឡាញ (White Star Line)»។ ដូច្នេះ គឺ«ប្លូរស្ដារឡាញ» ដែលនឹងទទួល​ការ​កក់សំបុត្ររបស់មហាសេដ្ឋីទាំងឡាយ ក្នុងពិភពលោក ដើម្បីចង់ឃើញឡើងវិញ នូវប្រវត្តិសាស្ត្រដ៏អស្ចារ្យ​នៃនាវាយក្ស​ទីមួយ ដែល​ធ្លាប់ដំណើរការបានតែមួយជើង ហើយក៏បានស្លាប់ទៅវិញ ដោយគ្រាន់តែឆ្លងសមុទ្រ នៅលើកដំបូងរបស់​ខ្លួន។ ប៉ុន្តែសូមកុំច្រឡំ នឹង​ក្រុមហ៊ុនមួយទៀត ដែលនៅក្នុងប្រវត្តិសាស្ត្រឆ្នាំ១៩១១ មានឈ្មោះថា «ប្លូរស្ដារឡាញ» ដូចគ្នា ហើយធ្លាប់មានបេសកកម្ម ក្នុងការដឹកគ្រឿងឧបភោគបរិភោគ រវាងប្រទេសចិន និងចក្រភពអង់គ្លេស។

មានការបង្កើតថ្មីខ្លះដែរ ដូចជាម៉ាស៊ីនគ្រឿងចក្រ នឹងលែងមានដំណើរការជាមួយនឹងធ្យូង ដូចលើកមុនហើយ តែជាមួយ​នឹងប្រេងម៉ាស៊ូត ដែលធ្វើអោយសរសរបំពង់ផ្សែងទាំងបួន ដាក់តាំងនៅ ដោយគ្មានប្រយោជអ្វីសោះ។ តែដើម្បីសាងសង់​អោយដូចនឹងនាវាទីមួយ សរសរបំពង់ផ្សែងទាំងនេះ នឹងត្រូវគេដាក់នៅកន្លែងដដែល ហើយត្រូវបន្ថែមនូវរចនាបថ យ៉ាង​ល្អប្រណិតផ្សេងៗ។

គុណភាពចិន ដែលនៅមានសង្ស័យ

ប្រធានការដ្ឋានសាងសង់នាវារដ្ឋចិន លោកជឺ បាវ (Ge Biao) បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានចិនថា នៅតែមានការ​ពិបាក ក្នុងការសាងសង់នាវាមួយ «អោយដូច» នាវាយក្សដ៏ប្រណិតមុនមួយទៀត បើទោះជាចិនមានជំនាញ និងកម្មករ​ប្រកបដោយគុណភាពនោះក៏ដោយ។ នោះជាអ្វី ដែលកាសែតវ៉ាស៊ីនតោនប៉ុស្ដ៍ បានសម្ដែងការព្រួយបារម្ភដូចគ្នា ជា​ពិសេសពី«ជំនាញតាមបែបចិន» រាប់ទាំងស្ថានភាពពលកម្មដ៏អាក្រក់ នៅក្នុងប្រទេសចិននោះផង។

នៅក្នុងវិស័យសាងសង់នាវាចរណ៍ ចិនជាប្រទេសមួយជំនាញ ខាងសម្រេចកិច្ចការបានលឿន និងថោក តែជារឿយៗ ចិន​តែងយកសម្ភារះ ដែលមានគុណភាពទីពីរ (និយាយអោយខ្លី៖អន់) មកប្រើប្រាស់ក្នុងការសាងសង់នាវា។ ម៉្យាងទៀត នៅ​ក្នុងវិញ្ញាសារសាងសង់ «នាវាចរណ៍សមុទ្រ»៖ បណ្ដាប្រទេសនៅអ៊ឺរ៉ុប បានផលិតចេញ នូវនាវាក្នុងតួលេខ ៧០% នៃ​នាវា​ទេសចរណ៍ទាំងអស់ ក្នុងពិភពលោក ខណៈចិនផលិតបានតែ ៣%ប៉ុណ្ណោះ។

តម្លៃចំណាយពិតប្រាកដ នៅមិនទាន់លាតត្រដាងអោយដឹងនៅឡើយ ដោយគេគ្រាន់តែដឹងថា ទំហំនៃការសាងសង់នេះ អាចនឹងត្រូវអស់ទឹកប្រាក់ប្រមាណជា ២០០លានដុល្លា។ នាវានឹងអាចទទួលអតិថិជនចំនួន ២៤០០នាក់ សង់ជា៩ជាន់ ចែកជា៨៤០បន្ទប់ និងមានបន្ទប់កាយវប្បកម្ម អាងហែលទឹក បណ្ណាល័យ ឬភោជនីយដ្ឋានពិសេស។ បុគ្គលិកនៅលើនាវា នឹងមានចំនួនដល់ទៅ ៩០០នាក់ ដែលសុទ្ធសឹងតែមានជំនាញពិតប្រាកដ ហើយនឹងត្រូវចាប់ផ្ដើមបើកសេវាកម្មរបស់ខ្លួន នៅឆ្នាំ​២០១៦ខាងមុខ។

សំនួរដែលនៅសេសសល់ នឹងសួរថា តើនាវានឹងឆ្លងសមុទ្រពីណា ហើយទៅណា? តែយ៉ាងណាក៏ដោយ ក៏គេសង្ឃឹម​យ៉ាង​មុតមាំថា ដំណើរចរណ៍របស់នាវា នឹងមិនទៅកាត់ផ្លូវមួយ រួចបុក«ផ្ទាំងទឹកកក» ដូចក្នុងប្រវត្តិដើមរបស់វា ទៀតនោះទេ៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ