Posts tagged as "Tep Nitha"

គ.ជ.ប៖ មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​ត្រូវ​បាន​តែងតាំង​យ៉ាង​អាថ៌កំបាំង ជាន់​លើ​មន្ត្រី​ចាស់

គ.ជ.ប៖ មន្រ្តី​ជាន់​ខ្ពស់​ពីរ​រូប​ត្រូវ​បាន​តែងតាំង​យ៉ាង​អាថ៌កំបាំង ជាន់​លើ​មន្ត្រី​ចាស់

ភាពចម្រូងចម្រាស់​ដ៏​អាថ៌កំបាំង​មួយ បាន​កើត​មាន​ឡើង​ក្នុង​កិច្ចការ​«ផ្ទៃក្នុង»នៃ​ស្ថាប័នជាតិរៀបចំការបោះ​ឆ្នោត ​ហៅ​កាត់ថា គ.ជ.ប ដោយសារតែសេចក្តីសម្រេចមួយ បាន​តែងតាំង​មន្រ្តី​«ថ្មី»​ឲ្យ​ធ្វើការ​ជំនួស​មន្រ្តី​ចាស់ ទាំង​មិន​បាន​ដឹង​ខ្លួន​ជា​មុន​។

ក្នុងថ្ងៃទី៣០ ខែកញ្ញានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បាន​ទទួល​សេចក្តី​សម្រេច​មួយ​សន្លឹក ស្ដីពីការ​តែង​តាំង​មន្រ្តី​ពីរ​រូប ហើយ​មាន​ចុះ​ហត្ថលេខា​ដោយ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប។ ​មន្រ្តីថ្មី​ទាំង​ពីររូប​នោះ មាន​ថានៈ​ស្មើ នឹង​ប្រធាន​នាយកដ្ឋាន នឹង​ធ្វើការ​ជំនួស​ប្រធាន​នាយកដ្ឋាន ដែល​បច្ចុប្បន្ន​កំពុង​មាន​តួនាទី ក្នុង​មុខ​តំណែង និង​ភារកិច្ច​ប្រចាំថ្ងៃ​នៅ​ឡើយ។

នាយកដ្ឋានទាំងពីរ រួមមាន នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបន្ទុកការងារស្រាវជ្រាវច្បាប់ និង​ដោះ​ស្រាយពាក្យបណ្តឹង ដែលមានលោកលោក កែវ ផល្លា កំពុងកាន់តំណែងជាប្រធាននាយកដ្ឋាននេះ និង​នាយក​ដ្ឋាន​ប្រត្តិបត្តិការ ទទួលបន្ទុកការងារប្រតិបត្តិ ដែលមានប្រធាននាយកដ្ឋានសព្វថ្ងៃឈ្មោះ លោក ហ៊ី រ៉ុង។

តាមការបញ្ជាក់ពីមន្រ្តីមួយរូប ដែលស្និតនឹងស្ថាប័នមួយនេះ ក្នុងលក្ខ័ខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សេចក្តីសម្រេចដែលចុះហត្ថលេខាតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤​ពោលគឺក្នុងរយៈពេលជាងបីសប្តាហ៍មកនេះ ក្រៅពីសាមីខ្លួន (អ្នកដែលត្រូវបានតែងតាំង) មិនមាននណា​ម្នាក់​​ផ្សេងដឹងឬនិយាយបានម្យ៉ាងទៀតថា វាដូចជាក្រដាសមួយសន្លឺក ដែលមិនមាននរណាចាប់​អារម្មណ៍​​ឡើយ។ សេចក្តី​សម្រេច​ដ៏​ខ្លីនេះ ត្រូវបានកប់ចោលក្នុងថតតុ ជាមួយនឹងការបញ្ជារបស់លោក អ៊ឹម សួស្តី ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ទៅ​អ្នកសារព័ត៌មាន ឬបិទប្រកាសជាសាធារណៈនៅក្នុងស្ថាប័ន គ.ជ.ប នោះទេ។

មន្រ្តីរូបនោះបានបញ្ជាក់ទៀតថា  តែបើពិនិត្យឲ្យកាន់តែច្បាស់ លើសេចក្តីសម្រេចនោះ នៅក្នុងប្រការ«១»​មានឃ្លាមួយបានសរសេរថា៖ «មាន​បុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន»។

ពាក្យ«បុព្វសិទ្ធិ»នេះ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត មានន័យថា ជា«ផលប្រយោជន៍ ឬ​អំណាចពិសេស ដែលវរៈជនខ្លះត្រូវបាន ឬត្រូវមានតាមមុខតំណែង»។ ប្រភពលាក់អត្តសញ្ញាណ​បាន​ពន្យល់​ទៀត​​​ថា តែសម្រាប់ការងារនៃស្ថាប័ន គ.ជ.ប មួយនេះវិញ មានន័យថាជាសិទ្ធិផ្តាច់មុខ ក្នុងការទទួល​ធ្វើ​​ការងារ​អ្វីមួយ ក្នុងក្របខណ្ឌទៅតាមលិខិតតែងតាំង ដែលគ្មានភាគីណាមួយមកជំទាស់បាន បើទោះបី​មន្រ្តី​​ចាស់​​ក្នុង​​តំណែង​ក៏ដោយ។

ទាក់ទងនិងការចេញសេចក្តីសម្រេចនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនមានការបកស្រាយ​ណា​មួយ​ច្បាស់លាស់ ពីស្ថាប័ន គ.ជ.ប ឡើយ ពិសេសពីលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ដោយទូរស័ព្ទ​របស់​លោកមិនអាចភ្ជាប់ទំនាក់ទំនងបាន នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ។

តាមការបន្ថែមរបស់ប្រភពខាងលើ បាន​ឲ្យ​ដឹងទៀតថា សូម្បីតែលោក ទេព នីថា ក៏មិនបាន​ដឹង​ពីការតែង​តាំងនោះដែរ ព្រោះថា ក្នុងលិខិតនោះ​មិន​មានការចុះហត្ថលេខាខ្លី (គ្រីស) របស់លោកឡើយ។ តែផ្ទុយ​ទៅ​វិញ បែរជាមានការចុះហត្ថលេខាខ្លី ដោយ​មន្ត្រី​ខ្លួនឯង ដែលទទួលការតែងតាំងក្នុងលិខិតនោះ និងដែល​គេ​ស្គាល់ថា ជាជំនួយការផ្ទាល់ និងត្រូវ​ជា​ក្មួយ​របស់​លោក អ៊ឹម សួស្តី ទៅវិញ។ មន្ត្រីដដែលបានលើកហេតុផល នៃការ​តែងតាំងមមន្រ្តីជាន់ខ្ពស់ទាំងពីររូប មកពីគណបក្សប្រជាជនកម្ពុជា​នេះ គឺដើម្បីតាមដាន គ្រប់គ្រង និង​អនុវត្ត​ការងារសម្រាប់អាណត្តិថ្មីរបស់ គ.ជ.ប បន្ទាប់ពីមានការធ្លាក់ចុះ​យ៉ាង​គំហុក​ នៃសន្លឹកឆ្នោតរបស់​គណបក្ស​​ប្រជាជនកម្ពុជា និងក៏ជាការបង្ហាញនូវភាពមិនទុកចិត្ត ទៅលើ​មន្រ្តី​ចាស់​ពីររូប ដែលកំពុងស្ថិត​ក្នុង​តំណែង​នៅ​ឡើយ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នឹងស្វែងរកប្រតិកម្មបន្ថែម ជុំវិញការតែងតាំងមន្រ្តីជាន់ខ្ពស់ទាំងពីររូបខាងលើ ជំនួសមន្រ្តីចាស់ ដែលកំពុងស្ថិតក្នុងតំណែងនេះ ក្នុងអត្ថបទលើកក្រោយ៕

គួរ​បង្កើត​ច្បាប់ ដាក់​«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយ​បន្លា​លួស!

គួរ​បង្កើត​ច្បាប់ ដាក់​«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយ​បន្លា​លួស!

ទីលានប្រជាធិបតេយ្យ នៅតែបន្តជាប់«ឃុំ»ដោយបន្លាលួស រនាំងព្រមជាមួយនឹងក្រុមកម្លាំងសន្តិសុខជាតិ ជាច្រើន​នាក់ ដែលត្រូវបានដាក់ពង្រាយការពារ យ៉ាងម៉ត់ចត់ ដោយពុំអនុញាតិឲ្យអ្នកណាម្នាក់ចូលបានឡើយ សូម្បីអ្នក​សារព័ត៌មាន។ ការដាក់ទីលានប្រជាធិបតេយ្យ នៅក្នុងការជាប់ឃុំនេះ ដោយយោងតាមបទបញ្ជារបស់សាលារាជធានី ប្រកាសជាផ្លូវការដោយ លោកអភិបាល ដោយផ្ទាល់ផងទៀត តែមិនបានយោងទៅតាមច្បាប់ណាមួយ យកមក​សំអាងនោះឡើយ។ ដូច្នេះ តើគេត្រូវគោរពបទបញ្ជានេះ ឬក៏គប្បីធ្វើច្បាប់មួយតែម្ដង ដើម្បីអាចដាក់«ឃុំ»​ទីលាន​ប្រជាធិបតេយ្យ ដោយគ្មានការប្រទាំងប្រទើស?


ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)

ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៨ ឧសភា ២០១៤

សេរីភាពនៃទីសាធារណ- ជាងមួយសប្តាហ៍ហើយ ចាប់រាប់ពីថ្ងៃទី២ នៃថ្ងៃឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកទល់នឹងថ្ងៃទី៨ ខែឧសភានេះ «ទីលានប្រជាធិបតេយ្យ» ដែលគេស្គាល់ថា ជាទីលាន​សាធារណៈនៃការសម្តែងមតិ ប្រកបដោយប្រសិទ្ធិភាពរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការ​នយោបាយ​នោះ នៅមិនទានមានការដោះលែងជាផ្លូវការនៅឡើយ បើទោះបីជាមានការអន្តរាគមន៏ពី គ.ជ.ប ដែលជាអ្នក​មាន​សិទ្ធិ​សម្រេចលើ«ទីតាំង»ក្នុងដមណាក់ការនៃការឃោសនា ស្វែងរកសម្លេងឆ្នោត​របស់គណបក្ស​នយោបាយ​ក៏​ដោយ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី៨ ខែឧសភា មន្រ្តីច្បាប់ជាន់ខ្ពស់នៃគណបក្សសង្គ្រោះ​ជាតិ លោក រស់ សួរ ហៅការការដាក់បំរាមរបស់សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃថា គ្រាន់តែជាបទបញ្ជា ឬបំរាម ដែលមិនអាចទទួលយកបាន ព្រោះ(វា)ផ្ទុយទាំងស្រុងទៅនឹងច្បាប់ និងនីតិវិធីនៃការបោះឆ្នោតទាំងស្រុង។

លោកបានបន្ថែមថា លោកគាំទ្រនូវការលើកឡើងរបស់ គ.ជ.ប ដែលបានចេញនូវលិខិតមួយ ដែលមានគតិយុត្តិ ច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមច្បាប់ដែលមាន។ «អ្វីជាការបោះឆ្នោត។ វា (ការបោះឆ្នោត) មានន័យថា​មនុស្ស​ម្នាក់ ឬបក្សណាមួយ ត្រូវតែបង្ហាញ នូវផែនការ ឬយុត្តិសាស្រ្តនយោបាយរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋ និងអ្នក​ដែល​នឹងគាំទ្រ ដើម្បីផ្តល់សេចក្តីទុកចិត្ត តាមរយៈសន្លឹកឆ្នោតរបស់គេ។ (...) ផ្ទុយមកវិញបើសិនជា គ្មានការឃោសនា ឬការ​ឃោសនា​នោះត្រូវបានកំណត់ព្រំដែន តើមានអ្វីខុសគ្នានឹងការខ្សឹបដាក់ត្រចៀកនោះ។ (...) អ្នកណាគេស្គាល់ ដឹងថាយើងជានណា។ (...) គណបក្សសង្គ្រោះជាតិគោរពតាមច្បាប់ និងនីតិវិធីដែលនៅជាធរមាន ហើយក៏មិនបាន​ប្រឆាំង​នឹង​បទ​បញ្ជា​ណាមួយដែរ។»

សូមរំលឹកថាកាលពីថ្ងៃទី២ ខែឧសភាកន្លងមកថ្មីៗនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដាក់​សំណើរ​ទៅកាន់ គ.ជ.ប ដើម្បីប្រឆាំងនឹងការដង្ហែរក្បួនរបស់គណបក្សសង្គ្រោះជាតិ ដែលរំលោភលើបំរាម និងបទ​បញ្ជានានារបស់សាលារាជធានី ក៏ដូចជាក្រសួងមហាផ្ទៃជាដើម។ ក្នុងលិខិតនោះបានលើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិបានបង្កនូវភាពអនាធិបតេយ្យ ប៉ះពាល់សណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ តាមរយៈការដង្ហែរការ​ឃោសនារបស់ខ្លួន ជាមួយនឹងការមិនគោរពបំរាម និងបទបញ្ជា។

បន្ថែមលើនេះគ្រប់ទីសាធារណៈទាំងអស់ មុនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា សាលារាជធានីភ្នំពេញ​បាន​ដាក់ចុះនូវបំរាម«មិន»ឲ្យមានការជួបជុំ ការដង្ហែរក្បួន ការឃោសនានានារបស់សកម្មជន ឬអ្នកគាំទ្រគណបក្ស​នយោបាយ ពិសេសសំដៅទៅគណបក្សសង្គ្រោះជាតិ។ ជាមួយនិងបំរាមនេះ សាលារាជធានីក៏បានស្នើ​លិខិតមួយ​ទៅកាន់ គ.ជ.ប ដើម្បីអន្តរាគមឃាត់នូវការដង្ហែរឃោសនាទាំងនោះ។ ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ គណបក្សសង្គ្រោះជាតិ ក៏បានច្រានចោលវិញ តាមលិខិតរបស់ខ្លួនមួយចុះថ្ងៃទី ទៅកាន់ គ.ជ.ប ថា សាលា​រាជធានី​ភ្នំពេញចេញបំរាមនោះ (វា) ផ្ទុយទៅនឹងច្បាប់ និងនីតិវិធីនៃការបោះឆ្នោតដែលនៅជាធរមាន។

បើយោងតាមលិខិតចុះថ្ងៃទី៦ ខែឧសភា របស់គ.ជ.ប ដែលបដិសេធទៅនឹងបម្រាមសាលារាជធានីភ្នំពេញនេះ ដោយបង្គាប់ឲ្យអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តទាំងនោះ និងនៅតាមបណ្តាខេត្តទាំងអស់ រក្សាសន្តិសុខ សម្រាប់ការដង្ហែរក្បួនរបស់គណបក្សនយោបាយ(គណបក្សសង្គ្រោះជាតិ) សម្រាប់ការឃោសនាសម្រាប់ ការបោះ​ឆ្នោត​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២នេះ។

ក្នុងបទសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាសលពីថ្ងៃទី០៧ ខែឧសភាម្សិលម៉ិញនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប មិនដែលធ្វើការហាមឃាត់ មិនឲ្យគណបក្សនយោបាយធ្វើការ​ឃោសនា​បោះឆ្នោតនោះទេ ព្រោះកិច្ចការទាំងអស់នេះ ត្រូវបានអនុញាតដោយច្បាប់ និងនីតិវិធីរួចជា​ស្រេចទៅ​ហើយ។ តាមការបញ្ជាក់ខាងលើនេះ មានន័យថា គ.ជ.ប បានទទួលស្គាល់ថា ការហាមឃាត់របស់សាលា​រាជធានី​ភ្នំពេញ និងគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត ជាការបំពានតាមច្បាប់។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជជ្យ ធ្លាប់បានលើកឡើងថា ច្បាច់បានផ្តល់នូវសិទ្ធិ និងសេរីភាព ព្រមទាំង​បានអនុញាតិឲ្យមានការជួបជុំនានា ដោយសន្តិវិធីតាមទីសាធារណៈ ដើម្បីសម្តែងនូវទុកកង្វល់ ឬការមិនពេញចិត្ត ទៅនឹងសកម្មភាពនៃការរំលោភបំពានណាមួយ ពីសំណាក់មន្រ្តីរាជរដ្ឋភិបាល ឬបុគ្គលមានអំណាចជាដើម។ លោក​លើកឡើងថា ច្បាប់ធំជាងបទបញ្ជា ឬសេចក្តីណែនាំនានា។ ដូច្នេះទាំងបទបញ្ជា ទាំងសេចក្តីណែនាំ ឬសេចក្តី​សម្រេច​ទាំងនោះ ត្រូវតែ«ស្រប»នឹងច្បាប់។ បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ មិនអាចអនុវត្តបានឡើយ។ ផ្ទុយ​មកវិញ លោកបានបន្ថែមថា ក្នុងករណីប្រទេសមានភាពអាសន្ន ការហាមឃាត់ទាំងនោះអាចធ្វើទៅបាន ល្គិកណា​មាន​ការប្រកាសអាសន្ន ទៅតាមច្បាប់នៃរដ្ឋធម្មនុញដែលមានចែង។

គណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះចូលរួម ក្នុងការបោះឆ្នោត​ក្រុមប្រឹក្សា មានចំនួនប្រាំ។ ដោយ​ឡែក​គេសង្កេតឃើញ មានតែគណបក្សសង្គ្រោះជាតិតែមួយប៉ុណ្ណោះ ដែលបាន​ធ្វើការឃោសនា តាមរយៈការជួបជុំ​នៅ​ទី​សាធារណៈ និងដង្ហែរតាមដងវិថីនានា។ សម្រាប់យុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​អាណត្តិ​ទី២ ត្រូវបានចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤នេះ។ ឯកាលបរិច្ឆេតនៃការបោះឆ្នោតជាអសកល ត្រូវ​ធ្វើឡើង ក្នុងថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុខឆាប់ៗ​នេះ៕

គ.ជ.ប៖ មន្ត្រី​រាជការ​កងទ័ព​នគរបាល អាច​ឃោសនា​បោះ​ឆ្នោត​បាន

គ.ជ.ប៖ មន្ត្រី​រាជការ​កងទ័ព​នគរបាល អាច​ឃោសនា​បោះ​ឆ្នោត​បាន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់សារជាថ្មីទៀត ថា មន្រ្តីរាជការ ចៅក្រម ព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធ (នគរបាល-ទាហាន) អាចធ្វើការ និងចូលរួចឃោសនាបោះឆ្នោតបាន ដោយ​មិនខុសច្បាប់ឡើយ ប្រសិនបើមន្ត្រីទាំងនោះ មិនយកតួនាទី និងមធ្យោបាយរបស់រដ្ឋយកទៅប្រើប្រាស់។ យ៉ាងណា​ក៏ដោយ មន្ត្រីតំណាងមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងតបទៅវិញថា ការអនុញ្ញាតនេះ ជាការអនុវត្ត​​ផ្ទុយនឹងច្បាប់បោះឆ្នោត និងច្បាប់ស្តីពី​គណបក្ស​នយោបាយ។


កិច្ចប្រជុំនៅទីស្តីការគ.ជ.ប ជាមួយគណបក្សនយោបាយ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

បោះឆ្នោតឃុំ-សង្កាត់ - ក្នុងកិច្ចប្រជុំនៅទីស្តីការគ.ជ.ប ជាមួយគណបក្សនយោបាយ ដោយមានការចូលរូម​ពី​អង្គការក្រៅ​រដ្ឋាភិបាល និងអ្នកសារព័ត៌មាន ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤  លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា សម្រាប់មន្រ្តីរាជការ ចៅក្រម ព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធ (នគរបាល-ទាហាន) មិនមែន​ទើបតែ គ.ជ.ប លើកឡើងឲ្យធ្វើការឃោសនាបោះឆ្នោតបាន ក្នុងពេលនេះទេ ហើយគ.ជ.ប ក៏បានធ្វើការបក​ស្រាយ​ជាច្រើនលើកច្រើនសារដែរ។

លោកអគ្គលេខាធិការគ.ជ.ប បានពន្យល់ថា៖ «ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មានចំណុចខ្លៈ​ដែល​ផ្តល់សិទ្ធិ ឱកាសឲ្យអ្នកទាំងអស់នោះ ធ្វើសកម្មភាពនយោបាយ។ (…) ការអនុញ្ញាតឲ្យគាត់នៅក្រៅម៉ោងធ្វើការ ម៉ោងឈប់​សម្រាក ឬម៉ោងច្បាប់ទំលាប់នោះ ឬសុំច្បាប់ទាំងនោះ បានអនុញ្ញាតតាំងពីមុនមកហើយ។ (…) តែអ្វី​ដែលយើងហាម មិនឲ្យប្រើតួនាទី ឬទ្រព្យសម្បត្តិរបស់រដ្ឋ ទៅប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោត។ (…) វាមិន​មែនជាចំណុចថ្មីទេ មានតាំងពីមុន (តាំងពីអ៊ុនតាក់) មកហើយ។ ឯប្រទេសផ្សេងៗទៀត ក៏គេអនុញាតដូច្នេះដែរ។»

ប្រតិកម្មទៅនឹងការលើកឡើងរបស់ គ.ជ.ប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បាននិយាយថា ការ​អនុញ្ញាតឲ្យមានវត្តមានមន្រ្តីរាជការ ចៅក្រម ព្រះរាជអាជ្ញា ប៉ូលីស ទាហាន កងកម្លាំងប្រដាប់អាវុធ ចូលរួម​ឃោសនា​បោះឆ្នោត ថាជាការអនុវត្តដោយផ្ទុយនឹងច្បាប់ បោះឆ្នោត និងច្បាប់ស្តីពី​គណបក្ស​នយោបាយ។ មន្ត្រីជាន់ខ្ពស់​របស់​គណបក្សប្រឆាំងរូបនេះ បានចាត់ទុកថា គ.ជ.ប បានធ្វើការ«លំអៀង» តាមរយៈការផ្តល់សិទ្ធិទៅឲ្យមន្រ្តីរាជការ កង​កម្លាំងប្រដាប់អាវុធ (នគរបាល-ទាហាន) ទាំងនោះ ឲ្យចូលរួម​ឃោសនា​បោះឆ្នោត ដែលមន្ត្រីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរដ្ឋ​ភាគ​ច្រើន សុទ្ធសឹងជាសមាជិកសកម្ម ឬសមាជិកស្ថាបនិក​នៃ​គណបក្សប្រជាជកម្ពុជា។

លោក គួយ ប៊ុនរឿន បានទទួលស្គាល់ឲ្យមានការចូលរូមរបស់មន្រ្តីរាជការទាំងនេះ តែត្រូវធ្វើឡើងក្នុងទិដ្ឋភាពច្បាប់ មិនត្រូវធ្វើឡើង តាមការបើកទូលាយនោះទេ។ លោកបានបង្ហាញថា មាត្រា១៨ នៃលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និង​មាត្រា១៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ មានការយោងគ្នាទៅវិញទៅមក ក្នុងការកំណត់នូវ​ច្បាប់​«ពិសេសស»​មួយ សម្រាប់អ្នកទាំងនោះ ស្នើសុំដើម្បីចូលរួមទាំងការឃោសនាបោះឆ្នោត និងក៏ក្នុងនាមជាបេក្ខជនផង។

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក មាន សាទិ បានធ្វើការលើកឡើងថា មន្រ្តីរាជការណា​ដែលជាបេក្ខជននៃគណបក្សនយោបាយ និងមានបំណងចូលរូមក្នុងការបោះឆ្នោត ត្រូវតែមានច្បាប់«ពិសេស» ជា​មួយនឹងការចែងឲ្យច្បាស់ នូវកម្មវត្ថុសុំឈប់របស់ខ្លួន ដើម្បីចូលរូមការឃោសនាបោះឆ្នោតជាដើម។ លោកបាន​បន្ថែមថា ប្រធានស្ថាប័នទាំងនោះមិនអាចធ្វើការរារាំង ឬមិនអនុញាតិឲ្យក្នុងការសុំច្បាប់នេះឡើយ។ លោកបញ្ជាក់​ដូច្នេះថា៖ «ច្បាប់នេះ ត្រូវតែឲ្យជាដាច់ខាត សម្រាប់បេក្ខជន​ឈរឈ្មោះបោះឆ្នោត ប្រធានស្ថាប័នមិនអាចធ្វើការ​រារាំងបានទេ។ បើគេធ្វើខុស ឬប្រធានស្ថាប័ននាមួយ មិន​អនុញ្ញាតិយើងអាចប្តឹងបាន។»

ឯលោក អ៊ក គឹមហាន តំណាងគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកការបោះឆ្នោត មិនបានធ្វើការបកស្រាយទៅលើ​ចំណុចទាំងនេះឡើយ ហើយលោកគាំទ្រទាំងស្រុង ទៅនឹងសេចក្តីណែនាំរបស់គ.ជ.ប នាពេលកន្លងមកថាត្រឹមត្រូវ នឹងសមស្របតាម នីតិវិធិនិងបទបញ្ជា និងច្បាប់បោះឆ្នោត។ លោកបានលើកឡើងថា នីតិវិធីនិងបទបញ្ជាទាំងអស់​នោះ ក៏មានការចូលរួម និងឯកភាពពីគណបក្សនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះដែរ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ មេសា ២០១៤

បក្ស​សង្គ្រោះជាតិ​ គ្រោង​លើក​យក​ច្បាប់​បោះឆ្នោត​«មេ​ភូមិ» មក​ចរចា

បក្ស​សង្គ្រោះជាតិ​ គ្រោង​លើក​យក​ច្បាប់​បោះឆ្នោត​«មេ​ភូមិ» មក​ចរចា

ស្របពេលដែលស្ថានការនយោបាយ នៅមិនទានមានដំណោះស្រាយបាននៅឡើយ ពិសេសពាក់ព័ន្ធនឹង​ការកំណត់​«ថ្ងៃ»នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ មន្រ្តីច្បាប់នៃ​គណបក្ស​សង្គ្រោះជាតិ បានបង្ហើបប្រាប់នូវកិច្ចការបន្ទាប់ ក្នុងការចចារនោះថា គណបក្សលោក​នឹងជំរុញឲ្យមានការបោះឆ្នោត​ថ្នាក់ភូមិ​តាមបែប​«ឯកត្តនាម»។


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)

កំណែទម្រង់ការបោះឆ្នោត - លោក រស់ សួ មន្រ្តីច្បាប់ជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  បានលើកឡើងថា ដោយទំនងជាមានការឯកភាពគ្នាខាងមុខនេះ ដូច្នេះហើយ លោក​នឹង​ដាក់បញ្ចូលឲ្យមានការរៀបចំបោះឆ្នោតថ្នាក់ភូមិមួយទៀត ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្នាន ស្របតាមច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ។

តាមលទ្ធផលនៃកិច្ចសន្ទនាគ្នារយៈពេល៤៥នាទី រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី តាម​ទូរស័ព្ទដៃកាលពីថ្ងៃទី៩ ខែមេសានេះបានឯកភាពឲ្យមានកំណែទម្រង់ស្ថាប័នបោះឆ្នោត និងកំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នេះក៏ជាចំណែកមួយ ដែលនាំឲ្យលោកមានគំនិតផ្តួចផ្តើមឡើង ព្រោះថាបច្ចុប្បន្ននេះ មេភូមិត្រូវបាន​ជ្រើសតាំងឡើងពីសមាជិកបក្ស ដែលនាំឲ្យការដឹកនាំ«មិន»ឈរលើតម្លាភាព អព្យាក្រិត្សភាព។ មេភូមិដែល​កើត​ចេញពីការបោះឆ្នោតបែប«សមាមាត្រ» បានផ្ដល់ផល«អវិជ្ជមាន»​ច្រើនដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ។

លោក រស់ សួរ បានពន្យល់ថា ការបោះឆ្នោតបែបសមាមាត្រនេះ ប្រធានភូមិកើតចេញពី​គណបក្ស​នយោបាយ​។ ឯ​ប្រសិទ្ធិភាពការងារវិញ ក៏មិនមិនបំរើតាមឆន្ទៈរបស់ខ្លួន ឬរបស់រាស្រ្តឡើយ ប្រសិនមានការពាក់ព័ន្ធជា​មួយ«បក្ស»​ដែលបានតែងតាំងខ្លួននោះ។ ភាគច្រើននៃអ្នកដឹកនាំតាមបែប«គណបក្សនិយម» មិនសូវបានយកចិត្តទុកដាក់​ចំពោះការអនុវត្តច្បាប់នោះទេ។ កត្តាទាំងនេះ ដែលជាដើមហេតុនាំឲ្យម្ចាស់ឆ្នោតរងគ្រោះ ព្រោះសន្លឹកឆ្នោត​របស់​ខ្លួនឯង ពិសេសសាមគ្គីភាពរវាងពលរដ្ឋ និងពលរដ្ឋត្រូវបានបែកបាក់ នាំឲ្យលិទ្ធិប្រជាធិបតេយ្យ ក្នុងមូលដ្ឋាន​មិន​អាចអនុវត្តបាន ព្រោះតែប្រជាពលរដ្ឋគ្មានសិទ្ធិអំណាច ក្នុងការដកហូតតំណែងរបស់ពួកគាត់ (មេភូមិ) នៅពេល​ដែលប្រព្រឹត្តខុសនោះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនងមន្រ្តីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ដើម្បីសុំការបកស្រាយបាន​ទេ នៅថ្ងៃនេះ។

ទាក់ទងនឹងការតួនាទីរបស់មេភូមិ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា នោះជាសមត្ថកិច្ចរបស់​ក្រសួងមហាផ្ទៃ​ ព្រោះមេភូមិជាសេនាធិការរបស់មេឃុំ-ចៅសង្កាត់។ លោកលើកឡើងថាមេភូមិ ត្រូវបានកើតឡើង​តាម​សេចក្តីណែនាំមួយ របស់ក្រសួងមហាផ្ទៃ។ «ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល​ឃុំ​សង្កាត់​នោះ បានចែងថា មេ​ភូមិ​ជាជំនួយការឲ្យមេឃុំ ចៅសង្កាត់។ មេឃុំ ក៏ត្រូវជ្រើសរើសទៅតាមការបោះឆ្នោត របស់​ក្រុមប្រឹក្សា នៅក្នុងឃុំសង្កាត់​របស់គាត់។» ក្នុងករណីនេះ លោកមិនបានបញ្ជាក់ពីការបោះឆ្នោតនោះ តាមប្រព័ន្ធ​«ឯកត្តមាន ឬសមាមាត្រ»ទេ។

ទោះយ៉ាងនេះក្តី លោក រស់ សួរ ចង់បានការបោះឆ្នោតមេភូមិ ដោយឯកត្តនាម។ លោកយល់ថា មេភូមិមិនមែន​ជា​«សមាជិក»គណបក្សនយោបាយ។ អ្នកឈរឈ្មោះជាមេភូមិ ត្រូវបានប្រជាពលរដ្ឋស្គាល់ច្បាស់ពីសមត្ថភាព។ ហើយមេភូមិ ដែលកើតចេញពីការជ្រើសរើសរបស់ប្រជាពលរដ្ឋ អាចជួយដោះស្រាយបញ្ហាទុក្ខលំបាក ការពារ​ទ្រព្យ​សម្បត្តិជាប្រយោជន៍មូលដ្ឋាន និងប្រជាពលរដ្ឋ។ លោកបន្ថែមថា ពិសេសមេភូមិទាំងនោះ នឹងមិនមាននិន្នាការ​ទៅ​លើគណបក្សនយោបាយ និងបក្សពួករបស់ខ្លួននោះឡើយ។

មិនអាចសុំការអត្ថាធិបាយ ក្នុងថ្ងៃនេះបាននៅឡើយដែរ ពីមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា ពាក់ព៍ន្ធនឹងការដាក់ឲ្យ​មាន​ការ​ជជែក នូវការបង្កើតច្បាប់បោះឆ្នោត«មេភូមិ»នេះ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១២ មេសា ២០១៤

គ.ជ.ប៖ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី-​ខេត្ត-​ក្រុង-​ស្រុក-​ខណ្ឌ ចាប់​ផ្តើម​ថ្ងៃ​ទី​២៧ ខែកុម្ភះ

គ.ជ.ប៖ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី-​ខេត្ត-​ក្រុង-​ស្រុក-​ខណ្ឌ ចាប់​ផ្តើម​ថ្ងៃ​ទី​២៧ ខែកុម្ភះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ នៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គ.ធ.ប/គ.ខ.ប) ការចុះឈ្មោះ​អ្នក​សង្កេតការណ៍បោះឆ្នោត និងការចុះឈ្មោះតំណាងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សារាជធានីខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌឆ្នាំ២០១៤។


សន្និសីទការសែត នៅទីស្ដីការគ.ជ​.ប ថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

បោះឆ្នោតឃុំ-សង្កាត់ - គ.ជ.ប នឹងធ្វើការទទួលចុះឈ្មោះគណបក្សនយោបាយ ក្នុងការបោះឆ្នោតក្រុមប្រឹក្សា​នេះ​ពីថ្ងៃទី២៧ ខែកុម្ភះ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤។ ឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ នេះបើតាមការបញ្ជាក់ របស់លោក ទេព នីថា ។

អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកស្រី ស៊ិន ជុំបូ បានលើកឡើងថា ករណីខាងលើ​ប្រជា​ពលរដ្ឋដែលអាចឈរឈ្មោះជាបេក្ខជន ឲ្យគេបោះឆ្នោតឲ្យបាន ត្រូវតែមានអាយុពី២៥ឆ្នាំឡើងទៅ និងមាន​សញ្ជាតិ​ជាខ្មែរ។ លោកស្រីក៏បានបញ្ជាក់ពីល័ក្ខខណ្ឌមួយចំនួន ដែលមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ រួមមានចៅក្រម សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។ ចំពោះក្រុមប្រឹក្សាឃុំ អាចឈរឈ្មោះជាបេក្ខជន លុះត្រាតែ​ធ្វើការលាលែងពីតំណែងបច្ចុប្បន្នរបស់ខ្លួន។ ឯអភិបាល អភិបាលរងរាជធានីខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌ ចាំបាច់មាន​ច្បាប់ជាមុនចំនួនប្រាំពីរថ្ងៃមុនការបោះឆ្នោត និងក្រោយការប្រកាសលទ្ធផលជាផ្លូវការ ដែលមិនតម្រូវឲ្យមាន​ការ​លាលែងពីតំណែងជាមុនឡើយ។

លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបន្ថែមថា មកទល់នឹងបច្ចុប្បន្ននេះ លោកនៅមិនទាន់ទទួល​បាន​ព័ត៌មាន​ច្បាស់ការណ៍នៅឡើយទេ ពាក់ព័ន្ធនឹងការចុះឈ្មោះនៃសមាជិកជាប់ឈ្មោះ ក្រុមប្រឹក្សាឃុំ សង្កាត់របស់​គណបក្សនយោបាយទាំងប្រាំពីរ ដែលមានក្នុងអាណត្តិមុន។ តាមការប្រមើលមើលរបស់លោកក្នុងឆ្នាំ២០១៤ អាណត្តិទីពីរនេះ ក៏នឹងមានគណបក្សនយោបាយយ៉ាងតិចបី ដែលនឹងឈរឈ្មោះបោះឆ្នោត។ អគ្គលេខា​រូបនេះ បានបន្ថែមថា ការចំណាយរបស់ គ.ជ.ប ក្នុងឆ្នាំ២០១៤ នឹងត្រូវកើនឡើងបន្ថែមចំនួនជាង១០ម៉ឺនដុល្លា បើធៀប​ទៅ​នឹងឆ្នាំ១០១២ ចំណាយអស់ជាង១,៦លានដុល្លា។ លោកថាការកើនឡើងនេះ ព្រោះត្រូវការចំណាយលើខេត្ត និង​ខណ្ឌថ្មី គឺ ខេត្តត្បូងឃ្មុំ និងខ័ណ្ឌចំនួនបីនៅរាជធានីភ្នំពេញ ដូចជាខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ និងខណ្ឌ​ព្រែកព្នៅ។ «ក្រសួងហិរញ្ញវត្តុនឹងធ្វើថវិការបីឆ្នាំរកិល។ អញ្ចឹងសំរាប់ការបោះឆ្នោតនេះ យើងសុំដំបូងដែលបាន​ដាក់​នៅក្នុងច្បាប់ហើយគឹចំនួនមួយលានប្រាំមួយសែនដុល្លារជាង ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០១២ ចូលឆ្នាំ២០១៣, ២០១៤ យើងបានបង្កើតខេត្តថ្មីមួយទៀត ហើយបង្កើតខណ្ទចំនួនបីថ្មីទៀត។ អញ្ចឹងហើយវាត្រូវចំណាយថវិកា​ថែម​ ប្រហែល​ជាជាងដប់ម៉ឺនដុល្លារទៀត នេះជាគម្រោងចំណាយសំរាប់ការបោះឆ្នោតនេះ។»

យោងតាមរបាយការណ៍ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ របស់ គ.ជ.ប បានបញ្ជាក់ថាក្នុងអាណត្តិទីពីរនេះ នឹងកើន​សមាជិកក្រុមប្រឹក្សាថែម៧០នាក់ មកពីខេត្តត្បូងឃ្មុំ ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែល​ក្នុង​អាណត្តិទីមួយមានសមាជិកក្រុមប្រឹក្សា ចំនួនត្រឹមតែ៣២៥៤នាក់។ អណត្តិទីពីរការបោះឆ្នោតក្រុមប្រឹក្សា​រាជធានី​ខេត្ត-ក្រុង-ស្រុក-ខណ្ឌ មានមណ្ឌលបោះឆ្នោតសរុប២២២ ក្នុងនោះមាន២៥មណ្ឌលសម្រាប់រាជធានី-ខេត្ត, ១៩៧​មណ្ឌល សម្រាប់ក្រុង-ស្រុក-ខណ្ឌ និង១៩៧ការិយាល័យដែលយកស្រុកធ្វើជាមណ្ឌល។ អាណត្តិទីពីរនេះសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្តចូលរួមចំនួន៣៩៣នាក់, សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌចំនួន២៩៣១នាក់, សមាជិក​ឃុំសង្កាត់ចំនួន១១ ៤៥៩នាក់។

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤