ឯកអគ្គរដ្ឋទូត​«ផ្តល់​ឈាម» ចំ​ថ្ងៃ​ស្ថាន​ទូត​អាមេរិក តាំង​«ពិពណ៌»​សុខភាព

លោកអគ្គរដ្ឋទូតអាមេរិក វិល្លៀម អ៊ី ថូដ (William E. Todd) បានស្ម័គ្រចិត្តបរិចាគឈាមរបស់ខ្លួន កាលពីថ្ងៃសុក្រទី២៩ ខែមិនា ឆ្នាំ២០១៣ ជាថ្ងៃដែលស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានរៀបចំការតាំងពិពណ៌សុខភាព ប្រចាំឆ្នាំរបស់ខ្លួន​លើកទី៦។

លោកអគ្គរដ្ឋទូតអាមេរិក វិល្លៀម អ៊ី ថូដ (William E. Todd) បានស្ម័គ្រចិត្តបរិចាគឈាមរបស់ខ្លួន កាលពីថ្ងៃសុក្រទី២៩ ខែមិនា ឆ្នាំ២០១៣ ជាថ្ងៃដែលស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានរៀបចំការតាំងពិពណ៌សុខភាព ប្រចាំឆ្នាំរបស់ខ្លួន​លើកទី៦។


អគ្គរដ្ឋទូតអាមេរិកលោក វិល្លៀម អ៊ី ថូដ។

ប្រធានបទសំរាប់ឆ្នាំ២០១៣គឺ «សុខភាពល្អ គឺជាទ្រព្យដ៏ល្អបំផុតរបស់អ្នក» ដែលនៅក្នុងការតាំងពិពណ៌នេះ មានការ​ដាក់​បង្ហាញ ស្តីពីកម្មវិធីទាក់ទងនឹងមន្ទីរពេទ្យ ឱសថស្ថាន គ្លីនិកភ្នែក និងគ្លីនិកធ្មេញជាដើម។

អ្នកបង្ហាញក្នុងកម្មវិធីតាំងពិពណ៌នោះ និយាយពីបញ្ហា និងកង្វល់ទូទៅទាក់ទងនឹងសុខភាព ដូចជាការការពារជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ជំងឺថ្លើម និងតំរងនោម ជំងឺងងឹតភ្នែក និងជំងឺមហារីកជាដើម ដើម្បី​លើកកំពស់ការយល់ដឹងផ្នែកសុខភាព។

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជាបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការតាំងពិពណ៌​សុខភាព​នោះ ស្ថានទូតអាមេរិក ក៏បានធ្វើពិធីផ្តល់ឈាមប្រចាំឆ្នាំរបស់ខ្លួន ហើយក្នុងនោះលោកឯកអគ្គរដ្ឋទូតអាមេរិក វិល្លៀម អ៊ី ថូដ បានលើកទឹកចិត្ត ដល់អ្នកចូលរួម ឲ្យធ្វើការបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយលោកបាន​ធ្វើការ​ផ្តល់ឈាម របស់លោកផងដែរ។

លោក ថូដ បានមានប្រសាសន៍ ក្នុងពិធីតាំងពិពណ៌នោះថា ជំនួយអភិវឌ្ឍន៍របស់ រដ្ឋាភិបាលសហរដ្ឋអាមេរិកពាក់កណ្តាល គឺផ្តល់សំរាប់កម្មវិធីសុខាភិបាល។

លោកបានថ្លែងបន្តទៀតថា៖ «ជាមួយនឹងការជួយឧបត្ថម្ភ របស់សហរដ្ឋអាមេរិក ប្រទេសកម្ពុជាបានកាត់បន្ថយអត្រាឆ្លង និងការស្លាប់ដោយជំងឺរបេង កាត់បន្ថយអត្រាស្លាប់របស់មាតា និងកុមារ ក៏ដូចជាការកាត់បន្ថយ ការលក់ឱសថក្លែងក្លាយ និងខូចគុណភាពផងដែរ»។

លោកអគ្គរដ្ឋទូត បានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្ត ដើម្បីលើកកំពស់សុខភាពប្រជាពលរដ្ឋកម្ពុជា។

កាលពីរសៀលថ្ងៃព្រហស្បត្តិទី២៨ ខែមិនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានអំពាវនាវម្តងទៀត ដល់​ប្រជា-​ពលរដ្ឋខ្មែរ ជាពិសេសយុវជន សុំបន្តនូវការបរិច្ចាគឈាម របស់ពួកគេដើម្បីជួយស្រោចស្រង់សង្គ្រោះជីវិតមនុស្ស។ ការ​អំពាវនាវជាថ្មី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាត ប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភីគីត្រា ក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តីបានមានប្រកាសថា៖ «ខ្ញុំមានការពេញចិត្ត ជាមួយនឹងចលនារបស់ប្រជាពលរដ្ឋខែ្មរយើង ដែល​បាន​ចូលរួមបរិច្ចាគឈាម ដើម្បីផ្គត់ផ្គង់ទៅដល់អ្នក ដែលមានតម្រូវការឈាមនោះ។ ខ្ញុំសង្ឃឹមយ៉ាងមុះមុត ទៅលើ​ទឹកចិត្ត​ដ៏សប្បុរស របស់សប្បុរសជនទាំងអស់ ជាពិសេសក្នុងចំណោមយុវជន ដែលស្ម័គ្រចិត្តបរិច្ចាគឈាម ដែលធ្វើឲ្យ​ឈាម​របស់យើង មានការស្តុកទុកបានច្រើនបង្គួរហើយ ផ្តល់នូវលទ្ធភាពសម្រាប់ ការព្យាបាលជួយដល់ជីវិតមនុស្ស ដែល​នាំឲ្យអ្នក ផ្តល់ទទួលបានបុណ្យ បានគុណដ៏ប្រពៃយ៉ាងច្រើន៕»

-----------------------------------------------
ដោយ ៖ គិន ងុយ - ភ្នំពេញ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments