ព័តមានជ័យគ្រត៖ ធនញ្ជ័យ ចាំចំការ

បាទទាន ខ្ញុំបាទ«ជ័យ»ថ្ងៃនេះមកតែឯង មានក្ដីសោមនស្ស ដែលបានត្រឡប់មកជួយ បងប្អូនពុកម៉ែ ជាមួយនឹងបទ​សម្ភាសមួយថ្មី ដែលខ្ញុំបាទទៅយកផ្ទាល់ ជាមួយនឹងលោកម្នាក់នោះ ឈ្មោះជ័យដែរ។ តែជ័យនោះ មិនដូចជ័យខ្ញុំទេ ជា«ធនញ្ជ័យ»ណាបាទ។ ថ្ងៃនេះមានដំណឹងមកថា គាត់ត្រូវសេដ្ឋីអោយទៅចាំចំការឯត្បូវភូមិ។ អញ្ចឹងមើលខ្ញុំបាទ រកទៅសិនហើយ ទៅសួរគាត់ថាគាត់មានប្រកបការងារអី និង មានត្រូវការអីឬអត់ ក្នុងពេលចាំចំការនេះ ...

- ជ័យ៖ ជម្រាបសួរ បងធនញ្ជ័យ អើយ!

- ធនញ្ជ័យ៖ អើជម្រាបសួរ ... ហើយវារម៉េច មានការអី?

- ជ័យ៖ អញ្ចេះ ខ្ញុំបាទជ័យ អ្នកយកព័ត៌មានអោយមជ្ឈមណ្ឌលជ័យគ្រត។ ខ្ញុំបាទចង់ជួបសម្ភាសបងខ្លះ ថាតើបងធនញ្ជ័យ​កំពុងធ្វើអី ថ្ងៃនេះនៅទីនេះណ្នឹង?

- ធនញ្ជ័យ៖ យីមិនមានអីច្រើនទេ ខ្ញុំកញ្ជះគេវាតែប៉ុណ្ណឹង។ លោកសេដ្ឋី អោយអញមកចាំចំការ អញ​ក៏មក​ចាំចំការនេះ​ទៅ។ មកតាំងពីព្រឹកព្រលឹមអុល អញដើរបោះបង្គោលជុំវិញចំការហើយ ហើយថែមទាំង​ចង​ខ្សែរទៀត ព្រោះខ្លាចចំការ​«វារត់»​ទៅណាបាត់។ លុះមើលឃើញថា បង្គោលបោះរួចស្រេចហើយ និងចង​ខ្សែរមាំរួចកាលណា មិនមានអីត្រូវធ្វើទៀត ក៏គិត​តែពីដេកទៅ។ លង់លក់នោះ បានជិតមួយរសៀល​ទៅ​ហើយ ទើបអន្ទិតជ័យឯងដើរចូលមកនេះ បានជាភ្ញាក់ឡើងណ្នឹង ...

- ជ័យ៖ អញ្ចឹងបងដាំបង្គោលរួចហើយ ចងខ្សែរវាទៀត មែនទេ?

- ធនញ្ជ័យ៖ អើត្រូវហើយ។ ព្រោះខ្លាចវារត់បាត់ ទាល់តែដាំបង្គោល ចងខ្សែរវាជុំវិញទៅ ទើបចិត្តនឹង​វា​នឹងនរ ថាវាមិន​ទៅ​ណា។

- ជ័យ៖ រួចចុះគោ ក្របី ដំរី ខ្លែងឆាប គ្រៀលត្រដក់ ដែលវាចូលមក ឈូសឆាយ ដំណាំដាំដុះ ខ្ទេចទឹក ខ្ទេចដី បង្ហិចព្រៃ​ព្រឹក្សានេះ បងគិតយ៉ាងម៉េចដែរ?

- ធនញ្ជ័យ៖ ឯណាសត្វណ្នឹងនោះ? អូនៅម្ដុំខាងកើតបន្តិច នៅខាងលិចខ្លះណ្នឹងឬ? យី ទៅខ្វល់អី លោក​សេដ្ឋីអោយ​ចាំ​តែចំការ មិនបានថាអោយទៅដេញមើល សត្វអស់ទាំងណ្នឹងនោះឯណា។ ពួកវាធ្វើអី ក៏ស្រេច​តែវាទៅ។

- ជ័យ៖ អូ៎ ... អញ្ចឹងទៅវិញទេ? ហើយបើសត្វអស់ណ្នឹង វាឈូសឆាយដីខ្ទេចខ្ទីទៅ បាក់​ទំនប់នៅខាងកើត​នោះ មិនទឹក​លិចបាត់ដីចំការនេះហើយទេឬ? ហើយលោកបងចាំចំការអី បើលិចទឹកអស់ហើយនោះ?

- ធនញ្ជ័យ៖ យីអាអន្ទិតនេះ មកសម្ភាសអញ និយាយវិភាគអីវែងឆ្ងាយណាស់វើយ។ បើវាដល់ដំណាក់​កាល​ណ្នឹង ក៏មិន​ជាបញ្ហាអីដែរ ធនញ្ជ័យអញនឹងទៅដោះស្រាយ ជួសជុលលើកទំនប់នោះវិញទៅ។ បើដោះ​ស្រាយ​មិនកើត ច្រើនណាស់​ដោះស្រាយជាមួយលោកសេដ្ឋីទៅ វាស្រេចទៅហើយ។ ទៅណាវា ប្រាជ្ញា​មនុស្ស ...

- ជ័យ៖ អូ៎ ... ចំជាមានប្រាជ្ញាមែន បងឯងនេះ។ តែព័ត៌មាន ដែលខ្ញុំបាទមកសម្ភាសនេះ នឹងត្រូវដាក់ផ្សាយ ហើយ​អាច​លឺដល់លោកសេដ្ឋីណា ...

- ធនញ្ជ័យ៖ យី អាអូនឯងធ្វើនេះ គេហៅថា«បរិហាកេរ្តិ៍» ហើយអញអាចប្ដឹងបានណា។ តែកុំអោយទៅណា​វែងឆ្ងាយ គ្រាន់ចង់និយាយប្រាប់ អាអូនឯងខ្លះៗអោយហើយ ថាអញនៅជាប់ជិត លោកសេដ្ឋីច្រើនជាង​អាអូន​ឯង។ ធ្វើខ្ញុំកញ្ជះ​គាត់​ជិត៣០-៤០ឆ្នាំ តាំងពីតូចមក អញស្គាល់ចិត្តថ្លើមគាត់ច្បាស់។ ចង់គាត់គិត​យ៉ាង​ម៉េច ក៏អញដឹងដែរ? ឥឡូវនេះ អញមាន​វិធីមួយ អាចអោយស្រួល​ទាំងសង​ខាង។ អាអូនឯងកាត់បទ​សម្ភាស​នេះ ពាក់កណ្ដាលចុងក្រោយចេញទៅ ទុកតែអា«ពាក់​កណ្ដាលមុន»ទៅបានហើយ ...

- ជ័យ៖ ....???!!!


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments