អតីត​​អគ្គ​លេខា​ធិការ​​អាស៊ាន ស៊ូរិន ពិតសុវណ្ណ ទទួល​មរណភាព

អតីតរដ្ឋមន្ត្រីការបរទេសថៃ និងជាអតីតអគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) បានទទួលមរណភាពហើយ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយជំងឺគាំងបេះដូង។
អតីត​​អគ្គ​លេខា​ធិការ​​អាស៊ាន ស៊ូរិន ពិតសុវណ្ណ ទទួល​មរណភាព
លោក សូរិន ពិតសុវណ្ណ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៧ វិច្ចិការ។ (រូបថត MONOROOM.info)

សារព័ត៌មានបាងកកប៉ុស្ដ៍ បានរាយការណ៍ថា លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) បានដួល នៅមុនពេលលោកឡើងថ្លែង ក្នុងពិធី «Thailand Halal Assembly» ដែលប្រព្រឹត្តិទៅ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៃសង្កាត់ «Bang Na» កណ្ដាលរាជធានីបាងកក។ លោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ «Ramkhamhaeng» និងបានទទួលមរណភាព នៅវេលាម៉ោង ១៥ និង០៧នាទី រសៀល។

លោក ស៊ូរិន ជាអ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យថៃ និងបានឡើងធ្វើជារដ្ឋមន្ត្រីការបរទេស នៃប្រទេសថៃ នៅរវាងឆ្នាំ ១៩៩៧ ដល់ឆ្នាំ២០០១ បន្ទាប់ពីលោកបានកាន់តំណែង ជាអនុរដ្ឋមន្ត្រីការបរទេស ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥។ កេរ្តិ៍ឈ្មោះលោក ស៊ូរិន មានភាពល្បីល្បាញខ្លាំង នៅពេលលោកបានក្លាយជាអគ្គលេខាធិការ អាស៊ាន ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ ២០១២។

លោកបានផ្តល់សន្ទរកថាមួយ កាលពីពីរសប្ដាហ៍មុន នៅក្នុងសន្និសីទអាស៊ាន ដើម្បីជាការរំលឹកខួប៥០ឆ្នាំ នៃសមាគមប្រជាជាតិមួយនេះ។

ក្នុងជម្លោះព្រំដែនខ្មែរថៃ នាតំបន់ជុំវិញប្រាសាទព្រះវិហារ លោក ស៊ូរិន បានដើរតួនាទីដ៏ពិបាកមួយ ក្នុងថានៈជាអគ្គលេខាធិការអាស៊ាន ហើយរាល់ជំហររបស់លោក តែងត្រូវបានប្រទសកម្ពុជា ប្រកាសទាត់ចោល ដោយចាត់ទុករូបលោក ថាជាកីឡាករផង (ជាជនជាតិថៃ) និងជាអាជ្ញាកណ្ដាល (តួនាទីក្នុងអាស៊ាន) ផង។

យ៉ាងណា សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយក្នុងថ្ងៃនេះ ពីក្រសួងការបរទេសថៃ បានឲ្យដឹងថា លោក ស៊ូរិន បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់សមាគមអាស៊ាន ក៏ដូចជាការលើកកម្ពស់សមាគមមួយនេះ នៅលើឆាកអន្តរជាតិ។ លោកមានការទទួលស្គាល់ នៅពាសពេញពិភពលោក តាមរយៈចំណេះដឹង បុគ្គលិកលក្ខណៈ និងបទពិសោធន៍ការងាររបស់លោក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់