បារាំង​បន្តឹង​សម្លេង​ដាក់​កម្ពុជា នៅ​មុន​ទណ្ឌកម្ម​អ៊ឺរ៉ុប​ធ្លាក់​ចុះ

ជាថ្មីម្ដងទៀត ប្រទេសបារាំង ដែលជាសហប្រធាននៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានប្រាប់កម្ពុជាដោយផ្ទាល់មាត់ ឲ្យចូលរួមសារជាថ្មី នៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។ ជាការថ្លែងប្រាប់ជាមុន តាមបែបការទូត ខណៈបារាំងកំពុងពិនិត្យមើលលទ្ធភាព ជាមួយសហភាពអ៊ឺរ៉ុបទាំងមូល ក្នុងការដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលកម្ពុជា។
បារាំង​បន្តឹង​សម្លេង​ដាក់​កម្ពុជា នៅ​មុន​ទណ្ឌកម្ម​អ៊ឺរ៉ុប​ធ្លាក់​ចុះ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត Reuters)

នេះ ជាប្រតិកម្មផ្លូវការជាថ្មីទៀត របស់ប្រទេសបារាំង នៅចំពោះវិបត្តិនយោបាយ នៅក្នុងប្រទេសកម្ពុជា។ ហើយជាប្រតិកម្ម នៅក្នុងបំណងមួយ ដែលប្រទេសបារាំង អះអាងតាមបែបការទូត ថាចង់ឃើញប្រទេសកម្ពុជា មានដំណើរការប្រជាធិបតេយ្យ ដើរទៅមុខជាបន្តទៀត បន្ទាប់ពីបានដើរបាន​២៥ឆ្នាំ បើគេរាប់ចាប់ថ្ងៃចុះកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នោះមក។ ប៉ុន្តែសម្រាប់អ្នកឃ្លាំមើលបញ្ហាកម្ពុជាវិញ បានពន្យល់ថា ទង្វើម្ដងហើយម្ដងទៀត របស់បារាំង គឺចង់ជួយបញ្ជៀសប្រទេសដ៏ក្រីក្រមួយនេះ ឲ្យរួចផុតពីទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីសំណាក់សហភាពអ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញ ដែលធំជាងគេបង្អស់របស់កម្ពុជា។

ប្រតិកម្មជាថ្មីទៀត របស់ប្រទេសមហាអំណាច បានធ្វើឡើងតាមរយៈលោក ទីជែរី ម៉ាធូ (Thierry MATHOU) ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង។ ក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា សម្រាប់​រយៈពេល២ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវច្ឆិកា ឆ្នាំ២០១៧នេះ លោក ទីជែរី ម៉ាធូ បានជួបជាមួយតំណាង មកពីគ្រប់ភាគីកម្ពុជា និងបានរំលឹក​ថា​ ប្រទេសបារាំង​មានការព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយផ្ទៃក្នុង នៅកម្ពុជា ជាពិសេសនៅពេលជិតមានការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវប្រព្រឹត្តទៅ នៅខែកក្កដា ឆ្នាំ២០១៨។

បើតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយពីស្ថានទូតបារាំង ប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានសរសេរគូសបញ្ជាក់ថា៖ «ការំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ការចាប់ខ្លួន និងការឃុំខ្លួនមេដឹកនាំគណបក្សនេះ រួមទាំងការហាមឃាត់សមាជិកគណបក្សចំនួន ១១៨រូប [មិនឲ្យ]ធ្វើនយោបាយ ក្នុងអំឡុងពេល៥ឆ្នាំ បានចោទជាបញ្ហា ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ លោកប្រធាននាយកដ្ឋាន [ទីជែរី ម៉ាធូ] បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ចូលរួមសារជាថ្មី នៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានការបិទ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មែននោះ វានឹងត្រូវបានគេចាត់ទុកថា ជាការវិវឌ្ឍដ៏អវិជ្ជមានមួយ។»។

មន្ត្រីរដ្ឋាភិបាល ក៏ដូចជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តែងបានចាត់ទុកការលើកឡើងខាងលើ ថាជាការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងកម្ពុជា និងអះអាងដដែលៗថា កម្ពុជាកំពុងអនុវត្តច្បាប់ទម្លាប់របស់ខ្លួន។ ច្បាប់ទម្លាប់ ដែលបង្កើតឡើង ឬធ្វើវិសោធនកម្មយ៉ាងចម្រូងចម្រាស់ ដោយក្រុមតំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច និងដែលត្រូវមេដឹកនាំគណបក្សប្រឆាំង ចាត់ទុកថា ជា«ច្បាប់តិរច្ឆាន»។

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងសំខាន់ជាងគេ ត្រូវបានប្រកាសរំលាយ ដោយអំណាចសាលក្រម ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលកម្ពុជា ដែលត្រូវបានគេមើលឃើញថា មានសមាសភាពចៅក្រមភាគច្រើន និងអគ្គព្រះរាជអាជ្ញា គឺជា​មន្ត្រីជំនិត​របស់​គណបក្សប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍មួយនេះ បានបន្ថែមទៅលើព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នៅក្នុងប្រទេសកម្ពុជា និងបានបង្កឲ្យមានប្រតិកម្មចំរុះ ពីសហគមន៍អន្តជាតិ ជាពិសេសប្រតិកម្មចេញពីបណ្ដាប្រទេស ដែលជាសមាជិកដ៏សំខាន់ របស់សហភាពអ៊ឺរ៉ុប។

សហភាពអ៊ឺរ៉ុប ក៏ដូចជាប្រទេសបារាំង សុទ្ធតែបាននិយាយភាសាតែមួយ ក្នុងការព្រមានមិនទទួលស្គាល់ ការបោះឆ្នោតជាតិ នៅឆ្នាំខាងមុខ ប្រសិនណាជាគណបក្សសង្គ្រោះជាតិ មិនមានវត្តមានចូលរួមប្រកួតប្រជែង ដោយស្មើភាព និងតាមបែបប្រជាធិបតេយ្យទេនោះ។ អ៊ឺរ៉ុប ដែលជាលំហរទីផ្សារនាំចេញធំជាងគេបង្អស់ របស់កម្ពុជា ក៏បានព្រមានពីផលវិបាកផ្សេងទៀត ដែលអាចកើតឡើង ដូចជាការ​ដាក់ទណ្ឌកម្ម ទៅលើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងការដកចេញ នូវ​ការអនុគ្រោះ​សម្រាប់ប្រទេសកម្ពុជា នូវផលិតផលនាំចូល [មកកាន់សហភាពអឺរ៉ុប] ខណៈប្រទេសស៊ុយអែត បានសម្រេចកាលពីសប្ដាហ៍មុន នូវការផ្អាកជំនួយរបស់ខ្លួន មកឲ្យកម្ពុជា។

ទណ្ឌកម្មអ៊ឺរ៉ុប ជិតធ្លាក់ចុះ...

ក្នុងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមកនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានធ្វើជាប្រចាំ នៅរៀងរាល់សប្ដាហ៍នោះ អ្នកនាំពាក្យរបស់ក្រសួងការបរទេសបារាំង មិនបានឆ្លើយសំនួរដោយត្រង់ ទៅកាន់អ្នកសារព័ត៌មាន ដែលសួរថា តើសហភាពអ៊ឺរ៉ុប ត្រូវពិនិត្យមើលពីទណ្ឌកម្ម ឲ្យចំទិសដៅ សម្រាប់ប្រទេសកម្ពុជាឬទេ? ចម្លើយរបស់អ្នកនាំពាក្យ គ្រាន់តែរំលឹកឡើងវិញ ពីការព្រួយបារម្ភរបស់បារាំង និងដៃគូអ៊ឺរ៉ុបផ្សេងទៀត ចំពោះការវិវត្តន៍នៃស្ថានការណ៍នយោបាយ នៅកម្ពុជា តែបានបញ្ជាក់ថា សហភាពអ៊ឺរ៉ុបនៅតែតាមដាន យ៉ាងយកចិត្តទុកដាក់ នៅចំពោះស្ថានការណ៍សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។

ដោយឡែក នៅក្នុងថ្ងៃដដែលនោះ លោក ហ្សង់-បាទីស ឡឺម័ន (Jean-Baptiste Lemoyne) រដ្ឋលេខាធិការក្រសួងទទួលបន្ទុក កិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង បានឆ្លើយនៅក្នុងអង្គប្រជុំ នៃព្រឹទ្ធសភាបារាំង លើកឡើងពីទណ្ឌកម្មជាយថាហេតុ ដែលបារាំងគ្រោងនឹងដាក់ទៅលើកម្ពុជា។ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ការព្រួយបារម្ភ និងជំហានទៅដាក់ទណ្ឌកម្មនោះ ត្រូវបានរដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) គូសបញ្ជាក់ដោយផ្ទាល់ ប្រាប់ទៅរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន រួចហើយ នៅក្នុងជំនួបផ្ទាល់មួយ រវាងប្រមុខការទូតទាំងពីរ ដែលបានអញ្ជើញចូលរួម ក្នុងសន្និសីទ អាស៊ី-អ៊ឺរ៉ុប (ASEM) កាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងមក នាប្រទេសភូមា។

ទណ្ឌកម្មដោយផ្ទាល់ ពីសំណាក់ប្រទេសបារាំង អាចនឹងត្រូវធ្វើឡើង តាមរយៈអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង។ លោក ហ្សង់-បាទីស ឡឺម័ន បានថ្លែងឡើងថា៖ «នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ខ្ញុំនឹងលើកមកបញ្ជាក់ពីរឿងនេះ ជាថ្មីទៀត នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី នៃអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង ដោយសារតែប្រទេសកម្ពុជា ក៏ជាសមាជិកមួយដែរ។ នៅក្នុងអង្គការនេះ យើងមានគោលការណ៍រួមមួយចំនួន ហើយយើងត្រូវយកគោលការណ៍នោះ មកអនុវត្តន៍។»។

សម្រាប់ទណ្ឌកម្ម ដែលសំខាន់ជាងគេ នឹងត្រូវធ្វើឡើង ក្នុងក្របខណ្ឌសហភាពអ៊ឺរ៉ុប។ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា៖ «វាច្បាស់ណាស់ហើយថា ការអនុគ្រោះទាំងឡាយ ដែលផ្ដល់ជូន​ទៅឲ្យប្រទេសកម្ពុជា ចាំបាច់ត្រូវស្របតាមលក្ខខណ្ឌ នៃការគោរពសិទ្ធិសេរីភាព និងលិទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន»។

កាលពីឆ្នាំ២០១៦ ប្រទេសកម្ពុជាបាននាំទំនិញចេញ ក្នុងទំហំទឹកប្រាក់ ប្រមាណជាង ៤ពាន់លានដុល្លារ ទៅកាន់សហភាពអឺរ៉ុប និង ២,‌១ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក។ ក្នុងឆ្នាំដដែលនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសជប៉ុន កើនឡើង ៤៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានតម្លៃត្រឹមតែ ៨២៧ លានដុល្លារ ខណៈការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន កើនឡើង ៥០% និងមានតម្លៃ ៦០៩ លានដុល្លារ។ បើប្រៀបធៀបទៅនឹងប្រទេស​ថៃ​វិញ កម្ពុជាបាននាំចេញ ក្នុងតម្លៃប្រមាណជា ៩៣៧ លានដុល្លារ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់