អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

«Cambodia's One-Eyed StrongMan» ជាចំណងជើង នៃអត្ថបទមួយ ដែលពណ៌នា​យ៉ាងច្រើន ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា និងដែលចេញផ្សាយ ដោយសារព័ត៌មានដ៏ធំមួយ របស់ប្រទេស​ហ្វីលីពីន ឈ្មោះ «The Philippine Daily Inquirer»។ ម្ចាស់អត្ថបទ ដែលគេស្គាល់ថា ជាអតីតមន្ត្រីជាន់ខ្ពស់ហ្វីលីពីនម្នាក់ បានសរសេររំលឹកឡើងវិញ ពីប្រវត្តិរបស់«បុរសខ្លាំងភ្នែកទោលកម្ពុជា» រួមនឹងព្រឹត្តិការណ៍មួយចំនួន នៅក្នុងនយោបាយកម្ពុជា។
អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វសប៊ុក)

«នៅថ្ងៃនេះ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា បានទាំងស្រុង។ លោកត្រូវបានគេជឿថា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែទំនងជាធ្វើឡើង ដោយមិនខ្វល់ពីសេរីភាព សិទ្ធិ និងច្បាប់ទម្លាប់ជាច្រើន។ (...) ហើយលោក ហ៊ុន សែន ទំនងជានៅអង្គុយក្នុងតំណែង ជាបន្តទៅទៀត បន្ទាប់ពីការបោះឆ្នោតជាតិ លើកក្រោយ។»

ឃ្លាខាងលើ ជាការដកស្រង់​ចេញពី​អត្ថបទមួយ របស់សារព័ត៌មានដ៏ធំឈ្មោះ «The Philippine Daily Inquirer» ផ្សាយចេញជាភាសាអង់គ្លេស របស់ប្រទេសហ្វីលីពីន ដែលឧទ្ទិសទាំងស្រុង ជូននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលសារព័ត៌មានបានហៅ នៅត្រង់ចំណងជើងធំៗថា «Cambodia’s one-eyed strongman» ឬបកប្រែជាខេមរភាសា «បុរសខ្លាំងភ្នែកទោលកម្ពុជា»។

អត្ថបទដែលសរសេរឡើង ដោយអ្នកនិពន្ធឈ្មោះ «Ramon Farolan» អតីតមន្ត្រីជាន់ខ្ពស់​ហ្វីលីពីន​មួយរូប និងដែលចេញផ្សាយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកានេះ បានរំលឹកឡើងវិញ ពីប្រវត្តិរបស់លោក ហ៊ុន សែន រាប់ចាប់តាំងពីការចេញប្រយុទ្ធដំបូង ជាមួយក្រុមខ្មែរក្រហម រហូតដល់បានឡើងកាន់អំណាច ជានាយករដ្ឋមន្ត្រី នៅក្នុងឆ្នាំ១៩៨៥ របស់រដ្ឋាភិបាលមួយ ដែលលើកបន្តុបដោយក្រុង ហាណូយ។

អត្ថបទបានសរសេរថា៖ «តាំងពីនៅក្មេងវ័យ លោក ហ៊ុន សែន បានឈប់រៀនដើម្បីចូលប្រយុទ្ធ ជាមួយក្រុមខ្មែរក្រហម រហូតឡើងស័ក្ដិធ្វើជាមេបញ្ជាការ នៃកងវរសេនាតូចមួយ។ នៅក្នុងចម្បាំង ដើម្បីវាយចូលរាជធានីភ្នំពេញ កាលពីឆ្នាំ១៩៧៥ លោក ហ៊ុន សែន បានបាត់បង់ភ្នែកឆ្វេងមួយ របស់លោក។ បន្ទាប់មក លោកបានចាកចេញ ពីជួរខ្មែរក្រហម (...) ហើយបានរត់គេចខ្លួន ចូលទៅកាន់ប្រទេសវៀតណាម។»។

បន្ទាប់ពីបានត្រឡប់ចូលកម្ពុជាវិញ ជាមួយនឹងកងទ័ពវៀតណាម ដែលបានចូលឈ្លានពានកម្ពុជា ក្រោម​លេស «រំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍»នោះ លោក ហ៊ុន សែន បានក្លាយជា«នាយករដ្ឋមន្ត្រី ក្នុងអាយុ៣៥ឆ្នាំ នាឆ្នាំ១៩៨៥ នៃរដ្ឋាភិបាលមួយ ដែលលើកបន្តុបដោយ​វៀតណាម ហើយបានអង្គុយនៅក្នុងតំណែងនេះ រហូតមកដល់ថ្ងៃនេះ»។

លោក «Ramon Farolan» បានសរសេររៀបរាប់ ពីវិធីសាស្ត្រនយោបាយ របស់លោក ហ៊ុន សែន ក្នុងការបំបាត់សម្លេងប្រឆាំង និងបំបាក់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឲ្យលោក បាននៅកាន់អំណាចបន្តទៅទៀត។ អត្ថបទបានសរសេរថា៖ «កាលពីសប្ដាហ៍មុន តុលាការកំពូលកម្ពុជា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ខណៈលោក កឹម សុខា ប្រធានគណបក្សនេះ ត្រូវបានចាប់ខ្លួន ពីបទឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភីបាល។ សមាជិកបក្សប្រឆាំង មិនតិចជាង ១១៨នាក់ទៀត ក៏ត្រូវបានហាមឃាត់ក្នុងជីវិតនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ។»។

អត្ថបទសារព័ត៌មាន នៅបានប្រៀបធៀបការស្វាគមន៍ របស់លោក ហ៊ុន សែន ក្នុងការជំរុញ ឲ្យសហរដ្ឋអាមេរិក​ផ្ដាច់ជំនួយពីកម្ពុជា ទៅនឹងសំដីរបស់លោក ស៊ូការណូ (Sukarno) អតីត​ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានថ្លែងក្នុងពេលបុរសម្នាក់នេះ នៅកាន់អំណាច (១៩៤៥-១៩៦៧) ថា៖ «ទៅចុះនរក ជាមួយជំនួយរបស់អ្នកឯងទៅ !»។

អ្នកនិពន្ធអត្ថបទ បានអះអាងថា លោកធ្លាប់បានជួបបណ្ដាមេដឹកនាំខ្មែរជាច្រើន កាលពីអតីតកាល ជាពិសេសក្នុងអំឡុងពេល នៃពិធីជប់លៀងមួយ «informal cocktail party» រៀបចំឡើងដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី របស់ប្រធានាធិបតី ស៊ូហារតូ (Suharto)។ ក្រៅពីគណៈប្រតិភូ របស់សមាគមប្រជាជាតិអាស៊ាន ភ្ញៀវចូលរួមក្នុងពិធីជប់លៀងនេះ គឺជាតំណាង នៃភាគីនយោបាយទាំង៤ ដែលកំពុងប្រយុទ្ធគ្នា នៅកម្ពុជា៖ សម្ដេចព្រះ នរោត្ដម សីហនុ - ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ - លោក ខៀវ សំផន - លោក សឺន សាន និងលោក ហ៊ុន សែន។

លោកបានសរសេរបញ្ជាក់ថា៖ «កាលពីពេលនោះ ប្រទេសហ្វីលីពីន មិនបានទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន ទេ ដោយចាត់ទុករដ្ឋាភិបាលមួយនេះ ជាអាយ៉ងរបស់បនវៀតណាមឈ្លានពាន ហើយទំនាក់ទំនង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ មានក្នុងកម្រិតដ៏តិចតួច និងមានលក្ខណៈចុងដៃចុងជើង។ ប៉ុន្តែខណៈនោះ លោក ហ៊ុន សែន បានស្នើសុំជួបជា​លក្ខណៈឯកជនមួយ ជាមួយប្រមុខប្រតិភូ នៃរដ្ឋាភិបាលហ្វីលីពីន លោក "Raul Manglapus" ដែលកាលនោះ ជារដ្ឋមន្ត្រីការបរទេសហ្វីលីពីន។»។

អតីតមន្ត្រីជាន់ខ្ពស់ហ្វីលីពីន (អ្នកនិពន្ធអត្ថបទ) បានពណ៌នានៅក្នុងជំនួបនោះថា៖ «បុរស (លោក ហ៊ុន សែន) ដែលយើងបានជួបនោះ បានក្លាយទៅជាបុគ្គលដ៏សំខាន់មួយ ដែលស្ងប់ស្ងាត់ និងមិនប្រកានឬកពារ ដែលឆ្លុះបញ្ចាំង​ពីប្រភពដើមកំណើតរបស់គាត់ ជាកូនចៅនៅស្រុកស្រែចំការ។ លោក ហ៊ុន សែន ផ្ទុយគ្នាទាំងស្រុង ពីព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។ ដូចបានរៀបរាប់ខាងលើរួច គាត់បានបាត់បង់ ភ្នែកឆ្វេងរបស់គាត់ ហើយបានពាក់កញ្ចក់ភ្នែកដ៏ក្រាស់ ដើម្បីបិតបាំងភ្នែកដែលខូចនេះ។»

«ជាមួយនឹងបារី នៅនឹងដៃ លោក ហ៊ុន សែន បាននិយាយជាភាសាខ្មែរ តាមរយៈអ្នកបកប្រែ ដោយបង្ហាញពីបំណងប្រាថ្នាថា នៅថ្ងៃមួយប្រទេស​ហ្វីលីពីន និង​កម្ពុជា នឹងមានទំនាក់ទំនងស្និទ្ធស្នាល និងកក់ក្តៅ ដូចកាលពីមុន។ លោក ហ៊ុន សែន បានព្យាយាមពន្យល់ ពីវត្តមានរបស់វៀតណាម នៅក្នុង​ប្រទេសរបស់លោក ដោយនិយាយ​ថា វាគ្រាន់តែជាជំនួយ ដែលកម្ពុជាត្រូវការ ដើម្បីអាចបំបាត់ក្រុមប៉ុលពតប៉ុណ្ណោះ។ វាគឺជាកិច្ចប្រជុំមួយ ដែលទទួលបានការយល់ដឹង កាន់តែច្រើន តែមិនមានកិច្ចព្រមព្រៀង ឬការសន្យា ណាមួយទេ។ ជំនួបដែលមានរយៈពេល ប្រមាណជាពីរបីនាទី បានបញ្ចប់ភ្លាមៗ ហើយយើងទាំងអស់គ្នា ក៏បានក្រោកឈរ និងនិយាយលាគ្នា មុននឹងចាកចេញ ពីបន្ទប់សណ្ឋាគារ (ដែលលោក ហ៊ុន សែន ស្នាក់នៅ)។»។

ប៉ុន្តែនៅថ្ងៃនេះ ខុសពីថ្ងៃនោះ។ លោក «Ramon Farolan» បានសរសេរលើកឡើងថា៖ «បន្ទាប់ពីការលាចុះពីតំណែង របស់លោក រ៉ូប៊ែរ មូហ្គាបេ (Robert Mugabe) ប្រធានាធិបតីនៃប្រទេសហ្សីមបាវេ កាលពីសប្ដាហ៍មុនរួច នៅពេលនេះ លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំ ដែលអង្គុយ នៅក្នុងតំណែង បានយូរជាងគេបង្អស់ នៅលើពិភពលោក»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់