អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ព្រមាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB/RSF) បានចេញចេញសេចក្ដីថ្លែងការណ៍ ព្រមានប្រទេសកម្ពុជា ថានឹងទទួលបានចំណាត់ថ្នាក់ «ធ្លាក់ចុះខ្លាំង» ខាងសេរីភាពសារព័ត៌មាន នៅឆ្នាំ២០១៨ខាងមុខ ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ «អន់» រួចទៅហើយ នៅក្នុងឆ្នាំ២០១៧នេះ។ ប៉ុន្តែចំណាត់ថ្នាក់ណាក៏ដោយ មិនដែលទទួលបាន ការយកចិត្តទុកដាក់ ពីរដ្ឋាភិបាលកម្ពុជានោះទេ។
អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ព្រមាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា
រូបថតលោក ហ៊ុន សែន ត្រូវបានអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បង្ហោះនៅលើអត្ថបទមួយ របស់អង្គការនេះ។ (រូបថតផ្តិត ពីអេក្រង់គេហទំព័រ RWB/RSF)

នៅក្នុងឃ្លាចុងក្រោយ នៃសេចក្ដីថ្លែងការណ៍ របស់អង្គការអ្នកយកព័ត៌មាន​គ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») បានសរសេរអះអាងថា៖ «ប្រទេសកម្ពុជា ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៣២ ពីក្នុងចំណោម១៨០ប្រទេស សម្រាប់ឆ្នាំ២០១៧នេះ នឹងច្បាស់ជាទទួលបានចំណាត់ថ្នាក់ ធ្លាក់ដាំក្បាលចុះច្រើនទៀត សម្រាប់ឆ្នាំក្រោយ»។

សេចក្ដីថ្លែងការណ៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានស្នាក់ការកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានចេញផ្សាយ បន្ទាប់ពីអតីតអ្នកសារព័ត៌មានពីរនាក់ របស់វិទ្យុអាស៊ីសេរី «RFA» ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា មុននឹងអ្នកទាំងពីរ ត្រូវបានតុលាការរាជធានីភ្នំពេញ ចោទប្រកាន់​នៅប៉ុន្មានថ្ងៃ​ក្រោយ​មក ពីបទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​ នូវ​ព័ត៌មាន​ជាអាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ ​ដល់​ការ​ការពារ​ជាតិ»​ ​តាម​មាត្រា​៤៤៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា​ ដែល​ប្រឈម​នឹង​ការ​ជាប់​ទោស​ ​ពី៧​ ​ទៅ​១៥ឆ្នាំ។​

អង្គការអន្តរជាតិ ដែលមានជំនាញ ខាងឃ្លាំមើលសិទ្ធិសេរីភាព ក្នុងវិស័យសារព័ត៌មានមួយនេះ បានស្រង់ការទទួលស្គាល់ របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មកបញ្ជាក់ថា តុលាការកំពុងពិនិត្យរកមើល «ច្បាប់ណាមួយ» ដែលអ្នកកាសែតទាំងពីរ បានប្រព្រឹត្តិល្មើស។

ប៉ុន្តែ មិនមែនមានតែករណី របស់អតីតបុគ្គលិកពីរនាក់ របស់វិទ្យុអាស៊ីសេរីនោះទេ។ អង្គការអន្តរជាតិ ដែលមានបណ្ដាញ នៅពាសពេញពិភពលោកមួយនេះ នៅបានលើកឡើង ពីករណីជាច្រើនទៀត ដែលបានកើតឡើង ទៅលើអ្នកសារព័ត៌មាន «ដែលមិនចំណុះ» នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ​ដូចជា​ យុវតី​អតីត​​អ្នកសារព័ត៌មាន ​របស់កាសែត «The Cambodia Daily» មួយរូប ត្រូវបានក្រុមអាជ្ញាធរខ្មែរ ឃាត់ខ្លួនអស់​មួយរយៈពេល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃតុលាការកំពូល បើកសវនាការលើសំនុំរឿង ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ខណៈអតីតអ្នកសារព័ត៌មានពីររូបទៀត របស់សារព័ត៌មាន​ដដែល កំពុងស្ថិត​ក្រោម​សំនុំរឿង​ប្ដឹងផ្ដល់មួយ​ផ្សេង នៅឯតុលាការខេត្តរតនគិរី។

ហេតុការណ៍​ខាងលើ ជាយុទ្ធនាការចុងក្រោយ បន្ថែមពីលើយុទ្ធនាការមុនៗ នៃការបង្ខំឲ្យបិទស្ថានីយ៍វិទ្យុ និងសារព័ត៌មានជាច្រើន ដែលបានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០១៧នេះមក ក្នុងនោះមានការបង្ខំចិត្តបិទទ្ធា របស់សារព័ត៌មាន «The Cambodia Daily» វិទ្យុអាស៊ីសេរី «RFA» និងការហាមឃាត់ស្ថានីយ ​វិទ្យុផ្សាយ​សម្លេង​ក្នុងស្រុកជាច្រើន ដែលបានជួលម៉ោងផ្សាយ​​ព័ត៌មានបន្ត ពីវិទ្យុសម្លេងប្រជាធិបតេយ្យ «VOD» វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA»។

អង្គការ​អ្នកយកព័ត៌មាន​គ្មានព្រំដែន ហៅចំណាត់ការទាំងនេះ ថាជាការឃាត់ខ្លួន តាមតែ«ទំនើងចិត្ត» និងមានគោលដៅ មិនត្រឹមតែដើម្បី «បំបិតសម្លេង» ក្រុមអ្នកមាននិន្នាការប្រឆាំងប៉ុណ្ណោះទេ តែបើសូម្បីសារព័ត៌មាន ដែលមាននិន្នាការឯករាជ្យ ក៏រងការរិតត្បិត និងការគម្រាមកំហែងដូចគ្នា។ លោក ដានីញ៉ែល បាស្ដារ (Daniel Bastard) អ្នកទទួលខុសត្រូវ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ប្រចាំតំបន់អាស៊ីប៉ាស៊ីភិក បានថ្លែងឡើងថា៖ «ជាមួយករណីថ្មីៗខាងលើ ច្បាប់ និងតុលាការ ត្រូវបានប្រើប្រាស់យ៉ាងច្បាស់ ដើម្បីគាបសង្កត់ ទៅលើគ្រប់ព័ត៌មានឯករាជ្យ ជាពិសេសដើម្បីបំភិតបំភ័យជាទូទៅ ទៅលើប្រព័ន្ធសារព័ត៌មាន»។

បណ្ដាប្រទេសនៅបស្ចឹមលោក និងអង្គការអន្តរជាតិធំៗជាច្រើនផ្សេងទៀត ក៏បានចាត់ទុកដូចគ្នា ថាចំណាត់ការទាំងនេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជា គឺជាការរិតបន្តឹង លើសេរីភាពសារព័ត៌មាន និងគម្រាមកំហែង ទៅលើប្រព័ន្ធផ្សព្វផ្សាយ នៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មកដល់។ រីឯលោក «Rohit Mahajan» អ្នកនាំពាក្យវិទ្យុអាស៊ីសេរី បានប្រតិកម្មនៅចំពោះ ការចាប់ខ្លួនអតីតបុគ្គលិក របស់ស្ថាប័នលោក ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិកថា៖ «ទង្វើរបៀបនេះ នឹងជួយពង្រឹងការរំលោភអំណាច របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា របស់គាត់»។

ប៉ុន្តែយុទ្ធនាការទាំងអស់ខាងលើ ត្រូវបាន​មន្ត្រីរដ្ឋាភិបាល​អះអាង​ម្ដងហើយម្ដងទៀត និងដដែលៗថា នោះ គឺជាការអនុវត្តន៍ច្បាប់ នៅកម្ពុជា។ ទាំង​ក្លឹប​អ្នក​កាសែត​កម្ពុជា ទាំង​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា មិនបានចេញ​សេចក្ដីថ្លែងការណ៍​ ជា​សាធារណៈ ទាក់ទងនឹងករណីចាប់ខ្លួន អ្នកសារ​ព័ត៌មានថ្មីៗនេះ ខណៈអ្នក​សារព័ត៌មាន​ក្នុង​ស្រុក យ៉ាង​តិច​ណាស់ ៨០​នាក់ បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​មួយ អំពាវនាវឲ្យ​មាន​ការ​ដោះលែង អតីតបុគ្គលទាំងពីររូប ដែលវិទ្យុអាស៊ីសេីអះអាងថា មិនមានការជាប់ទាក់ទងណាមួយ ជាមួយខ្លួនទៀតទេ។

ក្នុងតារាងចំណាត់ថ្នាក់ ឆ្នាំ២០១៧ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលបានចេញផ្សាយ កាលពីចុងខែមេសាកន្លងទៅ បានដាក់ប្រទេស​កម្ពុជា ទៅក្នុង​ចំណាត់ថ្នាល់លេខ ១៣២ ពីចំណោម១៨០ប្រទេស នៅជុំវិញពិភពលោក។ នៅក្នុងសមាគមអាស៊ាន នៃប្រទេសទាំង១០ កម្ពុជាគ្រាន់​បើ​​ជាង ៦​ប្រទេស តែចាញ់​ បី​ប្រទេសទៀត គឺប្រទេសឥណ្ឌូនេស៊ី ​ហ្វីលីពីន និងជាពិសេស ប្រទេសភូមា ដែលកម្ពុជាតែងអួតអាងថា បានមករៀន​អំពីលិទ្ធិប្រជាធិបតេយ្យពីខ្លួន។

អង្គការអន្តរជាតិដដែល បានពន្យល់ពីចំណាត់ថ្នាក់ ឆ្នាំ២០១៧ របស់កម្ពុជា នៅពេលនោះថា វិស័យសារព័ត៌មាននៅក្នុងប្រទេស បានរងនូវការត្រួតពិនិត្យយ៉ាងខ្លាំងក្លា ពីសំណាក់របបដឹកនាំលោក ហ៊ុន សែន។ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ នៅក្នុងប្រទេស សុទ្ធសឹងជាសមាជិកក្រុមគ្រួសារ និងមនុស្សជិតដិត របស់បុរសខ្លាំងកម្ពុជា។

អង្គការអន្តរជាតិមួយនេះ ដែលមានជំនាញ ខាងការឃ្លាំមើល ពីសិទ្ធិសេរីភាព នៃអ្នកយកព័ត៌មាន នៅជុំវិញពិភពលោក បានសរសេរពន្យល់​ទៀតថា៖ «ក្រោយពីមានឃាតកម្ម ទៅលើលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ និងសង្គមដ៏ល្បីឈ្មោះនោះរួច សារព័ត៌មានជាច្រើន ដូចយ៉ាង "The Phnom Penh Post" និង "The Cambodia Daily" ជាដើម បានរងនូវការវាយប្រហារ យ៉ាងហិង្សា ពីសំណាក់សមាជិក ក្រុមគ្រួសាររបស់លោក ហ៊ុន សែន និងបានរងនូវការគម្រាមកំហែង ពីសំណាក់ជនអនាមិក»។

ផ្ទុយទៅវិញ ចំណាត់ថ្នាក់ខាងលើ បានរងការរិះគន់ ពីសំណាក់មន្ត្រីរដ្ឋាភិបាល ថាគ្មាន«បច្ចុប្បន្នភាព»​នោះឡើយ។ លោក ហ៊ុន សែន បានលើកឡើងកាលពីសប្ដាហ៍មុន អំពីចំនួនស្ថាប័នព័ត៌មានដ៏ច្រើន នៅក្នុងប្រទេសកម្ពុជា និងបានយកចំនួនអង្គភាព ទាំង៥៣០ស្ថាប័ននោះ មកនិយាយថា បាន«ឆ្លុះបញ្ចាំង​អំពី​ការរីកចម្រើន ការបើកទូលាយ​ នូវ​សេរីភាព​សារព័ត៌មាន និង​ការយកចិត្តទុកដាក់ ​ពី​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​សារព័ត៌មាន ដែល​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​ដែល​មាន​សេរី​ភាសារព័ត៌មាន ​ល្អ​ជាង​ប្រទេស​ជាច្រើន​ នៅ​តំបន់​អាស៊ាន»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់