សម រង្ស៊ី៖ «ហ៊ុន សែន ចង់​ចាប់​ពង្រត់​ខ្ញុំ​តាម​របៀប​យួន»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានប្រតិកម្មទៅនឹងគម្រោងបញ្ជូនចារកម្ម (ឬភ្នាក់ងារសម្ងាត់) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យទៅចាប់ខ្លួនលោក នៅឯក្រៅប្រទេស ថាជាធ្វើឡើងតាមរបៀបយួនកុម្មុយនីស្ដ ដែលលោក សម រង្ស៊ី អះអាងថា ជា«ចៅហ្វាយនាយ» របស់បុរសខ្លាំងកម្ពុជា។
សម រង្ស៊ី៖ «ហ៊ុន សែន ចង់​ចាប់​ពង្រត់​ខ្ញុំ​តាម​របៀប​យួន»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម។ (រូបថត Getty)

របបកុម្មុយនីសវៀតណាម ធ្លាប់បញ្ជូនភ្នាក់ងារសម្ងាត់ ឲ្យទៅចាប់ពង្រត់អ្នកប្រឆាំងខ្លួន ពីប្រទេសអាល្លឺម៉ង់ បណ្ដាលឲ្យប្រទេសទាំងពីរ មើលមុខគ្នាមិនចំរហូតមកដល់ថ្ងៃនេះ។ ហើយលោក ហ៊ុន សែន ក៏ចង់អនុវត្តន៍តាមរបៀប «ចៅហ្វាយនាយ» របស់លោកដូចគ្នា ដោយអះអាង នឹងបញ្ជូន«ចារកម្ម» ឲ្យចេញទៅចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណាជាអតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ ហ៊ានធ្វើដំណើរ មកកាន់ប្រទេសណាមួយ នៅក្នុងទ្វីបអាស៊ី។

ខាងលើនេះ ជាការអះអាងឡើងរបស់លោក សម រង្ស៊ី មេដឹកនាំនយោបាយ ដែលជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រតិកម្មតប ទៅនឹងការលើកឡើងដូច្នេះ របស់បុរសខ្លាំងកម្ពុជា កាលពីសប្ដាហ៍មុន។ នៅចំពោះក្រុមកម្មករច្រើនពាន់នាក់ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងព្រមាន មិនឲ្យលោក សម រង្ស៊ី រួចខ្លួនដូច្នេះថា៖ «អ្នក​ឯង​មិន​រួច​ខ្លួន​ទេ។ ហើយ​សុំ​ កុំ​មក​ក្បែរ​ប្រទេស​អាស៊ី​ខ្លាំង​ពេក​ កុំ​ភ្លេច​ឲ្យ​សោះ ​ថា​អ្នក​ឯង​មក​... ធម្មតា​ការ​បញ្ជូន​ចារកម្ម​ចេញ​ ដើម្បី​ចាប់​ខ្លួន​អ្នក​ឯង​ ចាប់​បាន​តើ។ រឿង​អី​ ដែល​អ្នក​ឯង​អំពាវ​នាវ​ឲ្យ​កង​ទ័ព​ ឲ្យ​បែរ​អាវុធ​មក​ប្រឆាំង​រដ្ឋាភិបាល​?»។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ព្រមាន​ប្រើ​ចារកម្ម ឲ្យ​ទៅ​តាម​ចាប់​ខ្លួន សម រង្ស៊ី

លោក «John Brown» អ្នកឆ្លើយឆ្លងព័ត៌មានមួយរូប ពីប្រទេសកម្ពុជា និងពីតំបន់អាស៊ីអាគ្នេយ៍ បានហៅគម្រោងរបស់លោក ហ៊ុន សែន ទៅចាប់ពង្រត់ អ្នកប្រឆាំង​នៅបរទេស ថាកាន់តែធ្វើឲ្យគេ មើលឃើញច្បាស់ឡើង ពីផ្នែកមួយ នៃអំណាចដឹកនាំ តាមបែប«ហ្វាស៊ីស» របស់លោក ហ៊ុន សែន នៅកម្ពុជា។

សម្រាប់លោក សម រង្ស៊ី បានចេញមុខ​មកពន្យល់ដោយផ្ទាល់ថា លោក ហ៊ុន សែន ចង់អនុវត្តតាមរបៀបប្រទេសវៀតណាម ដូចដែលប្រទេសនេះ បានចូលមកចាប់ពង្រត់អ្នកប្រឆាំងម្នាក់ កាលពីអំឡុងខែសីហាកន្លងទៅ នៅក្នុងប្រទេសអាល្លឺម៉ង់។ មេដឹកនាំប្រឆាំងបានព្រមានតបវិញ ថានឹងយកករណីនេះ ឡើងទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ «ICC»។

អតីតប្រធានបក្សប្រឆាំងរូបនេះ បានសរសេរជាភាសាអង់គ្លេស នៅលើទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «លោក ហ៊ុន សែន កំពុងគម្រាមចាប់ពង្រត់ខ្ញុំ នៅឯបរទេស។ គាត់កំពុងអនុវត្តន៍ តាមបែបរបបកុម្មុយនីស្ដវៀតណាម ដូចក្នុងករណីអ្នកប្រឆាំងវៀតណាមម្នាក់ ដែលត្រូវបានចាប់ពង្រត់ចេញ ពីប្រទេសអាល្លឺម៉ង់ កាលពីខែសីហា ដោយភ្នាក់ងារសម្ងាត់វៀតណាម របស់ក្រុង ហាណូយ។»។

អ្នកប្រឆាំងជាតិវៀតណាមម្នាក់ ដែលលោក សម រង្ស៊ី លើកឡើងនោះ ត្រូវគេស្គាល់ឈ្មោះ «Trinh Xuan Thanh» វ័យ ៥១ ឆ្នាំ ដែល​ជាអតីត​សមាជិក​ជាន់​ខ្ពស់​មួយ​រូប ​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម និងធ្លាប់​ជា​នាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន «PetroVietnam» ដែល​ជា​ក្រុមហ៊ុន​ថាមពល​របស់​រដ្ឋ​វៀតណាម។ លោក Trinh Xuan Thanh ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ លើ​ការ​បាត់​បង់​ទឹក​ប្រាក់​ជិត ១៥០ លាន​ដុល្លារ​អាមេរិក នៅ​ពេលដែលលោក បានដឹកនាំនាយកដ្ឋាន​មួយ ​នៃ​ក្រុមហ៊ុន «PetroVietnam» នេះ។

សារព័ត៌មាននៅបស្ចឹមលោក ជាពិសេសនៅក្នុងប្រទេស​អាល្លឺម៉ង់​ បាន​រាយការណ៍​ថា ជនប្រដាប់​អាវុធមួយក្រុម ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​ខ្លួន​លោក «Trinh Xuan Thanh» នៅ​ឯ​ឧទ្យាន «Tiergarten» ដែល​ជា​ឧទ្យាន​សំបូរ​ព្រៃឈើ​ដ៏​ធំ​មួយ​ កណ្ដាលរដ្ឋធានី​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី ២៣ ខែ​កក្កដា កន្លង​ទៅ។ ការ​ចាប់​ខ្លួន​នេះ ​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ មុន​ពេល​លោក​ត្រូវ​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន ​នៅ​ក្នុង​សវនាការ​ អំពី​ការ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​របស់​លោក ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

របបកុម្មុយនីស្ដវៀតណាម បានហៅហេតុការណ៍នេះ ថាជាការធ្វើមាតុភូមិនិវត្តន៍ របស់លោក «Trinh Xuan Thanh» ដោយបំណងផ្ទាល់ខ្លួនរបស់លោក។ តែសម្រាប់ប្រទេសអាល្លឺម៉ង់វិញ បានចេញរបាយការណ៍មួយអះអាងថា ខ្លួនមាន​ភស្តុតាង​យ៉ាង​ច្បាស់​ថា គឺភ្នាក់ងារ​សន្តិសុខ​វៀតណាម និង​បុគ្គលិក​ស្ថានទូត របស់ប្រទេសកុម្មុយនីស្ដមួយនេះ ជាអ្នកប្រព្រឹត្តិទង្វើចាប់ពង្រត់ខាងលើ ដោយរំលោភលើច្បាប់អាល្លឺម៉ង់ និងច្បាប់អន្តរជាតិ។

ហេតុការណ៍ខាងលើ បណ្ដាលឲ្យមានវិបត្តិការទូតដ៏ខ្លាំងមួយ មិនដែលធ្លាប់មាន រវាងប្រទេសអាល្លឺម៉ង់ និងប្រទេសវៀតណាម។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាល្លឺម៉ង់ លោក «Martin Schaefer» បានបញ្ជាក់ ពីភាពមិន​អាច​ទទួល​យក​បាន ​ចំពោះទង្វើនេះ និងបាន​ប្រាប់​អ្នក​សារព័ត៌មាន​ នៅពេលនោះថា៖ «ប្រសិនបើ​ចាំបាច់ យើង​រក្សាសិទ្ធិ​ បង្ហាញ​ពី​ផល​វិបាក​នានា ​នៅ​កម្រិត​នយោបាយ សេដ្ឋកិច្ច និង​គោលនយោបាយ​អភិវឌ្ឍន៍»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់