គេហទំព័រ​រដ្ឋសភា​កម្ពុជា​នៅ​តែ​បង្ហាញ សម រង្ស៊ី ជា​តំណាង​រាស្ត្រ

សម្រាប់គេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា ឈ្មោះលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំង នៅតែជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិនៅឡើយ។
គេហទំព័រ​រដ្ឋសភា​កម្ពុជា​នៅ​តែ​បង្ហាញ សម រង្ស៊ី ជា​តំណាង​រាស្ត្រ
លោក សម រង្ស៊ី អតីតប្រធាន និងជាសមាជិកបច្ចុប្បន្ន របស់គណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)

គូបដិបក្ខនយោបាយដ៏ខ្លាំងក្លា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានឈ្មោះជាតំណាងរាស្ត្រ នៃមណ្ឌលខេត្តកំពង់ចាមនៅឡើយ រហូតមកដល់ម៉ោងនេះ នៅលើគេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា។

ដើម្បីដឹងច្បាស់ លោកអ្នកអាចចុចចូល ទៅកាន់ខ្សែភ្ជាប់នេះ ឬពិនិត្យលើរូបភាពខាងក្រោម ដែលត្រូវបានផ្តិតចេញពីអេក្រង់ (PrintScreen) នៃគេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា នៅមុនអត្ថបទនេះ ចេញផ្សាយបន្តិច។ (បច្ចុប្បន្នភាពបន្ថែមថ្មី៖ ទិន្នន័យក្នុងខ្សែភ្ជាប់ខាងលើ ត្រូវបានលប់ចេញពីគេហទំព័រហើយ បន្ទាប់ពីអត្ថបទនេះ របស់ទស្សនាវដ្ដី ចេញផ្សាយបាន​ប៉ុន្មានម៉ោង។ ដូច្នេះ ប្រិយមិត្តមិនអាចមើលឃើញ ទិន្នន័យដើម ដូចក្នុងរូបខាងក្រោម និងដូចបានជម្រាបពីមុនមក ទៀតទេ។ តែលោកអ្នក នៅតែអាចចូល ទៅមើលបានដដែល នៅក្នុងទិន្នន័យថ្មី-ចុងក្រោយ ថតចម្លងទុកដោយ Google នៅទីនេះ។ )

មិនអាចទាក់ទងលេខាធិការដ្ឋាន របស់រដ្ឋសភាជាតិកម្ពុជា ក្នុងយប់នេះបានទេ។ យ៉ាងណា ក៏នៅទំព័រដើម​នៃបញ្ជីរាយឈ្មោះ របស់ក្រុមអ្នកតំណាងរាស្ត្រ អាណត្តិទី៥ នៅត្រង់ចន្លោះលេខរៀងទី១៥ ដែលធ្លាប់ជាកន្លែងរបស់លោក សម រង្ស៊ី គេឃើញមិនមានឈ្មោះតំណាងរាស្ត្រ ណាផ្សេងមកជំនួសនោះទេ។

អ្នកជំនាញខាងព័ត៌មានវិទ្យាមួយរូប បានអះអាងថា ការនៅមានឈ្មោះលោក សម រង្ស៊ី ជាតំណាងរាស្ត្រនៅឡើយនេះ អាចទំនងជាកំហុសបច្ចេកទេស ដ៏សាមញ្ញមួយ របស់អ្នកគ្រប់គ្រងគេហទំព័រ ដែលមិនទាន់បានលុបឈ្មោះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ ចេញពី«Data Bass» របស់គេហទំព័រ។

អនុលោមតាមច្បាប់ខ្មែរ លោក សម រង្ស៊ី ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត បន្ទាប់ពីលោកត្រូវបានប្រព័ន្ធតុលាការនៅកម្ពុជា ផ្ទន្ទាទោសដាក់ពន្ធនាគារ ពីបទចោទដ៏ចម្រូងចម្រាសជាច្រើន។ ដោយឡែក សម្រាប់សហភាពអន្តរសភា (IPU) ដែលជាស្ថាប័នបណ្ដុំសភា ពីប្រទេសជាច្រើន នៅជុំវិញពិភពលោក នៅតែទទួលស្គាល់លោក សម រង្ស៊ី ថាជាតំណាងរាស្ត្រស្របច្បាប់ របស់ពលរដ្ឋកម្ពុជា និងចាត់ទុកការផ្ដន្ទាទោស ទៅលើមេដឹកនាំប្រឆាំងរូបនេះ ថាជារឿងនយោបាយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់