សម រង្ស៊ី៖ «ខ្ញុំបាន​ចាក់​ឲ្យ ហ៊ុន សែន លោត​ៗមែន»

ក្រៅពីយុទ្ធនាការនៅក្រៅប្រទេស ដើម្បីស្វែងរកការគាំទ្រ ពីសំណាក់សហគមន៍អន្តរជាតិ និងពលរដ្ឋដើមកំណើតខ្មែរនោះ លោក សម រង្ស៊ី នៅមិនបានភ្លេច ប្រើសង្គ្រាមវោហាសាស្ត្រ ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហោះសារនៅថ្ងៃនេះ ថាលោក បានចាក់ឲ្យលោក ហ៊ុន សែន «លោត» ហើយលោក ហ៊ុន សែន បាន«លោត»តាមលោកមែន។
សម រង្ស៊ី៖ «ខ្ញុំបាន​ចាក់​ឲ្យ ហ៊ុន សែន លោត​ៗមែន»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតឯកសារ)

តើលោក សម រង្ស៊ី បានចាក់ទៅត្រង់កន្លែងណា ដើម្បីឲ្យលោក ហ៊ុន សែន លោត? ចាក់ក្រឡេក នៅត្រង់ចង្កេះ? អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកាលពីប៉ុន្មានថ្ងៃមុន បានប្រកាស មកធ្វើជាសមាជិក​«ធម្មតា»ម្នាក់ របស់គណបក្សប្រឆាំងធំជាងគេនោះ បានសរសេរបញ្ជាក់ជាថ្មី នៅថ្ងៃនេះ ជាខេមរភាសា និងភាសាអង់គ្លេសថា៖ «ខ្ញុំបានចាក់ឲ្យ ហ៊ុន សែន លោត។ ឥឡូវ លោតមែន! / I dare Hun Sen to jump. He was foolish enough to...!»។

សំណេររបស់គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានធ្វើឡើង​ ជាមតិយោបល់មួយ ដោយអមជាមួយនឹងរូបភាព សត្វឆ្កែចចកហក់ទៅរកសត្វស្លាបមួយ ខណៈស្ថានភាពភូមិសាស្ត្រ របស់សត្វឆ្កែចចក មិនបានផ្ដល់អំណោយផល ឲ្យដល់​សត្វឆ្កែចចកនោះទេ។ មតិយោបល់នេះ ជាការតបទៅនឹង ការបង្ហោះព័ត៌មានមួយ នៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី ខ្លួនឯង ដែលនិយាយពី រដ្ឋប្រហារទម្លាក់លោក រ៉ូប៊ែរ មូហ្គាបេ (Robert Mugabe) មេដឹកនាំផ្ដាច់ការ ដែលបានកាន់អំណាចដុះស្លែ នៅក្នុងប្រទេសហ្សឹមបាវ៉េ (ទ្វីបអាហ្វ្រិកកណ្ដាល - ខាងកើត)។

 

កាលពីប៉ុន្មានថ្ងៃ មុនការបើកសវនាការ របស់តុលាការកំពូល លោក សម រង្ស៊ី បានថ្លែងពន្យុះឲ្យមានរំលាយគណបក្សសង្គ្រោះជាតិ ឲ្យកាន់តែឆាប់ កាន់តែល្អ។ ការថ្លែងពន្យុះ ដែលត្រូវបានមេដឹកនាំប្រឆាំងរូបនេះ ភ្ជាប់ជាមួយនឹងឃ្លាព្រមានថា «នរណាហ៊ានរំលាយគណបក្សសង្គ្រោះជាតិ អ្នកនោះនឹងរលាយខ្លួនឯង» និងចាត់ទុកនយោបាយចុងក្រោយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជានយោបាយ«ធ្វើអត្តឃាត»។

យ៉ាងហោចណាស់ សំណេរប្រើវោហាសាស្ត្រ របស់លោក សម រង្ស៊ី ខាងលើ ត្រូវបានប្រធានគណបក្សនយោបាយមួយ បានចេញមុខមករិះគន់។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលធ្លាប់ត្រូវបានលោក សម រង្ស៊ី បណ្ដេញចេញពីគណបក្ស សម រង្ស៊ី បានសរសេរចំអកតបទៅនឹងការលើកឡើង របស់អតីតប្រធានគណបក្សប្រឆាំងវិញថា៖ «មិនដូចរូបនេះទេ​ រូបនេះឆ្កែចចកខាំបក្សី មិនបានសំរេចទេ​ តែក្នុងការពិត​ សង្គ្រោះជាតិត្រូវរំលាយ បានសំរេច»។

ការលើកឡើង ពី«ការចាក់»ឲ្យលោក ហ៊ុន សែន លោតនេះ មិនមែនទើបតែមាន ជាលើកទីមួយទេ។ កាលពីអំឡុងខែសីហា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី បានថ្លែងអំពាវនាវ ឲ្យ«ឈប់ចាក់ក្រឡេក»រដ្ឋាភិបាល ឬលោក ហ៊ុន សែន នៅចំពោះសំនុំរឿង«រសើបៗ»។ ការអំពាវនាវនោះ ធ្វើឡើងបន្ទាប់ពីសកម្មជនស្និតនឹងគណបក្សប្រឆាំង ចំនួន១៥នាក់ រួមនឹងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ផង ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់យកទៅឃុំខ្លួន នៅក្នុងសំនុំរឿងព្រំដែនកម្ពុជា-វៀតណាម ដ៏ចម្រូងចម្រាស់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់