បណ្ដឹង​រំលាយ CNRP៖ ព្រះរាជា​យាង​សោង​ក្រយា​ថ្ងៃ​ត្រង់ នៅ​ក្រោយ​តុលាការ​កំពូល

ជាហេតុការណ៍ដ៏ចម្លែក ឬគ្រាន់ជាតែជារឿងចៃដន្យ? ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី ទ្រង់បានយាងទៅសោយក្រយ៉ាថ្ងៃត្រង់ មុននេះ នៅក្នុងភោជនីយដ្ឋានមួយ ស្ថិតនៅខាងក្រោយតុលាការកំពូល នៅខណៈពេលដែលស្ថាប័នយុត្តិធម៌មួយនេះ កំពុងបើកសវនាការជំនុំជម្រះ លើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។
បណ្ដឹង​រំលាយ CNRP៖ ព្រះរាជា​យាង​សោង​ក្រយា​ថ្ងៃ​ត្រង់ នៅ​ក្រោយ​តុលាការ​កំពូល
ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី នៅក្រោយព្រះរាជពិធីថ្វាយភ្លើង ដល់ព្រះបរមសពនៃព្រះមហាវីរៈក្សត្រ ព្រះបាទ នរោត្ដម សីហនុ។ (រូបថត MONOROOM.info)

យ៉ាងណា ក៏លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន របស់ព្រះមហាក្សត្រកម្ពុជា បានបញ្ចាក់ថា ព្រះរាជដំណើរនេះ គឺជាកម្មវិធីពិសេស ដែលព្រះអង្គត្រូវយាង ទៅសោយក្រយានៅទីនោះ និងមិនមែនជារឿងចម្លែកទេ។ លោកទីប្រឹក្សាបន្ថែមថា លោកពុំបានដឹង ពីទឹកព្រះទ័យ របស់ព្រះមហាក្សត្រ នៅក្នុងព្រះរាជដំណើរ ចេញក្រៅព្រះរាជវាំងនេះទេ។

ព្រះមហាក្សត្រកម្ពុជា ព្រះបាទ ព្រះករុណា សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះវររាជមាតា សម្ដេចព្រះ នរោត្តម មនីនាថ សីហនុ  ត្រូវបានគេឃើញទ្រង់ទាំងពីរព្រះអង្គ នៅវេលាថ្ងៃត្រង់នេះ យាងទៅសោយក្រយា នៅក្នុងភោជនីយដ្ឋានមួយ ឈ្មោះ «មាលា» ដែលមានទីតាំងនៅចំ ពីក្រោយតុលាការ​កំពូល។ គេបានស្គាល់ថា ភោជនីយដ្ឋាននោះជាកម្មសិទ្ធិ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម អរុណរស្មី ដែលជាព្រះរាជកនិដ្ឋា របស់ព្រះមហាក្សត្រ។

ចាប់តាំងពីព្រឹកម៉ោង៨ និង៤០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះមកដល់ថ្មើរនេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈ លើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និង​តំណាង​មហា​អយ្យការ​មួយ​រូប​ ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹង ៤រូប (តំណាងដោយអាណត្តិ របស់ក្រសួងមហាផ្ទៃ)។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដាន អាចកត់ត្រាបាន។

នៅផ្នែកខាងក្រៅតុលាការវិញ រាប់ទាំងព្រះបរមរាជវាំង និងទីតាំងបណ្ដាផ្លូវនានានៅជិតមាត់ទន្លេ មានការដាក់ពង្រាយ នូវកងកម្លាំងនគរបាល និង​កងកម្លាំងប្រដាប់អាវុធ​ យ៉ាងច្រើនសន្ធឹកសន្ធាប់ អម​ជាមួយ​រនាំង​ដែក​ព័ទ្ធជុំវិញ បើសូម្បីតែ​ពលរដ្ឋរស់នៅក្នុងតំបន់នោះ ក៏​ពិបាក​នឹងធ្វើ​ដំណើរ​ចេញ​-​ចូលដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់