ថ្ងៃនេះ​នៅ​ស្ទឹងត្រែង ស្ដូប​មិត្តភាព​កម្ពុជា-វៀតណាម​មួយ​ទៀត ត្រូវ​បាន​សម្ពោធ

បើនៅរាជធានីភ្នំពេញ ក្នុងថ្ងៃនេះ គេកំពុងខ្វល់ខ្វាយ ពីការគាំទ្រ«ពេញទំហឹងប្រសាសន៍សម្ដេចតេជោ» ឬព្រឹត្តិការណ៍ថ្ងៃស្អែក ដែលអាចឈាន​ទៅ​រំលាយ​គណបក្ស​​ប្រឆាំងកម្ពុជានោះ នៅខេត្តស្ទឹងត្រែងឯណោះ មានពិធី​សម្ពោធមួយ យ៉ាងអធិកអធម៖ នោះ គឺស្ដូបមិត្តភាពកម្ពុជា-វៀតណាម ដែលទើបនឹងជួសជុលឡើងថ្មីស្រឡាង និងផ្ដល់ប្រាក់ ដោយក្រសួងការពារជាតិវៀតណាម។
ថ្ងៃនេះ​នៅ​ស្ទឹងត្រែង ស្ដូប​មិត្តភាព​កម្ពុជា-វៀតណាម​មួយ​ទៀត ត្រូវ​បាន​សម្ពោធ
ទិដ្ឋភាពស្ដូបមិត្តភាព កម្ពុជា-វៀតណាម នៅក្នុងទីរួមខេត្តស្ទឹងត្រែង។ (រូបថតលើហ្វេសប៊ុក)

បើតាមមន្ត្រីជាន់ខ្ពស់ ដែលមានវត្តមានក្នុងពិធីនោះ បានបញ្ជាក់ថា ស្ដូបមិត្តភាពកម្ពុជា-វៀតណាមនេះ ជានិមិត្តរូប នៃការរិតចំណងសាមគ្គីភាព ជាប្រពៃណី និងជាបងប្អូន ឲ្យកាន់តែខ្លាំងក្លាថែមទៀត រវាងប្រទេសជាប់ព្រំដែនទាំងពីរ កម្ពុជា-វៀតណាម។​ ជាពិសេសស្ដូបនេះ បញ្ជាក់ពីផ្នែកមួយ នៃការអបអរសាទរ ខួបលើកទី៥០ នៃការភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (១៩៦៧-២០១៧)។

ក្នុងពិធីសម្ពោធ ក្នុងថ្ងៃទី១៥ ខែវិច្ឆិកានេះ មានការចូលរួមជាអធិបតី ពីសំណាក់លោក ញ៉ែម វ៉ាលី អនុរដ្ឋលេខាធិការធិការ ក្រសួងធម្មការ និងសាសនា - លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ត្រឹញ វៀតហុង (Trinh Viet Hung) នាយករងការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា។ នេះ បើតាមការបញ្ជាក់ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ​របស់វៀតណាម «VNA» ដែលហាក់ដូចជាខុសគ្នាបន្តិច ពីការរៀបរាប់ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។

 

ទីភ្នាក់ងារ «VNA» បានរាយការណ៍ឲ្យដឹងទៀតថា ស្ដូបមិត្តភាព នៅក្នុងទីរួមខេត្តស្ទឹងត្រែងនេះ ជាស្ដូបទី១០ នៅក្នុងចំណោមស្ដូបទាំង១៧ ដែលក្រសួងការពារជាតិវៀតណាម មានគម្រោងត្រូវជួសជុលឡើងវិញ នៅក្នុងប្រទេសកម្ពុជា។ ទីភ្នាក់ងារព័ត៌មាន របស់របបកុម្មុយនីស្ដ បានបន្តទៀតថា «មន្ត្រីជាន់ខ្ពស់កម្ពុជា បានថ្លែងអំណរគុណដល់គណបក្សកុម្មុយនីស្ដ រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយប្រជាជនកម្ពុជា ក្នុងការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត»។

ក្នុងពិធីសម្ពោធនោះដដែល នាយករងការិយាល័យអនុព័ន្ធ​យោធា​វៀតណាម ក៏បានប្រគល់អំណោយ ពីសំណាក់ក្រសួងការពារជាតិវៀតណាម ទៅកាន់អាជ្ញាធរ និងប្រជាជន នៅក្នុងខេត្តស្ទឹងត្រែងនោះដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់